ក្រុមហ៊ុន Toyota បានបើកសម្ពោធរោងចក្រអាគុយរបស់ខ្លួនហើយ ដែលមានតម្លៃ ១៣,៩ពាន់លានដុល្លារ នៅរដ្ឋការ៉ូលីណាខាងជើង នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីប្រកាសសាងសង់កាលពីឆ្នាំ២០២១។
រោងចក្រនេះ ជាទីតាំងផលិតទី១១ របស់ Toyota ប៉ុន្តែជារោងចក្រអាគុយទី១ របស់ក្រុមហ៊ុនយក្សជប៉ុនមួយនេះ នៅអាមេរិក ដែលជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការឆ្ពោះទៅរករថយន្តអគ្គិសនី។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរោងចក្រនេះមានសមត្ថភាពអាចផលិតអាគុយលីចូម (lithium-ion) ប្រមាណ ៣០GWh ឯណោះក្នុង១ឆ្នាំរហូតដល់ឆ្នាំ២០៣០ ដែលនឹងគាំទ្រដល់ខ្សែចង្វាក់ផលិតកម្មរថយន្តប្រភេទ Hybrid, PHEV និងអគ្គិសនីសុទ្ធរបស់ Toyota។
ស្របពេលជាមួយគ្នានេះ កាលពីខែកញ្ញាកន្លងទៅ Toyota ក៏បានប្រកាសដាក់ទុនបន្ថែមចូលក្នុងរោងចក្រ Kentucky ដើម្បីផលិតរថយន្តអគ្គិសនីថ្មីកៅអី៣ជួរ ២ម៉ូឌែល ដោយផ្អែកលើ RAV4 និង Land Cruiser ដែលគ្រោងនឹងផលិតនៅអំឡុងឆ្នាំ ២០២៦ ឬ ២០២៧។
ការផលិតរថយន្តអគ្គិសនីរបស់ Toyota នៅអាមេរិក គឺដើម្បីបញ្ចៀសនូវការជាប់ពន្ធគយលើរថយន្តដែលនាំចូលពីជប៉ុន ហើយក៏បានជួយកាត់បន្ថយថ្លៃដឹកជញ្ជូនផងដែរ៕



















