
ក្រុមហ៊ុន BYD បានរៀបចំព្រឹត្តិការណ៍ដាក់លក់រថយន្ដរបស់ខ្លួននៅទីក្រុង Barcelona កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ដើម្បីណែនាំទៅកាន់អតិថិជនឲ្យស្គាល់ពីរថយន្ដ Atto 2 DM-i ជាប្រភេទរថយន្ដ PHEV (ដែលគេស្គាល់ថានៅប្រទេសចិនមានឈ្មោះ Yuan UP)។
នៅប្រទេសអេស្ប៉ាញ រថយន្ត BYD Atto 2 PHEV បានផ្ដល់ជូនជាជម្រើស២ម៉ូឌែល ដោយក្នុងនោះចំពោះ៖
-ម៉ូឌែល Active មានតម្លៃប្រហែល 35,900ដុល្លារ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំង ១២២ គីឡូវ៉ាត់ ឬស្មើនិង ១៦៤ សេះ បំពាក់មកជាមួយអាគុយទំហំ ៧.៨ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយអគ្គិសនីសុទ្ធបានប្រហែល ៤០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយសរុប ៩៣០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។
-ម៉ូឌែល Boost មានតម្លៃ ប្រហែល 39,200ដុល្លារ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំង ១៥៦ គីឡូវ៉ាត់ ឬស្មើនិង ២០៩ សេះ បំពាក់មកជាមួយអាគុយទំហំ ១៨ គីឡូវ៉ាត់ម៉ោង ផ្ដល់ជូនរយៈចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបានរហូតដល់ ៩០ គីឡូម៉ែត្រ និងអាចបើកបរចម្ងាយសរុបប្រហែល ១ ០២០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។ ម៉ូឌែល Boost អាចបើកបរល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រ/ម៉ោង និងបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៧.៥ វិនាទី។
ចំពោះកម្រិសុីប្រេងវិញយោងតាមរាយការណ៍វាស់វែងពី (WLTP) ពេលដំណើរការរួមគ្នាជាមួយម៉ាសុីនសាំងនិងថាមពលអគ្គិសនីគឺរថយន្ដនេះមានកម្រិតសុីប្រេងទាបបំផុតត្រឹម ១.៨ លីត្រ/១០០ គីឡូម៉ែត្រ។ សម្រាប់កម្រិតនៃការសន្សំសំចៃខ្លាំងបែបនេះដោយសាររថយន្ត ATTO 2 DM-i ប្រើប្រាស់ប្រព័ន្ធ Super Hybrid របស់ BYD។
រថយន្ត Plug-in Hybrid នេះមានលក្ខណៈខុសគ្នាពីកំណែ EV ក្នុងចំណុចជាច្រើន។ ផ្នែកខាងមុខរចនាមកជាមួយប៉ាណាធំជាងមុនដើម្បីបង្កើនភាពប្រសិទ្ធភាពបញ្ចូះកម្ដៅរបស់ម៉ាស៊ីន មានជម្រើសមានពណ៌ “Midnight Blue” ។
នៅផ្នែកខាងក្នុង Atto 2 DM-i បានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១២.៨ អុីញ, កៅអីស្បែកសិប្បនិមិត្ត (vegan leather), ភ្លើងលម្អ (ambient lighting), ដំបូលកញ្ចក់ធំ (panoramic sunroof) កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ (wireless phone charging)។ ឃ្លុបក្រោយរបស់វាអាចផ្ទុកបានចំណុះ ៤២៥ លីត្រ ហើយអាចពង្រីកដល់ ១ ៣៣៥ លីត្រ នៅពេលបត់កៅអីខាងក្រោយ។ រថយន្តនេះក៏រួមបញ្ចូលផងដែរនូវមុខងារ Vehicle-to-Load (V2L) ដែលអនុញ្ញាតទាញយកថាមពលអគ្គិសនីទៅប្រើប្រាស់បានរហូតដល់ ៣.៣ គីឡូវ៉ាត់។ បើនិយាយពីរថយន្ត Atto 2 DM-i គឺជាករណីមួយក្នុងចំណោមករណីដ៏កម្រដែលរថយន្ត BYD PHEV ត្រូវបានដាក់លក់នៅទីផ្សារអឺរ៉ុបមុនពេលវាដាក់លក់នៅប្រទេសចិន៕
















