
ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងប្រកួតប្រជែងគ្នា ដើម្បីបង្កើតនូវរថយន្តដែលមានសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបបំផុត ពេលនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Luxeed ដែលជាការសហការរវាងក្រុមហ៊ុន Huawei និង Chery បានប្រកាសបង្ហាញចេញនូវរថយន្ត Luxeed V9 ប្រភេទ Minivan ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះនឹងធ្វើការប្រកាសដាក់លក់នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។
ក្នុងនោះ រថយន្តនេះ គឺត្រូវបានគេរំពឹងថានឹងក្លាយជារថយន្តដែលមានសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបបំផុត។
សម្រាប់ចំណុចលេចធ្លោបំផុតរបស់រថយន្ត Luxeed V9 នេះ គឺបានភ្ជាប់មកជាមួយពោងសុវត្ថិភាព និងមួកសុវត្ថិភាពភ្ជាប់ជាមួយនឹងកៅអី។ ជាក់ស្តែង នៅពេលមានហានិភ័យប៉ះទង្គិច កៅអីរថយន្តនេះ គឺអាចផ្លាស់ទីត្រឡប់ទៅទីតាំងសុវត្ថិភាពដោយស្វ័យប្រវត្តិ ហើយបន្ទាប់មកមួកសុវត្ថិភាព និងពោងសុវត្ថិភាពនឹងបើកដំណើរការ ដើម្បីកាត់បន្ថយនូវការរងរបួស។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E0X-L របស់ Chery មានប្រវែងលើស ៥,៣ម៉ែត្រ ប្រើប្រាស់ប្រព័ន្ធ 800V, ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei Qiankun ADS មានកៅអីជួរទី២ ប្រភេទ Zero-gravity អេក្រង់កម្សាន្តធំ មានទូរទឹកកក មានឧបករណ៍ផលិតខ្យល់អុកស៊ីសែន មានប្រព័ន្ធ LiDAR មានជម្រើសប្រើអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (EREV) ៕


























