ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា កំពុងបោះជំហានយ៉ាងលឿន ជាមួយនឹងការវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពល EV នៅទូទាំងប្រទេស ពីវិស័យឯកជន។
ទន្ទឹមនឹងនេះ ដើម្បីទទួលបានផលចំណេញ និងផលប្រយោជន៍ ម្ចាស់អាជីវកម្មផ្តល់សេវាកម្មបញ្ចូលថាមពល និងអ្នកប្រើយានយន្តអគ្គិសនី គួរយល់ពី ប្រព័ន្ធគ្រប់គ្រងស្ថានីយ (CSMS) និងកម្មវិធីទូរសព្ទរួមរបស់ជាតិ (Unified EV Mobile App) ឬ OneGo EV App។
ប្រព័ន្ធ CSMS ជាប្រព័ន្ធគ្រប់គ្រងស្ថានីយដ៏ឆ្លាតវៃ សម្រាប់ម្ចាស់អាជីវកម្មក្នុងគោលបំណងពង្រឹង ស្ថិរភាពនៃការគ្រប់គ្រងស្ថានីយ កាត់បន្ថយការចំណាយ និងការផ្តល់ទិន្នន័យបានច្បាស់លាស់។

ចំណែក OneGO EV App គឺជាកម្មវិធីចុងក្រោយសម្រាប់អ្នកបើកបររថយន្តអគ្គិសនីនៅកម្ពុជា ដោយផ្តល់នូវបទពិសោធន៍ប្រើប្រាស់ល្អ មិនប្រើប្រាស់សាច់ប្រាក់ និងងាយស្រួលប្រើក្នុងការកំណត់ទីតាំង និងបង់ប្រាក់សម្រាប់បញ្ចូលថាមពល។ វេទិកាប្រើប្រាស់តែមួយគត់សម្រាប់ការចូលប្រើបណ្តាញបញ្ចូលថាមពលយានយន្តអគ្គិសនីរបស់កម្ពុជា និងធ្វើឲ្យការបញ្ចូលថាមពលមានភាពងាយស្រួល និងមានតម្លៃសមរម្យ។
សម្រាប់កម្មវិធីនេះ អ្នកបើកបរអាចស្វែងរក កក់ និងទៅកាន់ស្ថានីយបញ្ចូលថាមពលណាមួយដែលមាននៅក្នុងប្រទេស តាមរយៈផែនទី អាចពិនិត្យមើលទិន្នន័យបានភ្លាមៗទៅលើប្រភេទឆ្នាំសាក និងគ្រឿងបរិក្ខារផ្សេងទៀត។


សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគោលការណ៍ និងលក្ខខណ្ឌបច្ចេកទេសក្នុងការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងស្ថានីយ (CSMS) និងកម្មវិធីទូរសព្ទរួមរបស់ជាតិ(Unified EV Mobile App) សម្រាប់ការបញ្ចូលថាមពលយានយន្តអគ្គិសនី ជាមួយតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងក្រុមហ៊ុន វ័ន្ត ផៅវ័រ ថេកណឡជី ឯ.ក នៅទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា៕




















