
រថយន្តអគ្គិសនី IONIQ 9 របស់ក្រុមហ៊ុន Hyundai Motor ត្រូវបានជាប់ឈ្មោះជា «រថយន្ត SUV ខ្នាតធំឆ្នើមបំផុតក្នុងលោក» នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់រថយន្តពិភពលោកសម្រាប់ស្ត្រីឆ្នាំ ២០២៦ (Women’s Worldwide Car of the Year – WWCOTY)។ រថយន្ត SUV អគ្គិសនីម៉ូឌែលកំពូលប្រភេទ (flagship) នេះ ត្រូវបានជ្រើសរើសដោយអ្នកកាសែតរថយន្តជាស្ត្រីចំនួន ៨៤ រូប មកពី ៥៤ ប្រទេស បានធ្វើការវាយតម្លៃទៅលើរថយន្តផ្អែកលើ៖ សុវត្ថិភាព, គុណភាព, ការរចនា, សមត្ថភាពបើកបរ, ភាពងាយស្រួលក្នុងការបញ្ជា, ផលប៉ះពាល់ដល់បរិស្ថាន និងតម្លៃរថយន្ដ។
សម្រាប់ពានរង្វាន់ WWCOTY គឺជាពានរង្វាន់រថយន្តលំដាប់សកលតែមួយគត់ ត្រូវបានដាក់ពិន្ទុ និងសម្រេចដោយអ្នកកាសែតរថយន្តជាស្ត្រីសុទ្ធសាធ។ ជាមួយគ្នានេះលោកស្រី Marta García ប្រធានប្រតិបត្តិនៃស្ថាប័ន Women’s Worldwide Car of the Year បានកត់សម្គាល់ថា IONIQ 9 បានបង្ហាញឲ្យឃើញពីរបៀបដែលបច្ចេកវិទ្យាដ៏ទំនើប និងលទ្ធភាពនៃការប្រើប្រាស់ប្រចាំថ្ងៃ អាចបំពេញឲ្យគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ។ លោកស្រីបានលើកឡើងពីសមត្ថភាពនៃការសាកថ្ម ទំហំនៅផ្នែកខាងក្នុងដ៏ធំទូលាយនិងបំពាក់ជាមួយសម្ភារៈមាគុណភាព នេះហើយជាកត្តាដែលបង្កើតនូវ «បទដ្ឋានគំរូថ្មី» នៅក្នុងផ្នែករថយន្ត SUV អគ្គិសនីខ្នាតធំ។
គួរបញ្ជក់ផងដែរចាប់តាំងពីការដាក់សម្ពោធនៅចុងឆ្នាំ ២០២៤ មក IONIQ 9 ទទួលបានការទទួលស្គាល់ជាច្រើនពីស្ថាប័នឧស្សាហកម្មរថយន្ត៖
- ពានរង្វាន់រថយន្តអគ្គិសនីឆ្នាំ ២០២៥ ពី TopGear.com (2025 TopGear.com Electric Awards)
- រថយន្តកម្រិតខ្ពស់ឆ្នើមប្រចាំឆ្នាំ ២០២៦ នៅប្រទេសអាល្លឺម៉ង់ (German Premium Car of the Year 2026 – GCOTY)
- រថយន្តសម្រាប់ធ្វើដំណើរកម្សាន្តដ៏មានផាសុកភាពបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធីពានរង្វាន់ Carwow Car of the Year ២០២៦
- ម្ចាស់មេដាយមាស ក្នុងកម្មវិធីពានរង្វាន់រចនាឆ្នើមរបស់ប្រទេសអូស្ត្រាលីឆ្នាំ ២០២៥ (Australian Good Design Awards ក្នុងប្រភេទរថយន្ត)
- ពានរង្វាន់ Red Dot (ក្នុងប្រភេទរថយន្ត និងម៉ូតូ)
- ពានរង្វាន់រចនា iF ឆ្នាំ ២០២៥ (iF Design Awards ក្នុងប្រភេទរថយន្ត)
























