
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Honda បានប្រកាសថាការផលិតកោសិកាឥន្ធនៈ (Fuel cell) បច្ចុប្បន្នរបស់ពួកគេ នឹងត្រូវបញ្ឈប់នៅត្រឹមដាច់ឆ្នាំនេះ។ កោសិកាឥន្ធនៈនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Fuel Cell System Manufacturing ជាមួយក្រុមហ៊ុន General Motors (GM) ហើយត្រូវបានយកមកប្រើប្រាស់នៅក្នុងរថយន្តម៉ូឌែល CR-V e:FCEV បន្ទាប់ពីដំណើរការបានត្រឹមតែ ២ ឆ្នាំ គិតចាប់តាំងពីដើមឆ្នាំ ២០២៤។

ការសម្រេចចិត្តនេះទំនងជានឹងធ្វើឲ្យរថយន្ត Crossover ប្រើប្រាស់ថាមពលអុីដ្រូសែនរបស់ពួកគេ នឹងត្រូវបញ្ចប់ជីវិតដូចគ្នា។ យោងតាមសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Honda បានប្រាប់ថា៖«ការផលិតរថយន្ត CR-V e:FCEV នឹងបន្តធ្វើឡើងនៅមជ្ឈមណ្ឌលផលិតកម្ម Performance Manufacturing Center ក្នុងរដ្ឋ Ohio រហូតទាល់តែប្រព័ន្ធកោសិកាឥន្ធនៈ (Fuel cell systems) ទាំងអស់ដែលកំពុងផលិតត្រូវបានប្រើប្រាស់អស់ ឬត្រូវបានបែងចែកសម្រាប់គោលបំណងផ្សេងទៀត»។

មូលហេតុនាំមានកការសម្រេចចិត្តបែបនេះកើតឡើងបន្ទាប់ពីមានការពិភាក្សាយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន ដោយមើលឃើញថាតម្រូវការទីផ្សាររថយន្តប្រើប្រាស់អ៊ីដ្រូសែននៅមានកម្រិតទាប និងកង្វះខាតស្ថានីយចាក់អុីដ្រូសែន។ យ៉ាងណាមិញជំហានបន្ទាប់របស់ Honda ទោះបីជាឈប់សហការជាមួយ GM ក៏ដោយ ប៉ុន្តែ Honda មិនបោះបង់ការសិក្សាលើបច្ចេកវិទ្យាអុីដ្រូសែនឡើយ។ ក្រុមហ៊ុនគ្រោងនឹងងាកមកប្រើប្រាស់ប្រព័ន្ធ Fuel cell ជំនាន់ថ្មីដែលខ្លួនអភិវឌ្ឍដោយឯករាជ្យវិញ ដើម្បីពង្រីកឱកាសអាជីវកម្មបន្ថែមទៀត ក្នុងគោលបំណងជំរុញអាជីវកម្មរថយន្ដអុីដ្រូសែនឲ្យក្លាយជាអាជីវកម្មស្នូលថ្មីមួយរបស់ Honda។

យ៉ាងណាមិញសម្រាប់ពេលវេលាជាក់លាក់នៃការបញ្ចប់ការផលិតនៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុន Honda បានបញ្ជាក់ថារថយន្ត CR-V e:FCEV នៅតែបន្តដាក់ឲ្យជួលនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ រថយន្ដ CR-V ប្រើប្រាស់ថាមពលអុីដ្រូសែនចំនួន ២០០ គ្រឿង ត្រូវបានជួលនៅក្នុងរដ្ឋ “Golden State” (រដ្ឋកាលីហ្វ័រញ៉ា)។ តួលេខនេះមើលទៅហាក់ដូចជាមិនច្រើនទេ ប៉ុន្តែរថយន្តដែលប្រើប្រាស់ថាមពលអុីដ្រូសែនគឺកម្រមានបំផុត ហើយមានដាក់លក់តែនៅតាមបណ្តាភ្នាក់ងារចែកចាយ (Dealerships) មួយចំនួនប៉ុណ្ណោះ។
គួរបញ្ជក់ផងដែររថយន្ត CR-V e:FCEV ត្រូវបានដាក់សម្ពោធក្នុងរដូវក្ដៅនៃឆ្នាំ ២០២៤ ហើយមានដាក់ឲ្យជួលតែនៅតាមភ្នាក់ងារចែកចាយចំនួន ១២ កន្លែងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ក្រុមហ៊ុនបានផ្ដល់ជម្រើសជាច្រើន ប៉ុន្តែសម្រាប់ការជួលរយៈពេល ៣ ឆ្នាំ មានតម្លៃ ៤៥៩ ដុល្លារក្នុងមួយខែ ដោយបង់ប្រាក់កក់ដំបូង ២ ៩៥៩ ដុល្លារ ហើយអតិថិជននឹងទទួលបានកាតទឹកប្រាក់សម្រាប់ចាក់ឥន្ធនៈអុីដ្រូសែនរហូតដល់ ១៥ ០០០ដុល្លារ៕





















