
រថយន្តប្រភេទ Sedan ម៉ូឌែលថ្មីរបស់ប្រេន Fang Cheng Bao (FCB) របស់ក្រុមហ៊ុន BYD ត្រូវបានគេរំពឹងថានឹងដាក់ឈ្មោះថា Mei 7 ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ ក្នុងសភាពបិទស្កុតជិត។
ជាមួយគ្នានេះកាលពីពេលថ្មីៗនេះ អគ្គនាយកនៃប្រេន Fang Cheng Bao (FCB) បានបង្ហើបឲ្យដឹងថា នៅឆ្នាំ ២០២៦ ជាឆ្នាំទី ៣ នៃវត្តមានរបស់ប្រេន FCB ក្រុមហ៊ុននឹងដាក់សម្ពោធនូវស្រឡាយរថយន្តប្រភេទ Sedan ស៊េរីថ្មីទាំងស្រុង។ នេះគឺជាការពង្រីកបន្ថែមនូវបញ្ជីផលិតផលបច្ចុប្បន្នរបស់ FCB ដែលមានត្រឹមតែម៉ូឌែល SUV ស្ថិតក្រោមត្រកូល Fang Cheng Bao (សម្រាប់ Off-road) និងត្រកូល Titanium ផ្ដោតលើសម្ការប្រើប្រាស់ក្នុងក្រុងប៉ុណ្ណោះ។
តាមការមើលមួយភ្លែត រថយន្ត Fang Cheng Bao Mei 7 មានរូបរាងទាបប្រភេទ Fastback មានដំបូលជម្រាលទៅក្រោយ ជាមួយនឹងផ្នែកជំហៀងរាងប៉ោងឡើងនៅសងខាងនៃគ្របម៉ាស៊ីន, ដៃទ្វារប្រភេទបង្កប់ពាក់កណ្ដាល (semi-hidden), កន្ទុយក្រោយបែបលោតចេញក្រៅនៅផ្នែកខាងក្រោយ និងប្រព័ន្ធ Lidar នៅផ្នែកខាងមុខ។ ជាមួយលក្ខណៈពិសេសទាំងនេះ បញ្ជាក់ថារថយន្តនេះនឹងត្រូវបានបំពាក់នូវប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ “God’s Eye” កម្រិតខ្ពស់បំផុតរបស់ BYD។
ស្រដៀងគ្នាទៅនឹងម៉ូដែលផ្សេងទៀតស្ថិតក្រោមប្រេន FCB រថយន្ត Mei 7 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់នូវគ្រោងឆ្អឹងកម្រិតខ្ពស់ Dual Mode Off-road (DMO) Super Hybrid Platform របស់ក្រុមហ៊ុន រួមជាមួយនឹងបច្ចេកវិទ្យាផ្សេងៗទៀត ដូចជាប្រព័ន្ធគ្រប់គ្រងតួខ្លួនវៃឆ្លាត DiSus Intelligent Body Control System ជាដើម។
ក្នុងនាមជារថយន្តប្រភេទ Sedan បែបស្ព័ររបស់ Fang Cheng Bao Mei 7 អាចនឹងមានតម្លៃចន្លោះពី ២៨ ៨០០ ទៅ ៤៣ ២០០ ដុល្លារ។ លើសពីនេះទៅទៀត ទោះបីជាលក្ខណៈបច្ចេកទេសផ្លូវការរបស់ Mei 7 មិនទាន់ត្រូវបានបញ្ចេញក៏ដោយ ប៉ុន្តែមានការសន្និដ្ឋានថា ម៉ូឌែលនេះនឹងប្រើប្រាស់សម្ភារៈដែលធ្វើពីលោហៈធាតុ “ម៉ាញេស្យូម” (Magnesium alloy) ដើម្បីសម្រេចបាននូវទម្ងន់ស្រាល៕




















