ធ្លាប់តែឮ DM-i តើ DM-i ហ្នឹងមានន័យដូចម្តេចទៅ?

ប្រសិនបើបងប្អូនជាអ្នកប្រើប្រាស់ឡានអគ្គិសនីរបស់់ក្រុមហ៊ុន BYD ច្បាស់ជាធ្លាប់ឮពាក្យមួយដែលគេហៅថា DM-i ជាមិនខាន តួយ៉ាងដូចជា BYD Sealion 5 DM-i ឬ BYD Seal 5 DM-i ជាដើម។ អញ្ចឹង តើពាក្យ DM-i ហ្នឹងមានន័យដូចម្តេចទៅ?

DM-i វាគឺជាពាក្យមួយដែលមានន័យថា Dual Mode-intelligent ដែលជាបច្ចេកវិទ្យាកូនកាត់ Plug-in Hybrid របស់ក្រុមហ៊ុន BYD ដែលផ្ដោតសំខាន់លើការប្រើប្រាស់ថាមពលអគ្គិសនីជាចម្បង។ ជាទូទៅ បច្ចេកវិទ្យានេះ គឺត្រូវបានរចនាឡើងដើម្បីឱ្យរថយន្តអាចដំណើរការដូចគ្នានឹងរថយន្តអគ្គិសនីក្នុងស្ថានភាពបើកបរទូទៅ ដោយប្រើម៉ាស៊ីនសាំងសម្រាប់តែជំនួយដល់ការបញ្ចូលថ្ម ឬបង្កើនកម្លាំងនៅពេលចាំបាច់ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាធម្មតា រថយន្ត DM-i ភាគច្រើន ប្រើតែម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុណ្ណោះ ដែលខុសពីប្រព័ន្ធ DM-p ដែលប្រើម៉ូទ័រអគ្គិសនីចំនួន ២ និងប្រព័ន្ធបើកបរប៉ុង ២ ។ ហើយការផលិតកម្លាំងវិញ គឺអាស្រ័យទៅលើម៉ូឌែលដែលបានជ្រើសរើស។

ជាមួយគ្នានេះ សម្រាប់អាគុយដែលប្រើក្នុងប្រព័ន្ធ DM-i គឺអាគុយ Blade Battery ប្រភេទ LFP ។ ភាគច្រើន វាមានទំហំចាប់ពី ៨ ទៅ ១៩គីឡូវ៉ាត់ម៉ោង ហើយម៉ូដែលថ្មីៗខ្លះៗអាចមានទំហំលើស ២៥គីឡូវ៉ាត់ម៉ោង។ ម្លោះហើយ សម្រាប់ម៉ូឌែលមានថ្មតូចៗអាចបើកបរដោយអគ្គិសនីសុទ្ធបានចាប់ពី ៥០ ដល់ ១០០ គីឡូម៉ែត្រប៉ុណ្ណោះ ខណៈម៉ូឌែលមានថ្មធំៗវិញ អាចបើកទៅដល់លើស ២០០ គីឡូម៉ែត្រ។

សរុបមក ពេលដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំង រថយន្ត DM-i គឺអាចបើកបរបានចាប់ពី ១ពាន់គីឡូម៉ែត្រ ដល់លើសពី ២ពាន់គីឡូម៉ែត្រ សម្រាប់ម៉ូឌែលដែលប្រើបច្ចេកវិទ្យាជំនាន់ទី ៥ ។ ចំណែកកម្រិតស៊ីប្រេងវិញ បើយោងតាមគេហទំព័រ BYD រថយន្តដែលប្រើបច្ចេកវិទ្យា DM-i អាចស៊ីប្រេងទាបបំផុតត្រឹមតែ ៣,៨លីត្រ ក្នុង ១០០ គីឡូម៉ែត្រប៉ុណ្ណោះ។ ចំណែករថយន្តដែលប្រើបច្ចេកវិទ្យា DM ជំនាន់ទី ៥ ចុងក្រោយ អាចបញ្ចុះកម្រិតស៊ីប្រេងមកត្រឹម ២,៩លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។

គួរបញ្ជាក់ថា សម្រាប់ប្រព័ន្ធ DM-i នេះ ​ក៏រួមបញ្ចូលនូវរបៀបបើកបរចំនួន ៣ ផងដែរ៖

១) Pure Electric Mode ឬអគ្គិសនីសុទ្ធ

វាប្រើតែថ្ម និងម៉ូទ័រអគ្គិនីប៉ុណ្ណោះ បង្កើតឡើងជាពិសេសសម្រាប់ការបើកបរក្នុងទីក្រុង ដែលជួយឱ្យការចំណាយកាន់តែមានភាពសន្សំសំចៃ។ ជាធម្មតា វាស៊ីចន្លោះពី ១៥ ទៅ ១៧គីឡូវ៉ាត់ម៉ោង ក្នុង​ចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។

២) Hybrid Mode

នៅពេលដែលថ្មដំណើរការអស់ប្រសិទ្ធភាព នោះម៉ាស៊ីនសាំងនឹងចាប់ផ្តើមដំណើរការជាអ្នកបង្កើតថាមពល ហើយសាកថាមពលទៅអាគុយ ឬផ្ដល់ថាមពលទៅម៉ូទ័រដោយផ្ទាល់ ប៉ុន្តែម៉ូទ័រអគ្គិសនីនៅតែជាប្រភពថាមពលចម្បងសម្រាប់ដំណើរការរថយន្តដដែល។ លក្ខណៈពិសេសរបស់មុខងារនេះ គឺរក្សាការប្រើប្រាស់ប្រេងឥន្ធនៈឱ្យទាប និងមានប្រសិទ្ធភាពបំផុត។

៣) Parallel Hybrid Mode

នៅពេលដែលរថយន្តត្រូវការបង្កើនល្បឿន ឬបើកបរក្នុងល្បឿនលឿនខ្លាំង នោះម៉ូទ័រអគ្គិសនី និងម៉ាស៊ីនសាំងនឹងធ្វើការរួមគ្នាដើម្បីផ្ដល់កម្លាំងទៅដល់រថយន្ត។ លក្ខណៈពិសេសរបស់វា គឺជួយបន្ថែមកម្លាំងទៅរថយន្តនៅពេលចាំបាច់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម