មួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន Chevrolet បានឈប់ផលិតរថយន្តប្រភេទ Sedan ជាច្រើនម៉ូដែលនៅអាមេរិកខាងលើជើង រួមមានទាំងម៉ូដែល Cruze, Volt និង Impala ជាដើម។ ឥឡូវនេះ ក្រុមហ៊ុនខាងលើទំនងជានឹងឈប់ផលិតម៉ូដែល Malibu មួយទៀត។
យោងតាមគេហទំព័រ GM Authority បានឲ្យដឹងថា Malibu ទំនងជានឹងត្រូវឈប់ផលិត បន្ទាប់ពីស៊េរីឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ខាងលើមិនទាន់ត្រូវបាន Chevrolet ទទួលស្គាល់ជាផ្លូវការឡើយ ប៉ុន្តែអនាគតរបស់ Malibu ហាក់ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការធ្លាក់ចុះនៃចំនួនលក់រថយន្ត និងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។
ក្នុងនោះ ចំនួនលក់នៃរថយន្ត Malibu បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ Chevrolet លក់ដាច់រថយន្ត Sedan នេះ នៅសហរដ្ឋអាមេរិក សរុបចំនួន ២២៧ ៨៨១គ្រឿងក្នុងឆ្នាំ២០១៦ ប៉ុន្តែក៏ធ្លាក់ចុះមកសល់ត្រឹម ១៨៥ ៨៥៧គ្រឿងក្នុងឆ្នាំ២០១៧, ១៤៤ ៥៤២គ្រឿងក្នុងឆ្នាំ២០១៨ និង ១៣១ ៩១៧គ្រឿងក្នុងឆ្នាំ២០១៩៕