ក្រសួងដាក់ឲ្យសាកល្បង ដាក់ពាក្យស្នើសុំបន្តសុពលភាពឆៀក តាម App ABA និង អេស៊ីលីដា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឲ្យប្រើប្រាស់សាកល្បង ការដាក់ពាក្យស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក តាមធនាគារដៃគូ សម្រាប់ប្រភេទរថយន្តគ្រួសារ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ។

ការដាក់ពាក្យស្នើសុំបន្តសុពលភាពឆៀកនេះ គឺអាចធ្វើតាម App របស់ធនាគារ ABA និង អេស៊ីលីដា បាន។ ពេលចូលកម្មវិធីនេះ អ្នកប្រើប្រាស់អាចស្កេន QR Code ទៅលើបណ្ណសម្គាល់យានជំនិះ ឬលតាបត្រ ឬវិញ្ញាបនបត្រឆៀក។ បន្ទាប់មក ត្រូវបញ្ចូល ឬអាប់ឡូតឯកសារតម្រូវដូចជា៖ បណ្ណសម្គាល់យានជំនិះ, លតាបត្រ ឬវិញ្ញាបនបត្រឆៀក និងអត្តសញ្ញាណបណ្ណ។ ចុងក្រោយ គឺជ្រើសរើសកាលបរិច្ឆេទ ទីតាំងមណ្ឌលឆៀក និងទូទាត់ប្រាក់សេវា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយដាក់ពាក្យស្នើសុំតាម App រួច គឺត្រូវយកយានជំនិះទៅច្រកអនឡាញនៃមណ្ឌលឆៀកនោះ ដោយបង្ហាញដល់បុគ្គលិកឆៀក នូវវិក្កយបត្រដែលបានទូទាត់រួច និងឯកសារតម្រូវច្បាប់ដើម។ មានន័យថា ឯកសារដែលបានអាប់ឡូតចូលក្នុង App ស្នើសុំនោះ ក៏ត្រូវយកឯកសារច្បាប់ដើមទៅបង្ហាញដល់បុគ្គលិកឆៀកថែមទៀតផងដែរ។

បន្ទាប់ពីពិនិត្យភាពត្រឹមត្រូវនៃការដាក់ពាក្យស្នើសុំរួចរាល់ហើយ បុគ្គលិកនៅមណ្ឌលឆៀកនោះ នឹងបោះពុម្ពវិ្កក្កយបត្រ និងពាក្យស្នើសុំឆៀក ដើម្បីបន្តទៅត្រួតពិនិត្យយានជំនិះតែម្តង។ ពេលឆៀកយានជំនិះជាប់ បុគ្គលិក នឹងបោះពុម្ពលតាបត្រឆៀក និងវិញ្ញាបនបត្រឆៀក ដែលផ្តល់ជូនឲ្យម្ចាស់យានជំនិះនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម