
នេះគឺជា Zayn Sofuoğlu កុមារាជនជាតិទួរគី ដែលកំពុងតែអង្រួនបណ្តាញសង្គមជាខ្លាំង ជាមួយនឹងវីដេអូបើកបរដ៏អស្ចារ្យរបស់គាត់។ Zayn កើតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ជាកូនប្រុសពៅរបស់លោក Kenan Sofuoğlu ដែលជាម្ចាស់ជើងឯកពានរង្វាន់ Supersport World Championship ៥ សម័យកាល។

ហេតុនេះហើយ ដោយសារតែការមានឈាមជ័រ ឬ DNA តាំងពីកំណើត ឪពុករបស់គាត់គឺបានបង្ហាត់គាត់ឱ្យចេះជិះម៉ូតូតាំងពីអាយុ ១៨ ខែ ឬ ១ ឆ្នាំកន្លះមកម្ល៉េះ។ ចាប់តាំងពីពេលនោះមក មិនថាឡានស្ព័រ, ម៉ូតូធំ, ឡានដឹកទំនិញ, ម៉ូតូទឹក ឬហ្គូខាតនោះឡើយ Zayn គឺសុទ្ធតែអាចបើកបរបានទាំងអស់។

ក្នុងនោះ ចំពោះការបើកបរដែលធ្វើឱ្យមហាជនលាន់មាត់ថាឡូយ និងមានចាប់អារម្មណ៏បំផុតនោះគឺ បច្ចេកទេសក្នុងការអាយ៉ែឡាន Ferrari SF90 ចូលចំណត និងការបើកបរម៉ូតូធំកម្លាំង ១០០០សេសេរបស់គាត់ ទាំងដែលរូបគាត់ផ្ទាល់គឺមានកម្ពស់ទាបជាងម៉ូតូទៅទៀត។ ហើយដើម្បីអាចបើកបរបាន ឪពុករបស់គាត់គឺបានកៃច្នៃឈ្នាន់ហ្វ្រាំង និងហ្គែរឱ្យវែងមកលើ ហើយ Zayn គឺត្រូវមើលផ្លូវតាមរយៈ iPad ព្រោះរូបគេគឺមើលមិនផុតកញ្ចក់ឡើយ។
និយាយរួមទៅ Zayn មិនត្រឹមតែអាចបើកឡានស្ព័រ និងម៉ូតូធំបានប៉ុណ្ណោះទេ ក៏ប៉ុន្តែរូបគេផ្ទាល់ក៏អាចបើក Jet Ski, ឡានដឹកទំនិញខ្នាតយក្ស និងយន្តហោះបានផងដែរ។ ជាពិសេស គឺការបើកបររថយន្ត Lamborghini Revuelto របស់គាត់ ដែលគាត់គឺបានជាន់រថយន្តនេះបានល្បឿនរហូតដល់ទៅ ៣១២គីឡូម៉ែត្រក្នុងមួយម៉ោងឯណ្ណោះ។

បច្ចុប្បន្ន ក្នុងវ័យទើបតែ ៦ ឆ្នាំ, Zayn បានក្លាយជាតារាអ៊ីនធឺណិតដែលមានអ្នកតាមដានជាង ៥ លាននាក់ឯណ្ណោះ នៅលើ Instagram ហើយរូបគេក៏ទើបតែបានបង្កើតប្រវត្តិសាស្ត្រថ្មីដោយក្លាយជាអ្នកប្រណាំងវ័យក្មេងបំផុតដែលបានឈ្នះពានរង្វាន់ក្នុងកម្មវិធី Benelux IAME Championship ផងដែរ។ ហើយគោលដៅដ៏ធំបំផុតនោះ គឺការក្លាយជាអ្នកប្រណាំងឡាន Formula 1 ជនជាតិទួរគីដំបូងគេបង្អស់នៅលើពិភពលោក៕













