
នៅពេលលោកអ្នកកំពុងបើកបរតាមផ្លូវ ហើយឃើញផ្លាកសញ្ញាសិទ្ធិអាទិភាពដែលមានផ្ទៃក្រហម និងជាយពណ៌សព័ទ្ធជុំវិញ គឺត្រូវតែបន្ថយល្បឿន ឬត្រៀមឈប់ឲ្យហើយ ជាពិសេសនៅពេលឃើញសញ្ញាបាត់សិទ្ធិចំនួន ៣ខាងក្រោមនេះ៖

១. ផ្លាកសញ្ញា ឈប់់៖ អ្នកបើកបរ ត្រូវឈប់ទោះមាន ឬគ្មាន យានជំនិះផ្សេងទៀត ឆ្លងកាត់នៅខាងមុខក៏ដោយ។ មានន័យថា ពេលមកដល់ផ្លាកសញ្ញានេះ លោកអ្នកដាច់ខាតត្រូវតែជាន់ហ្វ្រាំងឈប់សិន រួចមើលខាងមុខ ឆ្វេង ស្តាំ បើគ្មានយានជំនិះណាឆ្លងកាត់ទេ គឺលោកអ្នកអាចបន្តដំណើរទៅមុខទៀតបាន។
២. ផ្លាកសញ្ញាផ្តល់សិទ្ធិអាទិភាពឲ្យគេ នៅត្រង់ផ្លូវប្រសព្វ៖ អ្នកបើកបរ ត្រូវតែបន្ថយល្បឿន ក្នុងនោះ បើសិនផ្លូវទំនេរគឺអាចឆ្លងកាត់បាន តែបើផ្លូវមិនទំនេរទេ ពោលគឺបើមានយានជំនិះផ្សេងឆ្លងកាត់ គឺអ្នកត្រូវឈប់រង់ចាំរហូតដល់ផ្លូវទំនេរ ទើបអាចបន្តដំណើរបាន។
៣. ផ្លាកសញ្ញាផ្តល់សិទ្ធិអាទិភាពឲ្យគេ នៅរង្វង់មូល៖ អ្នកបើកបរត្រូវតែបន្ថយល្បឿន ឬឈប់ ដើម្បីផ្តល់សិទ្ធិឲ្យយាននៅក្នុងផ្លូវរង្វង់មូលទៅមុន៕























