ក្រុមហ៊ុន Kia នឹងបញ្ឈប់ការផលិតរថយន្តធុនតូចដ៏ពេញនិយមបំផុតរបស់ខ្លួន Picanto នៅត្រឹមឆ្នាំ២០៣០ខាងមុខ ដោយសារមិនអាចតស៊ូជាមួយនឹងច្បាប់ហាមឃាត់ការបញ្ចេញផ្សែងរថយន្តរបស់អឺរ៉ុប ជាពិសេសនៅប្រទេសអង់គ្លេសទៀតបាន។
គួរដឹងថា ច្បាប់រថយន្តមិនបញ្ចេញផ្សែងរបស់អង់គ្លេស គឺតម្រូវឲ្យរថយន្តថ្មីទាំងអស់ត្រូវតែជារថយន្តអគ្គិសនី និងជារថយន្ត Hybrid ត្រឹមឆ្នាំ២០៣០ ពោលគឺមិនឲ្យមានរថយន្តសាំង ឬ ម៉ាស៊ូតសុទ្ធឡើយ។ ហើយនៅឆ្នាំ២០៣៥ រថយន្តថ្មីទាំងអស់ ត្រូវតែជារថយន្តអគ្គិសនី។ អ៊ីចឹង ត្រង់ចំណុចនេះ ហេតុអ្វី Kia មិនបំពាក់ Hybrid ឬ អគ្គិសនី លើរថយន្ត Picanto តែម្តងទៅ?

លោក Ted Lee អនុប្រធានប្រតិបត្តិក្រុមហ៊ុន Kia បានបញ្ជាក់ប្រាប់ Auto Express ថា គ្មានផ្លូវណាដែល Kia អាចបំពាក់ម៉ូទ័រ អាគុយ និងគ្រឿងបង្គុំផ្សេងទៀត នៅក្នុងរថយន្ត Picanto នេះទេ ពោលគឺវាមិនមែនជារឿងងាយស្រួលឡើយ។
ចំណែកលោក Paul Philpott ជា CEO របស់ Kia ប្រចាំនៅអង់គ្លេស បានពន្យល់ថា រថយន្តសាំងសុទ្ធ Picanto បាននឹងកំពុងទទួលរងគ្រោះក្នុងការលក់ ខណៈឆ្នាំនេះអង់គ្លេសតម្រូវឲ្យការលក់រថយន្តរបស់ប្រេននីមួយៗ ឲ្យបាន ៣៣% ជារថយន្តអគ្គិសនីសុទ្ធ។ លោកនិយាយថា «យើងមិនអាចលក់ Picanto ក្នុងនាមជារថយន្តសាំងសុទ្ធ ហួសពីចុងឆ្នាំ២០២៩ឡើយ។ យើងត្រូវតែជំនួសវាចេញ ឬ បោះបង់ចោលតែម្តង។»

គួរដឹងថា រថយន្ត Picanto មានតម្លៃប្រហែល ២ម៉ឺនដុល្លារប៉ុណ្ណោះ នៅអឺរ៉ុប រួមទាំងអង់គ្លេស ក៏ដូចជាទីផ្សារជាច្រើនផ្សេងទៀតដែរ។ ដូច្នេះ បើ kia ហានតែដាក់ថែម Hybrid ឬ ធ្វើជារថយន្តអគ្គិសនី នោះតម្លៃរបស់វា នឹងកាន់តែថ្លៃជាងនេះ កាន់តែពិបាកប្រកួតប្រជែងខ្លាំងក្នុងទីផ្សារ។ ម្យ៉ាងទៀត Picanto ជារថយន្តតូច អ៊ីចឹងក៏មិនអាចដាក់អាគុយបានធំដែរ ដែលធ្វើឲ្យចម្ងាយបើកបររបស់បានខ្លីតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ Kia ត្រូវបានរំពឹងថា នឹងបញ្ចេញរថយន្តអគ្គិសនីថ្មីដែលចូលមកជំនួស Picanto ដែលគេដឹងថាជា EV1 ឬ EV2៕






















