សមាគមយានយន្តអាល្លឺម៉ង់ដ៏ធំបំផុតរបស់អឺរ៉ុបហៅកាត់ថា ADAC (អេដាក) ទើបតែបានបញ្ចេញរបាយការាណ៍ថ្មីមួយអំពីកម្រិតប្រើប្រាស់ថាមពលអាគុយដែលបានស្រកចុះ របស់រថយន្ត Tesla Model Y 2022 មួយគ្រឿង បន្ទាប់ពីជិះបានចម្ងាយប្រមាណ ១៤ម៉ឺនគីឡូម៉ែត្រ។
វាស្ថិតក្នុងចំណោមរថយន្តអគ្គិសនី ដែលធ្វើដំណើរបានឆ្ងាយ ឬច្រើនគីឡូបំផុតមួយដែលត្រូវបានត្រួតពិនិត្យវាយតម្លៃដោយសមាគ ADAC ដោយវាស់ឃើញថា គុណភាពអាគុយរបស់រថយន្តនេះ បានស្រកចុះ ១៤%។

ការពិតទៅ នេះគឺជាការវាយតម្លៃលើកទី២ហើយរបស់សមាគម ដោយកាលពីលើកមុននោះ នៅពេលរថយន្តជិះបាន ១០ម៉ឺនគីឡូ គឺត្រូវបានវាស់ឃើញថា គុណភាពអាគុយស្រកចុះ ៩%។ ក្រៅពីនេះ ការសាកភ្លើងរបស់រថយន្ត Tesla Model y នេះ ក៏រាងយឺតជាងមុនផងដែរ ពីកម្លាំង ២៥៧គីឡូវ៉ាត់ ចុះមកត្រឹម ២០០គីឡូវ៉ាត់។ ហើយពេលសាករយៈពេល ៣០នាទី ទទួលបានថាមពលថែមតិចជាងមុនដល់ទៅ ១៣% ឯណោះ។
យ៉ាងណាក៏ដោយ សមាគម ADAC នៅតែកោតសរសើរចំពោះសមត្ថភាពរថយន្តនេះ ដោយនៅតែបើកបរបានឆ្ងាយ ៤០០គីឡូម៉ែត្រ រាល់ពេលសាកពេញម្តង ព្រមទាំងនៅមានភាពធន់ និងជឿជាក់បាន។ យ៉ាងណាមិញ នៅក្នុងពេលជាមួយគ្នានេះ សមាគមអេដាក ក៏បានវាស់កម្រិតគុណភាពអាគុយរបស់រថយន្ត Volkswagen ID.3 ផងដែរ ដែលបើកបានចម្ងាយ ២២ម៉ឺនគីឡូម៉ែត្រ។ លទ្ធផលនោះគឺល្អប្រសើរជាង Tesla Model Y នេះទៅទៀត ដោយស្រកចុះគុណភាពតែ ១១% ប៉ុណ្ណោះ។ រថយន្តទាំងពីរ បំពាក់អាគុយនីកែលលីចូមដូចគ្នា ពោលគឺជាអាគុយលីចូមដែលមានធាតុគីមីនីកែលច្រើន ធ្វើឲ្យវាមានសមត្ថភាពផ្ទុកថាមពលបានខ្ពស់៕




















