រថយន្ត Range Rover ឆ្នាំ ២០២១ ប្រភេទពិសេសមួយ ត្រូវបានប្រកាសចេញឡើង ដើម្បីអបអរសាទរខួបទី ៥០ឆ្នាំ នៃរថយន្ត SUV ដ៏ពេញនិយមមួយម៉ូដែលនេះ។
រថយន្តពិសេសនេះត្រូវបានគេឲ្យឈ្មោះថា Range Rover Fifty ដែលនឹងមានផលិតត្រឹម ១៩៧០ គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក ដោយលេខ ១៩៧០នេះ គឺតំណាងឲ្យឆ្នាំដែល Range Rover មួយគ្រឿងដំបូងគេចាប់ផ្ដើមផលិត។
រថយន្តពិសេសនេះមានលក្ខណៈសម្បត្តិស្រដៀងនឹង Range Rover Autobiography ដែរ ហើយវាមានជម្រើសពណ៌ខាងក្រៅចំនួនបួនក្នុងនោះរួមមាន Santorini Black, Aruba Silver, Carpathain Grey និង Rosello Red។ យ៉ាងណាក្ដី នឹងមាន Range Rover Fifty មួយចំនួនតូចប៉ុណ្ណោះ មានជម្រើសពណ៌ពិសេសលើសនេះគឺពណ៌ Bahama Gold, Davos Whiteនិង Tuscan Blue។
អតិថិជនអាចជ្រើសរើសជាប្រភេទស្តង់ដារ និងប្រភេទ Long-Wheelbase ដែលមានតួខ្លួនវែង។ ចំណែកម៉ាស៊ីនក៏មានច្រើនជម្រើសផងដែរ មានទាំងសាំង និងម៉ាស៊ូត រួមទាំងប្រភេទ Plug-in Hybrid ទៀតផង។
សម្រាប់តម្លៃ និងកាលបរិច្ឆេទបញ្ចេញលក់រថយន្តនេះ នៅមិនទាន់មានការបញ្ជាក់ពី Land Rover នៅឡើយទេ៕