Aito M9 ជំនាន់ថ្មីកម្លាំងដល់ ៨៩០សេះ ត្រូវបានដាក់លក់ជាផ្លូវការនៅចិនជាមួយតម្លៃចន្លោះពី ៧មុឺនដល់ជិត ១០មុឺនដុល្លារ

ម៉ាកយីហោ Aito របស់បុត្រសម្ព័ន្ធ HIMA បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត M9 ជំនាន់ថ្មី ត្រូវបានចាត់ទុកថាជារថយន្ត SUV ខ្នាតធំលំដាប់កំពូល Flagship ។ សម្រាប់ Aito M9 ជំនាន់ថ្មីផ្ដល់មកជាមួយជម្រើស ៣ម៉ូឌែល Max+, Ultra និង Ultimate Extended Edition ដាក់លក់ជាមួយតម្លៃចាប់ពី ៧០ ៦០០ ដល់ ៩៧ ០០០ ដុល្លារ។ បន្ថែមពី M9 ជំនាន់ថ្មី មានទាំងជម្រើសប្រើសាំងលាយអគ្គិសនី EREV និងជម្រើសប្រើអគ្គិសនីសុទ្ធ BEV ព្រមទាំងមានផ្តល់ជូននូវទម្រង់រៀបចំកៅអីយ៉ាងបត់បែនតាមតម្រូវការអ្នកប្រើប្រាស់មានទាំងជម្រើស ៤ កៅអី, ៥ កៅអី និង ៦ កៅអី។

ចំណុចគួរឲ្យចំណាប់រថយន្ត M9 ស៊េរីថ្មីនេះ បានដាក់ចេញនូវ យុទ្ធសាស្ត្រទំហំពីរជម្រើស (Dual-size strategy) ដោយក្នុងនោះម៉ូឌែលស្តង់ដារ មានប្រវែងបណ្ដោយ ៥ ២៨៥មម ទទឹង ២ ០២៦ កម្ពស់ ១ ៨៤៥មមនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ១២៥មម។ ដោយឡែកសម្រាប់ម៉ូឌែល Ultimate Extended Edition គឺត្រូវបានពង្រីកតួខ្លួនឲ្យកាន់តែវែង ដោយមានប្រវែងបណ្ដោយរហូតដល់ ៥ ៤០២មម ទទឹង ២ ០២៦មម កម្ពស់ ១ ៨៤៥មមនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ២៣៦មម។ បន្ថែមពីនេះពីសម្រាប់ម៉ូឌែល Ultimate Extended Edition ត្រូវបានបំពាក់លំអដោយបន្ទះក្រូម៉េប្រណីតនៅបង្គោលទ្វារកណ្តាល និងការបិទស្លាកសញ្ញាពាក្យថា “Ultimate” ដើម្បីសម្គាល់ថាជាម៉ូឌែលកម្រិតខ្ពស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីការរចនារូបរាងផ្នែកខាងក្រៅនៅតែបន្តរក្សានូវទម្រង់រចនាបែប “ស្លាបសត្វឃុនភីង” (Kunpeng Wing design language) ដដែល ដោយមានបំពាក់នូវចង្កៀងមុខឆ្លាតវៃដែលអាចបញ្ចាំងជារូបភាព និងសញ្ញាទំនាក់ទំនងផ្សេងៗបាន។ ប៉ុន្តែសម្រាប់ M9 ជំនាន់ថ្មី ក៏ផ្ដល់មកជាមួយជម្រើសពណ៌ថ្មីៗរួមមាន ពណ៌ត្នោតមាសបែបវាលខ្សាច់, ពណ៌ខៀវបៀបដូចទឹកបឹងសាយរ៉ាម និងពណ៌ខៀវប្រាក់បៀបដូចឆ្នេរខ្សាច់កាងហៃ។

ចំពោះកម្រិតសមត្ថភាព Aito M9 ជំនាន់ថ្មី ដោយក្នុងនោះ

  • សម្រាប់ប្រភេទប្រើសាំងលាយអគ្គិសនី EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុហ ១.៥ លីត្រ Turbo រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីភ្លោះ អាចផលិតកម្លាំងសរុបបាន ៦៦៧ កម្លាំងសេះ និងផ្តល់នូវចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣៤០ គីឡូម៉ែត្រ និង ៤២២ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីលាយសាំង អាចបើកបរបានចម្ងាយរហូតដល់ ១ ៤០៥ គីឡូម៉ែត្រ។
  • ប្រភេទអគ្គិសនីសុទ្ធ BEV ត្រូវបានបង្កើតឡើងគាំទ្រដល់បច្ចេកវិទ្យាសាកថ្ម ៨០០ វ៉ុល បំពាក់ជាមួយអាគុយទំហំ ១២០ គីឡូវ៉ាត់ម៉ោង របស់ក្រុមហ៊ុន CATL ផ្តល់នូវចម្ងាយបើកបរអតិបរមាបានចម្ងាយ ចំនួន ៧៥០ គីឡូម៉ែត្រ  គិតតាមស្តង់ដារវាស់ចម្ងាយ CLTC និងអាចជាន់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៤.៥ វិនាទីប៉ុណ្ណោះ។
  • ចុងក្រោយម៉ូឌែលពិសេស Ultimate Extended Edition ប្រភេទ EREV ដំណើរកាដោយម៉ាស៊ីនសាំងចំណុះ ២.០ លីត្រ Turbo រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងថាមពលសរុបបា ៨៩០ កម្លាំងសេះ អាចជាន់សន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៣.៩៩ វិនាទី និងអាចរត់បានល្បឿនលឿនបំផុតដល់ ២៥១ គីឡូម៉ែត្រ/ម៉ោង។


ស្ថិតក្នុងនាមជារថយន្ដប្រភេទ Flagship Aito M9 បានប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងបាតក្រោម មានបំពាក់នូវប្រព័ន្ធគ្រប់គ្រងសកម្ម Huawei Tuling, ប្រព័ន្ធបូមខ្យល់ Dual-chamber air suspension, បូម CDC dampers កំណត់ការប្រែប្រួលតាមស្ថានភាពផ្លូវ និងប្រព័ន្ធបត់កង់ក្រោយ អាចបត់បានក្នុងមុំ (បូកដក ៨ ដឺក្រេ)។

ចំពោះប្រព័ន្ធបើកបរឆ្លាតវៃរបស់រថយន្ដត្រូវបានបំពាក់មកជាស្តង់ដារនូវប្រព័ន្ធ Huawei Qiankun ADS 5.0 គាំទ្រដោយសេនស័រឡាស៊ែរ LiDAR ចំនួន ៦, រ៉ាដារលកសញ្ញាមីលីម៉ែត្រចំនួន ៥, រ៉ាដា ultrasonic ចំនួន ១២ និងកាមេរ៉ាកម្រិតច្បាស់ខ្ពស់ (HD cameras) ចំនួន ១២ អនុញ្ញាតអាចប្រើប្រាស់បច្ចេកវិទ្យាបើកបរនាំផ្លូវស្វ័យប្រវត្តគ្រប់ស្ថានភាពនិងមានសមត្ថភាពចូលចតដោយខ្លួនឯងក្នុងកម្រិតខ្ពស់ ធានាបាននូវសុវត្ថិភាពខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម