នាពេលថ្មីៗនេះ Aston Martin បានដាក់បង្ហាញគំរូរថយន្តដែលមានរូបរាងប្លែកខ្លាំង គឺម៉ូដែល Valkyrie។
គំរូរថយន្ត Hypercar ដែល Aston Martin កំពុងចាប់ដៃគ្នាអភិវឌ្ឍជាមួយនឹងក្រុមហ៊ុន Red Bull នេះ មានការរចនាហាក់ស្ទើរតែពេញលក្ខណៈដើម្បីចូលសង្វាក់ផលិតកម្មទៅហើយ។
Aston Martin Valkyrie ទទួលបានការរចនាបែប Aerodynamically ដើម្បីអាចរត់ទម្លុះខ្យល់យ៉ាងមានប្រសិទ្ធិភាព ជាមួយនឹងកាងមុខ និងចំហៀងកាត់ខ្យល់ ព្រមទាំងកាងក្រោយពីរជាន់ ដែលអាចកាត់ខ្យល់បានយ៉ាងល្អ។
Aston Martin បានបញ្ជាក់ហើយថា Valkyrie នឹងប្រើម៉ាស៊ីនចំណុះ ៦,៥ លីត្រ ទំហំ ១២ ស៊ីឡាំង (V12) ដែលបង្កើតកម្លាំងបាន ១ ០០០ សេះ ដែលជាម៉ាស៊ីន Non-turbocharged មានកម្លាំងខ្លាំងបំផុតលើពិភពលោក។ មិនតែប៉ុណ្ណោះ ប្រព័ន្ធអាគុយអគ្គិសនីរបស់វាបានបន្ថែមកម្លាំង រហូតដល់ទៅ ១៦០ សេះទៀត សរុបស្មើនឹង ១ ១៦០ សេះ។
រថយន្តស្ព័រ Aston Martin Valkyrie នឹងត្រូវផលិតតែ ១៥០ គ្រឿង ហើយវានឹងមានម៉ូដែល Valkyrie AMR Pro មួយទៀត ដែលផលិតត្រឹម ២៥ គ្រឿងប៉ុណ្ណោះ៕