Audi បោះទុន ៣២០លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនការផលិតម៉ូទ័រអគ្គិសនី

ក្រុមហ៊ុន Audi គ្រោងនឹងវិនិយោគទឹកប្រាក់ ៣០១លានអឺរ៉ូ (៣២០លានដុល្លារ) ដើម្បីបង្កើនការផលិតម៉ូទ័រអគ្គិសនី (Electric Motors) នៅរោងចក្ររបស់ខ្លួននៅទីក្រុង Győr ប្រទេសហុងគ្រី។

ការវិនិយោគនេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក Péter Szijjártó។ ខណៈពេលដែលភាពជាក់លាក់មួយចំនួនអំពីផែនការនេះនៅតែមិនច្បាស់លាស់ ដោយលោក Szijjártó បានបញ្ជាក់ថា Audi នឹងទទួលបានជំនួយពីរដ្ឋាភិបាលចំនួន ២១លានអឺរ៉ូ (២២ លានដុល្លារ) ដើម្បីជួយក្នុងការពង្រីករោងចក្រដែលនឹងបន្ថែមការងារប្រហែល ៥០០កន្លែង។

ពាណិជ្ជកម្ម

ម៉ូទ័រអគ្គិសនីដែលនឹងត្រូវផលិតនៅរោងចក្រ នឹងត្រូវបានប្រើសម្រាប់ម៉ូដែលដែលផលិតឡើងផ្អែកលើគ្រោងឆ្អឹង MEB  នៅគ្រប់ Volkswagen Group ជាមួយការផលិតត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៥។

ក្រុមហ៊ុន Audi បាន និងកំពុងផលិតម៉ូទ័រអគ្គិសនីនៅក្នុងប្រទេសហុងគ្រីតាំងពីឆ្នាំ ២០១៨ មក ហើយវាជាទីផ្សារផលិតកម្មដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ។ ហើយក្រុមហ៊ុនបានផលិតរថយន្តចំនួន ១៧១ ០០០ គ្រឿងក្នុងប្រទេសហុងគ្រីកាលពីឆ្នាំមុន និងផ្តល់ការងារដល់ប្រជាជនក្នុងស្រុកប្រហែល ១៣ ០០០នាក់។ វាបានរួមចំណែកធ្វើឱ្យប្រទេសហុងគ្រីក្លាយជាអ្នកនាំចេញរថយន្តធំជាងគេទី ២០ នៅលើពិភពលោក នេះបើយោងតាមសេចក្តីរាយការណ៍របស់ Daily News Hungary ។

ក្រុមហ៊ុន Volkswagen Group បានគូសផែនទីអនាគតរបស់ខ្លួនរួចហើយ  ដោយនៅពាក់កណ្តាលឆ្នាំ ២០២១ ក្រុមហ៊ុននេះបានបង្ហាញថា ខ្លួននឹងលុបចោលនូវការផលិតរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុងទាំងអស់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ព្រមទាំងបានបង្រួបបង្រួម EV Platform ដែលមានស្រាប់ចំនួនពីរគឺ ស្ថាបត្យកម្ម MEB និង PPE ទៅជា Platform តែមួយដែលមានឈ្មោះថា Scalable Systems Platform (SSP) ដែលនឹងបង្កើតឡើងសម្រាប់រថយន្ត Volkswagen Group ហើយនឹងត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត៕

Sponsored