Bugatti គ្មានផែនការផលិតឡាន SUV និងឡានអគ្គិសនីឡើយ សម្រាប់ពេល១០ឆ្នាំទៀត

[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley, Aston Martin និង Rolls-Royce ជាដើម សុទ្ធតែបានងាកមកផ្ដោតលើ​រថយន្តតួខ្ពស់ SUV ក្នុងពេលប៉ុន្មានចុងក្រោយនេះ ហើយ Ferrari នឹងជាម៉ាករថយន្តប្រណីតបន្ទាប់ដែលចូលរួមលក់រថយន្ត SUV ជាមួយ​រថយន្ត Purosangue ដែលប្រកាសចេញសប្ដាហ៍ក្រោយនេះ។

ទោះជាមានចចាមអារ៉ាមថា Bugatti គ្រោងប្រកាសចេញរថយន្ត SUV ប៉ុន្តែវានឹងមិនអាចចេញជារូបរាងឡើយ បើល​មើល​ទៅ​រយៈពេល១០​ឆ្នាំ​ខាងមុខទៀត។ លោក Mate Rimac នាយកប្រតិបត្តិក្រុមហ៊ុន​ បាន​បង្ហាញ​ក្នុងកិច្ចសម្ភាសន៍ជាមួយ​ទស្សនា​វដ្ដី​អាល្លឺម៉ង់ Autobmobilwoche ថារថយន្ត Bugatti SUV មិនជាចំណែកនៃផែនការរយៈពេល១០ឆ្នាំរបស់ក្រុមហ៊ុន​ឡើយ។

ពាណិជ្ជកម្ម

បន្ថែមពីនេះទៀត រថយន្តអគ្គិសនីសុទ្ធក៏នឹងមិនលេចចេញរូបរាងក្នុងអំឡុងពេល១០ឆ្នាំខាងមុខទៀតនេះដែរ ដែល​នេះ​គឺ​ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ​ ព្រោះថាក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នឹងមានរថយន្តអគ្គិសនីលក់​នៅ​ត្រឹមឆ្នាំ២០៣២ខាងមុខ ហើយ​ក្រុមហ៊ុន​ខ្លះ​ក៏​គ្រោង​បញ្ឈប់ការលក់រថយន្តម៉ាស៊ីនពីស្តុងផងដែរ។

ទោះជាមិនមានផលិតរថយន្តអគ្គិសនីសុទ្ធ ប៉ុន្តែ Bugatti មិនអាចមិនអើពើនឹងថាមពលអគ្គិសនីបានឡើយ ដោយ​ក្រុមហ៊ុន​បាន​សម្រេច​ឈប់ផលិតម៉ាស៊ីន W16 ជាមួយការប្រកាសចេញរថយន្ត Mistral ហើយ​រថយន្តជំនាន់​ថ្មីរបស់ Bugatti នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន Hybrid ជំនួសវិញ។

ក្នុងកិច្ចសម្ភាសន៍ដដែល លោក Mate Rimac បាន​និយាយថាគោលដៅសំខាន់មួយរបស់ក្រុមហ៊ុនគឺចង់​បង្កើន​ចម្ងាយ​បើកបរ​ដោយ​ប្រើថាមពលអគ្គិសនីលើប្រព័ន្ធម៉ាស៊ីន Hybrid ដោយចង់សម្រេចឲ្យបានចម្ងាយយ៉ាងតិច ៥០គីឡូម៉ែត្រ។ ដូច​នេះ​​អ្នក​ប្រើ​រថយន្ត Bugatti អាចបើករថយន្តក្នុងក្រុងដោយមិនបាច់ប្រើម៉ាស៊ីនពីស្តុងបាន៕

Sponsored