
រថយន្តសេដាន BYD Da Han មានសមត្ថភាពបើកបរបានចម្ងាយរហូតដល់ ១.០០៨ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ត្រូវបានក្រុមហ៊ុន BYD ទម្លាយរូបភាពផ្លូវការក្នុងប្រទេសចិន មុនពេលការប្រកាសចេញលក់ជាផ្លូវការ។ Da Han ត្រូវបានចាត់ទុកថាជារថយន្តលំដាប់កំពូល (Flagship) ចុងក្រោយបង្អស់នៃត្រកូល Dynasty របស់ម៉ាកយីហោនេះ ហើយឈ្មោះមួយទៀតរបស់វានៅចិនត្រូវបានគេហៅថា BYD Great Han។
BYD Da Han អាចកម្លាំងរហូតដល់ ៧៦៤ សេះ ហើយបំពាក់ជាមួយអាគុយប្រភេទ LFP ទំហំ ១០២,៣គីឡូវ៉ាត់ម៉ោង គាំទ្រការសាកថាមពលល្បឿនលឿនបំផុត (Flash charging) និងបានភ្ជាប់ជាមួយប្រព័ន្ធបត់កង់ក្រោយ (Rear-wheel steering)។ យោងតាមរថយន្តរូបភាពផ្លូវការ BYD Da Han ត្រូវបានរចនាជាមួយមានពណ៌បៃតង ផ្នែកខាងមុខនៃ Da Han បំពាក់ចង្កៀងមុខរាងស្តើង រួមផ្សំជាមួយនឹងធាតុផ្សំ «ពុកចង្ការនាគ (Dragon Whiskers)» ដែលជាអត្តសញ្ញាណរបស់ BYD។ កាងខាងមុខរបស់វា មានប្រហោងបឺតខ្យល់រាងពហុកោណ និងមានទម្រង់បែបស្ព័រ។ បន្ថែមពីនេះរថយន្តលំដាប់កំពូលនេះបំពាក់នូវប្រព័ន្ធជំនួយការបើកបរ DiPilot 5.0 ជាមួយនឹងសិនស័រ LiDAR នៅលើដំបូល និងកាមេរ៉ានៅស្តុបចំហៀងខាងមុខ។ ចំណុចលេចធ្លោផ្សេងទៀតនៃ Da Han រួមមាន៖ដៃទ្វារប្រភេទបង្កប់ពាក់កណ្តាល ថាសកង់អាលុយមីញ៉ូមទំហំ ២១ អុីញប្រភេទ Multi-spoke និងស្តុបក្រោយលាតសន្ធឹងពេញទទឹងផ្នែកខាងក្រោយ។
សម្រាប់វិមាត្រខាងក្រៅរថយន្ត BYD Da Han មានប្រវែងបណ្ដោយ ៥.២៥៦មម ទទឹង ១.៩៩៩មម កម្ពស់ ១.៥១០មម និងប្រវែងគម្លាតកង់មុខក្រោយ ៣.១៣០មម។ ដើម្បីឱ្យកាន់តែច្បាស់ រថយន្ត Da Han មានប្រវែងវែងជាងរថយន្ត Mercedes-Benz S-Class ម៉ូដែលស្តង់ដារចំនួន ៦៦ មីលីម៉ែត្រ។ BYD Da Han ក៏នឹងផ្ដល់មកជាជម្រើសជាប្រភេទ Plug-in Hybrid (DM-i) ដំណើរដោយម៉ាស៊ីនសាំង ចំណុះ ១.៥ លីត្រ (Turbo) អាចផលិតកម្លាំងអតិបរមា ១១៥ kW (១៥៤ សេះ) អមដោយម៉ូទ័រអគ្គិសនីកម្លាំង ២០០ kW (២៦៨ សេះ) និងបំពាក់ជាមួយអាគុយ LFP ទំហំ ៥៤,៤៨៩ kWh អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានរហូតដល់ ៤៧០ គីឡូម៉ែត្រ៕



























