Cadillac នឹងលក់ឡានអគ្គិសនី Lyriq ក្នុងប្រទេសចិន ដោយប្តូរឈ្មោះថ្មី ហើយថ្លៃជាងមុន ប៉ុន្តែធានាមួយជីវិត

រយៈមិនបានប៉ុន្មានផង បន្ទាប់ពីប្រកាសនូវតម្លៃនៃរថយន្ត Cadillac Lyriq ឆ្នាំ២០២៣ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ក្រុមហ៊ុននេះក៏បានបញ្ចេញព័ត៌មានលម្អិតសម្រាប់ទីផ្សារប្រទេសចិនដែរ។

រថយន្ត Cadillac Lyriq សម្រាប់លក់នៅលើទីផ្សារប្រទេសចិន នឹងត្រូវប្តូរទៅជាឈ្មោះ Cadillac Ruige ហើយមានតម្លៃចាប់ពី ៦៥ ៣៥០ដុល្លារ ពោលគឺថ្លៃជាងទីផ្សារសហរដ្ឋអាមេរិក ២ ៣៦០ដុល្លារ។

ពាណិជ្ជកម្ម

រថយន្តអគ្គិសនីនេះនឹងប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ១០០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៣៤០សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ហើយផ្តល់ចម្ងាយបើកបរដល់ ៦៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

Cadillac Ruige ក៏មានជម្រើសប្រើម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥០៣សេះ និងកម្លាំងរមួល ៧១០ញ៉ូតុនម៉ែត្រ ប៉ុន្តែផ្តល់ចម្ងាយបើកបរត្រឹម ៦០០គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលសាកភ្លើងពេញម្តង។

អ្វីដែលជាចំណុចពិសេសមួយសម្រាប់ទីផ្សារប្រទេសចិន គឺរថយន្ត Cadillac Ruige ឆ្នាំ២០២៣ នឹងត្រូវដាក់លក់ជាមួយនឹងការធានារយៈពេលពេញមួយជីវិត សម្រាប់រថយន្ត និងប្រព័ន្ធអគ្គិសនីរបស់វា៕

Sponsored