
កាលពីពេលថ្មីៗនេះគេបានប្រទះឃើញរថយន្ត SUV ម៉ូឌែល Geely Galaxy Cruiser 700 បង្ហាញខ្លួននៅក្នុងប្រទេសចិន មុនពេលប្រកាសចេញលក់នៅលើទីផ្សារ ដោយគ្មានការបិទបាំងឬស្កុតបន្លំភ្នែកអ្វីឡើយ។ រថយន្តនេះត្រូវរចនាក្នុងទម្រង់បែប Off-road ដោយប្រើប្រាស់គ្រោងឆ្អឹង Body-on-frame ហើយមានរូបរាងបែបជ្រុងៗ និងបំពាក់ជាមួយម៉ាស៊ីនសាំង រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនបី អាចផលិតកម្លាំងបានខ្ពស់បំផុតរហូតដល់ទៅប្រហែល ១ ០០០ សេះ។ សម្រាប់រថយន្ត Geely Galaxy Cruiser 700 នឹងត្រូវដាក់លក់ទីផ្សារក្នុងស្រុកនៅក្នុងឆ្នាំនេះ ជាមួយគ្នានេះរថយន្ដនេះក៏នឹងដាក់ត្រៀមលក់នៅក្នុងចក្រភពអង់គ្លេស និងទីផ្សារបរទេសដទៃទៀតផងដែរ។
សម្រាប់រថយន្ត Geely Galaxy Cruiser 700 ត្រូវបានគេស្គាល់ឈ្មោះនៅក្នុងប្រទេសចិនថា Zhanjian 700 វាគឺជាម៉ូឌែលផលិតកម្មទ្រង់ទ្រាយធំ ដែលអភិវឌ្ឍចេញពីរថយន្តគម្រូមានឈ្មោះថា Galaxy Cruiser (Zhanjian) ដែលបានដាក់បង្ហាញកាលពីក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្ត Shanghai Auto Show ឆ្នាំ ២០២៥។ រថយន្តម៉ូឌែលថ្មីនេះ បានបញ្ចប់ការបើកបរធ្វើតេស្តក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង នៅតំបន់អឺរ៉ុបខាងជើងរួចរាល់ហើយ មុនពេលត្រៀមប្រកាសដាក់លក់។
បើយោងតាមរូបថតត្រូវបានចែករំលែកដោយ Sugar Design លើបណ្តាញសង្គម Weibo បានបង្ហាញឲ្យឃើញពីផ្នែកខាងក្រោយនៃរថយន្តនេះ ដោយវាមានទ្វារបិទបើកផ្នែកខាងក្រោយបែបចំហៀង ជាមួយនឹងការបំពាក់កង់សាគួរនៅជាប់នឹងទ្វារនោះតែម្តង។ វាក៏មានបំពាក់ស្តុបក្រោយតម្រៀបគ្នាជាជួរឈរ ដោយមានទម្រង់រាងចតុកោណកែងចំនួនបីកង់។ លក្ខណៈពិសេសមួយទៀតរបស់រថយន្តនេះ គឺកាងខាងក្រោយមានទំហំធំ និងប្រព័ន្ធបូមក្រោយ Independent rear suspension។
យោងតាមរូបភាពកាលពីមុន រថយន្ត Geely Galaxy Cruiser 700 ត្រូវបានលាតត្រដាងតាមរយៈរូបភាពគំរូផ្លូវការ រថយន្ដនេះបានបំពាក់ជាមួយកាងខាងមុខទំហំធំ, និងចង្កៀងមុខរាងដុំជ្រុងៗ ភ្ជាប់គ្នាដោយបន្ទះភ្លើង LED វែងមួយខ្សែ។ នៅផ្នែកជំហៀងបំពាក់ជាមួយដៃទ្វារបែបប្រពៃណី ដំបូលលើពណ៌ស និងមានបំពាក់នូវសេនស័រឡៃដា (LiDAR sensor) ផងដែរ។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតរបស់រថយន្ដនេះនឹងត្រូវបានដាក់បង្ហាញនៅថ្ងៃដាក់លក់ជាផ្លូវការ៕

























