Jeep Wrangler Rubicon 392 ថ្មី ប្រើម៉ាស៊ីន V8 កម្លាំងជិត ៥០០សេះ

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត Wrangler Rubicon 392 ស៊េរីឆ្នាំ២០២១ ថ្មីរបស់ខ្លួនជាផ្លូវការ ដោយបំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ Hemi V8 មានកម្លាំងរហូតដល់ទៅ ៤៧០សេះឯណោះ។

Wrangler Rubicon 392 មានតែប្រភេទតួខ្លួនទ្វា៤ និងដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរប៉ុណ្ណោះ។ រថយន្ត SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកអាចសម្គាល់ម៉ូដែល Wrangler Rubicon 392 ខុសពីម៉ូដែល Wrangler ផ្សេងទៀត តាមរយៈរន្ធបឺតខ្យល់លើគម្របម៉ាស៊ីនរបស់វា ដែលបានខ្ចីពីម៉ូដែល Gladiator Mojave។ ក្រៅពីនោះ វាមានបំពាក់ឡូហ្គូ 392 និង ប្រព័ន្ធបំពង់ស៊ីម៉ាំង៤ ទៀតផង។

អ្វីដែលរឹតតែពិសេសនោះគឺ Wrangler Rubicon 392 មានកម្ពស់ខ្ពស់ជាង Wrangler ធម្មតា ២អ៊ីញ (៥សង់ទីម៉ែត្រ) ហើយផ្តល់នូវកម្ពស់បាតក្រោមផុតពីដី ១០,៣អ៊ីញ (២៦សង់ទីម៉ែត្រ) ងាយស្រួលដល់ការបើកបរ Off-road។ Jeep ក៏បានពង្រឹងគ្រោងឆ្អឹងរបស់វាឲ្យរឹងមាំជាងមុន និងថែមទាំងអាប់ដេតលើប្រព័ន្ធជើងក្រោមរបស់វា ឲ្យកាន់តែប្រសើរជាងមុនទៀតផង។

ស្របពេលតម្លៃលក់របស់វាមិនទាន់ចេញជាផ្លូវការ រថយន្ត Jeep Wrangler Rubicon 392 នឹងចេញលក់នៅដើមឆ្នាំ២០២១ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម