Kia Sportage ចេញលក់នៅក្នុងទីផ្សារប្រទេសចិនជាមួយមា៉ស៊ីន Hybrid ថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia Sportage និងបានបន្ថែមជាមួយជម្រើសម៉ាស៊ីនកូនកាត់ hybrid ថ្មី នៅពិព័រណ៍រថយន្ត Chendu Auto Show នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២។

ក្រឡេកទៅមើលការរចនាផ្នែកខាងក្រៅ រថយន្តនេះបានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងរចនារាងជាសំណាញ់ ហើយត្រូវបានអមដោយអំពូលបំភ្លឺពេលថ្ងៃរាងជា boomerang ធ្វើឲ្យរថយន្តនេះកាន់តែមានភាពទាក់ទាញមួយកម្រិតថែមទៀត។ កាងខាងក្រោយត្រូវបានរចនាឡើងស្រដៀងទៅនឹងរថយន្តអគ្គិសនី KIA EV6 ចង្កៀងក្រោយប្រភេទ LED និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញជាដើម។

ពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងមានការរចនាយ៉ាងប្រណិត ទាន់សម័យ និងផាសុកភាព ដោយកៅអីខាងមុខមានងារកម្តៅ/ត្រជាក់ កុងទ័រព័ត៌មានឌីជីថលទំហំ ១២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៊ីញ កុងសូលកណ្តាលក៏ត្រូវបានរចនាថ្មីដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ​ ​២,០ លីត្រ turbocharged ផលិតកម្លាំងបាន ២៣៦ សេះ ។ លើសពីនេះ រថយន្តថ្មីនេះ ក៏នឹងបំពាក់ដោយម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ២,០ លីត្រ ដែលមានកម្លាំង ១៤៨ សេះ ជាមួយល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

Sponsored