MAXUS G10 ប្រភេទ MPV 7 កៅអីដ៏ប្រណិត បង្ហាញខ្លួនជាផ្លូវការក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MAXUS បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត MAXUS G10 ប្រភេទ MPV ៧កៅអី ដោយមាន​ ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ១៦ ៦១០ ដុល្លារ ដល់ ២០ ២៧៦ ដុល្លារក្នុងទីផ្សារប្រទេសចិន។

រថយន្ត MAXUS G10 មានប្រវែងតួខ្លួនសរុប ៥ ១៦៨ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៩២៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៩៨ ម.ម។ SAIC MAXUS G10 មកជាមួយការរចនាថ្មីទាំងស្រុង ដោយផ្នែកខាងក្រៅសង្កត់ធ្ងន់លើប្រណិតភាព ដោយបានបំពាក់ដោយប៉ាណាមុខតុបតែងជាមួយក្រូម៉េ ដោយចង្កៀងមុខ “Crystal Diamond” និងអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED, ឡូហ្គោ MAXUS នៅលើគម្របម៉ាស៊ីន។ ខណៈផ្នែកខាងក្រោយមាន ចង្កៀងប្រភេទ LED, កាងជ្រែកខ្យលឲ្យឈ្មោះថា “FLYING WIND” និងថាសកង់ស្ព័រទំហំ ១៦ អ៊ីញជាមួយដុំហ្វ្រាំងឌីសមុខ-ក្រោយជាដើម។

ពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងកាប៊ីនត្រូវបានរចនាឡើងជា ៧ កៅអី និងមានដៃចង្កូតថាមពលអេឡិចត្រូចនិច, កុងទ័រព័ត៌មានប្រភេទ Full LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ, កៅអីអ្នកបើកបរដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៦ ទិសដៅ, រន្ធម៉ាស៊ីនត្រជាក់ ២ តំបន់, កៅអីជួរ ៣ អាចបត់បាន ៥០:៥០ ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត MPV នេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ ជាមួយកម្រិតស៊ីប្រេង ១៣,១​ គីឡូម៉ែត្រ/លីត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ១៤៣ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ១០,២ គីឡូម៉ែត្រ/លីត្រ៕

Sponsored