Mazda ថែមម៉ាស៊ីនម៉ាស៊ូតលើឡាន CX-60 ជិះ១០០គ.ម ស៊ីប្រេង៥លីត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានប្រកាសចេញព័ត៌មានលម្អិតអំពីរថយន្ត CX-60 លក់នៅអឺរ៉ុប ដែល​មាន​បន្ថែម​ជម្រើស​ម៉ាស៊ីនថ្មីជាម៉ាស៊ីនម៉ាស៊ូតមានចំណុះ ៣,៣លីត្រ និង៦ស៊ីឡាំង។

ឈ្មោះថា e-Skyactiv D ម៉ាស៊ីននេះ​មាន​ជម្រើសចំនួនពីរប្រភេទ រួមមាន​ប្រភេទ​កម្លាំង ១៩៧សេះ សម្រាប់​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ និងប្រភេទកម្លាំង ២៥១សេះ សម្រាប់ប្រព័ន្ធបើកបរ​ប៉ុងពីរឈ្មោះថា i-Activ។ ប្រភេទទាំងពីរនេះ​មាន​មកជាមួយ​នូវ​ម៉ូទ័រកម្លាំង ៤៨វ៉ុល ដែល​ផ្ដល់ជំនួយបន្ថែម ជាមួយបច្ចេកវិទ្យា​ឈ្មោះថា Distribution-Controlled Partially Premixed Compression Ignition ដែលជួយកាត់បន្ថយកម្ដៅបានជាង ៤០%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន ២៥១សេះ អាចឲ្យរថយន្ត CX-60 ស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេល ៧,៤វិនាទី និងមានកម្រិតស៊ីប្រេង ៥,២៩លីត្រ គិតជា​មធ្យម​សម្រាប់ការបើកបរ១០០គីឡូម៉ែត្រ ចំណែកឯម៉ាស៊ីន ១៩៧សេះវិញ មានកម្រិតស៊ីប្រេងជាមធ្យម ៤,៩លីត្រ ប៉ុន្តែ Mazda មិនបានប្រាប់ពីសន្ទុះរថយន្តឡើយ។

Mazda បានអះអាងថាម៉ាស៊ីនម៉ាស៊ូត ៣,៣លីត្រ នេះ​អាច​បញ្ចេញសំឡេងបានស្ងាត់ និងងំល្អ ហើយថែមទាំង​មាន​ទម្ងន់​ស្រាល ដែល​មានន័យថាវាមានទម្ងន់ប្រហែលនឹងម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ ដែលមានប្រើលើរថយន្ត CX-5៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម