[ទីផ្សារបរទេស] រថយន្ត Mazda CX-60 បានបង្ហាញវត្តមានលើទឹកដីប្រទេសអូស្ត្រាលីសម្រាប់ការធ្វើតេស្ត មុនរថយន្តនេះចេញលក់ជាផ្លូវការលើទីផ្សារមួយនេះ។
ក្រុមហ៊ុន Mazda បានដឹកជញ្ជូនរថយន្ត CX-60 ប្រភេទគំរូចំនួនពីរគ្រឿង ឈ្មោះថា Down Under ដើម្បីប្រើប្រាស់សម្រាប់ការធ្វើតេស្តលើស្ថានភាពផ្លូវនៅប្រទេសអូស្ត្រាលី ដោយការធ្វើតេស្តនេះនឹងមានរយៈពេលរហូតដល់ ៦ខែ។
ការធ្វើតេស្តនឹងវាស់វែងលើទិន្នន័យសំខាន់មួយចំនួននៃរថយន្ត រួមមានការបើកបរដោយផ្ទុកទម្ងន់ស្រាល ការបើកបរធ្ងន់ និងការធ្វើតេស្តជាមួយកម្លាំងម៉ាស៊ីនរថយន្ត ដោយតេស្តលើសមត្ថភាពសណ្ដោង គុណភាពម៉ាស៊ីន និងការសិក្សាស៊ីជម្រៅផ្សេងៗទៀតទាក់ទងនឹងការបើកបរ។ រថយន្តនេះ នឹងត្រូវឆ្លងកាត់ការធ្វើដំណើររយៈចម្ងាយ ៣ម៉ឺនគីឡូម៉ែត្រ ក្នុងអំឡុងពេលធ្វើតេស្ត។
បន្ថែមពីលើការធ្វើតេស្តនេះ រថយន្ត CX-60 ទាំងពីរក៏នឹងត្រូវប្រើប្រាស់ដើម្បីបង្ហាត់បង្ហាញដល់ភ្នាក់ងារចែកចាយរថយន្ត Mazda ចំនួន ១៤០ ដែលមាននៅក្នុងប្រទេសអូស្ត្រាលីផងដែរ។
ដោយឡែក ទាក់ទងនឹងតម្លៃលក់ និងលក្ខណៈសម្បត្តិរបស់រថយន្ត CX-60 នេះ នឹងត្រូវប្រកាសចេញនៅពេលបន្ទាប់ទៀត៕