
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់សហរដ្ឋអាមេរិក (NHTSA) បានបើកការស៊ើបអង្កេតលើរថយន្ត Tesla ចំនួន ២,៦ លានគ្រឿង ដែលកំពុងមានបញ្ហាទាក់ទង់នឹងការប្រើប្រាស់មុខងារគ្មានអ្នកបើកបរ “Actually Smart Summon”។ ក្នុងនោះ ការស៊ើបអង្កេតនេះបានកើតឡើងបន្ទាប់ពីមានរបាយការណ៍អំពីការគាំងមួយចំនួនពាក់ព័ន្ធនឹងមុខងារនេះ ប៉ុន្តែមិនបានបញ្ជាក់អំពីព៌ត័មានលម្អិតនោះឡើយ។
ជាមួយគ្នានេះ នេះគឺជាការស៊ើបអង្កេតដ៏ធំទី២ របស់ NHTSA នៅក្នុងរយៈពេល ៤ខែចុងក្រោយពាក់ព័ន្ធនឹងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់ Tesla ។ ទន្ទឹមនឹងនេះ កាលពីខែតុលា NHTSA ក៏បានបើកការស៊ើបអង្កេតលើរថយន្ត Tesla ចំនួន ២,៤ លានគ្រឿង ផងដែរ ដែលមានកម្មវិធី Full Self-Driving (FSD) បន្ទាប់ពីមានរបាយការណ៍ប៉ះទង្គិចជាច្រើនរួមទាំងករណីស្លាប់។