Nissan គ្រោងនឹងឈប់លក់ឡាន Sedan នៅប្រទេសជប៉ុន

រថយន្ត Nissan ប្រភេទ Sedan នឹងលែងមានលក់ទៀតហើយនៅក្នុងទីផ្សារប្រទេសជប៉ុន ហើយវានឹងត្រូវជំនួសដោយរថយន្តតួខ្ពស់ SUV ក៏ដូចជា MPV វិញ។

យោងតាមសារព័ត៌មាន Nikkei បានឲ្យដឹងថា ក្រុមហ៊ុនចែកចាយធំៗរបស់ Nissan កាលពីចុងសប្តាហ៍កន្លងទៅនេះបានប្រកាសថា ក្រុមហ៊ុនមានបំណងបញ្ឈប់ការផលិតផលរថយន្ត Sedan ទាំងអស់នៅលើទីផ្សារក្នុងស្រុកនាពេលខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្នុងចំណោមរថយន្ត Sedan របស់ Nissan ចំនួន ៤ ម៉ូដែលកំពុងមានលក់នៅប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ មានតែ Skyline ប៉ុណ្ណោះដែលជាម៉ូដែលគួរឲ្យកត់សំគាល់បំផុត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Nissan នឹងជំរុញការលក់រថយន្ត SUV រួមទាំងរថយន្ត SUV អគ្គិសនី ម៉ូដែល Ariya ផងដែរ។

មូលហេតុសម្រាប់ផែនការនេះ គឺមកពីការលក់រថយន្ត Sedan ធ្លាក់ចុះ នៅលើទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ MarkLines បានប្រកាសថា ក្រុមហ៊ុន Nissan បានលក់រថយន្ត Sedan ដាច់ចំនួនត្រឹមតែ ៥ ៨០០ គ្រឿងប៉ុណ្ណោះ នៅប្រទេសជប៉ុន កាលពីឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម