ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! រូបរាងរថយន្តប្រណីតថ្មី របស់ក្រុមហ៊ុនចិន Hongqi

រថយន្ត​ Hongqi H9 បាន​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ចិន ដែល​វា​ជា​រថយន្ត​ Sedan ប្រណីត​​ថ្មី​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​រថយន្ត​ល្បី​របស់​ចិន Hongqi។

រថយន្ត​នេះ​មាន​រចនាបថ​​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​មាន​​រន្ធ​ខ្យល់​ខាង​មុខ​ទំហំ​ធំ និង​មាន​ដំបូល​វែង​​កោង​​លាត​​សន្ធឹង។ Hongqi បាន​ប្រាប់​ថា​ម៉ូដែល H9 នេះ​មិន​មែន​ឌីហ្សាញ​ដោយ​អតីត​បុគ្គលិក​ Rolls-Royce ដូច​រថយន្ត​មុន​នោះ​ទេ ប៉ុន្តែ​ដោយ​ស្នាដៃ​អ្នក​ឌីហ្សាញ​រថយន្ត​ចិន​ Ding Yangfeng។

រថយន្ត H9 ប្រើ​ប្រាស់​ម៉ាស៊ីន​ ២,០ លីត្រ Turbo កម្លាំង ២៥២ សេះ ហើយ​ក៏​មាន​ប្រភេទ ៣,០ លីត្រ Supercharged ដែល​មាន​កម្លាំង​ ២៧២ សេះ។ វា​ជា​ម៉ូដែល​ដំបូង​របស់ Hongqi ​ដែល​មាន​ម៉ាស៊ីន Supercharged ប៉ុន្តែ​កម្លាំង​វា​ហាក់​មិន​ខ្លាំង​ក្លា​នោះ​ទេ បើ​ប្រៀប​នឹង ២,០ Turbo។

នៅ​ផ្នែក​ខាង​ក្នុង​គឺ​មាន​ជម្រើស​កៅអី​អង្គុយ​បួន ឬ ប្រាំ ហើយ​តាប្លូ​គឺ​ជា​ប្រភេទ​ឌីជីថល​សុទ្ធសាធ​ទៀត​ផង។ Hongqi អះអាង​ថា​រថយន្ត​នេះ​មាន​សមត្ថភាព​បើកបរ​ស្វ័យប្រវត្តិ​បាន​ក្នុង​កម្រិត “L 2.5”។ ចំពោះ​តម្លៃ និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួងប្រាប់វិធីទិញស្លាកលេខពិសេស ដែលមានតម្លៃថោកបំផុត ២លានរៀល (វីដេអូ)

ក្រោយ​ពី​បាន​ប្រកាស​ចេញ​នូវ​ប្រព័ន្ធ​លេខ​ពិសេស​ផ្ទាល់​ខ្លួន​កាល​ពី​ម្សិលមិញ​រួច​មក នៅ​ថ្ងៃ​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ចេញ​វីដេអូ​​ខ្លី​មួយ ​ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​អំពី​​នីតិវិធី​នៃ​ការ​ទិញ​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត។

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

គួរ​ដឹង​ថា​ស្លាក​លេខ​ពិសេស​ថ្មី​នេះ ម្ចាស់​យានយន្ត​អាច​ធ្វើ​ការ​​ជ្រើស​រើស​លេខ ឬ អក្សរ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​ ដោយ​កំណត់​ត្រឹម ៨ តួ​អក្សរ។ តួ​លេខ ឬ​អក្សរ​កាន់​តែ​តិច​ តម្លៃ​កាន់​តែ​ថ្លៃ ដែល​លេខ​ពិសេស​នេះ​មាន​តម្លៃ​ចាប់​ពី ២ លាន​រៀល ដល់ ១ ពាន់​លាន​រៀល​ឯណោះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce លក់រថយន្តបានច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន Rolls-Royce អាច​លក់​រថយន្ត​បាន​ដល់​ទៅ ៥ ១៥២ គ្រឿង ដែល​មាន​ការ​កើន​ឡើង​ ២៥% បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ​ជា​ចំនួន​លក់​ច្រើន​បំផុត​មួយ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ ១១៦ ឆ្នាំ​របស់​ក្រុមហ៊ុន។

SUV កំពូល​ប្រណីត​ម៉ូដែល Cullinan បាន​រួម​ចំណែក​យ៉ាង​ធំ​ក្នុង​​​ការ​ជួយ​ឲ្យ​ចំនួន​លក់​មាន​កំណើន​​ខ្ពស់ ហើយ​ម៉ូដែល​ផ្សេង​ទៀត​ដូច​ជា Phantom Ghost Wraith និង Dawn ក៏​មាន​​​តម្រូវ​ការ​ខ្ពស់​ណាស់​ដែរ។

រថយន្ត ៥ ១៥២ គ្រឿង គឺ​លក់​តាម​រយៈ​បណ្ដាញ​របស់​ក្រុមហ៊ុន​នៅ​ទូទាំង​សកល​លោក ដែល​មាន​ហាង​លក់​ចំនួន ១៣៥ កន្លែង ក្នុង​ប្រទេស​ជាង ៥០។ ទីផ្សារ​ធំ​ជាង​គេ​របស់ Rolls-Royce នៅ​ឆ្នាំ ២០១៩ នៅ​តែ​ជា​អាមេរិក​ខាង​ជើង តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន និង​អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin នឹងចេញឡានប្រើម៉ាស៊ីន V12 ថ្មី ផលិតតែ ៨៨គ្រឿងគត់

Aston Martin ទើបតែបានប្រកាសពីរថយន្តម៉ូដែលថ្មីមួយ ហៅថា V12 Speedster ដែលនឹងប្រើម៉ាស៊ីនទំហំ ១២ស៊ីឡាំង និងផលិតមានចំនួនកំណត់។

ថ្វីបើប្រកាសចេញរថយន្តថ្មី ប៉ុន្តែ Aston Martin មិនទាន់បានបង្ហាញរូបរាងផ្លូវការរបស់វាឡើយ ក្រៅពីរូប Render មួយសន្លឹក។ ទោះជាយ៉ាងណា Aston Martin V12 Speedster មានការរចនាបំផុសគំនិតតាមរថយន្ត DBR1 និង CC100 Speedster Concept។

V12 Speedster នឹងប្រើម៉ាស៊ីនចំណុះ ៥,២លីត្រ Twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦៩០សេះ។ រថយន្តនេះនឹងប្រើប៉ុងមួយ វិលកង់ក្រោយ និងប្រអប់លេខអូតូ ZF ៨វគ្គ។

សូមបញ្ចាក់ថា រថយន្តស្ព័ររបស់ Aston Martin នេះ នឹងផលិតត្រឹមតែ ៨៨គ្រឿងប៉ុណ្ណោះ។ ខណៈក្រុមហ៊ុនមិនទាន់ប្រកាសតម្លៃ គេហទំព័រ Top Gear បានប៉ាន់ប្រមាណថា វាអាចនឹងមានតម្លៃចន្លោះពី ៩៨៣ ០០០ដុល្លារ ទៅ ១លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini ចេញឡានបើកដំបូងថ្មីម៉ូដែល Sidewalk ឆ្នាំ២០២០ ឡើងគួរឲ្យស្រលាញ់!

ក្រុមហ៊ុន Mini បានបញ្ចេញរថយន្តបើកដំបូងថ្មី ម៉ូដែល Sidewalk ស៊េរីឆ្នាំ២០២០ ជាមួយនឹងជម្រើសពណ៌បែបខ្យូតៗជាច្រើន។

រថយន្តម៉ូដែលពិសេស Mini Sidewalk នេះ បំពាក់យ៉ាន់ ១៧អ៊ីង, មានឡូហ្គូ Sidewalk បញ្ជាក់ថាជាម៉ូដែលពិសេស, ពូកស្បែកមានថ្នេរដេរ និង ដៃចង្កូតស្បែក ជាដើម។ មិនតែប៉ុណ្ណោះ វាបានបំពាក់ចង្កៀងមុខ LED, អំពូលកាត់អ័ព្ទ LED និង ប្រព័ន្ធភ្លើងក្នុងកាប៊ីន ផងដែរ។

រថយន្ត Mini Sidewalk មានម៉ាស៊ីនចំនួន ៣ជម្រើស គឺ ចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង កម្លាំង ១០២សេះ, កម្លាំង ១៣៦សេះ និង កម្លាំង ១៩២សេះ។ វាប្រើប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ ខណៈប្រអប់លេខអូតូ dual-clutch ៧វគ្គ ជា option។

Mini Sidewalk ឆ្នាំ២០២០ នឹងចេញលក់ជាផ្លូវការនៅខែមីនាខាងមុខ ប៉ុន្តែក្រុមហ៊ុនមិនទាន់ប្រកាសតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អើលគេផ្អើលឯងអស់! ក្រុមហ៊ុន Sony បង្ហាញរថយន្តអគ្គិសនីឈ្មោះ Sony Vision-S នៅ CES ២០២០​ (វីដេអូ)

នៅក្នុងព្រឹត្តិការណ៍ពិពរណ៌គ្រឿងអេឡិចត្រូនិចអន្តរជាតិ CES ២០២០ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលដោយសារតែការបង្ហាញ រថយន្តគំរូ អគ្គិសនីរបស់ខ្លួនជាលើកដំបូង ប្រភេទ Sedan ឈ្មោះ Sony Vison-S។ យើងដឹងហើយថាក្រុមហ៊ុន Sony ជាក្រុមហ៊ុនរបស់ជប៉ុនដែលមានក្រុមហ៊ុនចម្រុះល្បីៗជាច្រើននៅក្នុងនោះ ពីផលិតផលបែបកំសាន្ត កាម៉េរ៉ា និងជាច្រើនផ្សេងទៀត។

រថយន្តនោះមាន Vision-S មានលក្ខណះពិសេស សេនស័រ ៣៣ផ្នែក ដោយបំពាក់ទាំងក្រៅ ក្នុងរថយន្ត មុខងារជាច្រើននៃអេក្រង់ដ៏ធំ Widescreen ឧបករណ៌បំពងសម្លេង ៣៦០ដឺក្រេ និងជាមួយមុខងារភ្ជាប់ជានិច្ច (always-on connectivity) ដោយគ្រឿងបង្គុំមួយចំនួនពីក្រុមហ៊ុន BlackBerry និង Bosch។

រូបភាព៖ Sony

វាក៏ជាការផលិតឡើងតាមរយះ “newly-designed EV platform”  ដែលមានន័យថា គ្រោងឆ្អឹងរថយន្តអគ្គិសនីដែលរចនាថ្មីជានិច្ច ដោយវិស័យករផលិតពី Magna ហើយ Sony ក៏បានបង្ហាញពីគម្រោងបន្ទាប់ទៀតគឺផលិតរថយន្តប្រភេទ SUVផងដែរ។

រូបភាព៖ Sony
រូបភាព៖ Sony
រូបភាព៖ Sony

សូមទស្សនាវីដេអូ (នាទី ៥.៤៨)៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់ដាក់ឈ្មោះខ្លួនឯងលើស្លាកលេខឡាន បានហើយចាប់ពីថ្ងៃនេះ! (វីដេអូ)

ភ្នំពេញ៖ នៅលើទំផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស វត្តមានជាផ្លូវការនៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ចាប់ថ្ងៃទី០៧ មករា ២០២០នេះហើយ នៅផ្សារទំនើបអុីអន២ សែនសុខ!!!

ចង់ដឹងពីដំណើរការយ៉ាងនោះ សូមទស្សនាវីដេអូ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW យកឈ្នះ Mercedes ក្លាយជាម៉ាកប្រណីតកំពូលប្រចាំអាមេរិក

BMW បាន​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​ប្រណីត​អាច​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​នៅ​អាមេរិក​ ដោយ​បិទ​បញ្ចប់​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​ ៣២៤ ៨២៦ គ្រឿង។

ចំនួន​លក់​មាន​កំណើន ៤,៤% បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ហើយ​ BMW បាន​លើក​ឡើង​ថា​កើន​ឡើង​ដោយ​សារ​ម៉ូដែល X3, X5 និង X7។ ក្រុមហ៊ុន​បាន​បញ្ជាក់​ដែរ​ថា​ 3-Series ជំនាន់​ថ្មី គឺ​ជា​រថយន្ត Sedan ដ៏​ខ្លាំង​ក្លា​មួយ​ អាច​លក់​បាន​ចំនួន​ច្រើន។

តួ​លេខ​បាន​បង្ហាញ​ថា​ចំនួន​លក់​ប្រភេទ​រថយន្ត​តួ​ខ្ពស់​របស់ BMW បាន​កើន​ឡើង ៣៥,៥% ធៀប​នឹង​ឆ្នាំ ២០១៨ ចំណែក​រថយន្ត​តួ​ទាប​វិញ​បាន​ធ្លាក់​ចុះ ១៤,៤%។

Mercedes នៅ​មិន​ឆ្ងាយ​ពី BMW ប៉ុន្មាន​នោះ​ទេ ដោយ​លក់​រថយន្ត​បាន ៣១៦ ០៩៤ គ្រឿង​នៅ​ឆ្នាំ ២០១៩។ ធៀប​នឹង​ឆ្នាំ ២០១៨ ចំនួន​លក់​គឺ​មាន​ការ​កើន​ឡើង​ត្រឹម​តែ ១៣៥ គ្រឿង​ប៉ុណ្ណោះ។

លេខ​បី​គឺ Lexus ដែល​អាច​លក់​រថយន្ត​បាន​ ២៩៨ ១១៤ គ្រឿង (ថយ​ចុះ ០,១%)។ ទី​បួន​គឺ​ Audi ដែល​កើន​ចំនួន​លក់​ ០,៤% អាច​លក់​បាន​ ២២៤ ១១១ គ្រឿង ហើយ​ទី​ប្រាំ​គឺ​ម៉ាក​រថយន្ត​ប្រណីត​របស់​ជប៉ុន​​ Acura ដែល​លក់​រថយន្ត​បាន ១៥៧ ៣៨៥ គ្រឿង ថយ​ចុះ ១%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពលរដ្ឋនៅន័រវេស ស្រលាញ់បរិស្ថានខ្លាំង នាំគ្នាទិញឡានអគ្គិសនីជិះព្រោងព្រាត

កាលពីឆ្នាំ២០១៩ រថយន្តអគ្គិសនីចំនួន ១៤២ ៣៨១គ្រឿង ត្រូវបានទិញយកទៅប្រើប្រាស់នៅក្នុងប្រទេសន័រវេស។ បើយោងតាមសហព័ន្ធ Norwegian Road Federation បានឲ្យដឹងថា រថយន្តអគ្គិសនីបានរួមចំណែករហូតដល់ទៅ ៤២% នៃចំនួនលក់រថយន្តសរុបប្រចាំឆ្នាំ កើនឡើងពី ៣១% ក្នុងឆ្នាំ២០១៨។

ក្នុងរយៈពេលដូចគ្នានោះ Tesla បានលក់រថយន្តដាច់ចំនួន ១៨ ៧៩៨គ្រឿង ដោយក្នុងនោះរថយន្ត Tesla Model 3 មាន ១៥ ៦៨៣គ្រឿង។

យោងតាមសារព័ត៌មាន Bloomberg ឲ្យដឹងថា ន័រវេស គឺជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីដ៏ធំមួយ ដោយសារតែពលរដ្ឋស្រលាញ់បរិស្ថានខ្លាំង និងការលើកលែងពន្ធសម្រាប់រថយន្តអគ្គិសនីផងដែរ។

គួរឲ្យដឹងផងដែរថា ន័រវេស គឺជាទីផ្សារធំបំផុតលំដាប់ទី៣ របស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ហើយរថយន្តដែលលក់ដាច់ខ្លាំងបំផុតគឺ Model 3 និង Nissan Leaf។ មិនតែប៉ុណ្ណោះ ន័រវេស មានមហិច្ឆតាចង់ឲ្យពលរដ្ឋប្រើរថយន្តអគ្គិសនីសុទ្ធ ត្រឹមឆ្នាំ២០២៥ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ចេញឡាន Huracan EVO ថ្មី ប្រើប៉ុងមួយ តែអះអាងថាសប្បាយបើកជាងមុន

Lamborghini បានបញ្ចេញរថយន្តស្ព័រម៉ូដែលថ្មីមួយទៀតហៅថា Huracan EVO RWD ដែលប្រើប្រព័ន្ធបើកបរប៉ុងមួយវិលកង់ក្រោយ។

ក្រុមហ៊ុនរថយន្តស្ព័រអ៊ីតាលីខាងលើអះអាងថា Huracan EVO RWD នឹងផ្តល់បទពិសោធន៍បើកបរកាន់តែអស្ចារ្យ និងសប្បាយជាង រថយន្ត Huracan EVO AWD ដែលប្រើប៉ុងពីរទៅទៀត។

រថយន្ត Huracan EVO RWD បំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ Naturally-aspirated ទំហំ ១០ស៊ីឡាំង មានកម្លាំង ៦០២សេះ ហើយប្រើប្រអប់លេខ dual-clutch ៧វគ្គ និងមានមុខងារ Launch Control។ វាអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៣វិនាទី ហើយមានល្បឿនអតិបរមា ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ថ្វីបើវាស្ទុះយឺតជាង Huracan EVO AWD ប៉ុន្តែ Lamborghini អះអាងថា Huracan EVO RWD ត្រូវបានបង្កើតឡើងដើម្បីឲ្យការបើកបរ កាន់តែសប្បាយ ទាំងលើផ្លូវសើម និងផ្លូវស្ងួត។ ក្នុងនោះវាបានបំពាក់ប្រព័ន្ធទប់លំនឹង Performance Traction Control System (P-TCS) ផងដែរ។

សូមបញ្ជាក់ថា រថយន្ត Lamborghini Huracan EVO RWD នេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២០៨ ៥៧០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+