ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley អាចនឹងចេញលក់ឡានអត់ប្រើសាំង ដំបូងបង្អស់របស់ខ្លួន នៅឆ្នាំ២០២៥

ក្រុមហ៊ុនរថយន្តអង់គ្លេស Bentley ជឿជាក់ថា ខ្លួនអាចនឹងមានរថយន្តអគ្គិសនីផ្ទាល់ខ្លួនរត់លើដងផ្លូវ នៅឆ្នាំ២០២៥ ខាងមុខនេះ។

លោក Adrian Hallmark ប្រធានក្រុមហ៊ុន Bentley បានប្រាប់គេហទំព័រ Auto News ឲ្យដឹងថា រថយន្តអគ្គិសនីនឹងដើរតួយ៉ាងសំខាន់បំផុតមួយ នាពេលអនាគត នៃក្រុមហ៊ុនផលិតរថយន្តអង់គ្លេស។

លោក Hallmark បង្ហើបឲ្យដឹងថា “យើងបាននិយាយរួចមកហើយថា ឆ្នាំ២០២៥ គឺជាពេលលឿនបំផុតដែលយើងអាចមានរថយន្ត Bentley អគ្គិសនី”។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុនខាងលើបានឲ្យដឹងទៀតថា រថយន្តអគ្គិសនីរបស់ Bentley ដំបូងបង្អស់ នឹងកែច្នៃចេញពីម៉ូដែលណាមួយ ដែលកំពុងមានលក់ពេលបច្ចុប្បន្ននេះ។

លើសពីនេះទៅទៀត លោក Hallmark បានបន្ថែមថា មហិច្ឆតារបស់ក្រុមហ៊ុន Bentley គឺប្រើប្រាស់គ្រោងឆ្អឹង PPE ដែលកំពុងត្រូវបានផលិតជាមួយ ក្រុមហ៊ុន Porsche និង Audi៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford មានដំណោះស្រាយថ្មី ដើម្បីលក់ Ranger Raptor នៅអាមេរិកបាន

Ford Ranger ត្រូវ​បាន​ដាក់​លក់​សារ​ជា​ថ្មី​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ ២០១៩ ប៉ុន្តែ​អតិថិជន​ខក​ចិត្ត​បន្តិច​ត្រង់​ថា​គ្មាន​ប្រភេទ Ranger Raptor។

គួរ​ដឹង​ថា Ranger Raptor នេះ​មាន​​លក់​តែ​នៅ​ទីផ្សារ​ក្រៅ​សហរដ្ឋអាមេរិក​ដូច​ជា​​ថៃ និង​អូស្ត្រាលី ដែល​វា​មាន​បំពាក់​ម៉ាស៊ីន​​ម៉ាស៊ូត​ Twin-Turbo ៤ ស៊ីឡាំង កម្លាំង ២១០ សេះ។ ដោយ​សារ​ម៉ាស៊ីន​នេះ​មិន​​ត្រូវ​នឹង​ស្តង់ដារ​ឧស្ម័ន​​នៅ​អាមេរិក​ខាង​ជើង ទើប​រថយន្ត​នេះ​មិន​មាន​លក់​នៅ​សហរដ្ឋអាមេរិក។

បើ​តាម​​សារព័ត៌មាន​អូស្ត្រាលី Which Car បាន​ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា Ford កំពុង​ត្រៀម​រៀប​ចំ Ranger Raptor ដែល​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ V8 ចំណុះ ៥,០ លីត្រ របស់​រថយន្ត Mustang GT។ របាយការណ៍​បាន​អះអាង​ទៀត​ថា​គម្រោង​ការ​នេះ​កំពុង​ចាត់​ចែង​ដោយ​​ក្រុម​វិស្វករ​ Ford Australia។ គេ​មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា​គម្រោង​ការ​នេះ​នឹង​​​ធ្វើ​ឡើង​សម្រាប់​រថយន្ត​លក់​នៅ​អូស្រ្តាលី​ឬ​យ៉ាង​ណា​នោះ។ វា​អាច​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អតិថិជន​នៅ​អាមេរិក ដោយ​សារ​ម៉ាស៊ីន V8 របស់​ Mustang គឺ​អាច​ប្រើ​ប្រាស់​នៅ​អាមេរិក​បាន។ មាន​ន័យ​ថា​បើសិន​មាន​ Ranger Raptor ប្រើ​ម៉ាស៊ីន V8 នោះ​អាច​នឹង​មាន​ឈ្មួញ​នាំ​រថយន្ត​ពី​អូស្ត្រាលី​ទៅ​លក់​នៅ​អាមេរិក​ក៏​ថា​បាន៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូបង្ហាញរូបរាងស្រស់ៗនៃរថយន្ត Bugatti ដែលប្រើពេលផលិត ៣ឆ្នាំ

ដូច​បាន​ដឹង​ម្ដង​រួច​មក​ហើយ​អំពី​រថយន្ត​ Bugatti Chiron Hermès Edition ជា​រថយន្ត​​កំពូល​ប្រណីត​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក និង​ចំណាយ​ពេល​ផលិត​រហូត​ដល់​ប្រមាណ ៣ ឆ្នាំ​​ឯណោះ។

ពេល​នេះ​វា​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ម្ចាស់​របស់​វា​នៅ​សហរដ្ឋអាមេរិក ហើយ​មាន​ការ​បង្ហាញ​រូបរាង​​ច្បាស់ៗ​តាម​រយៈ​វីដេអូ​ដែល​មាន​រយៈពេល ១០ នាទី។ ក្នុង​វីដេអូ​មាន​បង្ហាញ​អំពី​ដំណើរ​ការ​កុម្ម៉ង់​ទិញ​រថយន្ត​ និង​មាន​បង្ហាញ​មុខ​ម្ចាស់​រថយន្ត​គឺ​លោក​ Manny Khoshbin ជា​អ្នក​ប្រមូល​ទិញ​រថយន្ត​កម្រៗ​ដ៏​ល្បី​ឈ្មោះ។ ចង់​ដឹង​យ៉ាង​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ថា ឡានអគ្គិសនីប្រភេទ Long-range បំពុលបរិស្ថានខ្លាំងជាងឡានម៉ាស៊ូតទៀត!

កាលពីពេលថ្មីៗកន្លងទៅនេះ Mazda បានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ម៉ូដែល MX-30 ដែលប្រើកញ្ចប់អាគុយកម្លាំងត្រឹម ៣៥,៥គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ស្របពេលដែលក្រុមហ៊ុនដទៃទៀតប្រើកញ្ចប់អាគុយធំជាងនេះឆ្ងាយ។

យោងតាមប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Mazda លោក Christian Schultze បានឲ្យដឹងថា ការប្រើប្រាស់កញ្ចប់អាគុយតូចបែបនេះ គឺដើម្បីជួយដល់ផែនដី។

លោក Christian បានប្រាប់គេហទំព័រ Automotive News ថា កញ្ចប់អាគុយតូច គឺជាទំហំសមល្មមចំពោះការបំភាយឧស្ម័យកាបូនិក (CO2 emission) ដោយក្នុងនោះគិតទាំងការផលិត និងការប្រើប្រាស់ថាមពល។ ផ្ទុយទៅវិញ រថយន្តអគ្គិសនីប្រភេទ Long-range នឹងបំពុលដល់បរិស្ថានខ្លាំង។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Mazda បានអះអាងថា កញ្ចប់អាគុយកម្លាំង ៩៥គីឡូវ៉ាត់ម៉ោង (មានបំពាក់លើ Tesla Model S និង Model X) នឹងតម្រូវឲ្យមានការបំភាយខ្លាំង។ លើសពីនេះទៅទៀត វានឹងកាន់តែអាក្រក់លើសដើម នៅពេលអ្នកផ្លាស់ប្តូរកញ្ចប់អាគុយថ្មី ក្រោយប្រើរួច ១៦០ ០០០គីឡូម៉ែត្រ (ឬ ១០០ ០០០ម៉ាយ៍)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ចង់បង្កើតផ្លូវក្រោមដី អាចការពារគ្រោះរញ្ជួយដី សម្រាប់ឡានអគ្គិសនី

CEO ក្រុមហ៊ុន Tesla លោក Elon Musk មានគម្រោងចង់សាងសង់ផ្លូវក្រោមដីជាច្រើនកន្លែង ក្រោមទីក្រុងធំៗមួយចំនួន។

ថ្មីៗលោក Elon បានបង្ហោះ Poll នៅលើបណ្តាញសង្គម Twitter ដើម្បីឲ្យអ្នកប្រើប្រាស់ធ្វើការបោះឆ្នោត លើផ្លូវក្រោមដីដែលអាចការពារគ្រោះរញ្ជួយដី នៅក្រោមទីក្រុងធំៗ ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរ ដោយក្នុងនោះទទួលបានការបោះឆ្នោតសរុប ១ ៤៥៨ ៥៤៨នាក់។

ក្នុងនោះដែរ លោក Elon បានអះអាងថា ផ្លូវក្រោមដីនោះសម្រាប់តែរថយន្តអគ្គិសនីប៉ុណ្ណោះ មិនឲ្យមានផ្សែងបំពុលឡើយ។

គួរឲ្យដឹងថា បច្ចុប្បន្នគេកំពុងសាងសង់ផ្លូវក្រោមដីពី Las Vegas Convention Center ទៅកាន់ Strip courtesy of The Boring Company ក្នុងទីក្រុង Winchester រដ្ឋ Nevada សហរដ្ឋអាមេរិក ដែលរំពឹងថានឹងរួចរាល់នៅឆ្នាំ២០២០។ គម្រោងនោះមានផ្លូវក្រោមដីចំនួន២ ដែលអ្នកដំណើរនឹងធ្វើដំណើរតាមរថយន្តបើកបរស្វ័យប្រវត្តិ មានល្បឿនដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ឆ្នាំ ២០២០ លេងរូបរាងបែប TRD ប្លែកភ្នែកមិនធម្មតា

Toyota នឹង​ធ្វើ​ការ​បង្ហាញ​ចេញ​រថយន្ត​ Yaris GR ថ្មី​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Tokyo Auto Salon ប៉ុន្តែ​ក្នុង​ពេល​ដំណាល​គ្នា​នោះ​ក្រុមហ៊ុន​ក៏​មាន​ការ​បង្ហាញ​ពិសេស​ជា​មួយ​រថយន្ត Yaris ធម្មតា​ផង​ដែរ។

នោះ​គឺ​គ្រឿង​តុប​តែង​ TRD និង Modellista សម្រាប់​រថយន្ត Toyota Yaris ស៊េរី​ឆ្នាំ ២០២០។ ​ចំពោះ​គ្រឿង​តុប​តែង​ TRD នឹង​ធ្វើ​ឲ្យ​រថយន្ត Yaris ​ប្រែ​រូបរាង​ប្រៀប​ដូច​ជា​រថយន្ត​ស្ព័រ​ខ្នាត​តូច មាន​ភាព​អង់អាច​ជា​ទី​បំផុត។ ចំណែក​គ្រឿង​តុប​តែង Modellista វិញ​ធ្វើ​ឲ្យ​រថយន្ត Yaris កាន់​តែ​ទាក់ទាញ​លើស​ពី​ធម្មតា។

គ្រឿង TRD

គ្រឿង Modellista

គួរ​ដឹង​ថា Tokyo Auto Salon គឺ​ជា​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​មួយ ដែល​ក្នុង​នោះ​មាន​ការ​ដាក់​តាំង​បង្ហាញ​រថយន្ត​ដែល​មាន​តុបតែង​រូបរាង​ពិសេស ខុស​ពី​ធម្មតា ដោយ​វា​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ១០ ខែ​មករា ដល់ ១២ មករា ឆ្នាំ ២០២០​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X7 ប្រភេទភីកអាប់ មានតែមួយនេះគត់ក្នុងលោក

BMW X7 ប្រភេទ​ភីកអាប់​គឺ​ជា​រថយន្ត​ដ៏​គួរ​ចាប់​អារម្មណ៍​មួយ​ដែល BMW បាន​ផលិត។ ត្បិត​ថា​វា​នឹង​មិន​ត្រូវ​ចូល​រោងចក្រ​ផលិត​លក់​លើ​ទីផ្សារ​មែន ប៉ុន្តែ​វា​ពិត​ជា​ប្លែក​អារម្មណ៍​បំផុត។

រថយន្ត​នេះ​បាន​បង្ហាញ​មុខ​លើក​ដំបូង​កាល​ពី​ខែ​កក្កដា ​ដោយ​បង្កើត​ឡើង​ក្នុង​គោល​បំណង​តាំង​បង្ហាញ ហើយ​ថ្មីៗ​នេះ​គេ​បាន​យក​វា​តាំង​បង្ហាញ​នៅ BMW Welt នៅ​ក្បែរ​ទីស្នាក់ការ​របស់ BMW នៅ​ទីក្រុង Munich។

ដោយ​សារ​រថយន្ត​នេះ​ផលិត​ឡើង​ផ្អែក​តាម​ X7 ធម្មតា ហេតុ​នេះ​ផ្នែក​ខាង​ក្នុង​របស់​វា​មាន​ទំហំ​ធំៗ​ជា​រថយន្ត​ភីកអាប់​ដទៃ​ទៀត ប៉ុន្តែ​ឃ្លុប​ដាក់​ឥវ៉ាន់​ផ្នែក​ខាង​ក្រោយ​មាន​ប្រវែង​ខ្លី​ជាង​ភីកអាប់​នានា។ ជាក់​ស្ដែង​ពេល​ដាក់​ម៉ូតូ BMW F850 GS ​ចូល​គឺ​មិន​បាន​ពេញ​ស៊ប់​នោះ​ទេ។ គួរ​ដឹង​ថា​ ការ​បង្កើត​រថយន្ត​ដែល​មាន​តែ​មួយ​ក្នុង​លោក​នេះ គឺ​ចំណាយ​ពេល​ប្រហែល ១០ ខែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ត្រាក់ទ័រលឿនបំផុតក្នុងលោក ជិះបាន ២៤៧ គ.ម/ម៉

JCB Factrac Two ឬ​ហៅ​ដោយ​ខ្លី​ថា​ WFT គឺ​ជា​ត្រាក់ទ័រ​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក ដែល​បាន​ទទួល​ស្គាល់​ដោយ​​សៀវភៅ​កំណត់​ត្រា​ពិភពលោក​កាល​ពី​ដើម​ឆ្នាំ។

នៅ​ពេល​សាង​កំណត់​ត្រា ត្រាក់ទ័រ​នេះ​បើក​បរ​ដោយ​ Guy Martin ដែល​វា​អាច​បើកបរ​បាន​​​ដល់​ល្បឿន ២៤៧,៤៧ គ.ម/ម៉ ដោយ​បើកបរ​លើ​ដង​ផ្លូវ​នៅ​​ទីលាន Elvington ចក្រភព​អង់គ្លេស។ ជា​មួួ​ល្បឿន​នេះ​វា​អាច​ឈ្នះ​កំណត់​ត្រា​ចាស់​ ដែល​មាន​ល្បឿន​បើកបរ​ត្រឹម​តែ ១៦៦,៧ គ.ម/ម៉។

គួរ​ដឹង​ត្រាក់ទ័រ​នេះ​ទទួល​បាន​ការ​កែ​សម្រួល​លើ​គ្រឿង​ម៉ាស៊ីន ដោយ​ម៉ាស៊ីន​ដើម​​របស់​វា​មាន​ចំណុះ ៧,២ លីត្រ របស់​វា​អាច​បង្កើត​កម្លាំង​បាន ១០១៦ សេះ មាន ៦ ស៊ីឡាំង និង​ម៉ាស៊ីន​ម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទួរគី​ខ្ចីដៃក្រុមហ៊ុនអ៊ីតាលី ឌីហ្សាញរថយន្តដំបូងរបស់ខ្លួន

ក្រុមហ៊ុន​ឌីហ្សាញ​អ៊ីតាលី​ឈ្មោះ Pininfarina ដែល​​ល្បី​ឈ្មោះ​ដោយ​​បាន​ឌីហ្សាញ​រថយន្ត​ Ferrari ភាគ​ច្រើន​នោះ នៅ​ពេល​នេះ​ក្រុមហ៊ុន​បាន​ជួយ​​​ប្រទេស​ទួរគី ផលិត​រថយន្ត​ក្នុង​ស្រុក​ជា​លើក​ដំបូង។

រថយន្ត​ដំបូង​របស់​ទួរគី​​មាន​ឈ្មោះ​ថា TOGG C-SUV ដែល​ជា​រថយន្ត​ប្រភេទ​អគ្គិសនី មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន។ TOGG មក​ពាក្យ​ពេញ​ថា​ “Türkiye’nin Otomobili Girisim Grubu” ឬ​ជា​ភាសា​អង់គ្លេស​ “Turkey’s Automobile Enterprise Group” ហើយ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ទួរគី​ធំៗ​ចំនួន ៥ ជា​មួយ​គោលដៅ​តែ​មួយ​គឺ​ផលិត​រថយន្ត​ក្នុង​ស្រុក។

TOGG C-SUV នឹង​មាន​ជម្រើស​អាគុយ​ចំនួន​ពីរ ដែល​មួយ​ជិះ​បាន​ចម្ងាយ​ប្រមាណ ៣០០ គីឡូម៉ែត្រ និង​មួយ​ទៀត​ជិះ​បាន ៥០០ គីឡូម៉ែត្រ។ TOGG ប្រាប់​ថា​អាគុយ​រថយន្ត​នឹង​អាច​សាក​ដល់ ៨០% ក្នុង​ពេល​មិន​ដល់ ៣០ នាទី​ឡើយ។

TOGG C-SUV ប្រភេទ Base នឹង​មាន​ម៉ូទ័រ​អគ្គិសនី​ដែល​ផ្ដល់​កម្លាំង​បាន ២០០ សេះ ចំណែក​ប្រភេទ AWD (ប៉ុង​ពីរ) អាច​ផ្ដល់​កម្លាំង​បាន​ ៤០០ សេះ។ រថយន្ត​នេះ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ឆ្នាំ ២០២២ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​បញ្ចេញ​រថយន្ត​​សរុប ៥ ម៉ូដែល ដែល​ប្រើ​គ្រោង​ឆ្អឹង​រថយន្ត​អគ្គិសនី​នេះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ថ្មីរបស់ Kia នឹងមានរាងស្អាតកប់បែបនេះ!

កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Kia បានដាក់បង្ហាញគំរូរថយន្ត Imagine Concept ដែលជា SUV អគ្គិសនី មានរូបរាងទាក់ទាញខ្លាំង។

ឥឡូវនេះរបាយការណ៍ពី Automotive News Europe បានឲ្យដឹងថា គំរូរថយន្ត Kia Imagine នឹងក្លាយជារថយន្តផលិតច្រើនសម្បើម ក្នុងរយៈពេលមួយ ឬពីរឆ្នាំទៀត។

ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន Kia European លោក Emilio Herrera បានឲ្យដឹងថា Kia Imagine នឹងប្រើគ្រោងឆ្អឹងរថយន្តអគ្គិសនី ហើយអាចបំពាក់ម៉ាស៊ីនអគ្គិសនី, Plug-in Hybrid និង Hybrid ផងដែរ។ មិនតែប៉ុណ្ណោះ Kia មានបំណងចង់បញ្ចេញរថយន្តប្រើអ៊ីដ្រូហ្សែន នៅឆ្នាំ២០២០ ឬដើមឆ្នាំ ២០២១ ទៀតផង។

យ៉ាងណាមិញ Kia Imagine នឹងក្លាយជារថយន្តដែលមានរូបរាងទាក់ទាញខ្លាំងបំផុតមួយ លើទីផ្សាររថយន្តបច្ចុប្បន្ន នៅពេលវាចូលជាសង្វាក់ផលិតកម្ម និងចេញលក់ជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+