ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! ឡានថ្មីរបស់ Toyota នឹងមានឈ្មោះថា 4Active

ក្រុមហ៊ុន Toyota បានចុះឈ្មោះម៉ាករថយន្ត 4Active ជាមួយនឹងការិយាល័យបាតង់ United States Patent and Trademark Office ជាផ្លូវការ។

រថយន្ត Toyota 4Active នេះ ធ្លាប់បានបង្ហាញខ្លួនជាគំរូរថយន្តកាលពីឆ្នាំ២០១៧ ដែលពេលនោះ Toyota ហៅឈ្មោះវាថា FT-4X Concept។

រថយន្តថ្មីសន្លាងមានរូបរាងជ្រុងៗ តែមានសមត្ថភាពខ្លាំងខាង Off-road នេះ នឹងប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង ព្រមទាំងប្រព័ន្ធប៉ុងពីរ។ ខុសពីរថយន្ត 4Runner និង FJ Cruiser រថយន្ត 4Active នេះនឹងប្រើគ្រោងឆ្អឹង Toyota New Global Architecture-C។ វានឹងស្ថិតនៅចន្លោះម៉ូដែល C-HR និង RAV4 ក្នុងត្រកូល Toyota។

ទោះជាយ៉ាងណា Toyota មិនទាន់បានបង្ហាញពីតម្លៃ និងកាលបរិច្ឆេទចេញលក់រថយន្ត 4Active នេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Tesla Model 3 ផលិតនៅចិនដំបូង នឹងត្រូវដឹកឲ្យបុគ្គលិក Tesla ប្រើ

Tesla នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ដឹក​ជញ្ជូន​ជា​លើក​ដំបូង​នូវ​រថយន្ត Model 3 ដែល​ផលិត​នៅ​រោងចក្រ​​ថ្មី​នា​ទីក្រុង​សៀងហៃ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​នេះ។

អ្នក​​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​​អំពី​ដំណឹង​នេះ ហើយ​បាន​បន្ថែម​ថា​អតិថិជន​ ១៥ នាក់​ដំបូង​ដែល​ទទួល​បាន​រថយន្ត​នេះ​នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ នឹង​ជា​បុគ្គលិក​របស់​ Tesla។

Tesla បាន​ចាប់​ផ្ដើម​សាង​សង់​រោងចក្រ​នៅ​សៀងហៃ​កាល​ពី​ខែ​មករា ​​ជា​រោងចក្រ​ទី​មួយ​របស់​ក្រុមហ៊ុន​ដែល​ទីតាំង​នៅ​ក្រៅ​សហរដ្ឋអាមេរិក ហើយ​ក៏​ជា​រោងចក្រ​នៅ​ចិន​ដំបូង​ដែល​គ្រប់គ្រង​ដោយ​បរទេស​ទាំង​ស្រុង​ផង​ដែរ។

ការ​ដឹក​ជញ្ជូន​ដំបូង​នៅ​ថ្ងៃ​ទី ៣០ ធ្នូ​នេះ មាន​ន័យ​ថា Tesla ចំណាយ​ពេល​ត្រឹម​តែ ៣៥៧ ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការ​បញ្ចប់​ការ​សាង​សង់ និង​ចាប់​ផ្ដើម​ការ​ផលិត។ រោងចក្រ​ថ្មី​នេះ​បាន​ដាក់​គោលដៅ​ថា​ផលិត​រថយន្ត​ឲ្យ​បាន ២៥០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi សម្រេចឈប់ផលិតរថយន្តម៉ាស៊ីនម៉ាស៊ូត

Mitsubishi Motors បាន​សម្រេច​ចិត្ត​ឈប់​អភិវឌ្ឍន៍​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​ថ្មី​ត​ទៀត។ ចាប់​ពី​​ចុង​ឆ្នាំ ២០២១ ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​លើ​រថយន្ត​សំខាន់ៗ​នឹង​ត្រូវ​ដក​ចេញ​ជា​បន្ត​បន្ទាប់។

មុន​ Mitsubishi មាន​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​រួច​មក​ហើយ​ដែល​សម្រេច​ឈប់​បង្កើត​ម៉ាស៊ីន​ម៉ាស៊ូត​ថ្មី ក្នុង​នោះ​មាន​ Nissan, Honda និង Toyota ផង​ដែរ។ Nissan គ្រោង​នឹង​បញ្ចប់​ជីវិត​ម៉ាស៊ីន​ម៉ាស៊ូត​ត្រឹម​ចុង​ឆ្នាំ ២០២០ ចំណែក Toyota បញ្ឈប់​ជា​ដំណាក់​កាលៗ ហើយ Honda គ្រោង​បញ្ឈប់​នៅ​ត្រឹម​ចុង​ឆ្នាំ ២០២១។

Mitsubishi បាន​ប៉ាន់​ស្មាន​ថា​ចំនួន​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​ដែល​ខ្លួន​ផលិត​នឹង​ធ្លាក់​​ក្រោម​ចំនួន ២០% ក្នុង​រយៈពេល ២ ទៅ ៣ ឆ្នាំ​ខាង​មុខ ដោយ​នៅ​ឆ្នាំ ២០១៨ ចំនួន​រថយន្ត​ម៉ាស៊ូត​ដែល​ក្រុមហ៊ុន​ផលិត​មាន ២៤% នៃ​ចំនួន​សរុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW បង្ហាញគំនិតបង្កើតរ៉ូបូតសម្រាប់សាកអាគុយរថយន្ត

Volkswagen បាន​ណែនាំ​អំពី Concept ថ្មី ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដោះ​ស្រាយ​បញ្ហា​ការ​សាក​ថ្ម​នៃ​រថយន្ត​អគ្គិសនី ដោយ​ប្រើ​ប្រាស់​រ៉ូបូត​សាក​​ភ្លើង​ដោយ​ផ្លាស់​ទី​បាន។

រ៉ូបូត​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយ​ស្វ័យប្រវត្តិ ​ទៅ​​កាន់​រថយន្ត​អគ្គិសនី​ដែល​បាន​ចត រួច​វា​ធ្វើ​ការ​បើក​សន្ទះ​សាក​ និង​​ដោត​សាក។ ដំណើរ​ការ​នៃ​សាក​រថយន្ត​អគ្គិសនី​របៀប​នេះ គឺ​មិន​បាច់​មាន​មនុស្ស​ចូល​រួម​នោះ​ទេ។

រ៉ូបូត​គឺ​អាច​នាំ​យក​ធុង​​មាន​ផ្ទុក​ថាមពល​ទៅ​កាន់​រថយន្ត ដែល​ធុង​នោះ​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​សាក​ភ្លើង​រថយន្ត ហើយ​រ៉ូបូត​នឹង​ទុក​ធុង​នោះ​នៅ​ជា​មួយ​រថយន្ត​អំឡុង​ការ​សាក​ភ្លើង ដោយ​វា​នឹង​បន្ត​កិច្ចការ​ជា​មួយ​រថយន្ត​អគ្គិសនី​ដទៃ​ទៀត។ ពេក​សាក​រួច​រាល់​ រ៉ូបូត​នឹង​ប្រមូល​យក​ធុង​ផ្ទុក​ថាម​ពល​ និង​នាំ​យក​ទៅ​កាន់​ស្ថានីយ​សាក​ភ្លើង​វិញ។

ចង់​ដឹង​ច្បាស់​អំពី​ដំណើរ​ការ​ អាច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញមុខងារដ៏ពិសេសរបស់ឡានភីកអាប់អគ្គិសនី Rivian ហើយ Tesla អាចច្រណែន

Tesla Cybertruck បាន​ក្លាយ​ជា​រថយន្ត​ជិត​ចេញ​លក់​លើ​ទីផ្សារ​មួយ ដែល​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​វែកញែក​ជា​ញឹក​ញាប់ ដោយ​សារ​ជា​រថយន្ត​ភីកអាប់​អគ្គិសនី​ដំបូង​របស់ Tesla។ យ៉ាងណាក្ដី​នៅ​ផ្នែក​រថយន្ត​ភីកអាប់​អគ្គិសនី​នេះ មិន​មែន​មាន​តែ Tesla ម្នាក់​ឯង​នោះ​ទេ។

Rivian R1T ជា​រថយន្ត​ភីកអាប់​អគ្គិសនី​លេច​ធ្លោ​មួយ​ទៀត​ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ឆ្នាំ​ក្រោយ​នេះ​ដែរ។ Rivan ​មិន​មែន​ជា​ក្រុមហ៊ុន​ Startup ធម្មតា​នោះ​ឡើយ ដោយ​សារ​វា​មាន​អ្នក​ផ្គត់ផ្គង់​គ្រាក់ៗ​ជា​ច្រើន ក្នុង​ចំណោម​នោះ​មាន Amazon និង Ford។

ហើយ​ពេល​នេះ​មាន​ហេតុផល​មួយ​ទៀត​ដែល​គ្រប់​គ្នា​រំភើប​ចិត្ត​​ក្នុង​ការ​ទន្ទឹង​រង់​ចាំ​រថយន្ត​ភីកអាប់ R1T ដោយ​វា​មាន​មុខងារ​មួយ​ឈ្មោះ​ថា Tank Turn។ វីដេអូ​ថ្មី​ចេញ​ផ្សាយ​ដោយ Rivian បាន​បង្ហាញ​ថា​រថយន្ត R1T អាច​ធ្វើ​ការ​បង្វិល​ខ្លួន​ដូច​រថក្រោះ​អ៊ីចឹង។ ម៉ូទ័រ​អគ្គិសនី​ដែល​បំពាក់​សម្រាប់​កង់​រថយន្ត​នីមួយៗ ជា​មូលហេតុ​នាំ​ឲ្យ​មុខងារ Tank Turn នេះ​អាច​កើត​មាន​ឡើង។

គួរ​ដឹង​ថា​ Rivian បាន​ប្រកាស​ពី​មុន​មក​ថា​រថយន្ត R1T គឺ​មាន​តម្លៃ​ចាប់​ពី ៦៩ ០០០ ដុល្លារ ចំណែក​​រថយន្ត R1S ដែល​ជា​ប្រភេទ SUV គឺ​មាន​តម្លៃ​ចាប់​ពី ៧២ ៥០០ ដុល្លារ។ តម្លៃ​នេះ​រាង​ថ្លៃ​បន្តិច​បើ​ធៀប​នឹង Cybertruck ដែល​មាន​ចាប់​ពី ៣៩ ០០០ ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BMW i6 ថ្មី សាកភ្លើងម្តងជិះបាន ៧០០គ.ម៉ នឹងបង្ហាញខ្លួន!

BMW មានគម្រោងបញ្ចេញលក់រថយន្តអគ្គិសនីជាច្រើនម៉ូដែលនាពេលអនាគត ក្នុងនោះរួមទាំង រថយន្ត iX3 ក្នុងឆ្នាំ២០២០ ក៏ដូចជា iNEXT និង i4 នៅឆ្នាំ២០២១ ផងដែរ។

មិនតែប៉ុណ្ណោះ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត BMW i6 នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៤ ដើម្បីប្រជែងនឹងរថយន្ត Audi e-tron GT, Mercedes-Benz EQS និង Porsche Taycan។

រថយន្ត BMW i6 នឹងមានការឌីហ្សាញកាត់តាមរថយន្ត BMW 8 Series Gran Coupe ហើយនឹងប្រើប្រាស់ទ្វារ៤ ទៀតផង។ វានឹងមានជម្រើសកម្លាំង ២០១សេះ, ៣៣៥សេះ និង ៥៣៦សេះ។

បើតាមពាក្យចចាមអារ៉ាមកន្លងមក i6 នឹងបំពាក់អាគុយកម្លាំង ៩០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៥៦០គីឡូម៉ែត្រ និង អាគុយកម្លាំង ១២០គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៧០០គីឡូម៉ែត្រឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេក្រុមហ៊ុនឡានជប៉ុនដ៏ធំមួយថា ឡាន Hybrid ល្អជាងឡានអគ្គិសនី

CEO ក្រុមហ៊ុនរថយន្តជប៉ុន Honda លោក Takahiro Hachigo បានធ្វើកិច្ចសម្ភាសន៍មួយជាមួយ Autonews ដោយឲ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងពឹងផ្អែកលើរថយន្ត Hybrid ច្រើន។

លោក Hachigo និយាយថា “ខ្ញុំជឿជាក់ថារថយន្ត Hybrid នឹងដើរតួយ៉ាងសំខាន់បំផុតមួយ”។ ជាមួយគ្នានេះ នៅពេលចោទសួរអំពីរថយន្តអគ្គិសនី CEO រូបនេះបានបន្ថែមថា “តើអតិថិជនពិតជាត្រូវការរថយន្តអគ្គិសនីមែនឬ? ខ្ញុំមិនទាន់សូវច្បាស់ទេ ព្រោះរថយន្តអគ្គិសនីមានបញ្ហាច្រើនណាស់។ ខ្ញុំមិនជឿថានឹងមានតម្រូវការច្រើនឡើយលើរថយន្តអគ្គិសនី”។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ Honda មានរថយន្ត Hybrid ចំនួន២ម៉ូដែល ដែលដើរតួសំខាន់បំផុត គឺ Accord Hybrid និង CR-V Hybrid។ ទោះជាយ៉ាងណា ក្រុមហ៊ុន Honda ក៏មានរថយន្តអគ្គិសនីដែរ គឺ Honda e ដែលបានបង្ហាញខ្លួនជាគំរូរថយន្តកាលពីឆ្នាំ២០១៧ ហើយនឹងផលិតលក់នាពេលអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin សង្ឃឹមថាលក់ឡាន DBX បាន ៤ ពាន់គ្រឿងក្នុងមួយឆ្នាំ

រថយន្ត​ DBX គឺ​ជា​រថយន្ត​ SUV ដំបូង​របស់​ក្រុមហ៊ុន Aston Martin ហើយ​ក្រុមហ៊ុន​សង្ឃឹម​ថា​អាច​លក់​រថយន្ត​នេះ​បាន​យ៉ាងហោចណាស់ ៤ ពាន់​គ្រឿង​នៅ​ទូទាំង​ពិភពលោក​ ក្នុង​រយៈពេល ១២ ខែ​ដំបូង​នៃ​ការ​ចេញ​លក់។

ការ​ដឹក​ជញ្ជូន​រថយន្ត​ DBX ទៅ​កាន់​អតិថិជន​កំណត់​ថា​នឹង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ខាង​មុខ។ លោក​ Andy Palmer ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​បង្ហាញ​ជំនឿជាក់​ថា​ប្រសិន​បើ​ដល់​ចំណុច​កំពូល​ខ្លាំង ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​ដល់ ៥ ពាន់​គ្រឿង​ក្នុង​មួយ​ឆ្នាំ។

ទីផ្សារ​ធំ​ជាង​គេ​សម្រាប់ DBX គឺ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដោយ​ជា​មួយ​រថយន្ត​នេះ​លោក Palmer និយាយ​ថា​​វា​ត្រូវ​បាន​ឌីហ្សាញ​ដោយ​មាន​អតិថិជន​ចិន និង​អាមេរិក​នៅ​ក្នុង​ចិត្ត។ បច្ចុប្បន្ន​នេះ​DBX មាន​ជម្រើស​ម៉ាស៊ីន ៤,០ លីត្រ Twin-Turbo ៨ ស៊ីឡាំង ដែល​មាន​កម្លាំង ៥៥០ សេះ អាច​ស្ទុះ​ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ៤,៥ វិនាទី និង​ជិះ​បាន​លឿន​បំផុត ២៩១ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានភីកអាប់អគ្គិសនី ប្រមូលបានដើមទុន ១,៣ ពាន់លានដុល្លារ

Rivian ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​ក្រុមហ៊ុន Amazon និង Ford ទទួល​បាន​ការ​បណ្ដាក់​ទុន​ច្រើន​សន្ធឹក។ ក្រុមហ៊ុន​នេះ​​ប្រមូល​បាន ១,៣ ពាន់​លាន​ដុល្លារ​ ពី​​ក្រុមហ៊ុន​បណ្ដាក់​ទុន​ដែល​ដឹក​នាំ​ដោយ​លោក T. Rowe Price ដែល​លោក​ជា​ម្ចាស់​ភាគហ៊ុន​មួយ​រូប​របស់ Tesla

ការ​បណ្ដាក់​ទុន​ចុង​ក្រោយ​នេះ ជា​ការ​បណ្ដាក់​ទុន​លើក​ទី​បួន​នៅ​ឆ្នាំ ២០១៩ នេះ ដែល​ធ្វើ​ឲ្យ​ទុន​សរុប​ប្រមូល​បាន​ឆ្នាំ​នេះ​មាន​ជិត ៣ ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​ការ​អភិវឌ្ឍ​រថយន្ត​​របស់​ខ្លួន ក្រុមហ៊ុន Rivian ក៏​នឹង​ជួយ Ford ក្នុង​ការ​​អភិវឌ្ឍ​រថយន្ត​​អគ្គិសនី​ថ្មី និង​ផលិត​រថយន្ត​ដឹក​ទំនិញ​អគ្គិសនី​ចំនួន ១០០ ០០០ គ្រឿង​សម្រាប់ Amazon ផង​ដែរ។

Rivian ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​រថយន្ត​ភីកអាប់​អគ្គិសនី R1T ដែល​ជា​គូ​ប្រជែង​ធំ​មួយ​​របស់​ Tesla Cybertruck។ ក្រុមហ៊ុន​អះអាង​ថា​រថយន្ត​ខ្លួន​អាច​ជិះ​បាន​ចម្ងាយ​ដល់​ប្រមាណ ៦៤៣ គីឡូម៉ែត្រ​សម្រាប់​ការ​សាក​​បំពេញ​ម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota អាចនឹងផលិត Highlander ប្រភេទសាកភ្លើង តែមិនមែនឆាប់ៗនេះទេ

Toyota ទើបតែបានបញ្ចេញរថយន្ត Highlander ស៊េរីឆ្នាំ២០២០ ជាផ្លូវការ កាលពីដើមខែធ្នូកន្លងទៅនេះ ដែលមានទាំងប្រភេទប្រើម៉ាស៊ីនសាំង និង Hybrid។

ទោះជាយ៉ាងណា លោក Yoshinori Futonagane អនុប្រធានផ្នែកវិស្វករនៅ Toyota បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាចនឹងផលិតរថយន្ត Highlander ប្រភេទសាកភ្លើងនាពេលអនាគត។

យ៉ាងណាមិញ លោក Futonagane បាននិយាយថា Toyota នឹងមិនផលិត Highlander PHEV (Plug-in Hybrid) ក្នុងពេលឆាប់ៗនេះឡើយ ប៉ុន្តែនឹងនៅតែសំឡឹងមើលលើទីផ្សារនេះ ប្រសិនបើអតិថិជនត្រូវការ។

គួរឲ្យដឹងថា រថយន្ត Highlander ឆ្នាំ២០២០ ទាំងប្រភេទប្រើសាំង និង Hybrid នឹងមានលក់ជាផ្លូវការ នាខែកុម្ភៈ ឆ្នាំ២០២០ ជាមួយតម្លៃចាប់ពី ៣៤ ៦០០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+