ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីរបស់ Ford នឹងមានផ្ដល់ជូនការសាកភ្លើងអត់គិតលុយ ២ឆ្នាំ

ទាល់​តែ​ចុង​ឆ្នាំ​ ២០២០ ទើប​រថយន្ត SUV អគ្គិសនី​របស់​ Ford ​ចេញ​មុខ​ជា​ផ្លូវ​ការ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ប្រាប់​ដំណឹង​ថ្មីៗ​មួយ​ចំនួន​ទាក់ទង​នឹង​រថយន្ត​ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់​ចាំ​នេះ។

ដំបូង​គេ​គឺ​រថយន្ត​នេះ​នឹង​មក​ជា​មួយ​នូវ​ឆ្នាំង​សាក Ford Mobile ដែល​អាច​ដោត​ទៅ​ឌុយ​​ភ្លើង​ ១២០ ឬ ២៤០ វ៉ុល។ ជា​មួយ​​ឌុយ​ភ្លើង ១២០ វ៉ុល​​វា​នឹង​អាច​ផ្ដល់​នូវ​រយៈចម្ងាយ ៤,៨ គីឡូម៉ែត្រ ពេល​សាក​បាន​មួយ​ម៉ោង។

ចំណែក​ឌុយ​ភ្លើង ២៤០ វ៉ុល​វិញ នឹង​អាច​ផ្ដល់​នូវ​រយៈ​ចម្ងាយ​បើកបរ​បាន​ ៣៥ គីឡូម៉ែត្រ​សម្រាប់​ការ​សាក​មួយ​ម៉ោង។ ចង់​បាន​លឿន​ជាង​នេះ អតិថិជន​អាច​ទិញ Ford Connected Charge Station ដែល​អាច​ផ្ដល់​ចម្ងាយ​បាន ៥១ គីឡូម៉ែត្រ។

ត្បិត​ថា​ការ​សាក​ភ្លើង​ភាគ​ច្រើន​គឺ​ធ្វើ​នៅ​ផ្ទះ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ក៏​នឹង​ត្រូវ​ការ​សាក​ភ្លើង​តាម​ផ្លូវ​ផង​ដែរ។ សម្រាប់​ចំណុច​នេះ Ford នឹង​ផ្ដល់​ជូន​អតិថិជន​នូវ​ការ​សាក​ភ្លើង​ឥត​គិត​ថ្លៃ ២​ឆ្នាំ នៅ​ស្ថានីយ​ជាង ១២ ០០០ កន្លែង​ឯណោះ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A8 ប្រើម៉ាស៊ីន Plug-in Hybrid ជិះ១០០គ.ម៉ ស៊ីសាំងត្រឹម២,៥លីត្រ

Audi បានបង្ហាញរថយន្តប្រើម៉ាស៊ីន Plug-in Hybrid ជាលើកដំបូងបង្អស់ គឺហៅថា Audi A8 L 60 TFSI e quattro។

រថយន្តប្រភេទ Sedan ខ្នាតធំនេះ ប្រើម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីកម្លាំងមួយ ព្រមទាំងអាគុយមួយទៀត មានកម្លាំងសរុប ៤៤៩សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ quattro AWD។

រថយន្ត Audi A8 L 60 TFSI e quattro អាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ៤៦គីឡូម៉ែត្រ ហើយអាចជាន់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៩ វិនាទី និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនត្រឹមតែមានកម្លាំងខ្លាំងឡើយ ប៉ុន្តែវាក៏មានកម្រិតស៊ីសាំងបំផុតដែរ គឺត្រឹមតែ ២,៥លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ។ រថយន្តនេះនឹងមានតម្លៃចាប់ពីខ្ទង់ ១២ម៉ឺនដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo បង្ហាញឡានអគ្គិសនីដំបូងបង្អស់ ម៉ូដែល XC40 Recharge

ក្រុមហ៊ុនរថយន្តស៊ុយអែត Volvo បានបង្ហាញរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន ម៉ូដែល XC40 Recharge ជាផ្លូវការ។

Volvo បានទាយទុកថា ចាប់ពីឆ្នាំ២០២៥ ទៅ ចំនួនលក់រថយន្ត ៥០% នឹងជារថយន្តអគ្គិសនី ខណៈ ៥០% ទៀតជារថយន្ត Hybrid។

លោក Håkan Samuelsson នាយកប្រតិបត្តិក្រុមហ៊ុន Volvo បាននិយាយថា “យើងបាននិយាយជាច្រើនដងរួចមកហើយថា សម្រាប់ក្រុមហ៊ុន Volvo Cars អនាគតគឺរថយន្តអគ្គិសនី”។

រថយន្ត XC40 Recharge នឹងក្លាយជាគូប្រជែងរបស់រថយន្ត Tesla Model Y ដោយមានកម្លាំងដល់ ៤០២សេះ ប្រើប្រព័ន្ធប៉ុងពីរ និងចម្ងាយបើកបរប្រហែល ៤០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ វាមានមុខងារសាកភ្លើងល្បឿនលឿន អាចសាកឡើងដល់ ៨០% ក្នុងពេលត្រឹម ៤០នាទីប៉ុណ្ណោះ។

លើសពីនេះ XC40 Recharge គឺជារថយន្ត Volvo ដំបូងបង្អស់ដែលបំពាក់ប្រព័ន្ធ Infotainment System ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ថ្មី ដែលចាប់ដៃបង្កើតជាមួយក្រុមហ៊ុន Google៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងប៉ុន្មានចំនុចនេះហើយ ច្បាស់ជាដកចិត្តមិនរួចជាមួយរថយន្តមួយនេះ ដោយសារ…

រាល់ការសម្រេចចិត្តក្នុងការទិញអ្វីមួយអ្នកត្រូវតែប្រាកដថា អ្នកបានស្វែងយល់ និងសិក្សាពីផលិតផលរួចរាល់មុននឹងសម្រេចចិត្ត។ ជាពិសេសការសម្រេចចិត្តទិញរថយន្ត ជាក់ស្តែងថ្ងៃនេះ អ្វីដែលចង់បង្ហាញនូវថ្ងៃនេះគឺរថយន្តលក្ខណះគ្រួសារ ៧កៅអីដ៏ទំនើប របស់ចក្រភពអង់គ្លេស គឺរថយន្ត MG RX8 ប្រភេទ XL នេះតែម្តង។

ការរចនាដ៏គួរអោយទាក់ទាញបំផុត ទាំងផ្នែកខាងក្រៅ និងក្នុង ដែលមានបំពាក់ជាមួយលក្ខណះទំនើបសំខាន់ៗដូចជា៖
ថាសកង់បែបស្ព័រទំហំរហូតដល់ ២០ អ៊ីញ ប្រើប្រាស់សោរឆ្លាតវ៉ៃ ដោយគ្រាន់តែប្រើចង្អុលដៃរបស់អ្នកក៏អាចបញ្ឆេះ និងពន្លត់ម៉ាស៊ីនរថយន្តបានយ៉ាងងាយស្រួលបំផុត។

ផ្នែកខាងក្នុងធំទូលាយ ៧កៅអី ប្រភេទស្បែកប្រណិត អមជាមួយពណ៍ដ៏ពេញនិយម ផ្តល់នូវផាសុកភាព ជាមួយម៉ាស៊ីនត្រជាក់ស្វ័យប្រវតិ្តមុខក្រោយ ដោយកៅអីអ្នកបើកបរ និងអ្នករួមដំណើរផ្នែកខាងមុខធ្វើការលៃតម្រូវដោយថាមពលអេឡិចត្រូនិក ងាយស្រួយសារ៉េ និងកំណត់ចំណុចទីតាំងអង្គុយ ហើយកាន់តែទំនើបនោះគឺ យើងអាចកំណត់សីតុណ្ហភាព កៅអីអង្គុយផ្នែកខាងមុខរបស់លោកអ្នកផងដែរ។ ផ្តល់នូវភាពប្រណិតបន្ថែមទៀតជាមួយ ប្រព័ន្ធកំសាន្ត អេក្រង់ទំហំ ១០អ៊ីញ ភ្ជាប់មុខងារ Apple Carplay។

កាន់តែងាយស្រួល រាល់ដំណើរកំសាន្តទីជិតឆ្ងាយណដោយមិនចាំបាច់ខ្លាចបារម្ភ រឿងអស់ថ្មទូរស័ព្ទ និងខ្សែរញ៉េរញ៉ាយ ដោយសាររថយន្តនេះមានបំពាក់ជាមួយនឹងឆ្នាំងសាកឥតខ្សែ បានទាំង iOS និង Android។
និយាយពីកំលាំងម៉ាស៊ីនវិញគឺត្រូវបានបំពាក់ជាមួយម៉ាស៊ីនបច្ចេកវិទ្យាថ្មីទ៊ែកប៊ូ ២,០ លីត្រ ប្រភេទ Net Blue Technology ប៊ុង ២ (៤x៤) អាចកំណត់ប្រភេទបើកបរបានយ៉ាងងាយស្រួល ច្រើនមុខងារគ្រប់ស្ថានភាពផ្លូវ មានកំពស់ពីដី ២០២មីលីម៉ែត្រ សាកសមជាមួយប្រទេសរបស់យើង។

បើទំនើប និងផ្តល់នូវផាសុកភាពម្លឹង នៅចាំអីទៀត! តិចមិនដឹងថាមានលក់ជាផ្លូវការហើយ នៅក្រុមហ៊ុន MG Cambodia ជិតស្ពានអាកាស ៧មករា ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ឬទាក់ទងទូរស័ព្ទ ០២៣ ៨៨២ ៥៥២។

សូមទស្សនារូបភាពខាងក្រោមបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តរបស់លោកអ្នក៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញរូបរាងឡានអគ្គិសនីខ្នាតតូចសម្រាប់លក់ឆ្នាំក្រោយ

Toyota បាន​បង្ហាញ​ចេញ​នូវ​រូបរាង​រថយន្ត Ultra-compact BEV ដែល​នឹង​ជា​រថយន្ត​អគ្គិសនី​សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​នា​ចុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

រថយន្ត​នេះ​ផលិត​ឡើង​សម្រាប់​ការ​ធ្វើ​ដំណើរ​ជិតៗ និង​ជួយ​កាត់​បន្ថយ​ការ​បំផុត​បរិស្ថាន ហើយ​អតិថិជន​គោលដៅ​គឺ​​មនុស្ស​វ័យ​ចំណាស់​នៅ​ជប៉ុន​ផ្ទាល់​តែ​ម្ដង។ ក្រៅ​ពី​នេះ​ក៏​ផ្ដោត​លើ​អ្នក​ទើប​ទទួល​បាន​ប័ណ្ណ​បើកបរ​ថ្មី ឬ​អ្នក​កាន់​មុខ​ជំនួញ​ផង​ដែរ។

រថយន្ត​ Ultra-compact BEV មាន​រយៈ​ចម្ងាយ​បើកបរ​​ប្រមាណ ១០០ គីឡូម៉ែត្រ និង​មាន​ល្បឿន​អតិបរមា​ ៦០ គ.ម/ម៉។ Toyota និយាយ​ថា​រថយន្ត​រូបរាង​តូច​នេះ​គឺ​ល្អ​បំផុត​សម្រាប់​ទីក្រុង​ដែល​មាន​ផ្លូវ​តូច​ចង្អៀត។ ចំពោះ​តម្លៃ​លក់​គឺ​នៅ​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ចុះបញ្ជីឈ្មោះ LX600 ប្រហែលជាដាក់ម៉ាស៊ីនថ្មីលើ SUV នេះ

Lexus បាន​ចុះ​បញ្ជី​​សុំ​កម្មសិទ្ធិ​នៃ​ឈ្មោះ “LX600” នៅ​ការិយាល័យ​ប៉ាតង់​និង​កម្មសិទ្ធិ​បញ្ញា​នៅ​អាមេរិក​ ដែល​ឲ្យ​តម្រុយ​ថា​រថយន្ត SUV ធំ​របស់​ខ្លួន អាច​នឹង​ទទួល​បាន​ម៉ាស៊ីន​​ថ្មី។

នៅ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​នេះ​ Lexus LX គឺ​មាន​លក់​ជា​មួយ​ម៉ាស៊ីន ៥,៧ លីត្រ ៨ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៣៨៣ សេះ ដោយ​មាន​ឈ្មោះ​ថា LX 570។ នៅ​ទីផ្សារ​ដទៃ​រថយន្ត​នេះ​ក៏​មាន​ប្រភេទ​ម៉ាស៊ូត​ប្រើ​ម៉ាស៊ីន ៤,៥ លីត្រ ប្រភេទ Turbo អាច​ផលិត​កម្លាំង​បាន​ ២៦៨ សេះ ដែល​មាន​ឈ្មោះ​ថា​ LX 450d។

ប្រសិន​បើ​ Lexus បន្ត​នូវ​ការ​ប្រើ​ប្រាស់​ឈ្មោះ​បែប​នេះ​ទៀត នោះ​វា​អាច​សម​ទំនង​ថា​ Lexus LX 600 គឺ​ដំណើរ​ការ​​ដោយ​ម៉ាស៊ីន​ ៦,០ លីត្រ ៨ ស៊ីឡាំង។ យ៉ាងណាក្ដី Auto Guide បញ្ជាក់​ថា​ឈ្មោះ​គឺ​មិន​អាច​បញ្ជាក់​អំពី​ទំហំ​ម៉ាស៊ីន​នោះ​ទេ។ វា​ក៏​​ចម្លែក​ដែរ​​ចំពោះ​ម៉ាស៊ីន ៦,០ លីត្រ នេះ​សម្រាប់​ម៉ូដែល LX ដោយ​សារ​បច្ចុប្បន្ន Lexus មិន​មាន​ផលិត​ម៉ាស៊ីន​បែប​នេះ​ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Porsche Taycan 4S ប្រភេទ Base Model តម្លៃធូរជាង ៤ម៉ឺនដុល្លារ

Porsche បានបន្ថែមកូនពៅនៃត្រកូលរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ Taycan 4S ដែលជាប្រភេទ Base Model ស្ថិតក្រោម Taycan Turbo និង Taycan Turbo S។

រថយន្ត Porsche Taycan 4S មានកម្លាំងដល់ ៥២២សេះ ហើយមានតម្លៃចាប់ពី ១០៣ ៨០០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក ខណៈ Taycan Turbo កម្លាំង ៦១៧សេះ និង Taycan Turbo S កម្លាំង ៧៥០សេះ មានតម្លៃចាប់ពី ១៥០ ០០០ដុល្លារឯណោះ។

Taycan 4S បំពាក់កញ្ចក់អាគុយកម្លាំង ៧៩,២គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបានចម្ងាយ ៤០៥គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង។ ប៉ុន្តែប្រសិនបើអ្នកបន្ថែម Option “Performance Battery Plus” នោះអ្នកនឹងទទួលបានកញ្ចប់អាគុយកម្លាំង ៩៣,៤គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបានចម្ងាយដល់ ៤៦០គីឡូម៉ែត្រ។

រថយន្តនេះអាចសាកភ្លើងកម្លាំង ២២៥គីឡូវ៉ាត់សម្រាប់កញ្ចប់អាគុយធម្មតា និង ២៧០គីឡូវ៉ាត់សម្រាប់កញ្ចប់អាគុយ Performance Battery Plus។ Taycan 4S អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,០វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នឹងជះលុយ ៣៥ពាន់លានដុល្លារ លើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិថ្មី

ក្រុមហ៊ុន Hyundai នឹងវិនិយោគទឹកប្រាក់ចំនួន ៣៥ពាន់លានដុល្លារលើយានយន្ត និងបច្ចេកវិទ្យាយានយន្តផ្សេងៗទៀតនៅត្រឹមឆ្នាំ២០២៥។

នៅក្នុងសេចក្តីប្រកាសមួយ ក្រុមហ៊ុននេះបានបង្ហាញថា ការវិនិយោគដ៏ធំរបស់ខ្លួននឹងរួមបញ្ចូលទាំងយានយន្តស្វ័យប្រវត្តិ និង រថយន្តអគ្គិសនី ក៏ដូចជាបច្ចេកវិទ្យាដែលពាក់ព័ន្ធសម្រាប់សេវាកម្មចែករំលែកការជិះ (Ride-sharing Services) ផងដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងរបស់ក្រុមហ៊ុន Hyundai ដោយលោកប្រធានាធិបតី Moon Jae-in បានប្រកាសយ៉ាងមុតមាំថា រថយន្តបើកបរដោយស្វ័យប្រវត្តិ អាចនឹងលក់បានចំនួនពាក់កណ្តាល នៃរថយន្តថ្មីទាំងអស់នៅក្នុងប្រទេស នៅឆ្នាំ២០៣០។

មន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូងម្នាក់ បានប្រាប់ថា រដ្ឋាភិបាលនឹងចំណាយលុយ ១,៤ពាន់លានដុល្លារ លើបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ រវាងឆ្នាំ២០២១ និង ២០២៧ ហើយរំពឹងថា ក្រុមហ៊ុន Hyundai នឹងដាក់ឲ្យប្រើប្រាស់ យានយន្តបើកបរស្វ័យប្រវត្តិ កម្រិត៤ (Level 4 Autonomous Vehicles) សម្រាប់អតិថិជននៅឆ្នាំ២០២៤ និងសម្រាប់សាធារណជនទូទៅនៅឆ្នាំ២០២៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងគ្រឿងបន្លាស់ថ្លៃៗលើរថយន្តកំពូលៗ

១. ខ្សែ​ក្រវាត់​លើ​រថយន្ត Ferrari 458 មាន​តម្លៃ ៨៨៤ ដុល្លារ

២. ពណ៌​រំលេច​ដ៏​ប្លែក​លើ​រន្ធ​ខ្យល់​រថយន្ត Porsche 991 មាន​តម្លៃ ១ ៧៦៨ ដុល្លារ

៣. កន្លែង​ដាក់​ស្រា​សាំប៉ាញ​លើ​រថយន្ត Mercedes-Maybach មាន​តម្លៃ ៣ ២៨៤ ដុល្លារ

៤. ទេវរូប​លើ​រថយន្ត Rolls-Royce មាន​តម្លៃ ៩ ៤៧៦ ដុល្លារ

៥. ដំបូល​ផ្កាយ​ក្នុង​រថយន្ត Rolls-Royce Phantom មាន​តម្លៃ ១២ ៦៣២ ដុល្លារ

៦. កៅអី​អង្គុយ​ខាង​ក្រោយ​លើ​រថយន្ត Lexus LS មាន​តម្លៃ ១៧ ០៥៣ ដុល្លារ

៧. ប្រអប់​ដាក់​ភេសជ្ជៈ​លើ​ Rolls-Royce មាន​តម្លៃ ២០ ២០៩ ដុល្លារ

៨. កាបូប​ LV លើ​រថយន្ត BMW i8 មាន​តម្លៃ ២០ ៨៤១ ដុល្លារ

៩. នាឡិកា​ Aston Martin មាន​តម្លៃ ៣១ ៥៧១ ដុល្លារ

១០. របាំង​បាំង​អ្នក​បើកបរ​និង​អ្នក​ដំណើរ​ខាង​ក្រោយ​លើ​រថយន្ត Rolls-Royce Phantom មាន​តម្លៃ ៣៥ ៩៨៨ ដុល្លារ

១១. ទឹក​ថ្នាំ​លោហៈ​លើ​រថយន្ត Porsche 918 Spyder មាន​តម្លៃ ៦៥ ៦៤៧ ដុល្លារ

១២. នាឡិកា​លើ​រថយន្ត​ Bentley Bentayga មាន​តម្លៃ ១៦៦ ៦៧៦ ដុល្លារ

១៣. សម្បក​ខ្លួន​ធ្វើ​ពី​កាបូន​លើ​រថយន្ត Bugatti Veyron មាន​តម្លៃ ៣១៥ ៦៧៥ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ Volkswagen ចេញមកបញ្ជាក់ដំណឹងថាចង់លក់ម៉ាករថយន្ត Lamborghini

ពាក្យ​ចចាមអារ៉ាម​បាន​រសាត់​អណ្ដែង​ឡើង​ ដែល​និយាយ​ថា​ Volkswagen Group មាន​គម្រោង​ថា​ចង់​លក់​ម៉ាក​រថយន្ត​ Lamborghini ចេញ ដូច​នឹង​​រឿង​​ដែល​ FCA លក់​ Ferrari អ៊ីចឹង​ដែរ នោះ​គឺ​ផ្ដាច់​ម៉ាក​រថយន្ត​នេះ​ចេញ VW Group និង​លក់​ហ៊ុន​ជា​សាធារណៈ។

ប៉ុន្តែ​បន្ទាប់​ពី​លេច​​ធ្លាយ​ដំណឹង​នេះ VW បាន​ចេញ​មុខ​បញ្ជាក់ ដើម្បី​ឲ្យ​ពាក្យ​ចចាមអារ៉ាម​ស្ងប់​ស្ងាត់​ទៅ​វិញ។ Volkswagen បាន​បញ្ជាក់​ថា ៖ “គ្មាន​ផែន​ការ​​ថា​លក់ Lamborghini ឬ​ភាគ​ហ៊ុន​ជា​សាធារណៈ​នោះ​ទេ។”

ដូច​នេះ Lamborghini នៅ​តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ដំបូល​របស់ VW ដដែល។ ប៉ុន្តែ​មាន​ម៉ាក​​ដទៃ​ទៀត​អាច​នឹង​រសាត់​ចេញ​ពី VW ដែល​ក្នុង​នោះ​អាច​ជា​ Ducati ឬ Bentley ក៏​ថា​បាន ដែល​ម៉ាក​ទាំង​ពីរ​កំពុង​មាន​ចំនួន​លក់​ដុន​ដាប​បើ​ធៀប​នឹង Lamborghini និង Bugatti ដែល​ស្ថិត​ក្រោម​ដំបូល​តែ​មួយ​ជា​មួយ​គ្នា៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+