ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG GLE53 ឆ្នាំ ២០២០ SUV ប្រើម៉ាស៊ីន V6 កម្លាំង ៤៥០ សេះ

Mercedes-AMG ទើប​តែ​បានបញ្ចេញម៉ូដែល GLE53 ស៊េរី​ឆ្នាំ ២០២០ ជា​ផ្លូវការ ដោយ​វា​ប្រើម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង ជាមួយ​ប្រព័ន្ធ Mild-Hybrid ស្រដៀង​នឹង​ម៉ូដែល E-Class, CLS និង GT 4-Door Coupe ដែរ។

ម៉ាស៊ីន​ចំហេះ​ខាង​ក្នុង​របស់ GLE53 អាច​បង្កើត​កម្លាំង​បាន ៤២៩ សេះ ជាមួយ​ថាមពល​អគ្គិសនី ៤៨ វ៉ុល EQ Boost ចំនួន ២១ សេះ​ទៀត សរុប ៤៥០ សេះ។

SUV កម្លាំង​ខ្លាំង​នេះ ​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​ប៉ុង ២ AWD និង​ប្រអប់លេខ​អូតូ ៩ វគ្គ ដែល​អាច​ឲ្យ​វា​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៥,២ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Mercedes-AMG បាន​ធ្វើ​កំណែ​ប្រអប់លេខ, ប្រព័ន្ធ​​ប៉ុង ២ AWD និង ប្រព័ន្ធ​ជើង​ក្រោម សម្រាប់​ម៉ូដែល GLE53 នេះ​ឲ្យ​កាន់តែ​ប្រសើរ​ផង​ដែរ។ អ្នក​បើកបរ​អាច​ជ្រើសរើស​ប្រភេទ​បើកបរ រហូត​ដល់​ទៅ ៧ ខុសៗ​គ្នា ដូចជា Slippery, Comfort, Sport, Sport+, Individual, Trail និង Sand។

ក្រៅ​ពី​មាន​កម្លាំង​ខ្លាំង GLE53 ទទួល​បាន​ការ​រចនា​កាន់​តែ​កាច ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់ទាញ ជាមួយ​នឹង​គ្រឿង​គ្រូវ AMG។ វាក៏​បាន​បំពាក់​ប្រព័ន្ធ Infotainment System “MBUX” ស៊េរី​ចុង​ក្រោយ​បង្អស់​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថតបានច្បាស់ៗរូបរាងរថយន្ត SUV ដំបូងរបស់ Aston Martin

Aston Martin នឹង​បង្ហាញ​ចេញ​រថយន្ត SUV ដំបូង​របស់​ខ្លួន នៅ​អំឡុង​ខែ​ធ្នូ​ខាង​មុខ​ ដោយ​ត្រៀម​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ ២០២០។ ដ្បិត​ថា​រូបរាង​​មិន​ទាន់​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ ប៉ុន្តែ​រូបរាង​របស់​វា​ត្រូវ​បាន​គេ​ថត​បាន​ នៅ​ពេល​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ។

​​រូបភាព​ដែល​គេ​ថត​បាន អាច​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ថា​រថយន្ត SUV ម៉ូដែល DBX មាន​រចនាបថ​រន្ធ​ខ្យល់​ខាង​មុខ​ដូច​ជា​រថយន្ត Aston Martin ​​ម៉ូដែល​ផ្សេង​ទៀត​ដែរ។ រថយន្ត​នេះ​ប្រើ​ប្រាស់​ដៃ​ទ្វារ​ដែល​​លឹប​ចូល​ក្នុង​ដោយ​ស្វ័យប្រវត្តិ។ ផ្នែក​ខាង​ក្រោយ​មាន​ការ​បំពាក់​បំពង់​ស៊ីមាំង​លាន​ចេញ​កណ្ដាល​វាល​តែ​ម្ដង។

រថយន្ត​នេះ​រំពឹង​ថា​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន AMG Twin Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង​​ពេល​ចេញ​លក់​លើក​ដំបូង បន្ទាប់​មក​ទើប​មាន​បន្ថែម​ជម្រើស​ម៉ាស៊ីន ៥,២ លីត្រ ១២ ស៊ីឡាំង Twin Turbo ដែល​​ផលិត​ដោយ Aston Martin ផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បានកាន់ចង្កូតហើយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សរសើរដល់រថយន្តវៀតណាមភ្លាម!

លោក Mohathir Mohamad នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ បាន​សាក​ល្បង​បើកបរ​រថយន្ត​ Lux SA2.0 របស់​ក្រុមហ៊ុន​ផលិតរថយន្តវៀតណាម Vinfast នៅ​ក្នុង​​កម្មវិធី​បច្ចេកវិទ្យា​ ​ធ្វើ​ឡើង​នា​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​សីហា។

លោកនាយករដ្ឋមន្ត្រីវ័យ ៩៤ ឆ្នាំរូបនេះបាន​បើកបរ​សាក​ល្បង​លើ​ចម្ងាយ​ផ្លូវ​ ៣ គីឡូម៉ែត្រ រយៈពេល​​ប្រមាណ ៥ នាទី។ អំឡុង​ការ​សាក​ល្បង​នេះ​ ​លោក​បាន​ជាន់​រថយន្ត SUV នេះ​ដល់​ល្បឿន ១០០ គ.ម/ម៉។ ក្រោយ​ពី​បាន​បើក​សាក​រួច លោក​នាយករដ្ឋ​មន្ត្រី​រូប​នេះ​បាន​ថ្លែង​ថា ៖ “រថយន្ត​នេះ​គឺ​ខ្លាំង ឌីហ្សាញ​រូបរាង​បាន​ល្អ ប៉ុន្តែ​សោក​ស្ដាយ​ដែល​ខ្ញុំ​អាច​បើក​ត្រឹម​ ១០០ គ.ម/ម៉”។

គួរដឹងថារថយន្ត Lux SA2.0 ជា​រថយន្ត​ប្រភេទ SUV ៧ កៅអី មានត​តម្លៃ​ប្រមាណ​ ៤៨ ៥៨៣ ដុល្លារ ដែល​មាន​បំពាក់​នូវ​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ២២៨ សេះ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ ៨ វគ្គ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់ ២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញលក់ហើយ! ឡាន Lexus ES ឆ្នាំ ២០១៩ អត់ប្រើកញ្ចក់មើលចំហៀង តម្លៃជាង ៥ ម៉ឺនដុល្លារ

នាពេលថ្មីៗកន្លងទៅនេះ Lexus បានបញ្ចេញរថយន្ត​ម៉ូដែល ES ស៊េរី​ថ្មី នៅ​លើ​ទីផ្សារ​អាមេរិក​ខាងជើង និង​អឺរ៉ុប​។ ឥឡូវនេះ Lexus បានដាក់លក់ ES នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន ដោយ​គ្មាន​កញ្ចក់​មើល​ចំហៀង​ឡើយ គឺ​ប្រើ​កាមេរ៉ា​ឌីជីថល​ជំនួស​វិញ។

Lexus ES ​ជា​រថយន្ត​ប្រើ​កាមេរ៉ា​ឌីជីថល ជំនួស​ឲ្យ​កញ្ចក់​មើល​ចំហៀង​ដំបូង​គេ​បង្អស់​លើ​ពិភពលោក។ វា​​អាច​ប្រើ​បាន​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ខណៈ​ប្រទេស​នេះ​បាន​ចេញ​បទប្បញ្ញត្តិ សម្រាប់​អនុញ្ញាត​ឲ្យ​យានយន្ត​គ្មាន​កញ្ចក់​ដំណើរការ​លើ​ដង​ផ្លូវ។ កាមេរ៉ា​ចំហៀង​នោះ ​នឹង​បញ្ជូន​រូបភាព​ទាំង​ស្រុង​នៅ​ផ្នែក​ចំហៀង​នៃ​រថយន្ត មក​លើ​អេក្រង់​តូច​មួយ​ទំហំ ៥ អ៊ីញ ដែល​ស្ថិត​នៅ​ក្បែរ​ទ្វា​រថយន្ត​តែម្តង។

Lexus ES ដែល​ប្រើ​កាមេរ៉ា​សម្រាប់​មើល​ផ្លូវ​ចំហៀង​នេះ គឺ​មាន​តែ​នៅ​លើ​ម៉ូដែល 300h (Hybrid) ប៉ុណ្ណោះ។ ឈរ​នៅ​លើ​គ្រោងឆ្អឹង Toyota New Global Architecture វា​ប្រើម៉ាស៊ីន​សាំង​ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ប្រភេទ Inline-4 ICE និង​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​មានកម្លាំង​​សរុប ២១៥ សេះ ហើយ​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ត្រឹមតែ ៥,២ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

ES 300h ស៊េរី​ថ្មី​ចុង​ក្រោយ​បង្អស់​នេះ នឹង​មាន​តម្លៃ​លក់​ប្រហែល ៥១ ៥០០ដុល្លារ។ វា​ក៏​មាន​ជា​ប្រភេទ F Sport ផង​ដែរ ដោយ​មាន​តម្លៃ​ប្រហែល ៥៥ ០០០ ដុល្លារ និង​ប្រភេទ L (តួ​វែង) ដែល​មាន​តម្លៃ​ប្រហែល ៦២ ០០០ ដុល្លារ នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Evoque ឆ្នាំ ២០២០ តម្លៃតែជាង ៤ ម៉ឺនដុល្លារនៅអាមេរិក

រថយន្ត SUV ប្រណីត​ខ្នាត​តូច ជំនាន់​ទី ២ Range Rover Evoque ស៊េរី​ឆ្នាំ ២០២០ ទទួល​បាន​ការ​រចនា​រូបរាង​ស្លីម និង​បំពាក់​ចង្កៀង LED ស្រស់​ស្អាត​ដូច ម៉ូដែល Range Rover Velar អីចឹង។

ជាមួយ​នឹង​យ៉ាន់​ទំហំ ២១ អ៊ីញ បាន​ជួយ​ឲ្យ Evoque ឈរ​ជែង​កាន់​តែ​អង់អាច។ វា​បាន​បន្ថែម​ពណ៌​ថ្មី​ចំនួន ២ ទៀត គឺ ពណ៌​ទឹកប្រាក់ (Seoul Pearl Silver) និង​ពណ៌​ប្រផេះ (Nolita Grey) ដែល​ផ្តាច់​មុខ​សម្រាប់​ម៉ូដែល First Edition។

​ផ្នែក​ខាង​ក្នុង​ Evoque ​ឆ្នាំ ២០២០ កាន់​តែ​ប្រណីត និង​ស្រស់​ស្អាត ដោយបន្ថែម Option កាន់​តែ​ច្រើន​ជាង​មុន ហើយ​ក៏​បាន​បំពាក់​អេក្រង់​ផ្នែក​កណ្តាល​ទំហំ ១០ អ៊ីញ ចំនួន ២ និង​កុងទ័រ​ប្រភេទ​ឌីជីថល ទំហំ ១២,៣ អ៊ីញ ដែល​មាន​ដំណើរការ​កាន់​តែ​លឿន​ទៀត​ផង។

Evoque ជំនាន់​ថ្មី​បាន​បំពាក់​មុខងារ ClearSight Ground View ដំបូង​បង្អស់ ដែល​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​មើល​ឃើញ​កង់​ទាំង ៤ នៅ​លើ​អេក្រង់ ដែល​បង្ហាញ​ជា​រូបភាព ១៨០ ដឺក្រេ ងាយ​ស្រួល​នៅ​ពេល​បើកបរ​ផ្លូវ​តូច​ចង្អៀត។

Evoque ប្រភេទ S, SE និង First Edition ប្រើម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង​ ២៩៦ សេះ ដំណើរការជាមួយ​ប្រអប់លេខ​អូតូ ៩ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ AWD។ វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល ៧,០ វិនាទី និង​មាន​ល្បឿន​អតិបរមា ២៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Evoque ប្រភេទ R-Dynamic S, R-Dynamic SE និង R-Dynamic HSE ដំណើរការ​ដោយ​ម៉ាស៊ីន Mild-Hybrid ជាមួយ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រ​អគ្គិសនី​មួយ ព្រម​ទាំង​អាគុយ​កម្លាំង ៤៨ វ៉ុល ដែល​បង្កើត​កម្លាំង​បាន​សរុប ២៩៦ សេះ។ វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ត្រឹម ៦,៣ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់ ២៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

សូម​បញ្ជាក់​ថា រថយន្ត Range Rover Evoque ស៊េរីឆ្នាំ ២០២០ ​មាន​តម្លៃ​ចាប់​ពី ៤២ ៦៥០ ដុល្លារ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់ឡាន Bugatti Chiron ហ៊ានជាន់ដល់កុងទ័រ ៤២០គ.ម៉ មើលហើយស្រៀវជំនួស (វីដេអូ)

នាយកប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Bugatti លោក Stephan Winkelmann បាន​និយាយ​ថា ឥឡូវ​នេះ​ពួកគេ​គ្មាន​គម្រោង​យក រថយន្ត​ស្ព័រ​កំពូល​ល្បឿន Chiron ឬ Divo ទៅ​បំបែក​កំណត់ត្រា​លឿន​នោះ​ទេ ស្រប​ពេល​ដែល​រថយន្ត Koenigsegg Agera RS កំពុង​កាន់កាប់​កំណត់ត្រា​ពិភពលោក​ដែល​អាច​រត់​ដល់​ល្បឿន ២៨៤ ម៉ាយ ឬ ៤៥៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ទោះ​បី​ជា​យ៉ាង​ណា ម្ចាស់​រថយន្ត Bugatti Chiron ម្នាក់ ចង់​ដឹង​ពី​សមត្ថភាព​រថយន្ត​របស់​ខ្លួន រហូត​សម្រេចចិត្ត​យក​វា​ទៅ​រត់​សាកល្បង​តែម្តង។ បើ​តាម​ខ្សែ​វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ម្ចាស់​រថយន្ត​ចិត្ត​សឿង​រូប​នោះ​អាច​ជាន់ Chiron ដល់​កុងទ័រ ២៦១ ម៉ាយ ឬ ៤២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ។

សូម​បញ្ជាក់​ថា រថយន្ត Bugatti Chiron បាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៨,០ លីត្រ Quad-turbo ទំហំ ១៦ ស៊ីឡាំង (W16) បង្កើត​កម្លាំង​បាន​រហូត​ដល់​ទៅ ១ ៤៨០ សេះ​ឯណោះ។ នាយកប្រតិបត្តិ​ក្រុមហ៊ុន Bugatti ខាង​លើ​ធ្លាប់​បាន​អះអាង​ផង​ដែរ​ថា Chiron អាច​រត់​ដល់​ល្បឿន​អតិបរមា​ប្រហែល ២៨០ ម៉ាយ ឬ ៤៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Sequoia TRD Pro បន្ថែមកៅអីដល់ ៧ ឯសមត្ថភាព Off-road រឹតតែអេម

វត្តមាន​រថយន្ត Toyota Sequoia ប្រភេទ TRD Pro ដ៏​ថ្មី​សន្លាង ទើបតែ​លេច​ចេញ​រូបរាងនៅ​សហរដ្ឋអាមេរិក ដោយ​បាន​បំពាក់​មក​ជាមួយ​នូវ​បូម​ប្រភេទ Fox ដែល​ជួយ​ឲ្យ​សមត្ថភាព​បើកបរ Off-road កាន់​តែ​អស្ចារ្យ។

Sequoia TRD Pro ស៊េរី​ឆ្នាំ ២០២០ នេះ ក៏​បាន​បំពាក់​ចម្រឹង​ខ្យល់​ផ្នែក​ខាង​មុខ​ដែល​ទទួល​ការ​រចនា​ឡើង​វិញ , ចង្កៀង LED និង អំពូល​កាត់​អ័ព្ទ , បន្ទះ​ការពារ​ថ្ម និង រឺហ្គែរ , យ៉ាន់​ប្រភេទ BBS ទំហំ ១៨ អ៊ីញ ជាមួយ​នឹង​សម្បក​កង់ ទំហំ ២៧៥/៦៥ និង ប្រព័ន្ធ​បំពង់​ស៊ីម៉ាំង TRD ផង​ដែរ។

រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត វា​ផ្តល់​នូវ​ជម្រើស​ពណ៌​ពិសេស រហូត​ដល់​ទៅ ៤ ឯណោះ គឺ ពណ៌​បៃតង (Army Green) , ពណ៌​ស (Super White) , ពណ៌​ខ្មៅ (Midnight Black Metallic) និង ពណ៌​ប្រផេះ (Magnetic Gray Metallic)។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ រថយន្ត SUV ខ្នាត​ធំ (full-size) នេះ​បំពាក់​កៅអី​ស្បែក ជា​ប្រភេទ​ស្ព័រ សំលេច​ទៅ​ដោយ​ថ្នេរ​ដេរ​ពណ៌​ក្រហម​យ៉ាង​ទាក់ទាញ ព្រម​ទាំង​មាន​រូប TRD Pro នៅ​លើ​នោះ​ផង​ដែរ។ ជា​មួយ​គ្នា​នេះ Sequoia TRD Pro បាន​បំពាក់​លក្ខណៈ​ពិសេស​ស្តង់ដារ​ជា​ច្រើន ដូចជា ដំបូល​ចុច , កៅអី​ចុច ៨ ទិស , ប្រព័ន្ធ​សំឡេង​ប្រភេទ Premium , ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ៣ ជួរ , អេក្រង់ Infotainment System ទំហំ ៧ អ៊ីញ , មុខងារ Apple CarPlay, Android Auto, Amazon Alexa, SiriusXM, Bluetooth, រន្ធដោត USB, Smart Key និង ប៊ូតុង​បញ្ឆេះ-ពន្លត់​ម៉ាស៊ីន​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ រថយន្ត ៧ កៅអី​នេះ​បាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព Toyota Safety Sense-P ដោយ​ក្នុង​នោះ​រួម​មាន​មុខងារ Pre-collision with Pedestrian Detection and Automatic Braking, Lane Departure Alert, Automatic High Beams, Radar Cruise Control, Blind Spot Monitor និង Rear Cross Traffic Alert មក​ស្តង់ដារ​តែម្តង។

សូម​បញ្ជាក់​ថា រថយន្ត Toyota Sequoia TRD Pro បាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៥,៧ លីត្រ ទំហំ ៨ ស៊ីឡាំង (V8) មាន​កម្លាំង​រហូត​ដល់​ទៅ ៣៨១ សេះ និង​ប្រើ​ប្រអប់លេខ​អូតូ ៦ វគ្គ ដែល​អាច​អូស​សណ្តោង​បាន​ទម្ងន់ ៣ តោន​ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Raptor នឹងប្រើសម្បកកង់ថ្មីចាប់ពីឆ្នាំក្រោយ

Ranger Raptor ដែល​ជា​ម៉ូដែល​ពេញ​និយម​មួយ​របស់​​ក្រុមហ៊ុន Ford នឹង​ត្រូវ​​ប្រើ​ប្រាស់​សម្បក​កង់​ថ្មី ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​ត​ទៅ។

​សម្បក​កង់​ថ្មី​គឺ​ម៉ូដែល Goodyear Wrangler DuraTrac ដែល​ផលិត​ដោយ​ក្រុមហ៊ុន Goodyear ជា​ក្រុមហ៊ុន​ផលិត​សម្បក​កង់​មួយ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Ohio សហរដ្ឋអាមេរិក។ កង់​នេះ​ចូល​មក​ជំនួស​កង់​ចាស់​ម៉ូដែល BFGoodrich All Terrrain KO2 ដែល​ផលិត​ដោយ​ BFGoodrich។

ក្រឡា​នៅ​លើ​សម្បក​កង់​ Goodyear អាច​ជួយ​ទប់​លំនឹង​បាន​ល្អ​ពេល​បើក​​បរ​លើ​ផ្លូវ​​លាត ផ្លូវ​ភក់ ហើយ​វា​ល្អ​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​ពិបាក មិន​ថា​អាកាសធាតុ​បែប​ណា​នោះ​ទេ។ ប៉ុន្តែ​សម្បក​កង់​នេះ​​បញ្ចេញ​សំឡេង​ឮ​ពេល​បើកបរ​នៅ​ល្បឿន​លឿន។ ប៉ុន្តែ​សម្បក​កង់​នេះ​​មាន​អាយុ​កាល​​​យូរ​ជាង BFGoodrich ២ ម៉ឺន​គីឡូម៉ែត្រ ប្រសិន​បើកបរ​នៅ​ក្នុង​ស្ថានភាព​ផ្លូវ​ដូច​គ្នា។ ចំពោះ​មូលហេតុ​នៃ​ការ​ប្ដូរ​សម្បក​​កង់​រថយន្ត​នេះ Ford មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ​ទេ៕

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតអាមេរិកចាប់ផ្ដើមតេស្តរថយន្ត​ប្រើកាមេរ៉ា ជំនួសឲ្យកញ្ចក់ចំហៀង

​ទី​ភ្នាក់ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សហរដ្ឋអាមេរិក (NHTSA) បាន​ប្រកាស​ថា​នឹង​ចាប់​ផ្ដើម​ធ្វើ​តេស្ត​រថយន្ត​ដែល​​ប្រើ​ប្រាស់​កាមេរ៉ា​​ ជំនួស​ឲ្យ​កញ្ចក់​មើល​ចំហៀង​ដែល​ជា​មុខងារ​ចាស់​គំរឹល​មួយ។

ការ​ចុះ​ផ្សាយ​របស់ Reuters បាន​ឲ្យ​ដឹង​ទី​ភ្នាក់ងារ​នឹង​សិក្សា​លើ​អត្តចរិត​នៃ​ការ​បើកបរ និង​ដំណើរ​ការ​នៃ​ប្ដូរ​គន្លង​​លើ​រថយន្ត​ប្រភេទ​នេះ ហើយ​នឹង​ផ្ដល់​ឱកាស​ឲ្យ​សាធារណជន​បញ្ចេញ​មតិ​ផង​ដែរ។ ការ​ធ្វើ​តេស្ត​ដំបូង​នឹង​ផ្ដោត​លើ​រថយន្ត​អ្នក​ដំណើរ រួច​ទើប​បន្ត​ធ្វើ​លើ​រថយន្ត​ធំៗ។

​​គួរ​ដឹង​ថា​​សហគមន៍​ក្រុមហ៊ុន​ផលិត​រថយន្ត​ (AAM) ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដូច​ជា General Motors, Volkswagen, Tesla និង Toyota ក្នុង​សហរដ្ឋអាមេរិក បាន​ដាក់​ញត្តិ​ទៅ​កាន់ NHTSA ​ឲ្យ​អនុញ្ញាត​លើ​ការ​ប្រើ​ប្រាស់​កាមេរ៉ា​ជំនួស​ឲ្យ​កញ្ចក់​ចំហៀង​ តាំង​ពី​ឆ្នាំ ២០១៤។ ក្រុមហ៊ុន Daimler បាន​ដាក់​ញត្តិ​ស្រដៀង​គ្នា​នេះ​នៅ​ឆ្នាំ ២០១៥ ឲ្យ​មាន​អនុញ្ញាត​ចំពោះ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីចិន កម្លាំង៨០០សេះ សាកម្តងជិះបាន ១ ២០០គ.ម៉

នាពេលថ្មីៗនេះ ក្រុមហ៊ុន​រថយន្ត​ចិន AIWAYS ​បានបញ្ចេញ​រថយន្ត​ដំណើរការ​ដោយ​ថាមពល​អគ្គិសនីថ្មី គឺ RG Nathalie ​ជា​ប្រភេទ Supercar មាន​កម្លាំង​ខ្លាំង។

រថយន្ត AIWAYS RG Nathalie មាន​កម្លាំង​រហូត​ដល់​ទៅ ៧៩៣ សេះ គឺ​ខ្លាំង​ជាង​រថយន្ត Ferrari 812 Superfast ទៅ​ទៀត ហើយ​អាច​ជាន់ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ២,៥ វិនាទី​ប៉ុណ្ណោះ ហើយមាន​ល្បឿន​អតិបរមា ៣០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រថយន្ត​អគ្គិសនី​នេះ​អាច​ធ្វើដំណើរ​រហូត​ដល់​ទៅ ១ ២០០ គីឡូម៉ែត្រ​រាល់​ពេល​សាកភ្លើងពេញ​ម្តង។ RG Nathalie នឹង​ត្រូវ​ផលិតតែ ៥០០ គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+