ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Xpeng G6 សាកថ្មពេញម្តង ជិះបានជិត ៨០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng Motors បានធ្វើការបញ្ចេញ និងលក់ជាផ្លូវការនៅរថយន្តXpeng G6 ប្រភេទ SUV ស៊េរីថ្មីចុងក្រោយ ដែលរួមបញ្ចូលការអាប់ដេតបន្ថែម នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៧ ៤៤០ ដុល្លារ ដល់ ៣៨ ០១៥ ដុល្លារ ។

Xpeng G6 ផ្តល់នៅជម្រើសថាមពចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គីសនីចំនួន ១ ផលិតកម្លាំងបាន ២៩២ សេះ ផ្គួបជាមួយអាគុយ ដែលអាចផ្តល់នៅចម្ងាយបើកបរបាន ៧៥៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គីសនីចំនួន ២ ផលិតកម្លាំងបាន ៤៨២ សេះ និងកម្លាំងរមួល ៦៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ ដែលអាចផ្តល់នៅចម្ងាយបើកបរបាន ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ ជម្រើសទាំង ២ នេះ អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ២០នាទី ពីស្ថានីយសាកថ្មល្បឿនលឿន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៥៣ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ។ លើសពីនេះ ទទួលបានការផ្លាស់ប្តូរផ្នែកខាងក្រៅទៅលើចង្កៀងមុខ LED អូសកាត់វែងមួយឆ្នូតឲ្យឈ្មោះថា Galaxy Light Wing ខណៈឡូហ្គោ Xpeng ប្តូរមកដាក់នៅគម្របម៉ាស៊ីន និងថាសកង់ស្ព័រថ្មីប្រភេទ alloy-wheels ទំហំចាប់ពី ១៨ អ៉ីញ ដល់ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញ​ព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មី មានទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ, ដំបូលកញ្ចក់បើកប្រភេទ Panoramic glass roof រួមទាំងបច្ចេកវិទ្យា Ai ផងដែរ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aito បញ្ចេញឡានអគ្គិសនី EV ថ្មី សាកថ្មម្តងជិះបាន ៦០២ គីឡូម៉ែត្រ ឯតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Aito បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Aito M5 Ultra ស៊េរីថ្មីចុងក្រោយ ប្រភេទ Crossover ជាមួយការបញ្ជាទិញទុកមុននៅទីផ្សារប្រទេសចិន មានតម្លៃលក់ចាប់ពី ៣២ ៧០០ ដុល្លារ ។

សម្រាប់រថយន្ត Aito M5 Ultra ប្រើអគ្គីសនីសុទ្ធនេះ ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើអំពីដែក ដែលផ្តល់នៅភាពរឹងមាំខ្លាំង ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៨៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រប្រភេទ Alloy-wheels ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប minimalistic មានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែផងដែរ ។ លើសពីនេះ ក៏បានបំពាក់ដោយប្រព័ន្ធជំនួយការអ្នកបើកដ៏ឆ្លាតវៃកម្រិតខ្ពៃស់ Huawei ADS 3.0 advanced driving system ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការនាំចេញរថយន្តរបស់ BYD ក្នុងខែកុម្ភៈ កើនឡើង ១៨៨ ភាគរយ!

ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ពួកគេបានលក់រថយន្តបានចំនួន ៣២២ ៨៤៦ គ្រឿង កើនឡើង ៨,៩ភាគរយ បើប្រៀបនឹងខែមករា។

ក្នុងនោះ ការនាំចេញរថយន្តរបស់ក្រុមហ៊ុន BYD ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ មានចំនួន ៦៧ ០២៥ គ្រឿង កើនឡើង ១៨៧,៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲដឹងថា ក្នុងចំណោមរថយន្ត ៣២២ ៨៤៦ គ្រឿង របស់ក្រុមហ៊ុន BYD ដែលបានលក់ក្នុងខែកុម្ភៈ មានរថយន្តម៉ាក BYD (Dynasty និង Ocean Series) ចំនួន ៣០៤ ៦៧៣ គ្រឿង, Denza ចំនួន ៨ ៥១៣ គ្រឿង, Fang Cheng Bao ចំនួន ៤ ៩៤២ គ្រឿង និង Yangwang ចំនួន ១០៥ គ្រឿង។

គួរគូសបញ្ជាក់ផងថា ក្នុងឆ្នាំ ២០២៤ ក្រុុមហ៊ុន BYD បានលក់រថយន្តចំនួន ៤,២៥ លានគ្រឿង កើនឡើង ៤១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែក្នុងឆ្នាំ២០២៥ នេះ ត្រូវបានរំពឹងថានឹងមានចំនួនលក់ដល់ ៥,៥ លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញលក់ត្រឹម ២ម៉ោងប៉ុណ្ណោះ ឡានអគ្គីសនីកំពូលល្បឿនរបស់ Xiaomi មានការបញ្ជាទិញដល់ទៅ ១មុឺនគ្រឿង

[បរទេស] កាលពីថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Xiaomi SU7 Ultra នៅទីផ្សារប្រទេសចិន ដោយទទួលបានការបញ្ជាទិញដល់ទៅ ១គ្រឿង ត្រឹមរយៈពេល ២ម៉ោង បន្ទាប់ពីការដាក់លក់។

សម្រាប់ Xiaomi SU7 Ultra ត្រូវបានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១ ៥២៦ សេះ និងកម្លាំងរមួល ១៧៧០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ចាយពេលត្រឹមតែ ១,៩៨ វិនាទី ផ្គួបជាមួយអាគុយ Qilin 2.0 high-power battery ទំហំ ៩៣,៧ គីឡូវ៉ាតម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ហើយការសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ១១នាទីប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃលក់របស់រថយន្ត Xiaomi SU7 Ultra ត្រូវបានក្រុមហ៊ុន Smart phone នេះ ប្រកាសដំបូងមានតម្លៃលក់ដល់ទៅ ១១១ ៨០០ ដុល្លារ សម្រាប់ការបញ្ជាទិញមុន ប៉ុន្តែនៅពេលដាក់លក់ជាផ្លូវការ ជាមួយតម្លៃចុងក្រោយចាប់ពី ៧២ ៨០០ ដុល្លារប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ប្រកាសចេញលក់់ Aion UT EV សាកថ្មម្តងជិះបាន ៤២០គីឡូម៉ែត្រ ឯតម្លៃក្រោម ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ GAC Aion UT EV ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៩ ៦០០ ដុល្លារ ដល់ ១៤ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

GAC Aion UT ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ១៣៤ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៤ និង ៤៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ និង ៤២០ គីឡូវ៉ាត់ម៉ោង នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើរយៈពេលខ្ទង់ ២៤នាទីប៉ុណ្ណោះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញរបស់ GAC Aion UT មានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ចំនួន ១៩ គ្រាប់ រាងអក្សរ D និង C ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៦ និង ១៧អ៊ីញ ជាដើម និងជម្រើសពណ៌ក្រហម ប្រាក់ ស ត្នោតខ្ចី ស្វាយ និងបៃតង។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការឌីស្សាញបែប minimalistic ទទួលបានកុងទ័រព៌ត័មានឌីជីថលទំហំ ៨,៨អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៤,៦អ៊ីញ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ដំបូល panoramic sunroof និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM គ្រោងប្រកាសចេញឡានថ្មី Haval H6 នៅថៃក្នុងខែនេះ ផ្តល់ជូនទាំង HEV និង PHEV

ក្រុមហ៊ុនផលិតរថយន្ត GWM បានប្រកាសជាផ្លូវការថា ពួកគេនឹងបញ្ចេញនូវរថយន្ត Haval H6 ដែលជារថយន្ត កំពុងនឹងទទួលបានការអាប់ដេតថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងខែមិនា ឆ្នាំ ២០២៥ នេះ ពោលគឺនឹងធ្វើឡើងនៅក្នុងប្រទេសថៃជាមុន និងអាចមានតម្លៃលក់ចន្លោះពី ២៨ ៨០០ ដុល្លារ ដល់ ៣៤ ៦០០ ដុល្លារ។

ក្នុងនោះ រថយន្តអាប់ឌែតថ្មីនេះ នឹងទទួលបានការកែប្រែថ្មីៗទាក់ទងនឹងរចនាបថ និងបច្ចេកវិទ្យាថ្មី ដែលផ្នែកខាងក្រៅរបស់ Haval H6 នឹងមានការកែប្រែផ្នែកខាងមុខថ្មី ដែលរួមមានចង្កៀងមុខថ្មី ប៉ាណាថ្មី និងកាងផ្នែកខាងមុខថ្មី ចំណែកផ្នែគខាងក្រោយវិញក៏ទទួលបានការរចនាថ្មីផងដែរជាមួយនឹងចង្កៀងថ្មីរាងស្លីម មានឡូហ្គូល “Haval” នៅកណ្តាលផ្នែកកណ្តាល និងការដកចេញនូវការតុបតែងជាមួយក្រូម៉េនៅផ្នែកខាងក្រោយជាដើម៕

ចំពោះផ្នែកខាងក្នុងវិញ នឹងទទួលបាននូវអេក្រង់កម្សាន្តទំហំ ១៤,៦ អ៊ីញ ធំជាងមុន និងអេក្រង់ឌីជីថល ១០,២៥ អ៊ីញសម្រាប់អ្នកបើកបរ ក៏ដូចជាការអាប់ឌែតទៅលើកុងសូល និងបន្ថែមនូវមុខងារមួយចំនួន និងឆ្នាំងសាកឥតខ្សែកម្លាំង 50W ។

ទាក់ទងនឹងផ្នែកម៉ាសុីន Haval H6 HEV ប្រើប្រាស់នូវម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង និងប្រអប់លេខ Dedicated Hybrid Transmission (DHT) អាចផលិតកម្លាំងបាន ២៤៣ សេះ និងកម្លាំអរមួល ៥៣០ ញ៉ូតុនម៉ែត្រ។ លើសពីនេះ ក៏នឹងទទួលបានជម្រើស Plug-in Hybrid (PHEV) ផងដែរ អាចផលិតកម្លាំងសរុបបាន ៣២៦ សេះ និងកម្លាំងរមួល ៥២៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានដល់ ៨០ ភាគរយ ចំណាយពេលត្រឹម ៣៥ នាទី ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ BYD Shark 6 ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តភីកអាប់ BYD Shark 6 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តភីកអាប់ BYD Shark 6 បានទទួលពិន្ទុទៅលើការ៖

  • ការការពារអ្នកដំណើរពេញវ័យចំនួន ៨៥ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៦ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៤ ភាគរយ

គួរឲ្យដឹងថា នៅទីផ្សារប្រទេសអូស្ត្រាលី ភីកអាប់នេះ មានតម្លៃលក់ ៥៧ ៩០០ ដុល្លារ ។ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបចំនួនបាន ៤២៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រនៅពេលមានសាំងពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត LX 700h បង្ហាញវត្តមានជាផ្លូវការជាមួយប្រព័ន្ធ Hybrid ថ្មី ជានិម្មិត្តសញ្ញានៃ ភាពប្រណីតរបស់ឡិចស៊ឺស នៅក្នុងប្រទេសកម្ពុជា

[ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥] ឡិចស៊ឺស ខេមបូឌា បានបង្ហាញចេញជាផ្លូវការនូវវត្តមាននៃរថយន្ត LX 700h សម្រាប់ទីផ្សារប្រទេសកម្ពុជា ជារថយន្តប្រណីតផុតលេខថ្មីចុងក្រោយបង្អស់របស់ ឡិចស៊ឺស ដែលមានបំពាក់នូវប្រព័ន្ធ Hybrid ស៊េរីថ្មី ផ្គួបផ្សំនឹងសមត្ថភាពបើកបរដែលអាចជម្នះបានគ្រប់ស្ថានភាពផ្លូវ និងការវិវត្តនៃការបើកបរប្រកបដោយផាសុកភាពរបស់ ឡិចស៊ឺស ហើយថែមទាំងមានមុខងារសុវត្ថិភាពជាច្រើនសម្បូរបែបផងដែរ។

រថយន្តម៉ូដែល LX នេះបានក្លាយជានិម្មិត្តសញ្ញានៃឧត្តមភាព និងភាពថ្លៃថ្នូរ ក្នុងឧស្សាហកម្មយានយន្តទូទាំងពិភពលោក ចាប់តាំងពីពេលដែលលេចវត្តមានជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៦។ ជាមួយគុណភាពនៃការបើកបរប្រកបដោយផាសុកភាព គ្រឿងបរិក្ខារប្រណីត អានុភាពដ៏ខ្លាំងក្លា និងជម្នះបានគ្រប់ស្ថានភាពផ្លូវ បានធ្វើឲ្យរថយន្តម៉ូដែល LX ក្លាយជានិយមន័យនៃឧត្តមភាពដែលអតិថិជនរំពឹងចង់បានពីក្រុមហ៊ុន ឡិចស៊ឺស។

ប្រព័ន្ធ Hybrid ប្រភេទ Parallel រចនាថ្មី

អ្វីដែលធ្វើឲ្យ ឡិចស៊ឺស LX 700h លេចធ្លោលើសពីរថយន្តម៉ូដែលផ្សេង គឺសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់វា ជាពិសេសគឺប្រព័ន្ធ Hybrid Parallel ដែលរចនាថ្មី។ ប្រព័ន្ធ Hybrid Parallel  ថ្មីនេះមានដាក់បញ្ចូលនូវឧបករណ៍បម្លែងថាមពលពីម៉ូទ័រអគ្គិសនី រួមជាមួយនឹងអំប្រ៉ាយ៉ា នៅចន្លោះម៉ាស៊ីន និងប្រអប់លេខ ដែលការរៀបចំបែបនេះអាចរក្សាបាននូវចំណុចពិសេសដូចជាការបើកបរប៉ុងពីរ (4WD) ដ៏ពេញលេញ ហើយប្រព័ន្ធថ្មីនេះក៏អាចគ្រប់គ្រងបានយ៉ាងវៃឆ្លាតលើការប្ដូរការបើកបរពីការប្រើអគ្គិសនីសុទ្ធ និងការប្រើម៉ាស៊ីនចំហេះក្នុងសុទ្ធ ដែលវាអាចផ្លាស់ប្ដូរទៅតាមស្ថានភាពផ្លូវជាក់ស្ដែង។

ប្រព័ន្ធ Hybrid ប្រភេទ Parallel  លើរថយន្ត ឡិចស៊ឺស LX 700h រួមផ្សំដោយម៉ាស៊ីនចំហេះក្នុង ៦ស៊ីឡាំង ចំណុះ ៣,៥លីត្រ ប្រភេទ Twin Turbo អមជាមួយប្រអប់លេខស្វ័យប្រវត្តិប្រភេទ Direct Shift ១០វគ្គ ព្រមជាមួយនឹងម៉ូទ័រអគ្គិសនីចំនួនមួយ ដែលប្រព័ន្ធនេះអាចផលិតថាមពលបានសរុប ៤៥៧សេះ ជាមួយកម្លាំងរង្វិល ៦៥០ញ៉ូតុនម៉ែត្រ។

ប្រព័ន្ធ Hybrid នេះមិនត្រឹមតែអាចផ្ដល់ជូនថាមពលដ៏ខ្លាំងក្លានោះទេ ព្រមទាំងសន្សំសំចៃថែមទៀតផង។ ជាក់ស្ដែងរថយន្ត ឡិចស៊ឺស LX 700h មានកម្រិតប្រើប្រេងប្រមាណ ២០MPG  (បើកបរចម្ងាយ ១០០គីឡូម៉ែត្រ ប្រើប្រេងឥន្ធនៈអស់ប្រមាណ ១១,៧លីត្រ) ជាកម្រិតប្រើប្រាស់ដ៏សន្សំសំចៃមួយ ដែលនឹងក្លាយជាស្តង់ដារថ្មីសម្រាប់រថយន្ត SUV ប្រណីតប្រភេទ Hybrid។ ម៉ាស៊ីន Twin Turbo របស់រថយន្តនេះបានឌីហ្សាញឡើងទាំងសម្រាប់ទការធ្វើដំណើរក្នុងទីក្រុង និងការធ្វើដំណើរលើផ្លូវពិបាក អាចបង្កើនសន្ទុះបានដោយរលូន និងច្បាស់លាស់ ធានាបានថាអ្នកបើកបរអាចគ្រប់គ្រងថាមពលបានយ៉ាងល្អ។ អាគុយ Hybrid នៃរថយន្តនេះ បានដាក់នៅផ្នែកខាងក្រោយឃ្លុបដាក់ឥវ៉ាន់ខាងក្រោយ ដែលការរៀបចំបែបនេះគឺមិនប៉ះពាល់ដល់ទំហំផ្ទុកក្នុងរថយន្ត ហើយនៅតែអាចផ្ដល់ថាមពលបានខ្លាំងក្លាថែមទៀត។

រថយន្តម៉ូដែល LX 700h គឺជារថយន្ត ឡិចស៊ឺស ដំបូងគេ ដែលមានមកជាស្តង់ដារទាំងឧបករណ៏បម្លែងថាមពល និងឧបករណ៏បញ្ឆេះ ដែលនេះគឺជាការវិវត្តគួរឲ្យកត់សម្គាល់មួយបើធៀបទៅនឹងប្រព័ន្ធ Hybrid Parallel ពីមុនរបស់ ឡិចស៊ឺស។ នៅពេលដែលប្រព័ន្ធ Hybrid មិនដំណើរការដោយប្រការណាមួយ ឧបករណ៍បញ្ឆេះនឹងអាចឲ្យម៉ាស៊ីនបញ្ឆេះដោយឯកឯងបាន ខណៈដែលឧបករណ៍បម្លែងថាមពលនឹងផ្ដល់ថាមពលដល់អាគុយ ១២វ៉ុលលើរថយន្ត ហើយអាចឲ្យរថយន្តដំណើរការដោយប្រើថាមពលពីម៉ាស៊ីនចំហេះក្នុងបាន។

ការពង្រឹងលើមុខងារមួយចំនួនដើម្បីឲ្យការបើកបរកាន់តែមានផាសុកភាព

ម្ចាស់រថយន្ត ឡិចស៊ឺស LX 700h ទាំងឡាយប្រាកដជាស្រឡាញ់ពេញចិត្តរថយន្តរបស់ខ្លួន ដោយសារតែរថយន្តនេះបានឌីហ្សាញឡើងជាមួយការយកចិត្តទុកដាក់ខ្ពស់ គ្រប់ចំណុចទាំងអស់លើរថយន្តគឺបានរៀបចំឡើងជាមួយគោលបំណងពង្រឹងបទពិសោធន៍នៃការបើកបរឲ្យកាន់តែល្អប្រសើរ។

លើរថយន្ត ឡិចស៊ឺស LX 700h មានមុខងារច្រើនសម្បូរបែបដែលសុទ្ធសឹងតែមានអត្ថប្រយោជន៍របស់វា។ តួយ៉ាង វាមានប្រព័ន្ធ AC ការពារធន់នឹងទឹក អាចផ្ដល់ថាមពលចេញក្រៅបានរហូតដល់ ២៤០០វ៉ាត់ឯណោះ។ កាន់តែងាយស្រួលទៀតនោះ វាក៏មាន រន្ធដោត USB Type-C ដែលអាចស្វែងរកបាននៅក្បែរប្រព័ន្ធបញ្ជាដែលស្ថិតនៅផ្នែកកណ្ដាលនៃរថយន្ត និងមាននៅកៅអីជួរខាងក្រោយផងដែរ។

លើរថយន្ត ឡិចស៊ឺស LX 700h ក៏មាននូវបន្ទះបញ្ចូលថាមពលស្មាតហ្វូនប្រភេទឥតប្រើខ្សែដែលបានវិវត្តន៍ថ្មីអាចសាកបញ្ចូលថាមពលបានកាន់តែលឿនជាងមុន។ បន្ថែមពីនេះ លើម៉ូដែល VIP និងម៉ូដែល  F-Sport ដែលពីមុនមានបន្ទះសាកភ្លើងនេះតែនៅផ្នែកខាងក្រោយ ឥឡូវនេះក៏មាននៅផ្នែកខាងមុខផងដែរ ងាយស្រួលទាំងសម្រាប់អ្នកបើកបរ និងសម្រាប់អ្នកធ្វើដំណើរ។

ដើម្បីពង្រឹងដល់ការផ្ដោតអារម្មណ៍របស់អ្នកបើកបរផងនោះ ព័ត៌មានដែលជំនួយដល់ការបើកបរត្រូវបានបង្ហាញយ៉ាងច្បាស់ៗ។ បន្ថែមពីលើតួលេខស្តង់ដារដូចជាថាមពលនៃអាគុយជំនួយ និងសម្ពាធប្រេងរថយន្តនោះ អ្នកបើកបរអាចកំណត់ឲ្យអេក្រង់បង្ហាញនូវរង្វាស់ជំរុញ (Boost Meter) ឬកម្រិតនៃការសាកភ្លើងអាគុយ Hybrid (សម្រាប់ប្រភេទ Hybrid) ជាដើម។ ជាងនេះទៅទៀត រូបភាពចលនានៃរថយន្ត ពេលជ្រើសរើសប្រភេទបើកបរ និងការជ្រើសរើសប្រភេទផ្លូវបើកបរ ក៏បានរចនា ឡើងវិញ ដើម្បីកាន់តែងាយស្រួលសង្កេតមើលជាងមុន។

ផ្នែកខាងក្រៅស៊ីវិល័យ ផ្នែកខាងក្នុងប្រណីត ជានិយមន័យរបស់ ឡិចស៊ឺស

ការរចនារូបរាងខាងក្រៅរបស់រថយន្ត ឡិចស៊ឺស LX 700h គឺជាការលាយបញ្ចូលគ្នារវាងមុខងារសំខាន់ ជាមួយនឹងរូបរាងដ៏ទាក់ទាញ។ ចំណែកផ្នែកខាងក្នុងវិញបានឌីហ្សាញឡើងដោយផ្ដោតសំខាន់លើអ្នកបើកបរ ធានាបានថាគ្រប់ការបញ្ជា និងការបង្ហាញ ដូចជាកុងទ័រ ឬអេក្រង់ Head-Up Display គឺនៅក្បែរៗដៃ និងបង្ហាញបានច្បាស់ៗ។ ការរចនាផ្នែកខាងក្នុងនេះ ត្រូវបានគេឲ្យឈ្មោះថាជាការរចនាបែប Tazuna (តាហ្សូណា) ជាមួយគោលបំណងផ្ដល់ឲ្យអ្នកបើកបរនូវការគ្រប់គ្រងពេញលេញ ដោយមានការបែងចែកការគ្រប់គ្រងចេញជាបីផ្នែក រួមមានការគ្រប់គ្រងសីតុណ្ហភាព ការគ្រប់គ្រងប្រភេទនៃការបើកបរ និងការគ្រប់គ្រងលើការបើកបរ។ បន្ថែមពីនេះដែរ ការរចនាបែប Tazuna (តាហ្សូណា) លើរថយន្ត ឡិចស៊ឺស LX 700h បានកំណត់ដោយទ្រឹស្ដី “ដៃជាប់នឹងចង្កូត និងភ្នែកសម្លឹងទៅកាន់ផ្លូវខាងមុខ” ដើម្បីជួយសម្រួលដល់ការកំណត់ទីតាំងនៃអេក្រង់ និងឧបករណ៍គ្រប់គ្រង។ ធាតុផ្សំសំខាន់ៗនៃមុខងារនេះមានដូចជា អេក្រង់ Head-Up Display, អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ និងប៊ូតុងបញ្ជាដ៏ងាយស្រួល ដោយពួកវាសហការគ្នា ជួយកាត់បន្ថយការកម្រើកមិនចាំបាច់ និងជួយពង្រឹងដល់ការបើកបរឲ្យកាន់តែមានទំនុកចិត្ត។

រថយន្តត្រកូល LX បានពង្រឹងលើប្រណីតភាពជាមួយជម្រើសម៉ាស្សា ៥ប្រភេទសម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរផ្នែកខាងមុខ។ អ្នកប្រើប្រាស់អាចកំណត់បទពិសោធន៍នៃការម៉ាស្សា ដោយអាចផ្លាស់ប្ដូរកម្លាំងម៉ាស្សា និងកំណត់ទីតាំងដែលចង់ឲ្យម៉ាស្សាបាន។ ផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃរថយន្ត ឡិចស៊ឺស LX 700h បានឌីហ្សាញឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយវត្ថុធាតុដើមប្រណីត និងទឹកដៃប្រកបដោយភាពប៉ិនប្រសប់ ដែលនេះគឺជានិយមន័យនៃកិត្យានុភាព និងជានិម្មិត្តសញ្ញានៃភាពថ្លៃថ្នូរ។ រថយន្ត ឡិចស៊ឺស LX 700h នឹងជួយលើកកម្ពស់ឋានៈម្ចាស់រថយន្តនៅក្នុងសង្គម ព្រមទាំងឆ្លុះបញ្ចាំងអំពីថាមពល និងភាពជោគជ័យថែមទៀតផង។

រថយន្ត LX មានជម្រើសពណ៌ខាងក្នុងចំនួន៥ ប្រភេទរួមមាន ពណ៌ត្នោតស្រាល Palomino, ពណ៌ស លាយពណ៌ប្រផេះដិត Peppercorn, ពណ៌ក្រហមដិត Circuit Red , ពណ៌ខ្មៅ និងពណ៌ត្នោត Stone Brown ដែលជម្រើសពណ៌ទាំងនេះអាស្រ័យទៅលើ Option នៃរថយន្តផងដែរ។

លើកកម្ពស់កិត្យានុភាព និងឋានៈសង្គមជាមួយ រថយន្តឡិចស៊ឺស LX 700h

មិនត្រឹមតែជារថយន្តប្រណីតមួយម៉ូដែលនោះទេ ប៉ុន្តែរថយន្ត ឡិចស៊ឺស LX 700h ក៏តំណាងឲ្យភាពស្វិតស្វាញ និងស្មារតីនៃការជម្នះគ្រប់ឧបសគ្គ ដោយវាមានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវប្រណីតភាព កម្លាំង និងសមត្ថភាពបើកបរផ្លូវពិបាក។ រថយន្ត ឡិចស៊ឺស LX 700h គឺជាដៃគូដ៏ស័ក្តិសមនៃការធ្វើដំណើរដែលមិនអាចប្រៀបផ្ទឹមបានរបស់លោកអ្នក មិនថាការបើកបរលើផ្លូវលាតក្នុងទីក្រុង ឬការបើកបរផ្លូវពិបាកៗ។ វាគឺជានិមិត្តរូបនៃការជម្នះឧបសគ្គ ដែលស័ក្តិសមសម្រាប់បុគ្គលដែលមានស្មារតីនៃអ្នកឈ្នះ និងអ្នកដឹកនាំពិតប្រាកដ។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃភាពស្វិតស្វាញ រថយន្ត ឡិចស៊ឺស LX700h គឺជាសក្ខីភាពនៃស្មារតីដែលអាចយកឈ្នះគ្រប់ឧបសគ្គទាំងឡាយ។

ការរចនាឡើងសម្រាប់បុគ្គលដែលមិនរុញរានឹងឧបសគ្គ រថយន្តឡិចស៊ឺស LX700h ផ្ដល់ថាមពលជូនអ្នកបើកបរឲ្យសម្រេចនូវគោលដៅ ទទួលបានជោគជ័យក្នុងជីវិត និងជាបញ្ជាក់អំពីឋានៈរបស់ពួកគេក្នុងសង្គម។ ក្នុងស្ថានភាពផ្លូវពិបាក រថយន្តឡិចស៊ឺស LX 700h អាចពង្រីកកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនលើសពីការបើកបរ High Range ដោយវាអាចផ្ដល់ថាមពលដែលបានពីម៉ូទ័រអគ្គិសនីទៅឲ្យការបើកបរ Low Range ដែលលក្ខណៈពិសេសនេះទើបតែមានលើរថយន្ត ឡិចស៊ឺស ជាលើកដំបូងប៉ុណ្ណោះ។ មុខងារនេះ ផ្គួបជាមួយនឹងម៉ូដជាច្រើននៃមុខងារ Multi-Terrain Select អាចឲ្យមានការបើកបរដោយប្រើតែម៉ូទ័រអគ្គិសនីសុទ្ធ នៅពេលដែលស្ថិតនៅក្នុងកាលៈទេសៈមួយដែលទាមទារនូវការគ្រប់គ្រងកម្លាំងច្បាស់លាស់ ដូចជាពេលបើកបរលើផ្លូវថ្ម ផ្លូវផុក និងបើកបរកាត់ព្រិលជ្រៅៗ។ នៅលើរថយន្ត ឡិចស៊ឺស LX 700h សម្រាប់ Option ឈ្មោះថា  Overtrail មានបន្ថែមការគ្រប់គ្រងក្រឡេមុខ និងក្រោយ បែបអេឡិចត្រូនិក ដែលវាអាចជួយរក្សាលំនឹងកង់រថយន្ត និងជួយដល់កម្លាំងទាញនៅពេលបើកបរផ្លូវពិបាកៗ។

បច្ចេកវិទ្យាសុវត្ថិភាពដ៏ទំនើបដែលធានានូវការបើកបរដ៏រលូន

ក្រុមហ៊ុន ឡិចស៊ឺស នៅតែបន្តការប្ដេជ្ញាក្នុងការសម្រេចឲ្យបាននូវមធ្យោបាយចល័តមួយដែលផ្ដល់ជូនសុវត្ថិភាព តាមរយៈការបន្តអភិវឌ្ឍន៍លើបច្ចេកវិទ្យាសុវត្ថិភាព។ នៅលើរថយន្ត LX ស៊េរីថ្មី បានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាព Lexus Safety System + 3.0 ដែលក្នុងនោះមានមុខងារទប់ស្កាត់ការប៉ះទង្គិច Pre-Collision System (PCS) ជាមួយមុខងារចាប់សញ្ញាអ្នកថ្មើរជើង, មុខងារកំណត់ល្បឿនស្វ័យប្រវត្តិ All-speed Dynamic Radar Cruise Control, មុខងារជូនដំណឹងពីគន្លងផ្លូវ Lane Departure Alert ជាមួយមុខងារជំនួយចង្កូតរថយន្ត Steering Assist, មុខងារជំនួយស្លាកសញ្ញាដងផ្លូវ Road Sign Assist, មុខងារភ្លើងហ្វាវៃឆ្លាត Intelligent High Beams និងមុខងារជំនួយការបើកបរ Proactive Driving Assist។

មុខងារជំនួយការបើកបរ Proactive Driving Assist គឺជាមួយមុខងារមួយដែលអាចបត់បែនទៅតាមស្ថានភាពនៃការបើកបរដែលផ្ដល់ជំនួយដ៏ល្អប្រសើរ ហើយវាក៏មាននូវប្រព័ន្ធសង្កេតមើលអ្នកបើកបរដែលអាចកែសម្រួលការគ្រប់គ្រងផ្អែកតាមអ្នកបើកបរម្នាក់ៗ។ មុខងារទំនើបបែបនេះ គឺបានបញ្ជាក់អំពីការប្ដេជ្ញាខ្ពស់របស់ ឡិចស៊ឺស ក្នុងការផ្ដល់ជូនបទពិសោធន៍នៃការបើកបរដែលប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

តាមរយៈការប្រកាសចេញរថយន្ត ឡិចស៊ឺសម៉ូដែល LX700h ឡិចស៊ឺស អភិវឌ្ឍន៍បាននូវប្រព័ន្ធ Hybrid Parallel ថ្មី ដែលបង្កើតឡើងដោយយកចិត្តទុកដាក់ ដើម្បីរក្សាកិត្តិនាមនៃភាពគួរឲ្យទុកចិត្ត ភាពរឹងមាំ និងសមត្ថភាពបើកបរផ្លូវពិបាក ដែលចំណុចទាំងនេះគឺបានក្លាយជាអត្តសញ្ញាណរបស់ ម៉ូដែល LX ច្រើនជំនាន់មកហើយ។ ប្រព័ន្ធដ៏ច្នៃប្រឌិតមួយនេះ បានប្រើប្រាស់កម្លាំងរង្វិលនៃម៉ូទ័រអគ្គិសនី ដើម្បីផ្ដល់ជូននូវបទពិសោធន៍បើកបរដ៏លេចធ្លោរបស់ ឡិចស៊ឺស ហើយព្រមទាំងជួយកាត់បន្ថយបរិមាណឧស្ម័នកាបូនឌីអុកស៊ីតដែលសាយភាយចូលទៅក្នុងបរិយាសកាស ជាការរួមចំណែកក្នុងការកសាងអនាគតមួយដែលប្រកបដោយនិរន្តភាព។

លោក រ៉ូជី ហ្វូជីតា អគ្គនាយក ឡិច ស៊ឺស ខេមបូឌាបានថ្លែងប្រាប់សារពត៌មានថា៖

បន្ទាប់ពីជោគជ័យជាមួយការផ្លាស់ប្ដូរថ្មីទាំងស្រុងលើរថយន្ត LX ឆ្នាំ២០២១ ដែលពេលនោះទទួលបានការកោតសរសើរទួទាំងសកលលោកចំពោះ «សមត្ថភាពបើកបរដ៏រលូន និងល្អឥតខ្ចោះ» ឡិចស៊ឺស បានទទួលស្គាល់អំពីតម្រូវការក្នុងការបញ្ចូលថាមពលអគ្គិសនីលើម៉ូដែលរថយន្តរបស់ខ្លួន ហើយវាក៏ស្របទៅតាមការប្ដេជ្ញារបស់យើងចំពោះអព្យាក្រឹតកាបូនផងដែរ។ តាមរយៈការអភិវឌ្ឍដោយយកចិត្តទុកដាក់ ផ្ដោតលើសុវត្ថិភាព និងប្រតិបត្តិការដ៏គួរឲ្យទុកចិត្ត ពួកយើងអាចបង្កើតបាននូវប្រព័ន្ធ Hybrid Parallel ថ្មី និងកែសម្រួលលើគ្រោងឆ្អឹង GA-F ដែលនេះគឺដើម្បីធានាថា បទពិសោធន៍នៃការបើកបរពិតប្រាកដរបស់ ឡិចស៊ឺស នៅតែអាចរក្សាបាន ទោះបីជាមានការបន្ថែមថាមពលអគ្គិសនីក្ដី។

ពួកយើងពិតជាមានសេចក្ដីរំភើបក្នុងការណែនាំរថយន្ត ឡិចស៊ឺស LX 700h ទៅដល់អ្នកបើកបរដ៏ឆ្លាតវៃនៅកម្ពុជា។ វាប្រៀបបានជាទំព័រថ្មីមួយសម្រាប់ ឡិចស៊ឺស នៅក្នុងទីផ្សារដ៏រស់រវើកនេះ។ ពួកយើងជឿជាក់ថាការប្ដេជ្ញារបស់យើងចំពោះការច្នៃប្រឌិត គុណភាព និងសេវាកម្មអតិថិជនដែលមិនអាចប្រៀបផ្ទឹមបាន នឹងអាចផ្ដល់ជូនពួកគេ (អ្នកបើកបរនៅកម្ពុជា) នូវបទពិសោធន៍ដ៏ពិសេសក្នុងនាមជាម្ចាស់រថយន្ត ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងរបៀបរស់នៅនៃអ្នកដឹកនាំជំនាន់ថ្មីដែលមិនរុញរាចំពោះឧបសគ្គ ប៉ងសម្រេចនូវសមិទ្ធិផលធំៗ ព្រមទាំងនាំយកមកជាមួយនូវការផ្លាស់ប្ដូរមកកាន់សង្គមកម្ពុជាផងដែរ។

ឡិចស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បង្កើតនូវប្រភេទរយន្តតួខ្ពស់ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិចស៊ឺស បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេ ហើយត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។ ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មុះមុតលើភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិចស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។

ទំនាក់ទំនងការកក់ និងព័ត៌មានលម្អិតតាមរយៈលេខ៖ +855 17 888 727។

អាស័យដ្ឋាន ឡិច ស៊ឺសខេបូឌា៖ ដីឡូតិ៍លេខ១៣៥២ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផែនទី៖ Lexus Cambodia – Google Maps

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសបញ្ចេញជាផ្លូវការនូវរថយន្តថ្មីចំនួន ២ ជម្រើសរួមមាន Yaris Z Urbano និង Yaris Cross Z Urbano ដែលជាកំណែពិសេសសម្រាប់ទីផ្សារប្រទេសជប៉ុន។

រថយន្តទាំងនេះ ត្រូវបានអភិវឌ្ឍលើផ្នែករចនាបថ Z Design ដោយផ្តោតលើការបន្ថែមការចនាថ្មីមួយចំនួនមានដូចជា ឡូហ្គូលពណ៌ខ្មៅ Toyota, កញ្ចក់ពណ៌ខ្មៅ, ដៃទ្វារពណ៌ខ្មៅ, spoiler ពណ៌ខ្មៅ, ដំបូលពណ៌ខ្មៅ និងកង់ពណ៌ខ្មៅ ដើម្បីធ្វើឲ្យរថយន្តកាន់តែមានរូបរាងកាន់តែទាក់ទាញ។ ក្នុងនោះ ម៉ូឌែល Yaris Z Urbano ប្រើប្រាស់នូវថាសកង់ទំហំ ១៦ អ៊ីញ ខណៈ Yaris Cross Z Urbano វិញប្រើថាសកង់ ១៨ អ៊ីញ។

សម្រាប់ផ្នែកខាងក្នុងរថយន្ត មានការរចនាដែលផ្តោតលើភាពប្រណិត និងសមត្ថភាពក្នុងការបើកបរដំណើរការ ពោលគឺរថយន្តទាំង ២ នេះដំណើរការដោយជម្រើសម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ាសុីន Hybrid ចំណុះ ១,៥ លីត្រ ភ្ជាប់ដោយជម្រើសប្រព័ន្ធបើកបរប៉ុង ១ (FWD) និងប៉ុង ២ (AWD) និងប្រអប់លេខ CVT ។

ទោះបីការរចនាឡើងវិញ ធ្វើឲ្យរថយន្តមានរូបរាងទំនើប និងប្រណិតក្តី ប៉ុន្តែវាមិនមានការកែប្រែផ្នែកម៉ាស៊ីន ឬកម្រិតស៊ីប្រេងនោះឡើយ និងមានតម្លៃលក់ចន្លោះពី ១៥ ៧០០ ដុល្លារ ដល់ ១៩ ៣០០ ដុល្លារ សម្រាប់ Toyota Yaris Urbano និងចាប់ពី ១៧ ៥០០ ដុល្លារ ដល់ ២១ ០០០ ដុល្លារ សម្រាប់ Yaris Cross Urbano ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញរូបរាងថ្មីរបស់ Atto 3 មុនការចេញលក់ផ្លូវការ

ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញនូវកំណែអាប់ដេតថ្មីរបស់រថយន្ត BYD Atto 3 ជាផ្លូវការ ជាមួយនឹងការរចនាថ្មី និងបច្ចេកវិទ្យាជំនួយការបើកបរដែលកាន់តែប្រសើរជាងជំនាន់មុន។ ក្នុងនោះ រថយន្ត SUV អគ្គិសនីនេះនឹងចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះក្រោមឈ្មោះ Yuan Plus ។

សម្រាប់កំណែអាប់ដេតថ្មីនេះ BYD Atto 3 ទទួលបានការកែប្រែរូបរាងខាងក្រៅមួយចំនួនមានដូចជាផ្នែកខាងមុខ ដែលបានបំពាក់កាងស្ព័ររចនាថ្មី ជាមួយនឹងកាមេរ៉ា និងកាងរន្ធខ្យល់ធំជាងមុន ខណៈផ្នែកចង្កៀងនៅរក្សារការរចនា “Dragon’s Whiskers” ដដែល ចំណែកផ្នែកខាងក្រោយវិញបានអាប់ឌែតទៅលើដំបូល និងភ្លើង។ លើសពីនេះ នៅផ្នែកបច្ចេកវិទ្យា Atto 3 ក៏ទទួលបាននូវបាននូវប្រព័ន្ធជំនួយអ្នកបើកបរថ្មី ” BYD God Eye C” ផងដែរ។

សម្រាប់ BYD Atto 3 ថ្មីនេះ មានប្រវែង ៤ ៤៥៥ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦១៥ ម.ម និងប្រវែងគម្លាតកង់ ២ ៧២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ២០១ សេះ​ ផ្គួបជាមួយអាគុយទំហំ ៤៩,៩ និង ៦០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ និង ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

គួរបញ្ជាក់ថា តម្លៃរបស់ Atto 3 បច្ចុប្បន្នមានចន្លោះពី ១៥ ២២៥ ដុល្លារ ដល់ ២០ ១២០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែតម្លៃថ្មីរបស់កំណែអាប់ឌែតថ្មីនេះមិនត្រូវបានបង្ហាញចេញនូវឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+