ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហ្រ្វាំងអូតូ ជួយបង្កើនសុវត្ថិភាព តែក្នុងស្ថានភាពខ្លះបើប្រើវា អាចនឹងមានបញ្ហាវិញ

ក្នុងចំណោមប្រព័ន្ធសុវត្ថិភាពនានា​ដែលបំពាក់លើរថយន្តនាពេលបច្ចុប្បន្ន គឺភាគច្រើនពិតជាមិនអាចខ្វះឡើយ នូវប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ (AEB) ឬហៅខ្លីថា ហ្វ្រាំងអូតូ។

ប្រព័ន្ធនេះ ប្រើសេនស័រ ដើម្បីស្កេនអង្កេតនូវឧបសគ្គអ្វីមួយដែលមានដូចជា អ្នកថ្មើរជើង ឬយានយន្តដទៃ ដែលអាចមានសក្តានុពលក្នុងការបុក ប៉ះទង្គិច​ជាមួយរថយន្តរបស់យើង។ ពេលនោះប្រព័ន្ធនឹងបន្លឺសំឡេងដាស់តឿន ហើយ​បើអ្នកបើកបរមិនជាន់ហ្វ្រាំងទាន់ពេលទេ ប្រព័ន្ធនេះ​ជាអ្នកចាប់ហ្វ្រាំងជំនួសតែម្តង ដើម្បីការពារមិនឲ្យរថយន្តទៅបុកប៉ះឧបសគ្គនោះបានឡើយ។

បើទោះជាហ្វ្រាំងអូតូ បានបង្កើនសុវត្ថិភាពខ្ពស់​ដល់អ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តបែបនេះក្តី ប៉ុន្តែ​ក្នុងស្ថានភាព​ជាក់លាក់មួយចំនួន មុខងារនេះធ្វើការមិនបានល្អឡើយ ហើយពេលខ្លះគឺគួរបិទចោលតែម្តង ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងជាយថាហេតុ។

១. អាកាសធាតុ៖ ពេលមានភ្លៀងធ្លាក់ខ្លាំង ព្រិល ចុះអ័ព្ទ ឬនៅពេលយប់ គឺនឹងរំខានដល់មុខងាររបស់សេនស័រ ដែលនឹងមិនអាចដំណើរការបានល្អឡើយ។

២. ផ្លូវលំបាក៖ នៅពេលបើកបរលើស្ថានភាពផ្លូវ Off-road ឬឡើងចុះភ្នំ គួរបិទមុខងារនេះចោលកុំឲ្យមានការរំខាន ព្រោះស្ថានភាពផ្លូវបែបនេះ តម្រូវឲ្យអ្នកបើកបរផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង។

៣. ពេលឆ្លងកាត់ស្ពាន ឬផ្លូវដែក៖ នៅពេលរថយន្តបើកមកកៀកឡើងស្ពាន ឬកៀកនឹង​ឆ្លងផ្លូវរថភ្លើង សេនស័រអាចនឹងយល់ច្រលំថា វាជាឧបសគ្គព្រោះវាជារចនាសម្ព័ន្ធលោហៈ ដែលពេលខ្លះ វាចាប់ហ្វ្រាំងអូតូទាំងដែលមិនចាំបាច់ និងរំខានដល់ការធ្វើដំណើរទាំងខ្លួនឯង និងអ្នកដទៃ។

៤. កន្លែងដែលមានចរាចរណ៍មមាញឹក៖ នៅពេល​បើករថយន្តចូលទីកន្លែងដែលមានចរាចរណ៍ច្រើន វាប្រាកដជាឧស្សាហ៍ចាប់ហ្វ្រាំងអូតូច្រើនផងដែរ ដែលអាចបង្កើនហានិភ័យនៃការបុកប៉ះពីយានយន្តដែលនៅខាងក្រោយ។

៥. ពេលចូលចំណត៖ សេនស័រហ្វ្រាំងអូតូ អាចនឹងច្រលំថា ជញ្ជាំង ឬវត្ថុអ្វីមួយដែលនៅកៀកៗ គឺជាឧបសគ្គនោះ វានឹងចាប់ហ្វ្រាំងទាំងដែលមិនចាំបាច់ ហើយរំខានដល់ការសារ៉េចូលចតរបស់អ្នកបើកបរទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីគេមិនឲ្យចាក់ទឹកចូលក្នុងធុងទឹកសាគួររបស់​រថយន្ត ឲ្យពេញតែម្តង?

ធុងទឹកសាគួររបស់​រថយន្ត (Coolant Reservoir) មិនត្រូវបានណែនាំ​ឲ្យចាក់ពេញតែម្តង ដូចធុងទឹកមេ (Radiator) នោះទេ។ ធុងទឹកសាគួរនេះ គឺត្រូវបានកំណត់កម្រិតទាបបំផុត (MIN) និងកម្រិតខ្ពស់បំផុត (MAX) មានន័យថា ធុងទឹកសាគួរ ត្រូវឲ្យចាក់ទឹកត្រឹមគំនូស MAX តែប៉ុណ្ណោះ ដោយត្រូវទុកចន្លោះទំនេរនៅរវាងគំនូស MAX នេះ និងគម្របធុង។

មូលហេតុ​ដែលត្រូវទុកចន្លោះឲ្យទទេរបែបនេះ ព្រោះធុងទឹកសាគួរ មានតួនាទីទទួលយកទឹកបន្ថែម ដោយសារក្នុងពេលម៉ាស៊ីនដំណើរការដល់សីតុណ្ហភាពប្រតិបត្តិការ ពេលនោះ ទឹកក៏នឹងឡើងកម្តៅដែរ ហើយកម្រិតទឹកកើនឡើងលើសពីធម្មតា។ ដូច្នេះហើយ កម្រិតទឹកដែលលើសនេះ នឹងត្រូវរត់ចូលទៅក្នុងធុងទឹកសាគួរ ដែលវាមិនបណ្តាលឲ្យហៀរចេញមកក្រៅនោះទេ។ យ៉ាងណាមិញ នៅពេលដែលពន្លត់ម៉ាស៊ីនរថយន្ត ហើយម៉ាស៊ីនចុះត្រជាក់វិញ ទឹកក្នុងធុងទឹកសាគួរ នឹងស្រកចុះមកកម្រិត Max វិញដដែល។

បន្ថែមលើសនេះ បើមានអ្វីមិនប្រក្រតីមួយចំនួននៃដំណើរការម៉ាស៊ីន ធុងទឹកសាគួរនេះ ក៏ជួយឲ្យយើងអាចកំណត់បញ្ហាបានផងដែរ ដូចជា៖

១. កម្រិតទឹកទាប៖ ប្រសិនបើពិនិត្យឃើញកម្រិតទឹកទាប​ក្នុងធុងទឹកសាគួរ គឺវាបង្ហាញថា មានការលេចជ្រាបបាត់ទឹក ឬមានបញ្ហាក្នុងប្រព័ន្ធបញ្ចុះកម្តៅ។

២. ទឹកពុះ៖ បន្ទាប់ពីបញ្ឆេះម៉ាស៊ីនរថយន្ត បានតែប៉ុន្មាននាទី តែឃើញមានទឹកពុះក្នុងធុងទឹកសាគួរ គឺវាអាចបង្ហាញពីអការៈនៃការឆ្លងរ៉ងក្បាលគុយឡាស់ ខូចក្លាប៉េទឹក ឬអាចខូចគម្របធុងទឹកមេ (Radiator Cap) ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយរថយន្តអគ្គិសនី ត្រូវបានរកឃើញថា ស្រកចុះគុណភាពតិចបំផុតក្នុង១ឆ្នាំ

ការសិក្សាជាក់ស្តែងជាទ្រង់ទ្រាយធំមួយ​ បានបង្ហាញ​ថា អាគុយរថយន្តអគ្គិសនី គឺមានអាយុកាលប្រើប្រាស់បានយូរ ពោលគឺវាស្រកចុះគុណភាពតែ ២% ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលតិតជាងឆ្ងាយពីការប៉ាន់ស្មានរបស់​មនុស្សជាច្រើន។

ទិន្នន័យ​នេះ ត្រូវបាន​ប្រមូល​ចេញពីរថយន្តអគ្គិសនីចំនួន ២២៧០០គ្រឿង លើ២១ម៉ូឌែល ដោយប្រើវិធីសាស្រ្ត Telematics របស់​ក្រុមហ៊ុន Geotab។

ចំពោះ​ការធ្លាក់ចុះគុណភាពអាគុយ ២% ជាមធ្យមក្នុង១ឆ្នាំ នោះមានន័យថា បើរថយន្តអគ្គិសនីប្រើរយៈពេល១០ឆ្នាំ ក៏អាចនៅរក្សាគុណភាពអាគុយបាន ៨០%ដែរ។ ប្រសិនបើរថយន្តអគ្គិសនីថ្មី១គ្រឿង ពេលសាកពេញ អាចធ្វើដំណើរបានដល់ ៥១៥គីឡូម៉ែត្រ អ៊ីចឹងក្នុងរយៈពេល ១០ឆ្នាំក្រោយ គឺនៅអាចធ្វើដំណើរបាន​ដល់ប្រហែល ៤២០គីឡូម៉ែត្រទៀត។

យ៉ាងណាមិញ ការស្រកចុះគុណភាពអាគុយ ក៏ពាក់ព័ន្ធ​ទៅនឹង​ទម្លាប់ប្រើប្រាស់​ប្រចាំថ្ងៃផងដែរ។ បើអ្នកប្រើប្រាស់​ EV សាកថ្ម​ល្បឿនលឿនជាញឹកញាប់ពេកនោះ គុណភាពអាគុយក៏ធ្លាក់ចុះកាន់តែលឿនផងដែរ ជាពិសេសបើសាកចាប់ពីល្បឿន ១០០គីឡូវ៉ាត់ឡើងទៅ គឺអាចបណ្តាលឲ្យអាគុយស្រកចុះគុណភាពដល់ ៣% ក្នុង១ឆ្នាំ។

ទិន្នន័យដដែលនេះ ក៏បាន​បង្ហាញឲ្យដឹងដែរថា ការសាកថ្មដល់ ១០០% ឬបើកបរក្នុងស្ថានភាពអាគុយសល់តិចភាគរយញឹកញាប់ ក៏ដូចជាបើកបរក្នុងអាកាសធាតុក្តៅ គឺមានផលប៉ះពាល់តិចតួចប៉ុណ្ណោះចំពោះអាគុយ ដោយធ្វើឲ្យស្រកចុះគុណភាពត្រឹម ០,៤% ក្នុង១ឆ្នាំ។

សម្រាប់ក្រុមហ៊ុន​ផលិតរថយន្តអគ្គិសនី ប្រាកដជាបានដឹងច្បាស់ពីបញ្ហានេះ ដូច្នេះ​ការឌីហ្សាញ និងការផលិតអាគុយដែលបំពាក់លើរថយន្តស៊េរីក្រោយៗ នឹងកាន់តែធ្វើឲ្យមានភាពធន់ ប្រើប្រាស់បានកាន់តែយូរ ទោះអ្នកប្រើប្រាស់​មានទម្លាប់សាកបែបណាក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តចេញឆេក ស៊ីសាំងជាងមុន ចេញផ្សែងខ្មៅ ក៏អាចមកពីបញ្ហាសេនស័រម៉ាស់ខ្យល់ដែរ

សេនស័រម៉ាសខ្យល់ (Mass Air Flow Sensor) គឺជាគ្រឿងបង្គុំដ៏សំខាន់បំផុតមួយ​ក្នុងប្រព័ន្ធខ្យល់របស់រថយន្ត ដែលមានតួនាទី វាស់​ចំនួនម៉ាស និងដង់ស៊ីតេខ្យល់ដែលចូលក្នុងម៉ាស៊ីន ដើម្បីអាចឲ្យប្រព័ន្ធ ECU ធ្វើការគណនា ក្នុងការដុតជាមួយល្បាយឥន្ធនៈនៅបន្ទប់ចំហេះក្នុងស៊ីឡាំងនីមួយៗ។

អាការៈដែលបង្ហាញពីការខូចសេនស័រម៉ាសខ្យល់នេះ ស្រដៀងនឹង​បញ្ហានៃការខូចប៊ិចសាំងដែរ រួមមានដូចខាងក្រោមនេះ៖

១. ​ចេញឆេក៖ នៅពេលសេនស័រនេះខូច វានឹងចេញសញ្ញាឆេក ដោយលេខកូដរបស់វា ចាប់ពី P0100 ដល់ P0104។

២. ពិបាកបញ្ឆេះ និងការ៉ង់ទីញ័រ៖ នោះក៏ដោយសារតែការដុតរវាងល្បាយខ្យល់ និងល្បាយសាំង មិនសមាមាត្រគ្នា។

៣. ល្បឿនស្ទក់៖ នៅពេលជាន់ហ្គែរបង្កើនល្បឿន គឺត្រូវការបន្ថែមចំនួនខ្យល់ និងសាំង ប៉ុន្តែដោយសារបញ្ហាសេនស័រម៉ាសខ្យល់នេះ ទើបមិនអាចបង្កើនល្បឿនតាមតម្រូវការបាន។

៤. ស៊ីសាំងជាងមុន៖ ដោយសារតែការដុតរវាងខ្យល់ និងសាំង មិនសមាមាត្រគ្នា ឬមានខ្យល់មិនគ្រប់គ្រាន់ ទើបត្រូវបឺតសាំងបន្ថែមដើម្បីបង្គ្រប់។

៥. ចេញផ្សែងខ្មៅ៖ នោះក៏ដោយសារមានវត្តមានសាំងច្រើនពេកក្នុងបន្ទប់ចំហេះ ទើបធ្វើឲ្យមានការបញ្ចេញផ្សែងខ្មៅ។

ដូច្នេះ ប្រសិន​អ្នកប្រើប្រាស់​រថយន្ត បានជួបអាការៈទាំងនេះ គួរយកចូលការ៉ាស់ត្រួតពិនិត្យនូវសេនស័រម៉ាសខ្យល់នេះ។ ប្រសិនបើពិនិត្យឃើញថា វាមិនមានបញ្ហាខូចអ្វីទេ ដោយគ្រាន់តែមានភាពកខ្វក់ គឺជាទូទៅ គេលាងសម្អាតវាសាកល្បងជាមុនសិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Bronco RTR ស៊េរីឆ្នាំ ២០២៧ រចនាជាពិសេសសម្រាប់យុវវ័យតម្លៃអាចនឹងខ្ទង់៥មុឺនដុល្លារ

រថយន្ដ SUV បែប Off-Road Ford Bronco ម៉ូឌែលថ្មី ស៊េរីឆ្នាំ ២០២៧ បានបង្ហាញវត្ដមានជាផ្លូវការ ភ្ជាប់មកជាមួយការរចនាស្អាតប្លែក ដើម្បីតម្រូវចិត្តយុវវ័យជំនាន់ក្រោយ។ តាមការំពឹងទុក រថយន្តនេះត្រូវបានគេប៉ាន់ស្មានថា នឹងមានតម្លៃចាប់ផ្តើមខ្ទង់ ៥២ ០០០ ដុល្លារ។ សម្រាប់អតិថិជនអាចធ្វើការបញ្ជាទិញរថយន្ដបាននៅខែតុលាខាងមុខនេះ ហើយការដាក់លក់ជាផ្លូវការនឹងចាប់ផ្តើមនៅខែមករាឆ្នាំក្រោយ។

2027 Ford Bronco RTR: Off-road SUV gets anti-lag for less than a Raptor - Torquecafe.comសម្រាប់រថយន្ដ Ford Bronco RTR ដំណើរដោយម៉ាសុីនចំណុះ ២.៣ លីត្រ ទំហំ៤សុីឡាំង ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ អាចផលិតកម្លាំងបា ៣៣០ សេះ កម្លាំងរមួល ៤៤១ ញូតុនម៉ែត្រ នេះបើយោងតាមការបញ្ជាក់ពីប្រធានវិស្វកររបស់ Bronco លោក Ed Krenz បានប្រាប់ទស្សនាវដ្តី MotorTrend ។

Ford Bronco RTR ប្រើប្រាស់កម្មវិធី anti-lag នៅក្នុងមុខងារ Baja (mode) ដើម្បីធានាថា Turbocharger របស់រថយន្ដនេះត្រៀមខ្លួនជានិច្ចក្នុងការជួយកែតម្រូវលំនឹងមុខក្រោយរបស់រថយន្ត នៅពេលបើកបរលើផ្លូវរលាក់ខ្លាំង ឬពេលហោះលោតខ្លាំងៗ។ នៅពេលអ្នកបើកបរដកជើងពីឈ្នាន់ហ្គាសក្នុងអំឡុងពេលប្រព័ន្ធ anti-lag កំពុងដំណើរការ ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីននឹងកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង ប៉ុន្តែរក្សាសន្ទះខ្យល់ឲ្យនៅចំហ ដើម្បីឲ្យខ្យល់បន្តហូរឆ្លងកាត់ម៉ាស៊ីន និងបំពង់ស៊ីម៉ាំង សំដៅរក្សាល្បឿនវិលរបស់ Turbo ឲ្យនៅថេរ។

2027 Ford Bronco RTR First Look: Factory Build, Aftermarket Attitudeគ្រឿងបន្លាស់មួយចំនួនរបស់ Bronco RTR ត្រូវបានយកចេញពីរថយន្ដ Bronco Raptor ដូចជា កង្ហារត្រជាក់កម្លាំង ១ ០០០ វ៉ាត់ ជួយបឺតខ្យល់បន្ថែមទៅលើធុងទឹកដើម្បីរក្សាសីតុណ្ហភាពម៉ាស៊ីនឲ្យនៅដំណើរការបានល្អ ទោះបីជាត្រូវប្រើប្រាស់ក្នុងការបើកបរធ្ងន់ធ្ងរពេញមួយថ្ងៃនៅតំបន់វាលខ្សាច់ក៏ដោយ។ បន្ថែមពីនេះ គ្រឿងបង្គុំចង្កូត និងដៃឃ្លោង របស់ម៉ូឌែល Bronco Raptor ត្រូវបានបំពាក់មកលើរថយន្ដ Bronco RTR ដើម្បីជួយឲ្យរថយន្ដនេះ អាចទប់ទល់នឹងសម្ពាធនៃការបើកបរ Off-Road ខ្លាំងៗនិងការប៉ះទង្គិចធ្ងន់ៗ កើតមានជាញឹកញាប់ក្នុងការបើកបរលើផ្លូវថ្ម និងការរត់ក្នុងល្បឿនលឿនលើវាលខ្សាច់។

This new Ford Bronco RTR is a more affordable high-speed ...

Bronco RTR ស៊េរីឆ្នាំ ២០២៧ នឹងត្រូវដាក់លក់ក្នុងជម្រើសពីរប្រភេទ។ ការរៀបចំតាមស្តង់ដារ រថយ្ដនេះប្រើប្រាស់ប្រព័ន្ធបូមខ្ពស់ (high-clearance suspension) Bilstein របស់ Ford និងសំបកកង់ (all-terrain) ទំហំ ៣៣ អុីញ ដែលជាការរួមបញ្ចូលគ្នាដែលមិនធ្លាប់មានពីមុនមកសម្រាប់រថយន្ត Bronco ចេញពីរោងចក្រ។ បន្ថែមពីនេះរថយន្ដនេះបំពាក់ជាមួយថាសកង់ RTR Evo 6 ទំហំ ១៧ អុីញ ប្រភេទអាចចាប់ខ្ចៅជាប់គែមបាន មានកម្រិត Offset ខ្ពស់ជាងមុន ជួយពង្រីកចម្ងាយរវាងកង់ឆ្វេងស្តាំរបស់ RTR រីកធំជាងមុនប្រហែល ២ អ៊ីញ ដូចទៅនឹងម៉ូឌែល Bronco បំពាក់មកជាមួយកញ្ចប់ Sasquatch។ 

សម្រាប់អ្នកចូលចិត្តបើកបរ off-road កម្រិតខ្ពស់ មានជម្រើសក្នុងការបន្ថែម កញ្ចប់ Sasquatch ទៅលើ RTR របស់ពួកគេ ដែលនឹងទទួលបានសំបកកង់ Goodyear Wrangler Territory RT ទំហំ ៣៥ អុីញ និងប្តូរមកប្រើប្រព័ន្ធបូម HOSS 3.0 របស់ Ford ជាមួយបញ្ចូលជាមួយបូម Fox internal-bypass វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីបានកាតគ្រីប្រភេទថ្មីដែលក្រសួងទើបប្រកាសចេញ តើត្រូវមានលក្ខខណ្ឌយ៉ាងណាខ្លះ?

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ប្រកាសដាក់ឲ្យប្រើប្រាស់​បណ្ណសម្គាល់យានជំនិះប្រភេទថ្មី ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៦នេះតទៅ។ បណ្ណសម្គាល់យានជំនិះ​ប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាពទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។

ដូច្នេះចាប់ពីថ្ងៃនេះតទៅ ប្រសិនបើអ្នកទើបទិញរថយន្តថ្មី គឺនឹងទទួលបាន​បណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះ ដោយត្រូវដាក់ពាក្យសុំចុះបញ្ជី​យានជំនិះនៅទីតាំង​ផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមប្រព័ន្ធអនឡាញ។ ម្ចាស់​យានជំនិះ ត្រូវភ្ជាប់មកជាមួយឯកសារដូចជា អត្តសញ្ញាណបណ្ណ បង្កាន់ដៃពន្ធយានយន្ត លិខិតទិញលក់ និងវិញ្ញាបនបត្រត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស​យានជំនិះ ឬឆៀក។

ជាមួយគ្នានេះ តើក្នុងលក្ខខណ្ឌបែបណាខ្លះ ដែល​អាចប្តូរបណ្ណសម្គាល់យានជំនិះប្រភេទចាស់ ដើម្បីយកប្រភេទថ្មីនេះបាន?

យោងតាម​មាត្រា២១ នៃអនុក្រឹត្យលេខ៧៣ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះកាលពីខែមិថុនា ឆ្នាំ ២០១៩ បានឲ្យដឹងថា បណ្ណសម្គាល់យានជំនិះ ត្រូវប្តូរ​ក្នុងករណីយានជំនិះ​នោះ ត្រូវបានផ្ទេរកម្មសិទ្ធ ឬត្រូវបានប្តូរពណ៌ ប្តូរម៉ាស៊ីន ឬម្ចាស់កម្មសិទ្ធិប្តូរអាសយដ្ឋានស្នាក់នៅអចិន្ត្រៃយ៍។

ទន្ទឹមនេះ យោងតាមមាត្រា២៣ នៃអនុក្រឹត្យដដែល ឲ្យដឹងទៀតថា ក្នុងករណីបណ្ណសម្គាល់យានជំនិះ ត្រូវបានបាត់​ ម្ចាស់យានជំនិះត្រូវដាក់ពាក្យសុំធ្វើទុតិយតា ឬតតិយតាបណ្ណសម្គាល់យានជំនិះ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឬទីតាំងផ្តល់សេវាសាធារណៈដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកសារតម្រូវរួមមាន អត្តសញ្ញាណបណ្ណ, ពាក្យស្នើសុំ (បិទលេខតួ-លេខម៉ាស៊ីន កាល់ជាក់ស្តែង), ពាក្យបណ្តឹង​ដែលមានបញ្ជាក់ពី​ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងឆៀក។

លក្ខខណ្ឌមួយទៀតគឺ​ក្នុងករណីបណ្ណសម្គាល់​យានជំនិះ ត្រូវបានបាក់ រហែក រលុបអក្សរ ឬលេខ ម្ចាស់យានជំនិះ ត្រូវដាក់ពាក្យសុំប្តូរយកបណ្ណសម្គាល់យានជំនិះថ្មី ដោយភ្ជាប់មក​ជាមួយនូវបណ្ណសម្គាល់យានជំនិះ ដែលបានបាក់ រហែក រលុបអក្សរ ឬលេខនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិនដ៏ធំ១ ប្រកាសយក​កម្ពុជា ជាទីតាំង​ផលិតសំបកកង់រថយន្ត ចែកចាយទៅកាន់ពិភពលោក

ក្រុមហ៊ុន Guangzhou Industrial Investment Holding Group (GIIHG) បាន​ប្រកាស​សម្រេច​ចិត្តយកប្រទេសកម្ពុជា ជាកន្លែងពង្រីកច្រវាក់​ផលិតកម្មនៅតំបន់អាស៊ាន ដើម្បីផលិតសំបកកង់រថយន្ត ការផ្គត់ផ្គង់ និងផ្តល់សេវាផ្សេងៗ​ទៀត ទៅកាន់ពិភពលោក។

លោក JING QUANGJUN ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន GIIHG បាន​និយាយថា រោងចក្រ​នៅកម្ពុជា គឺជាតំណភ្ជាប់​ដ៏សំខាន់​មួយក្នុងការកសាង​បណ្តាញដ៏រឹងមាំ និងការអនុវត្តថ្មីមួយ សម្រាប់​ការបង្កើនសមត្ថភាព​ប្រកួតប្រជែងជាសកលរបស់ក្រុមហ៊ុន។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសម្ពោធ​រោងចក្រផលិតសំបកកង់របស់ក្រុមហ៊ុន Wanli Tire ដែលជាបុត្រសម្ព័ន្ធមួយរបស់ GIIHG ជាមួយទុនវិនិយោគជិត ៣០០លានដុល្លារ នៅតំបន់​សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

លោក​បញ្ជាក់ដូច្នេះថា៖ «នាពេលអនាគត​ យើងនឹងយករោងចក្រ​នេះ​ជាចំណុចស្នូលដើម្បីពន្លឿនយុទ្ធសាស្រ្តឈរជើង​នៅអាស៊ានពង្រីកឥទ្ធិពលទៅកាន់ទីផ្សារពិភពលោក និងលើកកម្ពស់​ខ្សែច្រវាក់ផ្គត់ផ្គង់​ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្ម ការលក់ សេវាកម្ម ការបម្រើ​ទីផ្សារឲ្យកាន់តែល្អប្រសើរ​នៅក្នុងប្រទេស និងតំបន់ជាង ១៦០ នៅទូទាំងពិភពលោក»។

គួរដឹងថា ក្រុមហ៊ុន Wanli Tire បានសម្រេចចិត្តយកកម្ពុជា ជាទីតាំងក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុន ដែលបង្កើតរោងចក្រពង្រីកច្រវាក់ផលិតកម្ម។ រោងចក្រ​នេះ ប្រើបច្ចេកវិទ្យាខ្ពស់ ដែលសុទ្ធសឹងជាប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ក្នុងដំណាក់កាលដំបូង រោងចក្រនេះ​អាចផលិតសំបកកង់បាន ៦លានសំបកក្នុង១ឆ្នាំ ហើយអាចឈានដល់ប្រហែល ១២លានសំបក​ក្នុង១ឆ្នាំ នៅត្រឹមចុងឆ្នាំ២០២៦នេះ។

ការដំណើរការនៃរោងចក្រនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា រួមមាន៖

១. ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបដល់កម្មករ និយោជិតខ្មែរ

២. ការជំរុញវិស័យកសិកម្ម (កៅស៊ូ) ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ស្រូបយកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា

៣. ការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់

៤. កំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស។

យោងតាម​របាយការណ៍របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ កម្ពុជាបានសម្រេច​ការនាំចេញ​សំបកកង់រថយន្ត ក្នុងទំហំទឹកប្រាក់ ១២១៩លានដុល្លារ កើនឡើង ៥៧,៨៨% បើធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV របស់ Renault សហការផលិតជាមួយ Geely ត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសកូរ៉េខាងត្បូង

រថយន្ត Crossover ប្រភេទ HEV របស់ក្រុមហ៊ុនផលិតរថយន្ដរបស់បារាំង Renault មានឈ្មោះថា Filante ត្រូវបានអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនចិន Geely ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង។ រថយន្តនេះបំពាក់នូវប្រព័ន្ធ Hybrid មានកម្លាំងរហូតដល់ ២៤៧ សេះ និងមានតម្លៃប្រហែល ២៩ ៣៩០ ដុល្លារអាមេរិក។ រថយន្ដម៉ូឌែលថ្មីនេះនឹងចាប់ផ្តើមប្រគល់ជូនអតិថិជននៅក្នុងខែមីនាខាងមុខនេះ។

Renault largest SUV jointly developed with Geely revealed in Korea filanteក្រុមហ៊ុន Geely បានទិញភាគហ៊ុនចំនួន ៣៤,០២% របស់ក្រុមហ៊ុន Renault Korea Motors កាលពីខែឧសភា ឆ្នាំ ២០២២។ នៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន Renault និង Geely បានដាក់បង្ហាញរថយន្តដំបូងដែលត្រូវបានអភិវឌ្ឍរួមគ្នា មានឈ្មោះថា Grand Koleos។ រថយន្តនេះត្រូវបានផលិតឡើងដោយផ្អែកលើរថយន្ត Geely Monjaro (Xingyue L) ប្រើប្រាស់គ្រោងឆ្អឹងប្រភេទ CMA Architecture។ រថយន្ត Grand Koleos បានក្លាយជារថយន្តដែលពេញនិយមបំផុតដែលលក់ដោយក្រុមហ៊ុន Renault Korea នៅក្នុងទីផ្សារក្នុងស្រុកយ៉ាងឆាប់រហ័ស។

នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ក្រុមហ៊ុន Renault Korea បានដាក់បង្ហាញម៉ូឌែលទីពីរ បង្កើតឡើងផ្អែកលើគ្រោងឆ្អឹង CMA modular architecture ។ សម្រាប់រថយន្ដ Renault Filante គឺជាប្រភេទរថយន្ត SUV ខ្នាតធំមានប្រវែងតួខ្លួនសរុប ៤ ៩១៥ មីលីម៉ែត្រ , ទទឹង ១ ៨៩០ មីលីម៉ែត្រ និងកម្ពស់ ១ ៦៣៥ មីលីម៉ែត្រ។ ចំពោះកម្រិតសមត្ថភាពវិញរថយន្តនេះប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid បែបប្រពៃណី ដំណើរដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងសរុបបាន ២៤៧ សេះ។

ជាមួយគ្នានេះរថយន្ដនេះបានបំពាក់នូវអាគុយខ្នាតតូចទំហំ ១,៦៤ kWh តែមិនអាចសាកភ្លើងពីខាងក្រៅបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Renault បានអះអាងថា អាគុយនេះនឹងអនុញ្ញាតឲ្យ Filante បើកបរក្នុងក្រុងក្នុងរបៀបអគ្គិសនី (electric mode) បានរហូតដល់ ៧៥% នៃពេលវេលាបើកបរ។ សម្រាប់កម្រិតស៊ីប្រេងជាមធ្យមនៃរថយន្ត HEV ខ្នាតធំនេះគឺសុីប្រេងប្រហែល ៦,៦ លីត្រ ក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធី App របស់ជាតិ ដែលម្ចាស់អាជីវកម្មនិងអ្នកប្រើ EV គួរដឹងសម្រាប់​ការសាកអាគុយ

ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងប្រទេស​កម្ពុជា កំពុងបោះជំហានយ៉ាងលឿន ជាមួយនឹងការវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពល EV នៅទូទាំងប្រទេស ពីវិស័យឯកជន។

ទន្ទឹមនឹងនេះ ដើម្បីទទួលបានផលចំណេញ និងផលប្រយោជន៍ ម្ចាស់អាជីវកម្មផ្តល់សេវាកម្មបញ្ចូលថាមពល និងអ្នកប្រើយានយន្តអគ្គិសនី គួរយល់ពី ប្រព័ន្ធគ្រប់គ្រងស្ថានីយ (CSMS) និងកម្មវិធីទូរសព្ទរួមរបស់ជាតិ (Unified EV Mobile App) ឬ OneGo EV App។

ប្រព័ន្ធ CSMS ជាប្រព័ន្ធគ្រប់គ្រងស្ថានីយដ៏ឆ្លាតវៃ សម្រាប់​ម្ចាស់​អាជីវកម្ម​ក្នុងគោលបំណង​ពង្រឹង ស្ថិរភាព​នៃការគ្រប់គ្រងស្ថានីយ កាត់បន្ថយ​ការចំណាយ និងការផ្តល់ទិន្នន័យ​បាន​ច្បាស់លាស់។

ចំណែក OneGO EV App គឺជាកម្មវិធី​ចុងក្រោយសម្រាប់​អ្នកបើកបរ​រថយន្តអគ្គិសនីនៅកម្ពុជា ដោយផ្តល់​នូវបទពិសោធន៍​ប្រើប្រាស់​ល្អ មិនប្រើប្រាស់​សាច់ប្រាក់ និងងាយស្រួលប្រើ​ក្នុងការកំណត់ទីតាំង និងបង់ប្រាក់​សម្រាប់​បញ្ចូលថាមពល។ វេទិកាប្រើប្រាស់​តែមួយគត់​សម្រាប់​ការចូលប្រើបណ្តាញ​បញ្ចូលថាមពលយានយន្តអគ្គិសនីរបស់កម្ពុជា និងធ្វើឲ្យការបញ្ចូលថាមពល​មានភាពងាយស្រួល និងមានតម្លៃសមរម្យ។

សម្រាប់កម្មវិធីនេះ អ្នកបើកបរអាចស្វែងរក កក់ និងទៅកាន់ស្ថានីយ​បញ្ចូលថាមពល​ណាមួយដែលមាន​នៅក្នុងប្រទេស តាមរយៈផែនទី អាចពិនិត្យ​មើលទិន្នន័យបានភ្លាមៗទៅលើប្រភេទឆ្នាំសាក និងគ្រឿងបរិក្ខារផ្សេងទៀត។

សូមជម្រាប​ថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២៦ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគោលការណ៍ និងលក្ខខណ្ឌបច្ចេកទេសក្នុងការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងស្ថានីយ (CSMS) និងកម្មវិធីទូរសព្ទរួមរបស់ជាតិ(Unified EV Mobile App) សម្រាប់ការបញ្ចូលថាមពលយានយន្តអគ្គិសនី ជាមួយតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងក្រុមហ៊ុន វ័ន្ត ផៅវ័រ ថេកណឡជី ឯ.ក នៅទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនគ្រឿងបង្គុំធំបំផុតក្នុងលោក៖ រថយន្តចំហេះក្នុងមិនទៅណាទេ គឺនឹងមានដល់ ៧០% ក្នុងទីផ្សារនៅឆ្នាំ២០៣៥

ថ្វីត្បិតតែបច្ចុប្បន្ន​ រថយន្តអគ្គិសនីសុទ្ធកំពុងមានកំណើនប្រើប្រាស់ច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានទេថា វាជាអ្នកចូលមកបញ្ចប់ជីវិតរថយន្តចំហេះក្នុងនោះឡើយ ព្រោះ​បណ្តាក្រុមហ៊ុនធំៗជាច្រើន ជាពិសេសនៅអាមេរិកបានងាកចេញពីរថយន្តអគ្គិសនី មករថយន្តចំហេះក្នុងដដែល ដោយបំពាក់បច្ចេកវិទ្យាថ្មី បន្ទាប់ពីរដ្ឋបាល ដូណាល់ ត្រាំ បានកែប្រែគោលនយោបាយលើឧស្សាហកម្មរថយន្ត។

លោក Paul Thomas ប្រធានក្រុមហ៊ុន Bosch ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្ត​ធំបំផុតក្នុងពិភពលោក ប្រចាំនៅអាមេរិកខាងជើង បានថ្លែងក្នុងពិព័រណ៍បច្ចេកវិទ្យា CES ថ្មីៗនេះថា រថយន្តប្រហែល ៧០% ដែលបានលក់នៅក្នុងទីផ្សារអាមេរិកខាងជើងត្រឹមឆ្នាំ២០៣៥ គឺនឹងជារថយន្តម៉ាស៊ីនចំហេះក្នុងដដែល ខណៈ​រថយន្តអគ្គិសនីសុទ្ធ មានចំណែកត្រឹម ៣០% ប៉ុណ្ណោះ។

លោកបញ្ជាក់ថា រថយន្តចំហេះក្នុងដែលនៅបន្តមានវត្តមានក្នុងទីផ្សារនោះ ពុំមែនជាម៉ាស៊ីនបែបបុរាណទេ ប៉ុន្តែវាជាម៉ាស៊ីនចំហេះក្នុង ដែលរួមបញ្ចូលជាមួយបច្ចេកវិទ្យាថ្មី ដូចជា Hybrid, PHEV ឬ EREV ជាដើម។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Bosch នៅតែបន្តផ្តោតទៅលើការផលិតគ្រឿងបង្គុំសម្រាប់​រថយន្តទាំងម៉ាស៊ីនចំហេះក្នុង និងអគ្គិសនីសុទ្ធ ហើយបន្ថែមការវិនិយោគ និងអភិវឌ្ឍបច្ចេកវិទ្យាម៉ាស៊ីនចំហេះក្នុង ឲ្យកាន់តែល្អប្រសើរថែមទៀត។

 

គួរដឹងដែរថា ក្រុមហ៊ុន Toyota ប្រចាំនៅអាមេរិកខាងជើង ក៏បានប្រកាសដាក់ទុនជិត ១ពាន់លានដុល្លារ ដើម្បីជំរុញផលិតកម្ម Hybrid ផងដែរ ដែលរួមមានទាំងរថយន្ត ម៉ាស៊ីន និងគ្រឿងបង្គុំ នៅឆ្នាំ២០២៧។ ការលក់​រថយន្តរបស់ Toyota ក្នុងឆ្នាំ២០២៥ នៅអាមេរិកខាងជើង មានចំនួនជាង ២,៥លានគ្រឿង បានកើនឡើង ៨% ដែលចូលរួមចំណែកភាគច្រើនគឺសុទ្ធតែជាប្រភេទរថយន្ត Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+