ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីចុះបញ្ជីរថយន្ត ហេតុអ្វីក្រសួងតម្រូវឲ្យឆៀកជាមុនសិន?

ដើម្បី​ដាក់ពាក្យសុំចុះបញ្ជីយានជំនិះនៅទីតាំងផ្តល់សេវាសាធារណៈ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមប្រព័ន្ធអនឡាន ម្ចាស់​យានជំនិះ​ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា អត្តសញ្ញាណបណ្ណ បង្កាន់ដៃពន្ធយានយន្ត លិខិតទិញលក់ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។

មូលហេតុដែលតម្រូវឲ្យមានឆៀកនេះ ព្រោះក្នុងករណីពិនិត្យឃើញថាយានជំនិះមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្រសួងសាធារណការ និងដឹកជញ្ជូន មានសិទ្ធិឲ្យយានជំនិះទាំងនោះ ធ្វើការកែតម្រូវលក្ខណៈបច្ចេកទេសឲ្យស្របតាមច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ឬបទដ្ឋានបច្ចេកទេស​ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើយោងតាមអនុក្រឹត្យលេខ៧៣ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះកាលពីខែមិថុនា ឆ្នាំ ២០១៩។

គួរដឹងដែរថា ឯកសារសម្រាប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងនោះសម្រាប់យានយន្តដែលមិនទាន់ចុះបញ្ជី គឺត្រូវមានអត្តសញ្ញាណប័ណ្ណ និងបង្កាន់ដៃបង់ពន្ធយានយន្ត។ នៅពេល​ត្រួតពិនិត្យឃើញចំណុចខូចខាត​ដែលបណ្តាលឲ្យប៉ះពាល់សុវត្ថិភាព​យានជំនិះនៅពេលធ្វើចរាចរណ៍ គឺធ្លាក់កម្រិត២ ដោយមិនត្រូវបានផ្តល់លតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះញ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

ក្នុងករណីនេះ ម្ចាស់យានជំនិះ ឬតំណាង តម្រូវឲ្យធ្វើកិច្ចសន្យាជួសជុល​កម្រិត២ និងត្រូវយកយាននោះទៅធ្វើការជួសជុល កែតម្រូវនូវចំណុចខូចខាតឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបច្ចេកទេស រួចយកយានជំនិះនោះមកត្រួតពិនិត្យឡើងវិញ ក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចេញកិច្ចសន្យាបញ្ជាជួសជុលយានជំនិះ ដោយមិនតម្រូវឲ្យបង់កម្រៃសេវាសាធារណៈឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសចិនបានប្រកាសពីការផ្លាស់ប្តូរដ៏សំខាន់នូវបទប្បញ្ញត្តិថ្មី សម្រាប់ការនាំចេញរថយន្តមួយទឹកទៅតាមបណ្តាទីផ្សារអន្តរជាតិ

ការនាំចេញរថយន្តដែលប្រើរួចមកកាន់បណ្តារទីផ្សារដែលគេហៅថា grey market បានក្លាយជាផ្នែកមួយដែលមានការរីកចម្រើនលឿនខ្លាំងបំផុតសម្រាប់ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។ និយតករបានកំណត់អត្តសញ្ញាណដែលក្រុមហ៊ុនមួយចំនួនបាននាំចេញរថយន្តថ្មីទៅកាន់ទីផ្សារតាមបណ្តារប្រទេសផ្សេងៗក្រោមការចុះបញ្ផីជារថយន្តមួយទឹកដែលប្រើរួច និងមានករណីផ្សេងទៀតនៃការនាំចេញរថយន្តកែច្នៃដែលមិនមានប្រភពឬការបញ្ជាក់ច្បាស់លាស់។ ការកែប្រែបទប្បញ្ញត្តិនេះគឺចង់ធ្វើឱ្យបច្ចុប្បន្នភាពនៃការលុបបំបាត់ការនាំចេញរថយន្តខុសច្បាប់ និងធ្វើឱ្យនីតិវិធីនៃទីផ្សារនាំចេញរថយន្តមានលក្ខណៈស្តង់ដារ។

ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2026 នេះតទៅ យានយន្តដែលបានចុះបញ្ជីតិចជាង180ថ្ងៃ អាចនាំចេញបានលុះត្រាតែក្រុមហ៊ុនផលិតរថយន្តផ្តល់ការបញ្ជាក់ជាផ្លូវការអំពីលទ្ធភាពនៃផ្នែកសេវាកម្មក្រោយពេលលក់នៅក្នុងប្រទេសគោលដៅដែលនាំចេញទៅ។ អាជ្ញាប័ណ្ណនាំចេញនឹងមិនត្រូវបានអនុញ្ញាត្តិដោយគ្មានឯកសារបញ្ផាក់ត្រឹមត្រូវនោះទេ។ ការផ្លាស់ប្តូរទម្រង់បែបបទថ្មីនេះត្រូវបានធ្វើឡើងដើម្បីការពារដល់អ្នកប្រើប្រាស់ ព្រមទាំងធានានូវគុណភាពផលិតផល និង ការពង្រឹងបណ្តាញចែកចាយរថយន្តផ្លូវការទៅកាន់ទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ជាលទ្ធផល យានយន្តដែលមិនត្រូវបាននាំចេញតាមរយៈក្រុមហ៊ុនផលិតដែលមានការអនុញ្ញាតត្រឹមត្រូវ ឬ តាមរយៈអ្នកចែកចាយផ្លូវការ នឹងត្រូវប្រឈមមុខនឹងការរឹតបន្តឹងកាន់តែខ្លាំងឡើង ហើយអាចលែងមានសិទ្ធក្នុងការនាំចេញស្របច្បាប់ទៅកាន់ទីផ្សារផ្សេងៗដូចជាប្រទេសកម្ពុជាជាដើមផងដែរ។

បទប្បញ្ញត្តិថ្មីនេះនឹងនាំមកនូវសារដ៏សំខាន់មួយសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជាដូចជា៖ ការជ្រើសរើសទិញរថយន្តថ្មីពីក្រុមហ៊ុនលក់រថយន្តផ្លូវការគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃនិងមានសុវត្ថិភាពបំផុត ព្រមទាំងជាភស្តុតាងនៃការវិនិយោគដ៏ត្រឹមត្រូវសម្រាប់ពេលបច្ចុប្បន្ននិងនាពេលអនាគត។ យានយន្តដែលបានទិញតាមរយៈបណ្តាញក្រុមហ៊ុនលក់ផ្លូវការ ដែលមិនមែនជាផ្នែកនៃទីផ្សាររថយន្តមួយទឹក (grey market) គឺបានអនុវត្តន៏យ៉ាងត្រឹមត្រូវតាមស្តង់ដាររបស់ក្រុមហ៊ុនផលិតរថយន្ត និងមានបទប្បញ្ញត្តិអន្តរជាតិយ៉ាងពេញលេញស្របច្បាប់។ ការទិញរថយន្តថ្មីពីក្រុមហ៊ុនលក់រថយន្តផ្លូវការដូចជាក្រុមហ៊ុន Leapmotor គឺជាជម្រើសដ៏ត្រឹមត្រូវ ព្រោះក្រុមហ៊ុនតែងតែផ្តល់នូវអត្ថប្រយោជន៍និងទំនុកចិត្តខ្ពស់ដូចខាងក្រោម ដែលអ្នកលក់តាមហាងទីផ្សារមួយទឹក(grey market) មិនអាចធានាបាន។

  • គ្រឿងបន្លាស់សុទ្ធ100%៖ គ្រប់គ្រឿងបន្លាស់ទាំងអស់គឺជាគ្រឿងបន្លាស់ដើមនាំចូលពីរោងចក្រផលិតរថយន្ត និង ត្រូវបានអនុម័តដោយរោងចក្រអន្តរជាតិ ដែលធានានូវសុវត្ថិភាព គុណភាព និង ដំណើរការរយៈពេលវែង។
  • អ្នកជំនាញបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ៖ រថយន្តថ្មីរបស់អ្នកត្រូវបានផ្តល់សេវាកម្មដោយបុគ្គលិកជាងជំនាញផ្នែកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ និង អនុវត្តតាមស្តង់ដារសេវាកម្មអន្តររបស់ម៉ាកយីហោនីមួយៗ។
  • ការធានាពីរោងចក្រផលិតរថយន្ត៖ ក្រុមហ៊ុនរថយន្តលក់ផ្លូវការបានភ្ជាប់មកជាមួយការធានាត្រឹមត្រូវពីរោងចក្រផលិតដែលមានសុពលភាព និង ផ្តល់នូវសន្តិសុខផ្លូវចិត្តរយៈពេលវែងក្នុងពេលបើកបរ។
  • ការដំឡើងភាសា និង ប្រព័ន្ធ system អាប់ឌែត៖ រថយន្តថ្មីត្រូវបានលក់ចេញជាមួយនឹងការកំណត់ភាសា កម្មវិធីរថយន្ត(software) និង ប្រព័ន្ធព័ត៌មានកម្សាន្តដ៏ត្រឹមត្រូវដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាសកល ដែលហាងលក់រថយន្តមួយទឹកគឺមិនអាចធ្វើបានដូចក្រុមហ៊ុនផ្លូវការ។
  • ការថែទាំឬជួសជុលក្រោយពេលលក់(After-sale Support)៖ ក្រុមហ៊ុនលក់រថយន្តផ្លូវការបានផ្តល់ការថែទាំនិងជួសជុលក្រោយពេលលក់យ៉ាងពេញលេញ និង ធានាថារថយន្តរបស់អ្នកត្រូវបានគ្របដណ្តប់ក្រោមការអាប់ដេតsystem ឬ​ ទទួលសេវាកម្មផ្សេងៗ។

ដូច្នេះ ជាមួយច្បាប់ថ្មីដែលប្រទេសចិនបានរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរថយន្តសម្រាប់ទីផ្សាររថយន្តមួយទឹក នឹងកាន់តែមានហានិភ័យសម្រាប់ហាងលក់រថយន្តដែលមិនមានឯកសារបញ្ផាក់ត្រឹមត្រូវ ដោយប្រឈមមុខនឹងបញ្ហាដូចជាកង្វះការធានាលើគុណភាព កង្វះការផ្គត់ផ្គង់គ្រឿងបន្លាស់ ការផ្តល់សេវាកម្មអាប់ឌែតកម្មវិធីsoftwareរថយន្ត និងអាចមានតម្លៃហាងឆេងលក់ចេញបន្តមិនទៀងទាត់។ ដូច្នេះ ការជ្រើសរើសរថយន្តថ្មីពីក្រុមហ៊ុនលក់រថយន្តផ្លូវការដូចជា Leapmotor ជាឧទហរណ៏គឺមានន័យថា ការជ្រើសរើសសន្តិភាពផ្លូវចិត្តក្នុងការប្រើប្រាស់ ការទទួលនួវបទពិសោធន៍ភាពជាម្ចាស់រថយន្តដែលអាចទុកចិត្តបានពីក្រុមហ៊ុនផ្លូវការ តម្លៃហាងឆេងមានទីផ្សារល្អ និងមានសុវត្ថិភាពរយៈពេលវែង។

ក្រុមហ៊ុន Leapmotor នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរថយន្តមានគុណភាព តម្លៃសមរម្យ និង ការជឿទុកចិត្តរបស់អតិថិជនក្នុងនាមខ្លួនជាក្រុមហ៊ុនលក់រថយន្តផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ជ្រើសរើសរថយន្តពីក្រុមហ៊ុនផ្លូវការ ដែលមិនមែនជាការនាំចូលមិនត្រឹមត្រូវពីទីផ្សាររថយន្តមួយទឹក គឺជាការធានានូវ បទពិសោធន៍បើកបរដែលមានសុវត្ថិភាព និងគ្មានការព្រួយបារម្ភ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តចិន Chery គ្រោងសង់រោងចក្រធំជាងគេបំផុតនៅអាស៊ាន

ក្រុមហ៊ុនរថយន្ត Chery នៃប្រទេសចិន មានគម្រោងសាងសង់​រោងចក្រ​ផលិតធំជាងគេបំផុតក្នុងតំបន់អាស៊ាន ដែលមានទីតាំងនៅភាគខាងជើងប្រទេសវៀតណាម គ្រោងប្រតិបត្តិការនៅពាក់កណ្តាលឆ្នាំ២០២៦។

គម្រោងនេះ នឹងបង្កើតឡើងជាមួយទុនវិនិយោគ ៨០០លានដុល្លារ មានគោលដៅបង្កើតជង្រុកនៃរថយន្តចង្កូតឆ្វេង និងគាំទ្រ​ការពង្រីកការនាំចេញនាពេលអនាគត។

ការផលិតរថយន្តនៅរោងចក្រនេះ នឹងធ្វើឡើងតាមដំណាក់កាលនីមួយៗ ក្នុងនោះដំណាក់កាលដំបូង គ្រោងនឹង​ផលិតពី ៣ម៉ឺន ទៅ ៦ម៉ឺនគ្រឿងក្នុង១ឆ្នាំ ហើយពេលឈានដល់ដំណាក់កាលពេញលេញ គឺអាចផលិតដល់ ២០ម៉ឺនគ្រឿងក្នុង១ឆ្នាំ។

ក្រុមហ៊ុន Chery មានគោលដៅ​ចង់ក្លាយជាប្រេនឈានមុខគេមួយនៅក្នុងប្រទេសវៀតណាម ពោលគឺចង់បានតំណែង Top3 នៅត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន​ទីផ្សាររថយន្តនៅវៀតណាម កំពុងនាំមុខគេដោយ VinFast និង Toyota។

ក្នុងឆ្នាំ២០២៦នេះ Chery គ្រោងបញ្ចេញរថយន្តថ្មីម៉ូឌែល Omoda និង​Jaecoo ចំនួន១៦ ក្នុងប្រទេសវៀតណាម ដែលជាប្រភេទរថយន្តចំហេះក្នុង, Hybrid និងអគ្គិសនីសុទ្ធ ជាមួយគោលដៅលក់យ៉ាងហោច ១ម៉ឺនគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda សម្រេចបន្តផ្អាកប្រតិបត្តិការនៅរោងចក្រផលិតរថយន្តទាំង៣ ក្នុងប្រទេសចិន ដោយសារបញ្ហាបន្ទះឈីប

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Honda Motor នឹងបន្តផ្អាកប្រតិបត្តិការនៅរោងចក្រក្នុងប្រទេសចិនចំនួន៣ យូរជាងការគ្រោងទុក ពោល ២សប្តាហ៍បន្តទៀត ដោយសារកង្វះខាតបន្ទះឈីប Semiconductor ។

ការសម្រេចចិត្តនេះ ធ្វើឡើងនៅរោងចក្រ GAC-Honda Automobile Co., Ltd. ទាំង៣ ដែលបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនយក្សរបស់ចិន Guangzhou Automobile Group (GAC Group)។ ដំបូងឡើយ ពួកគេត្រូវបានគេគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទ បន្ទាប់ពីត្រូវបានបិទអស់រយៈពេល ៥ថ្ងៃរហូតដល់ថ្ងៃសុក្រកន្លងមកនេះ ប៉ុន្តែឥឡូវនេះពួកគេត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅថ្ងៃទី១៩ ខែមករា។

ការផ្អាកនៃការដឹកជញ្ជូនបន្ទះឈីបរថយន្តរបស់ Nexperia ដែលជាក្រុមហ៊ុនផលិតឈីបរបស់ចិនដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសហូឡង់ បានធ្វើឱ្យសមាសធាតុសំខាន់ៗសម្រាប់ផលិតរថយន្ត Honda ខ្វះខាត។ ជាមួយបញ្ហានេះ ក្រុមហ៊ុន Honda ក៏កំពុងស្វែងរកឈីបផ្សេងជំនួស ដើម្បីរក្សាប្រតិបត្តិការរោងចក្រប្រកបដោយស្ថិរភាព។

គួររំលឹកផងដែរថា ក្រៅពីរោងចក្រនៅប្រទេសចិន Honda ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​បានកាត់បន្ថយ និង​បញ្ឈប់​ការ​ផលិត​នៅ​រោងចក្រ​ជប៉ុន​ចំនួន​២ កាលពី​​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ ដោយមានរោងចក្រ Suzuka ក្នុងខេត្ត Mie និងរោងចក្រ Yorii ក្នុងខេត្ត Saitama៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តបាត់ទឹក និងលេចប្រេង អាចជារោគសញ្ញានៃការឆ្លងរ៉ងក្បាលគុយឡាស់

រ៉ងក្បាលគុយឡាស់ គឺ​ជារ៉ងដ៏សំខាន់បំផុតដែលស្ថិតនៅចន្លោះរវាងប្លុកម៉ាស៊ីន និងក្បាលស៊ីឡាំង ដែលមានតួនាទី ទប់ខណ្ឌចែករវាងឧស្ម័ន ប្រេងម៉ាស៊ីន និងទឹកស្អំ មិនឲ្យលាយចូលគ្នា ឬមានការជ្រាបឡើយ ព្រមទាំង​ជាសម្ពាធ​សម្រាប់​ការដុតចំហេះផងដែរ។

នៅពេលរ៉ងក្បាលគុយឡាស់ខូច ឬហៅយើងតែងហៅថា ឆ្លងរ៉ងក្បាលគុយឡាស់ នឹងលេចចេញរោគសញ្ញាឲ្យបានដឹងដូចខាងក្រោមនេះ៖

១. ចេញផ្សែងពណ៌ស៖ ដោយសារតែទឹកស្អំ អាចហូរចូលដល់បន្ទប់ចំហេះ និងត្រូវបានដុតនៅទីនោះជាមួយខ្យល់ និងឥន្ធនៈ បង្កើតជាចំហាយ ឬផ្សែងពណ៌ស ចេញតាមបំពង់ស៊ីមាំង។

២. ពណ៌ប្រេងម៉ាស៊ីន ដូចពណ៌ទឹកដោះគោ៖ នោះក៏ដោយសារតែ ទឹកស្អំបានលាយចូលគ្នាជាមួយប្រេងម៉ាស៊ីន។

៣. បាត់ទឹក៖ ទឹកនឹងត្រូវបាត់បង់បន្តិចម្តងៗ ហើយបើជិះផ្លូវឆ្ងាយអាចនឹងបាត់អស់ទឹកចេញពីធុង បណ្តាលឲ្យម៉ាស៊ីនរថយន្តឡើងកម្តៅខ្លាំង។

៤. លេចប្រេង៖ ពេលរ៉ងក្បាលគុយឡាស់ខូច គឺច្បាស់ជាមិនអាចទប់ស្កាត់ការជ្រាបប្រេងចេញមកក្រៅ និងស្រកចុះបានឡើយ។

៥. ម៉ាស៊ីនខ្សោយជាងមុន៖ ដោយសារតែការបាត់បង់​បំណែន​ក្នុងស៊ីឡាំង ព្រោះតែការឆ្លងរ៉ងក្បាលគុយឡាស់ បណ្តាលឲ្យកាត់បន្ថយកម្លាំងម៉ាស៊ីន ឬឆេះមិនស្មើជាដើម។

៦. ទឹកស្អំហៀចេញតាមធុងធុងទឹកសាគួរ៖ ដោយសារតែ ឧស្ម័នបានលេចចូលក្នុង​ប្រព័ន្ធបញ្ចុះកម្តៅ បណ្តាលឲ្យពុះទឹក និងហៀរទឹកចេញពីធុង។

គួរដឹងថា មូលហេតុដែលបណ្តាលឲ្យរ៉ងក្បាលគុយឡាស់ខូច ភាគច្រើនបំផុតគឺដោយសារការឡើងកម្តៅម៉ាស៊ីនខ្លាំងជ្រុល ហួសអាយុកាលប្រើប្រាស់ ការសឹករិចរិល និងខ្វះការថែទាំ ដូចជាការមិនប្តូរប្រេងម៉ាស៊ីន និងទឹកស្អំ ឲ្យបានទៀងទាត់ជាដើម៕

The temperature gauge of a car
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Prelude កំពុងជួបបញ្ហាប្រឈម មួយខែលក់បានជាង ១០០គ្រឿងប៉ុណ្ណោះ មានគម្លាតឆ្ងាយពីគូប្រជែងសំខាន់ៗ

រថយន្ត Honda Prelude បានវិលត្រឡប់មកវិញ ប៉ុន្តែវាហាក់បីដូចជាមិនទាន់ទទួលបានការគាំទ្រខ្លាំងក្លានៅឡើយ។ នៅក្នុងខែធ្នូចំនួនលក់បានត្រឹមតែ ១៧៤គ្រឿងប៉ុណ្ណោះ។ បើទោះបីជាចំនួននេះច្រើនជាងខែដំបូងនៃការចេញលក់ ពោលខែវិច្ឆិកា លក់បាន ៣០គ្រឿងក៏ដោយ ប៉ុន្តែបើធៀបនឹងគូប្រជែងផ្សេងៗ Prelude នៅមានគម្លាតឆ្ងាយ។

ខណ:ពេលគូប្រជែងសំខាន់ៗជាច្រើនលក់បានច្រើនជាង ជាក់ស្តែងដូចជា Subaru BRZ លក់បាន ២២៩គ្រឿង Toyota Supra លក់បាន ២៧៧គ្រឿង Toyota GR86 លក់បាន ៥៧៦គ្រឿង និង Nissan Z ចំនួនលក់ជាមធ្យមលើសពី ២២១ គ្រឿងក្នុងមួយខែ។

ជាមួយតួរលេខនៃការលក់ចេញបានតិចបែបនេះមកពីកត្តាជាច្រើន ជាក់ស្តែងរថយន្ត Hybrid មួយនេះ អាចផលិតកម្លាំងត្រឹមតែ ២០០សេះ ខណ:ពេលដែលរថយន្តដទៃមានតម្លៃប្រហាក់ប្រហែលគ្នាមានកម្លាំងខ្លាំងជាង និងផ្តល់នូវអារម្មណ៍ក្នុងការបើកបរស្ព័រជាង។ កត្តាមួយទៀតនោះគឺតម្លៃ ដោយរថយន្តនេះមានតម្លៃចាប់ពី ៤២ ០០០ដុល្លារមុខពេលបូកថ្លៃដឹក ១ ១៩៥ដុល្លារ រួមជាមួយកម្លាំងផលិតបានត្រឹម ២០០សេះ គឺវាស្ថិតនៅកម្រិតមួយដែលត្រូវពិចារណាច្រើន ខណ:ពេលអ្នកទិញអាចជ្រើសចាយលុយត្រឹម ៣២ ១៩០ដុល្លារ អាចទិញបាន Honda Civic Si ដែលជាម៉ូឌែលរបស់ Honda ដូចគ្នាផងដែរ។ បន្ថែមពីនេះ កត្តាភ្នាក់ងារលក់មួយចំនួនដែលព្យាយាមលក់ក្នុងតម្លៃខ្ពស់ជាងតម្លៃក្រុមហ៊ុនកំណត់ចេញពីរោងចក្រ (MSRP) ដែលវាក៏ជាឧបសគ្គរារាំងអតិថិជនផងដែរ។

ទោះបីជា Prelude លក់មិនសូវដាច់ ប៉ុន្តែម៉ូដែលដទៃទៀតរបស់ Honda ដូចជា Passport លក់ដាច់ខ្លាំង កើនឡើង ៦៩,៨%, Odyssey និង Ridgeline នៅតែមានតួលេខលក់ល្អប្រសើរនៃការលក់សរុបក្នុងខែធ្នូ ឆ្នាំ២០២៥។ រីឯម៉ូដែល Acura វិញហាក់ជួបបញ្ហាខ្លះ ដោយការលក់បានកើនឡើងប្រហែល ០,៨% ប៉ុណ្ណោះ ដោយសារការឈប់ផលិតម៉ូដែលមួយចំនួនដែលធ្លាប់តែលក់ដាច់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះហើយជាលទ្ធផល ដែល Toyota នៅតែផ្តោតខ្លាំងលើរថយន្ត Hybrid

អ្វីដែល Toyota បានគិត និងបន្តផ្តោតខ្លាំងលើរថយន្ត Hybrid កន្លងមក គឺពេលនេះ​បានចេញផ្លែផ្កាហើយ ដោយទទួលបានកំណើននៃការលក់កាន់តែខ្លាំង។

ក្នុងឆ្នាំ​២០២៥ Toyota ​បានសម្រេច​ការលក់រថយន្ត​បានដល់ចំនួនជាង ២,៥លានគ្រឿង នៅអាមេរិកខាងជើង កើនឡើង ៨% បើប្រៀបធៀបនឹង​ឆ្នាំ២០២៤។ ក្នុងនោះជិត ១,២លានគ្រឿង ស្មើនឹង ៤៩% គឺជាប្រភេទ Hybrid, PHEV និង អគ្គិសនី កើនឡើង ១៧,៦%។

រថយន្ត Toyota ដែលនាំមុខគេក្នុងការលក់ដាច់បែបនេះ គឺជាម៉ូឌែល Camry និង Corolla ដែលជាប្រភេទ Hybrid។ ជាមួយគ្នានេះ រថយន្ត Toyota ដែលពេញនិយមស៊េរីឆ្នាំ២០២៥ ផ្សេងទៀត គឺសុទ្ធតែបំពាក់ជាមួយ Hybrid រួមមានដូចជា RAV4, Tacoma, Grand Highlander, Corolla Cross និងម៉ូឌែល Hybrid ជាច្រើនទៀត ដែលជាអ្នកជំរុញដល់ការលក់នេះផងដែរ។

អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ គឺរថយន្ត Tacoma ដែលសម្រេចការលក់បានជាង ២៧ម៉ឺនគ្រឿង ជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត ៣០ឆ្នាំរបស់រថយន្តនេះ។

យ៉ាងណាមិញ សម្រាប់​រថយន្តអគ្គិសនី Toyota BZ មានចំនួនលក់ធ្លាក់ចុះបន្តិចគឺ ១៥,៩% ពីចំនួនជាង ១,៨ម៉ឺនគ្រឿង មកជាង ១,៥ម៉ឺនគ្រឿង។ ចំណែករថយន្តអ៊ីដ្រូសែន Toyota Mirai បានធ្លាក់ចុះការលក់ខ្លាំងដល់ទៅ ៥៧,៩% ពីចំនួន ៤៩៩គ្រឿងក្នុងឆ្នាំ២០២៤ មកត្រឹម ២១០គ្រឿងក្នុងឆ្នាំ២០២៥។

គួររំលឹកថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន Toyota បាន​ប្រកាសដាក់ទុនចំនួន ៩១២លានដុល្លារ ដើម្បីជំរុញ​​ផលិតកម្ម Hybrid នៅសហរដ្ឋអាមេរិក។ ទំហំវិនិយោគនេះ នឹងបែងចែកទៅតាមរោងចក្រ​ក្នុងរដ្ឋផ្សេងៗ ដើម្បីផលិតម៉ាស៊ីន និង រថយន្ត ព្រមទាំងគ្រឿងបង្គុំ Hybrid នៅឆ្នាំ២០២៧។ Toyota បានបញ្ជាក់ថា ក្រុមការងារផលិតរបស់ខ្លួន​កំពុងដុតដៃដុតជើង ដើម្បីបំពេញតម្រូវការ​របស់អតិថិជន សម្រាប់រថយន្ត Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុះទីផ្សារក្រៅស្រុក? ម៉ូឌែល SUV ដ៏មានប្រជាប្រិយមួយរបស់ BYD ទំនងឈប់លក់នៅចិន

យោងតាមការចុះផ្សាយពីសារព័ត៌មាន Car News China បានបង្ហាញថា ម៉ូដែលរថយន្ត SUV ខ្នាតកណ្តាលរបស់ក្រុមហ៊ុន BYD គឺ Song Plus ឬស្គាល់ថាជា Sealion 6 សម្រាប់ទីផ្សារសកល ត្រូវបានដកចេញជាផ្លូវការពីបញ្ជីរថយន្តសម្រាប់លក់ក្នុងប្រទេសចិនហើយ ហើយក៏លែងបង្ហាញខ្លួននៅលើទំព័រផ្លូវការរបស់ត្រកូល Ocean របស់ BYD ទៀតហើយ។ 

ចំពោះមូលហេតុនៃការបញ្ឈប់ការលក់នៅក្នុងស្រុកនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការរៀបចំ(Realignment) នូវម៉ូឌែល SUV ឡើងវិញសម្រាប់ត្រកូល Ocean របស់ BYD។ ទោះបីជាការលក់ក្នុងស្រុកត្រូវបានបញ្ចប់ក៏ Sealion 6 នៅតែបន្តផលិត និងដាក់លក់នៅក្នុងទីផ្សារក្រៅស្រុកដដែល។ ចំណែកទីផ្សារប្រទេសចិន ក្រុមហ៊ុនបានកំណត់យកម៉ូដែល Sealion 06 ជាអ្នកបន្តវេនរបស់ Sealion 6។ ដោយម៉ូដែល Sealion 06 នឹងបន្តការលក់ក្នុងស្រុក ជាមួយនឹងការរចនាខាងក្រៅថ្មី ការផ្លាស់ប្តូរ Line-Up ក្នុងត្រកូល និងបច្ចេកវិទ្យាថ្មីទៅលើគ្រោងឆ្អឹង។

BYD Sealion 06

គួររំលឹកផងដែរថា ចាប់តាំងពីការដាក់បង្ហាញកាលពីខែកញ្ញា ឆ្នាំ២០២០មក ម៉ូដែល Sealion 6 / Song Plus គឺម៉ូឌែលដ៏សំខាន់នៃត្រកូលរថយន្ត SUV របស់ BYD។ ដោយនៅក្នុងប្រទេសចិន ម៉ូដែលនេះសម្រេចបានការលក់សរុបពេញមួយឆ្នាំបានចំនួន ៤០០ ៩២០គ្រឿងក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីប្រជាប្រិយភាពដ៏ខ្លាំងក្លានៃម៉ូឌែលនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកបើកបរ ត្រូវដឹងពីអ្វីខ្លះ មុនឡើងវ៉ាជែងម្តងៗដោយសុវត្ថិភាព?

ក្នុងការវ៉ាជែងម្តងៗ អ្នកបើកបរត្រូវជែងទៅខាងឆ្វេង និងត្រូវដឹងច្បាស់ថា ការជែងនេះ​មិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ។

យោងតាមមាត្រា១៩ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម បានឲ្យដឹងថា នៅមុនពេលជែង អ្នកបើកបរ​ត្រូវមើលឃើញច្បាស់ថា នៅខាងមុខគ្មានឧបសគ្គហើយអាចបើកបរចូលទៅក្នុងចរន្តចរាចរណ៍ប្រក្រតីវិញបាន​នៅពេលជែងរួច ដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃឡើយ ពោលគឺ​ត្រូវដឹងច្បាស់​ពីល្បឿនសមាមាត្ររវាងយានទាំងពីរ ដែលអាចជែងក្នុងរយៈពេលខ្លីបំផុតបាន។

ជាមួយគ្នានេះ អ្នកបើកបរក៏ត្រូវដឹងដែរថា គ្មានអ្នកបើកបរយានជំនិះណាមួយ​ដែលនៅពីក្រោយខ្លួន ចាប់ផ្តើមសុំជែងខ្លួន ហើយអ្នកបើកយានជំនិះខាងមុខខ្លួន ក៏គ្មាន​ឲ្យសញ្ញាសុំជែងដែរ។

ក្នុងពេលជែង ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្តូរទិសខាងឆ្វេង ហើយក្នុងករណីចាំបាច់ត្រូវប្រើបន្ថែមភ្លើងកូត ហ្វាឆ្លាស់គ្នានៅពេលយប់ ឬស៊ីផ្លេនៅពេលថ្ងៃ លើកលែងតែក្នុងទីប្រជុំជនដែលការប្រើប្រាស់ស៊ីផ្លេសុំជែង ត្រូវហាមឃាត់។ នៅពេលជែង ត្រូវបង្កើនល្បឿន និងទុកចន្លោះពីយានមួយទៀតយ៉ាងតិច ១ម៉ែត្រ។

យ៉ាងណាមិញ អ្នកបើកបរ​មិនត្រូវជែងដាច់ខាត ពេលស្ថិតនៅក្នុងករណីមួយចំនួនដូចជា៖ ជែងគ្នាជា៣ជួរ មានសញ្ញាហាមជែង ផ្លូវកោង ឬផ្លូវឡើងទួល នៅជិតផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល នៅកន្លែងមានដាក់សញ្ញាបន្ថយល្បឿន នៅលើស្ពាន ឬពេលចុះចំណោត នៅជិត ឬកន្លែងកំណាត់ផ្លូវដែលទុកសម្រាប់​ថ្មើរជងើឆ្លងកាត់ នៅផ្លូវក្រោមស្ពាន ឬផ្លូវរូង នៅជិត ឬកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង​ដែលគ្មានរបាំង នៅលើផ្លូវដែលមានទឹកលិច  និងនៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំង ចុះអ័ព្ទខ្លាំង ដីហុយខ្លាំង ឬផ្សែងខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីចំនួនលក់រថយន្តសរុបរបស់ចិនក្នុងឆ្នាំ២០២៥! ក្រុមហ៊ុនខ្លះលក់ដាច់ខ្លាំងហួសផែនការ ខណៈខ្លះទៀតសម្រេចបានមិនដល់ពាក់កណ្តាល

យោងតាមសារព័ត៌មាន Car News China ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនត្រូវបានបែងចែកជា២ ទាក់ទងនឹងសមត្ថភាពក្នុងការសម្រេចឱ្យបាននូវគោលដៅលក់ដែលបានកំណត់សម្រាប់ឆ្នាំ ២០២៥។ ដោយអ្នកឈ្នះ និងអ្នកចាញ់ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅពេលដែលម៉ាកយីហោមួយចំនួនអាចលក់បានលើសផែនការឆ្ងាយ ខណៈដែលម៉ាកយីហោផ្សេងទៀតមិនអាចឈានទៅដល់គោលដៅដែលពួកគេបានកំណត់នោះទេ។

ជាក់ស្តែង BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់ចិនផ្ទាល់បានរាយការណ៍ពីការលក់រថយន្តបានជាង ៤,៦លានគ្រឿង ដែលស្មើនឹង ៨៣,៦៨% នៃគោលដៅបានកំណត់ ៥,៥លានគ្រឿង។ ទោះបីជាមិនទាន់អាចសម្រេចបានតាមគោលដៅលក់ក៏ដោយ ក៏ BYD នៅតែជាក្រុមហ៊ុនផលិតរថយន្តចិនឈានមុខគេ បើគិតលើបរិមាណនៃការប្រើប្រាស់ក្នុងឆ្នាំ ២០២៥។ 

 

ដោយឡែក ក្រុមហ៊ុន Geely បានបញ្ចប់ឆ្នាំចាស់ជាមួយនឹងការលក់រថយន្តបានជាង ៣លានគ្រឿង ដែលសម្រេចបាន ១០០,៨២% នៃគោលដៅដែលបានកំណត់។ ខណ:ពេលដំបូង Geely រំពឹងថានឹងលក់រថយន្តឱ្យបាន ២,៧១លានគ្រឿងក្នុងឆ្នាំនេះ ប៉ុន្តែក្រោយមកបានកែតម្រូវឡើងដល់ ៣លានគ្រឿង។ បើប្រៀបធៀបទៅនឹងគោលដៅដើម អត្រាសម្រេចបានរបស់ Geely គឺឡើងដល់ ១១១,៦%។ ក្រុមហ៊ុន Chery លក់រថយន្តបានជាង ២,៨លានគ្រឿងក្នុងឆ្នាំ២០២៥កន្លងទៅ ដែលសម្រេចបាន ៨០,៧២%នៃគោលដៅដើមបានកំណត់ ៣,២៦លានគ្រឿង។ ចំណែកឯក្រុមហ៊ុន Great Wall Motors ហាក់ដូចជាក្រុមហ៊ុនរថយន្តដែលខកបំណងខ្លាំងជាងគេ ដោយសារការលក់បានត្រឹមតែ ១,៣២៣ លានគ្រឿង ដែលស្មើនឹង ៣៣,០៩% ប៉ុណ្ណោះ បើធៀបនឹងគោលដៅដ៏ខ្ពស់រហូតដល់ ៤លានគ្រឿង។

ក្នុងចំណោមក្រុមហ៊ុនដែលសម្រេចបានលទ្ធផលលើសការរំពឹងទុក ក្រុមហ៊ុន Leapmotor សម្រេចបានការចែកចាយរថយន្តចំនួន ៥៩៦ ៥៥៥គ្រឿង ដែលលើសពីគោលដៅ ៥០០ ០០០គ្រឿងដែលបានកំណត់យ៉ាងខ្ពស់រហូតដល់ ១១៩,៣១%។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Xpeng Motors សម្រេចបានការចែកចាយរថយន្តចំនួន ៤២៩ ៤៤៥គ្រឿង ដែលលើសពីគោលដៅ ៣៥០ ០០០ គ្រឿងចំនួន ២២,៦៩%។

ចំណែកក្រុមហ៊ុន Xiaomi Auto នៅក្នុងឆ្នាំដំបូងបង្អស់នៃការផលិតពេញលេញរបស់ខ្លួន បានចែកចាយរថយន្តលើសពី ៤០០ ០០០គ្រឿង ដែលលើសពីគោលដៅ ៣៥០​ ០០០គ្រឿង ជាមួយនឹងអត្រាសម្រេចបានលើសពី ១១៤,២៩%។ ក្រុមហ៊ុនថ្មីថ្មោងនេបានរាយការណ៍ថា ការលក់ក្នុងខែធ្នូបានកើនឡើងលើសពី ៥០ ០០០គ្រឿង។ ក្រុមហ៊ុន Li Auto បានចែកចាយចំនួន ៤០៦ ៣៤៣គ្រឿង ដែលស្មើនឹង ៦៣,៤៩% នៃគោលដៅ ៦៤០ ០០០គ្រឿង។ ដោយឡែក ក្រុមហ៊ុន Nio បានបញ្ចប់ឆ្នាំ២០២៥ ជាមួយចំនួន ៣២៦ ០២៨គ្រឿង ពោលគឺស្មើនឹង ៧៤,១០% នៃគោលដៅ ៤៤០ ០០០គ្រឿងរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+