ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃសាក EV អាចនឹងកាន់តែចុះថ្លៃ ខណៈគម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់នៅកោះកុង នឹងដំណើរការចុងឆ្នាំនេះ

កម្ពុជា កំពុងបង្កើនឯករាជ្យភាពថាមពលអគ្គិសនីរបស់ខ្លួន តាមរយៈការកសាងប្រភពថាមពលផ្សេងៗ ហើយជាពិសេស​នៅចុងឆ្នាំ២០២៦នេះ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង នឹងត្រូវបានដាក់ឲ្យដំណើរការ​សម្រាប់ដំណាក់កាលទី១ និង ២០២៧ សម្រាប់ដំណាក់កាលទី២។

គម្រោងនេះ នឹងដើរតួនាទីសំខាន់​ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាព​ឲ្យបណ្តាញអគ្គិសនីកម្ពុជា។ ជាមួយគ្នានេះ តម្លៃអគ្គិសនី ជាពិសេស​តម្លៃនៃការបញ្ចូលថាមពលយានយន្តអគ្គិសនី ក៏ត្រូវបានរំពឹងដែរថា នឹងអាចកាន់តែចុះថ្លៃថែមទៀត ដូចការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ឯកឧត្តមបានថ្លែងបញ្ជាក់កាលពីចុងខែតុលា ឆ្នាំ២០២៥ថា ផែនការរបស់ក្រសួង គឺធ្វើយ៉ាងណាដើម្បីបន្ទាបតម្លៃនៃការសាកអាគុយរថយន្តអគ្គិសនី ឲ្យស្ថិតនៅក្រោមតម្លៃបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ស្ថានីយសាកអាគុយ EV នឹងត្រូវបង្កើតបន្ថែម​នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយក្តីបារម្ភរបស់អ្នកប្រើប្រាស់ ពោលគឺមិនថាទៅដល់ទីណា ក៏មានកន្លែងសាកដែរ ហើយមានល្បឿនលឿនថែមទៀតផង ដោយមិនចំណាយពេលរង់ចាំយូរនោះទេ។

សូមជម្រាបថា តាមរយៈ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» របស់រាជរដ្ឋាភិបាល គឺបានជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់អ្នកប្រើប្រាស់ ដោយរួមមានការបញ្ចូលថាមពល ការផ្គត់ផ្គង់ថាមពល ការថែទាំ និងជួសជុលជាដើម។

គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់នេះ មានទូរប៊ីនចំនួនពីរ ដែលទូរប៊ីននីមួយៗមានថាមពល ៤៥០មេហ្គាវ៉ាត់ ដែលជាបច្ចេកវិទ្យាក្រុមហ៊ុន Mitsubishi របស់ជប៉ុន សហការជាមួយក្រុមហ៊ុន Dongfang Electric របស់ចិន ដែលវិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។

ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសាងសង់វារីអគ្គិសនី ១៥០មេហ្កាវ៉ាត់ នៅខេត្តកោះកុង និងពោធិ៍សាត់, គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៤គម្រោង អានុភាព ៤៥០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង បាត់ដំបង និងពោធិ៍សាត់ និងគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួន ២គម្រោង អានុភាព ៣០០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD វិនិយោគខ្លាំងលើបច្ចេកវិទ្យា ADAS! ប្រើបុគ្គលិក ៥ពាន់នាក់ក្នុងការអភិវឌ្ឍ ហើយគ្រោងវិនិយោគ ១៤,៣ពាន់លានដុល្លារ នាពេលអនាគត

ក្រុមហ៊ុន BYD បានបង្កើតក្រុមការងារជំនាញយ៉ាងច្រើនដែលមានចំនួន ៥ ០០០នាក់ ដើម្បីផ្ដោតលើការអភិវឌ្ឍបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ (ADAS) ហើយគ្រោងនឹងវិនិយោគថវិកាជាង ១០០ ពាន់លានយ័ន (ប្រហែល ១៤,៣ពាន់លានដុល្លារ) ទៅលើបច្ចេកវិទ្យាបើកបរឆ្លាតវៃ(Intelligent Driving Technologies) នាពេលអនាគត។

សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានេះ BYD កំពុងជម្រុញដំណោះស្រាយ “AI intelligent agent + world model” ដោយប្រើប្រាស់សេណារីយ៉ូនិម្មិត (virtual scenarios) ដើម្បីបណ្តុះបណ្តាលប្រព័ន្ធឱ្យចេះដោះស្រាយកំហុសដែលកម្រនឹងកើតមាន។

BYD បានបញ្ជាក់ថា ប្រព័ន្ធជំនួយការបើកបរ និង Intelligent Cockpits គឺជាស្នូលនៃភាពឆ្លាតវៃរបស់រថយន្ត។ ដោយរថយន្តលែងគ្រាន់តែជាមធ្យោបាយធ្វើដំណើរទៀតហើយ ប៉ុន្តែវានឹងក្លាយជា “Intelligent Entities” នៅក្នុងយុគសម័យអ៊ីនធឺណិតនៃវត្ថុ (IoT)។ ក្រុមហ៊ុនចង់ផ្លាស់ប្តូររថយន្តពី “មធ្យោបាយធ្វើដំណើរ” ទៅជា “ដៃគូជីវិត-Life Partners” ជាមួយនឹងមុខងារដូចជា ការភ្ជាប់ទំនាក់ទំនងជាមួយដ្រូន (drone integration) និងការបញ្ជាឧបករណ៍ក្នុងផ្ទះដ៏ឆ្លាតវៃ (smart home control) ជាដើម។

ក្នុងនោះ BYD មានគោលដៅដាក់បញ្ចូលប្រព័ន្ធ ADAS កម្រិតខ្ពស់ជាស្តង់ដារ នៅថ្នាក់នៃម៉ូឌែលរថយន្តរបស់ខ្លួន ចាប់តាំងពីរថយន្តដែលមានតម្លៃសមរម្យ រហូតដល់រថយន្តប្រណីត។

សូមបញ្ជាក់ផងដែរថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ ចំនួនរថយន្តសរុបដែលបំពាក់ដោយប្រព័ន្ធ “God’s Eye” របស់ BYD បានកើនឡើងលើស ២,៥លានគ្រឿង ដែលបង្កើតបានជា Cloud Database ធំជាងគេបង្អស់សម្រាប់យានយន្តនៅក្នុងប្រទេសចិន។ ក្នុងនោះប្រព័ន្ធជំនួយការបើកបរនេះបង្កើតទិន្នន័យបើកបរជាក់ស្តែងជាង ១៥០លានគីឡូម៉ែត្រក្នុងមួយថ្ងៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីរបៀបកំណត់ការបាត់ប្រេងម៉ាស៊ីនរបស់រថយន្ត

ការបាត់កម្រិតប្រេងម៉ាស៊ីនរថយន្ត គឺជាបញ្ហាទូទៅមួយដែលតែងកើតឡើងចំពោះ​រថយន្តចំហេះក្នុង គ្រាន់តែបាត់តិចតួច ឬបាត់ច្រើន អាស្រ័យទៅលើមូលហេតុជាក់ស្តែងរបស់វា។

របៀបកំណត់ការបាត់ប្រេងម៉ាស៊ីន គឺគេមើលទៅលើការលេចជ្រាបតាមរយៈ រិញ រ៉ង ឬហ្វឺតណាមួយ​ក្នុងម៉ាស៊ីន ហើយកាន់តែច្បាស់នោះ គឺមានការលេចស្រកចុះដីក្រោមរថយន្ត។ យ៉ាងណាមិញ បើមិនមានករណីលេចជ្រាបស្រកប្រេងនេះទេ គឺគេអាចប៉ាន់ស្មានទៅលើ​ភាពសឹកចិលនៃគ្រឿងបង្គុំម៉ាស៊ីន ជាពិសេស ពិស្តុង ក្រវាត់ពិស្តុង និងជញ្ជាំងស៊ីឡាំង ដែលបណ្តាលឲ្យប្រេងម៉ាស៊ីន អាចហូរចូលដល់បន្ទប់ចំហេះ ដែលត្រូវបានដុតចោលជាមួយខ្យល់ និងឥន្ធនៈ។

ជាមួយគ្នានេះ ការខូចវ៉ាល់ PCV, ការរលុងរបស់តម្រងប្រេងម៉ាស៊ីន និងកំហាប់ប្រេងដែលមិនត្រូវជាមួយស្ថានភាពម៉ាស៊ីន ក៏ជាមូលហេតុនៃការបាត់ប្រេងផងដែរ។

ក្រៅតែពីឃើញការស្រកប្រេងក្រោ​មរថយន្ត គេក៏អាចកត់សម្គាល់ដឹងការបាត់ប្រេងតាមរយៈផ្សែងពណ៌ខៀវ ដែលចេញហ៊ុយចេញពីបំពង់ស៊ីមាំងក្រោយពេលបញ្ឆេះម៉ាស៊ីន ព្រោះវាបណ្តាលមកពីប្រេងដែលបានឆេះ​ក្នុងបន្ទប់ចំហេះ និងជាពិសេសចេញសញ្ញាឆេកប្រេងម៉ាស៊ីនដែលបង្ហាញក្នុងកុងទ័រ ព្រោះវាបញ្ជាក់ថា ប្រេងម៉ាស៊ីនត្រូវបានបាត់ និងខ្វះខ្លាំងដែលអាចឲ្យម៉ាស៊ីនខូចធ្ងន់ធ្ងរ។

ដូច្នេះហើយ អ្នកបើកបរតែងតែត្រូវបានក្រើនរំលឹក ឲ្យឆែកម៉ាកេប្រេងម៉ាស៊ីនជាទៀងទាត់ ដើម្បីមើលកម្រិតប្រេង ហើយប្រសិនបើឃើញបាត់ គួរយកចូលការ៉ាស់ដើម្បីជួសជុល ឲ្យបានឆាប់តាមដែលអាចធ្វើបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដភីកអាប់ Geely Riddara ប្រភេទ PHEV អាចបើកចម្ងាយរហូតដល់ ១ ០៦៨ គីឡូម៉ែត្រ ដាក់លក់នៅតម្លៃខ្ទង់២មុឺនដុល្លារ

ក្រុមហ៊ុន Geely បានដាក់សម្ពោធរថយន្តភីកអាប់ប្រភេទ Plug-in Hybrid ប៉ុងពីរ (AWD) ម៉ូឌែល Riddara RD6 Mountain Edition (ត្រូវបានស្គាល់ថា King Kong នៅក្នុងប្រទេសចិន) និងម៉ូឌែល Riddara Horizon High-Altitude Edition នៅក្នុងប្រទេសចិន ក្នុងតម្លៃប្រហែល ២០ ០០០ ដុល្លារ និង ២១ ៧០០ ដុល្លារ។ 

រថយន្ដទាំងពីរម៉ូឌែលនេះបំពាក់មកជាមួួយប្រព័ន្ធ Hybrid “NordThor EM-P” របស់ Geely ផ្ដល់នូវចម្ងាយបើកបរសរុប រហូតដល់ ១ ០៦៨ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ ជាមួយគ្នានេះរថយន្ដនេះមានអត្រាប្រសិទ្ធភាពនៃការបើកបររហូតដល់ ៩៥% ទោះស្ថិតក្នុងកម្ពស់ ៣ ៨០០ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ហើយវាមានសមត្ថភាពអាចបើកបរឡើងចំណោតដែលមានកម្រិតជម្រាល ៥៥% បានយ៉ាងងាយស្រួល ទោះបីជាផ្ទុកទម្ងន់ពេញក៏ដោយ។

សម្រាប់កម្រិតសមត្ថភាពរថយន្តនេះដំណើរដោយម៉ាសុីនចំណុះ ១.៥ លីត្រ Turbo រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ (Dual motors) ដំណើរការជាមួយប្រអប់លេខ ៣ វគ្គប្រភេទ DHT អាចផលិតកម្លាំងសរុប ២៦០ គីឡូវ៉ាត់ ឬស្មើនិង ៣៤៩ សេះ កម្លាំងរមួល ៩១៤ ញូតុនម៉ែត្រ។ បន្ថែមពីនេះរថយន្ដនេះបានបំពាក់មកជាមួយអាគុយប្រភេទលីចូមដែកផូស្វាត (Lithium iron phosphate) ទំហំ ១៩.០៩ គីឡូវ៉ាត់ម៉ោង ផ្ដល់នូវចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ១០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារ CLTC។

Geely launched Radar King Kong EM-P pickup for 19,400 USDរថយន្ត Riddara RD6 Mountain Edition ត្រូវបានអភិវឌ្ឍឲ្យមានលក្ខណៈប្រសើរឡើងបំផុតសម្រាប់ការបើកបរក្នុងស្ថានភាពផ្លូវភ្នំដ៏ស្មុគស្មាញ និងផ្លូវ Off-road ដោយបំពាក់ជាមួយប្រព័ន្ធបូមឯករាជ្យនៅកង់ទាំងបួន (Four-wheel independent suspension) និងបំពាក់ដោយសំបកកង់សម្រាប់គ្រប់ស្ថានភាពផ្លូវ (All-terrain tires)។

នៅពេលមិនមានផ្ទុកទំនិញ រថយន្ដនេះអាចជាន់សន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលត្រឹមតែ ៦.៣ វិនាទីប៉ុណ្ណោះ ហើយនៅពេលមានផ្ទុកទំនញពេញគឺប្រើរយៈពេល ៨.៦ វិនាទី។ រថយន្តស៊េរី Mountain Edition នេះ នៅតែរក្សានូវរាងរៅ និងវិមាត្រដូចគ្នាទៅនឹងរថយន្ដ Riddara RD6 EM-P មានវត្តមាននៅលើទីផ្សារបច្ចុប្បន្នផងដែរ។

លើសពីនេះ ក្រុមហ៊ុន Geely បានអះអាងថាចំពោះរថយន្ត Riddara Horizon High-Altitude Edition ត្រូវបានរចនាឡើងសម្រាប់តំបន់ដែលមានធាតុអាកាសត្រជាក់ខ្លាំង ដោយវាមានបំពាក់នូវប្រព័ន្ធការពារកម្ដៅអាគុយ (Battery insulation), ប្រព័ន្ធបញ្ឆេះម៉ាស៊ីនក្នុងសីតុណ្ហភាពទាបដែលត្រូវបានកែលម្អឲ្យកាន់តែប្រសើរ និងប្រព័ន្ធគ្រប់គ្រងកម្ដៅកម្រិតខ្ពស់ ដើម្បីធានាថាវាអាចបញ្ឆេះបានយ៉ាងមានទំនុកចិត្ត ទោះបីស្ថិតនៅក្នុងសីតុណ្ហភាពទាបបំផុតរហូតដល់ -៣០ អង្សាសេ។

នៅលើផ្លូវដែលមានទឹកកក និងព្រិល ប្រព័ន្ធប៉ុងពីរ (AWD) របស់វាប្រើប្រាស់បច្ចេកវិទ្យាបែងចែកកម្លាំងរមួលក្នុងកម្រិតមិល្លីវិនាទី (Millisecond-level) ដើម្បីកែតម្រូវកម្លាំងទៅកាន់កង់នីមួយៗក្នុងគោលបំណងការពារការរអិល។រថយន្ដម៉ូឌែលនេះក៏មានបំពាក់មកជាស្ដង់ដារនូវ ប្រព័ន្ធកម្ដៅកៅអីជួរមុខ និងមុខងារបញ្ឆេះរថយន្តពីចម្ងាយ (រួមទាំងការបញ្ជាសីតុណ្ហភាពក្នុងរថយន្ត) តាមរយៈកម្មវិធីទូរស័ព្ទដៃផងដែរ៕

The Geely Radar King Kong EM-P is a PHEV pickup truck with 914 Nm of  torque! - AutoBuzz.my

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG Cambodia ទទួលបាននូវភាពជោគជ័យដោយម្រេចបានការលក់ចេញរថយន្តលើស 2,000 គ្រឿងនៅក្នុងឆ្នាំ 2025 ព្រមទាំងបានរៀបចំនូវភាពច្នៃប្រឌិតថ្មីៗសម្រាប់អតិថិជននៅប្រទេសកម្ពុជាដោយបង្ហាញនូវម៉ូដែលថ្មីប្រភេទ Hybrid និង រថយន្តភីកអាប់ pickup សម្រាប់ឆ្នាំ2026នេះ

ក្រុមហ៊ុន MG Cambodia ពិតជាមានមោទនភាពក្នុងការអបអរសាទរនូវសមិទ្ធផលដ៏សំខាន់នៅក្នុងឆ្នាំ២០២៥ ជាមួយការលក់ចេញរថយន្ត MG លើស 2000 គ្រឿងទូទាំងប្រទេសកម្ពុជាដោយជោគជ័យដែលនេះបញ្ជាក់ជាថ្មីនូវតំណែងរបស់ខ្លួនជាម៉ាកយីហោរថយន្តថ្មីដែលអាចទុកចិត្តបាន និង មានទីផ្សារល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលស្ថិតក្នុងជម្រើសរបស់អ្នកប្រើប្រាស់។

សមិទ្ធផលដ៏អស្ចារ្យនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំពីសំណាក់អតិថិជន MG ទាំងអស់នៅកម្ពុជាដែលទទួលបាននូវការគាំទ្រលើរថយន្តគ្រប់ប្រភេទរបស់ខ្លួនមានទាំងរថយន្តប្រភេទ Sedan, ប្រភេទ SUV, ប្រភេទ MPV និង រថយន្តអគ្គិសនី។ ក្រុមហ៊ុន MG នៅតែបន្តបំពេញតម្រូវការចម្រុះដល់អ្នកប្រើប្រាស់រថយន្តនៅកម្ពុជាជាមួយនឹងដាក់លក់រថយន្តមានការរចនាស៊ីវិល័យទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗ មានលក្ខណៈពិសេសៗនៃប្រព័ន្ធសុវត្ថិភាព និង មានតម្លៃប្រកួតប្រជែងខ្លាំង ចាប់ពីរថយន្ត SUV ខ្នាតតូចរហូតដល់រថយន្តប្រភេទ SUV លក្ខណៈគ្រួសារ និងមានរថយន្តអគ្គីសនីបែបស្ព័រដូចជារថយន្ត MG Cyberster ជាដើម។

ហើយរថយន្តដែលលក់ដាច់ខ្លាំងបំផុតរបស់ MG គឺម៉ូឌែល MG ZS ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជាដោយសារតែមានតម្លៃសមរម្យ បំពាក់ដោយលក្ខណៈពិសេសដ៏សម្បូរបែប មានការសន្សំសំចៃប្រេងឥន្ធនៈ និងមានរចនាបទទាន់សម័យទាំងរូបរាងខាងក្រៅនិងផ្នែកខាងក្នុង។ បច្ចុប្បន្នរថយន្តរថយន្ត MG ZS មានពីរជម្រើសជូនអតិថិជន ហើយមានតម្លៃចាប់ពី $25,200 ដល់ $27,990 ប៉ុណ្ណោះ។

នៅពីក្រោយភាពជោគជ័យរបស់ MG គឺមានកត្តាជាច្រើនដែលជួយជម្រុញនិងបង្កើនការលក់របស់ខ្លួនដោយផ្អែកលើ តម្លៃរថយន្តលក់ចេញបន្តមានទីផ្សារល្អមិនសូវខាតច្រើន មានសេវាកម្មវៃដូររថយន្ត(Trade-In )ដែលអាចទុកចិត្តបាន និងទាក់ទាញដល់អតិថិជនថ្មីៗជាច្រើន។ តាមរយៈកម្មវិធីនេះ ម្ចាស់រថយន្តដែលកំពុងប្រើប្រាស់រថយន្ត MG ស្រាប់ ឬអ្នកប្រើរថយន្តម៉ាកផ្សេងក៏អាចសិក្សាដោះដូរយករថយន្ត MG បានយ៉ាងងាយស្រួលផងដែរ ព្រមទាំងទទួលបានតម្លៃរថយន្តថ្មីសមរម្យ និង មានទំនុកចិត្តលើក្នុងពេលប្រើប្រាស់។

ស្របជាមួយគ្នានោះដែរ ក្រុមហ៊ុន MG Cambodia បន្តទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនរបស់ខ្លួនតាមរយៈការផ្តល់នូវសេវាកម្មក្រោយពេលលក់ជាច្រើនសាខាដែលធានាបាននូវងាយស្រួលជូនអតិថិជនបន្ទាប់ពីទិញរថយន្ត MG រួច ដែលបច្ចុប្បន្ននេះ MG មានមជ្ឈមណ្ឌលសេវាកម្មថែទាំរថយន្តចំនួន3សាខាក្នុងទីក្រុងភ្នំពេញ នៅខេត្តសៀមរាប និងបើកបដំណើរការឆាប់ៗនេះនៅក្នុងខេត្តបាត់ដំបង។ ក្រុមហ៊ុន MG ក៏បានផ្តល់នូវគ្រឿងបន្លាស់សុទ្ធoriginal និងមានអ្នកជំនាញផ្នែកបច្ចេកទេសដែលមានវិញ្ញាបនបត្រការបណ្តុះបណ្តាលត្រឹមត្រូវពីរោងចក្រអន្តរជាតិផងដែរ។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបានធ្វើឱ្យ MG មានលក្ខណៈពិសេសខុសប្លែកពីម៉ាករថយន្តថ្មីៗផ្សេងទៀត ដែលមិនត្រឹមតែផ្តោតសំខាន់លើការលក់ប៉ុណ្ណោះទេ ប៉ុន្តែ MG ក៏បានផ្តោតសំខាន់លើការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្តបានយ៉ាងត្រឹមត្រូវផងដែរដើម្បីប្រាកដាថាអតិថិជនទទួលបានការថែទាំពីអ្នកជំនាញរថយន្ត​MG។

តាមរយៈចក្ចុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន MG Cambodia គឺនៅតែបន្តផ្តោតលើការផ្តល់តម្លៃល្អដល់អតិថិជននៅកម្ពុជា។ ក្រុមហ៊ុនក៏បានណែនាំនិងបង្ហាញនូវម៉ូឌែលថ្មីដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ រួមមានដូចជារថយន្តប្រភេទ Hybrid ដែលសន្សំសំចៃប្រេងឥន្ធនៈ និងមានអត្ថប្រយោជន៍ជួយដល់បរិស្ថាន។ លើសពីនេះ ក្រុមហ៊ុន MG ក៏នឹងនាំមកនូវជាផ្លូវការរថយន្តប្រភេទភីកអាប់ Pickup ដែលមានគោលបំណងក្នុងការបំពេញតម្រូវការដល់អតិថិជនរបស់ខ្លួនដែលកំពុងស្វែងរករថយន្តដែលមានភាពធន់ រឹងមាំ មានដំណើរការបើកបរល្អ និង ស័ក្តសមទាំងការប្រើប្រាស់សម្រាប់ដឹកជញ្ផូនផ្នែកអាជីវកម្ម ការងារប្រចាំថ្ងៃ និងដំណើរកម្សាន្ត។

តំណាងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “សមិទ្ធផលនៃការលក់ចេញរថយន្តលើស 2,000 គ្រឿងនៅក្នុងឆ្នាំ2025 គឺជាលទ្ធផលដ៏អស្ចារ្យមួយដែលសរបញ្ផាក់ពីទំនុកចិត្តនិងការគាំទ្រដ៏រឹងមាំរបស់អតិថិជននៅប្រទេសកម្ពុជាចំពោះរថយន្ត MG។ យើងនឹងបន្តនាំមកនូវផលិតផលដែលជារថយន្តម៉ូឌែលថ្មីៗ បំពាក់នូវបច្ចេកវិទ្យាទំនើប និងផ្តល់នូវសេវាកម្មកាន់តែល្អដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ដើម្បីជាការតបស្នងនិងពង្រីកទីផ្សារកាន់តែទូលំទូលាយសម្រាប់អ្នកគាំទ្ររបស់យើងគ្រប់កាលៈទេសៈ។”

ស្របជាមួយគ្នានោះដែរ ក្រុមហ៊ុន MG Cambodia បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងឆ្នាំថ្មីឆ្នាំ២០២៦ ដោយក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះភាពច្នៃប្រឌិត ផ្តល់សេវាកម្មកាន់តែល្អឥតខ្ចោះ និង ការពង្រីកវិសាលភាពនៃផលិតផលរបស់ខ្លួន ដើម្បីបម្រើជូនអតិថិជននៅក្នុងទីផ្សាររថយន្តថ្មី ដែលកំពុងវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងនិងរីកចម្រើនតទៅមុខទៀត។ ដោយមានការគាំទ្រពីគ្រប់សកម្មភាពរបស់ក្រុមហ៊ុន ព្រមទាំងមានការចូលរួមពីសំណាក់អតិថិជន និង ការពង្រីកបណ្តាញផ្នែកលក់និងផ្នែកសេវាកម្មថែទាំរថយន្តយ៉ាងឆាប់រហ័សនេះ បានធ្វើឱ្យក្រុមហ៊ុន MG Cambodia ទទួលបាននូវភាពរីកចម្រើនប្រកបដោយចីរភាព និងការពេញចិត្តរបស់អតិថិជនរយៈពេលវែង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានានូវសន្តិភាពផ្លូវដល់អតិថិជនរបស់ខ្លួនចាប់ពីពេលទិញរហូតបានក្លាយជាម្ចាស់រថយន្តនិងទទួលបានបទពិសោធន៏ប្រើប្រាស់រថយន្តថ្មីយ៉ាងល្អបំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របាយការណ៍ថ្មី៖ ការកែច្នៃអាគុយឡានអគ្គិសនីនៅចិនមានសន្ទុះលឿន ខណៈតម្លៃទីផ្សារហក់ឡើងដល់ ៧៨ពាន់លានដុល្លារ

ឧស្សាហកម្មកែច្នៃអាគុយរបស់ចិនកំពុងមានសកម្មភាពកើនឡើង ស្របពេលជាមួយនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង ជាពិសេសការកើនឡើងនៃចំនួនអាគុយរថយន្តអគ្គិសនីដែលអស់អាយុកាលប្រើប្រាស់។

យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្ម Qianzhan បានឱ្យដឹងថា ទីផ្សារកែច្នៃអាគុយរបស់ចិនបានឈានដល់ ៥៥៨ពាន់លានយ័ន (ប្រហែល ៧៨ ពាន់លានដុល្លារ)។ ហើយចំណូលពីការលក់វត្ថុធាតុដើមកែច្នៃរបស់អាគុយ បង្កើតចំណូលបាន ៦៤៧ពាន់លានយ័ន (ប្រហែល ៩០ពាន់លានដុល្លារ)។

ក្នុងនោះវិធីសាស្ត្រកែច្នៃត្រូវបានបែងចែកជា ២ផ្នែកគឹការប្រើប្រាស់បន្ត (Cascade utilization) ដែលយកអាគុយចាស់ទៅប្រើប្រាស់ក្នុងគោលបំណង ឬវិស័យផ្សេងទៀត និងវិធីមួយទៀតការកែច្នៃយកវត្ថុធាតុដើម (Material recycling) ដូចជាលោហធាតុ និងវត្ថុធាតុផ្សេងៗពីអាគុយមកកែច្នៃប្រើប្រាស់ឡើងវិញ។

គិតត្រឹមឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ១៥៦ ដែលទទួលបានអាជ្ញាប័ណ្ណសម្រាប់កែច្នៃអាគុយលីចូម-អ៊ីយ៉ុង (Lithium-ion) ជាមួយនឹងសមត្ថភាពកែច្នៃសរុប ៤២៣,៣ លានតោនក្នុងមួយឆ្នាំ។ សម្រាប់អាគុយដែលប្រើសំណ (Lead-acid) មានចំនួន ៧១ក្រុមហ៊ុនដែលមានសមត្ថភាពកែច្នៃ ១,៤៧ ពាន់លានតោន។

ផ្អែកលើសមត្ថភាពកែច្នៃដែលបានប្រកាសក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Bangpu Recycling និង CATL បានគ្រប់គ្រងប្រហែល ៦,៤ភាគរយ នៃសមត្ថភាពកែច្នៃអាគុយលីចូមសរុប។ ខណ:ក្រុមហ៊ុន GEM ស្ថិតក្នុងលំដាប់បន្ទាប់ជាមួយនឹងចំណែកប្រហែល ៥,៩ភាគរយ ហើយក្រុមហ៊ុន Ganfeng Lithium និង Xien Recycling មានប្រហែល ៤,៧ភាគរយ។

ក្នុងនោះ តម្លៃទីផ្សារកែច្នៃអាគុយត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ១៣៩ពាន់លានដុល្លារ ហើយក្នុងរយ:ពេលដូចគ្នានោះការលក់វត្ថុធាតុដើមកែច្នៃរក៏ត្រូវបានព្យាករណ៍ថានឹងលើសពី ២៧៨ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វេណេហ្សុយអេឡា ជាប្រទេសដែលមានតម្លៃសាំងថោកជាងគេបំផុតទី២ ក្នុងពិភពលោក អ៊ីចឹងនៅត្រូវការ EV ទេ?

បើគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ វេណេហ្សុយអេឡា ជាប្រទេសដែលមាន​តម្លៃប្រេងសាំងថោកជាងគេបំផុតទី២ ក្នុងពិភពលោក គឺតែ ០,០៤ដុល្លារតែប៉ុណ្ណោះក្នុង១លីត្រ ពោលគឺថោកជាងតម្លៃទឹកសុទ្ធ១ដបទៅទៀត។ ចំណែកប្រទេសដែលមានតម្លៃប្រេងសាំងថោកជាងគេបំផុតទី១ គឺ អ៊ីរ៉ង់ ត្រឹមតែ ០,០៣ដុល្លារប៉ុណ្ណោះក្នុង១លីត្រ។

មិនចម្លែកទេ ព្រោះវេណេហ្សុយអេឡា ជាប្រទេសសម្បូរប្រេងដ៏ធំបំផុតមួយក្នុងពិភពលោក។ ដូច្នេះ បើតម្លៃប្រេងសាំងថោកខ្លាំងបែបនេះហើយ តើអ្នកប្រើប្រាស់រថយន្តនៅវេណេហ្សុយអេឡា ត្រូវការរថយន្តអគ្គិសនីទេ? ការពិតទៅ ថ្វីត្បិតតែប្រទេសនេះ មានតម្លៃសាំងថោកយ៉ាងណាក៏ដោយ ក៏ប្រទេសនេះ នៅតែ​ជំរុញការប្រើប្រាស់​រថយន្តអគ្គិសនី ដូចប្រទេសដទៃទៀតដែរ។

 

យ៉ាងណាមិញ ដំណើរឆ្ពោះទៅរកការប្រើប្រាស់រថយន្តអគ្គិសនីក្នុងប្រទេសវេណេហ្សុយអេឡា មានភាពយឺតយ៉ាវ ដោយសារមូលហេតុធំៗដូចជា៖

១-តម្លៃរថយន្តខ្ពស់៖ វេណេហ្សុយអេឡា មិនមានរោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសឡើយ ដែលត្រូវនាំចូលពីប្រទេសផ្សេងៗ ហើយរថយន្តប្រភេទនេះគឺមានតម្លៃថ្លៃ ខណៈប្រជាជនមាន​ប្រាក់ចំណូលទាប។

២-កង្វះហេដ្ឋារចនាសម្ព័ន្ធ៖ រថយន្តអគ្គិសនី ចាំបាច់បំផុតត្រូវការស្ថានីយបញ្ចូលថាមពល ឲ្យមានច្រើនកន្លែង ដើម្បីធានាដល់ការធ្វើដំណើរ ប៉ុន្តែមកដល់ពេលនេះ វេណេហ្សុយអេឡា មិនទាន់អាចឆ្លើយតបដោះស្រាយបញ្ហានេះនៅឡើយទេ ហើយក៏មិនទាន់មានផែនការជាក់លាក់ និងច្បាប់ ​សម្រាប់ការប្រើប្រាស់​រថយន្តអគ្គិសនីគ្រប់គ្រាន់នៅឡើយ។

៣-ឧស្សាហ៍ដាច់បណ្តាញអគ្គិសនី៖ វេណេហ្សុយអេឡា បានជួបប្រទះបញ្ហាដ៏រុំារៃនេះជាយូរមកហើយ។ នេះជាកត្តាដ៏ធំបំផុតមួយ ដែលគេនៅស្ទាក់ស្ទើរមិនទាន់ហ៊ានចូលវិនិយោគលើវិស័យយានយន្តអគ្គិសនីនេះ ពោលគឺបារម្ភថា រថយន្តមិនអាចសាកភ្លើងបានគ្រប់គ្រាន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១ក្នុងចំណោម១០ នៃឡានថ្មីដែលលក់នៅអង់គ្លេស បង្ហាញថាជាឡានចិន

យោងតាមទិន្នន័យដែលបានចេញផ្សាយដោយ Guardian បានបង្ហាញពីទិន្នន័យនៃការលក់ឡានថ្មីនៅក្នុងប្រទេសអង់គ្លេស ដែលបង្ហាញថាឡាន ១ក្នុងចំណោម១០ នៃឡានថ្មីដែលលក់នៅអង់គ្លេស បង្ហាញថាជាឡានរបស់ម៉ាកយីហោរបស់ចិន។

គិតត្រឹមចុងឆ្នាំ២០២៥ ការនាំចូលឡានពីប្រទេសចិនមានខ្ទង់ ១០ភាគរយ ដែលប្រហែល ២០ម៉ឺនគ្រឿង ដោយឡានទាំងនេះមានមកពីម៉ាកយីហោ MG, BYD, Chery, Polestar រួមជាមួយ Leapmotor ផងដែរ។ ដោយឡានរបស់ MG លក់បានច្រើនជាងគេសរុបខ្ទង់ ៧ម៉ឺនគ្រឿង និងតាមពីក្រោយដោយ BYD លក់បាន ៩ពាន់គ្រឿង ដែលកាលពីឆ្នាំ២០២៤ លក់បានត្រឹម ៤ពាន់គ្រឿងប៉ុណ្ណោះ។

Guardian ក៏បានបង្ហាញដែលថាការលក់រថយន្តរបស់ម៉ាកយីហោប្រទេសចិនគឺបានកើនឡើងនៅលើទីផ្សារអឺរ៉ុប បើទោះបីជាពន្ធខ្ពស់ផងដែរ។ ខណ:ពេលការលក់របស់​ម៉ាកយីហោ​ជប៉ុន​ បើធៀបទៅនឹង​រយៈពេល​ដូច​គ្នា​ បាន​ឃើញ​ចំណែក​ទីផ្សារ​​ធ្លាក់​ចុះ​ជិត​ ១​ភាគរយ។ បើទោះបីការធ្លាក់ចុះនេះគឺមិនច្រើន ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនិន្នាការទិញរថយន្តរបស់ប្រជាជននៅទីផ្សារអឺរ៉ុបផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ3 ឆ្នាំ២០២៦ ចេញហើយ តម្លៃតែជាង ១ម៉ឺនដុល្លារ ហើយបំពាក់បច្ចេកវិទ្យា LiDAR ទៀត

រថយន្តអគ្គិសនី Toyota bZ3 ស៊េរីឆ្នាំ ២០២៦ ចេញលក់ជាផ្លូវការ ជាមួយតម្លៃចាប់ពី ១៥ ៧០០ដុល្លារ ដល់ ២២ ៨០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

ចំពោះចំណុចកែប្រែថ្មីសម្រាប់ម៉ូឌែលឆ្នាំ២០២៦ ផ្នែកខាងក្រៅគឺទទួលបាននូវស្តុបក្រោមថ្មីប្រភេទ LED រួមជាមួយពណ៌តួរខ្លួនថ្មីឱ្យឈ្មោះថា Dark Cloud Green។ ចំណែកផ្នែកខាងក្នុងទទួលបាននូវអេក្រង់កម្សាន្តថ្មីទំហំរហូតដល់ ១៥,៦អ៊ីញ ដំណើរការដោយឈីប Nvidia 5.0 រួមបន្ថែមជាមួយសេនស័ររហូតដល់ទៅ ៣២ សម្រាប់បច្ចេកវិទ្យា LiDAR និងបន្ថែមមុខងារជំនួយការបើកបរមួយចំនួនបន្ថែមទៀតផងដែរ។

រថយន្ត Toyota bZ3 ស៊េរីឆ្នាំ ២០២៦ បំពាក់ជាមួយអាគុយ Blade Battery របស់ BYD ដែលមានជម្រើសទំហំ ៤៩,៩kWh ដែលអាចបើកបានចម្ងាយខ្ទង់ ៥១៧គីឡូម៉ែត្រពេលសាកពេញម្តង និងទំហំ ៦៥,៣kWh អាចបើកបានចម្ងាយខ្ទង់ ៦១៦គីឡូម៉ែត្រពេលសាកពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សាររថយន្តថ្មីនៅកម្ពុជាបន្តកើនឡើង ឯរថយន្តជជុះថយចុះ ខណៈរោងចក្រដំឡើងរថយន្តក៏មានកាន់តែច្រើន

ក្នុងឆ្នាំ២០២៥កន្លងទៅ ទីផ្សាររថយន្តថ្មីនៅក្នុងប្រទេសកម្ពុជា បានបន្តកើនឡើង ៥៥% ចំណែករថយន្តជជុះ បានថយចុះមកត្រឹម ៤៥%។ នេះបើតាមការចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដែល​ដកស្រង់សម្តីលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។

លោកបានអះអាងទៀតថា រថយន្តជជុះ នឹងបន្តថយចុះបន្តទៀតដោយសារតែតម្លៃរថយន្តថ្មី ទាំងនាំចូល និងដំឡើងក្នុងស្រុក មានតម្លៃទាប ប្រហែលនឹងរថយន្តជជុះដែរ។ រថយន្ត​ដែលនាំចូលភាគច្រើន ជារថយន្តលក្ខណៈគ្រួសារ ប្រភេទ Sedan និង SUV និងរថយន្តប្រភេទ MPV។

គួរកត់សម្គាល់ដែរថា កាលពីចុងឆ្នាំកន្លងទៅ រោងចក្រដំឡើងរថយន្ត BYD ទើបតែបានសាងសង់រួចរាល់​នៅ​តំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ គ្រោងនឹងដំឡើង​រថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ ទន្ទឹមនេះ កម្ពុជា ក៏មានរោងចក្រដំឡើងរថយន្ត GAC និង Chevrolet ដែល​កំពុងសាងសង់​នៅខេត្តកំពង់ឆ្នាំងផងដែរ អាចនឹង​រួចរាល់នៅក្នុងឆ្នាំនេះ។

ជាមួយនឹងវត្តមានរោងចក្រផលិត និងដំឡើង​រថយន្តជាច្រើន​ដែលបាននឹង​កំពុងប្រតិបត្តិការ​នៅកម្ពុជា ដូចជា Ford, Toyota, GTV, Kia និង Isuzu ជាដើម បានធ្វើឲ្យតម្លៃរថយន្តថ្មីៗក្នុងស្រុក កាន់តែធូរថ្លៃសមរម្យ បង្កើតភាពចម្រុះនៃរថយន្ត​សម្រាប់តម្រូវការផ្សេងៗគ្នា​របស់អតិថិជន។

សម្រាប់​ការប្រើប្រាស់រថយន្តអគ្គិសនី​សុទ្ធនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ក៏មានការកើនឡើង​ខ្លាំងផងដែរ នោះក៏ដោយសារមានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល និងជាពិសេសគឺការលេចចេញជាបន្តបន្ទាប់ស្ទើរគ្រប់រាជធានីខេត្តទៅហើយ នូវ​ស្ថានីយបញ្ចូលថាមពល EV ដែលភាគច្រើនជាការវិនិយោគរបស់វិស័យឯកជន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+