ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើផ្លាកលេខ បាក់ រហែក រលុបអក្សរឬលេខ តើអាចសុំប្តូរថ្មីបានទេ?

ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី  អាចធ្វើការស្នើសុំប្តូរផ្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និងលេខនៅដដែល។ យ៉ាងណាមិញ ចំពោះផ្លាកលេខ ដែលរលុប ឬឆ្កូតតិចតួចដែលនៅអាចកំណត់អត្តសញ្ញាណយានជំនិះបាន  គឺមិនតម្រូវឱ្យធ្វើការប្តូរនោះទេ។

ចំពោះ ការស្នើសុំប្ដូរ បណ្ណ និង/ឬផ្លាកលេខសម្គាល់យានជំនិះដែលជាកម្មសិទ្ឋិរូបវន្តបុគ្គល ឬក្រុមហ៊ុន ត្រូវបំពេញបែបបទ និងភ្ជាប់ជាមួយនូវសំណុំឯកសារ ដូចខាងក្រោម៖

– ពាក្យស្នើសុំ (ដែលមានបិទកាល់លេខតួ ឬលេខសាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានជំនិះ)

– អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ

ករណី (ជារូបវន្តបុគ្គល)

. ពលរដ្ឋខ្មែរ៖ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច

. ជនបរទេស៖ ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ដោយមានផ្តិតស្នាមមេដៃរបស់សាម៉ីខ្លួន និងច្បាប់ដើមលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយស្ថាប័នមានសមត្ថកិច្ច

– អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ

ករណី (ជាក្រុមហ៊ុន)

. ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច

. ច្បាប់ថតចម្លងបណ្ណប៉ាតង់ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច

– បណ្ណសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)

– ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)

– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ច្បាប់ថតចម្លង (ករណី ត្រីចក្រយានយន្ត និងរថយន្ត)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើឥណ្ឌា មានចំណុចពិសេសអ្វី បានជាប្រេនរថយន្តធំៗ ចូលទៅដាក់រោងចក្រនៅទីនោះ?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរថយន្តធំៗជាច្រើន បានសម្រុកចូលទៅបើករោងចក្រ និងពង្រីកផលិតកម្មបណ្តាក់គ្នា ​នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនទាំងនោះរួមមានដូចជា Toyota, Honda, Suzuki, Ford, Nissan & Renault, Genesis និង VinFast ហើយក៏មានក្រុមហ៊ុនចិន Leapmotor ក៏គ្រោងនឹង​ដាក់រោងចក្រនៅប្រទេសនោះផងដែរ។

 

មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន​រថយន្តទាំងនោះ ងាកមកបើករោងចក្រនៅឥណ្ឌា គឺដោយសារពួកគេចង់កាត់បន្ថយការផលិតនៅក្នុងប្រទេសចិន ដោយសារតែការរឹតត្បិតផ្សេងៗពីសហរដ្ឋអាមេរិក លើរថយន្តដែលផលិតនៅចិន។ ហេតុផលដ៏ធំមួយទៀត គឺចំនួន​លក់រថយន្តរបស់ពួកគេ ក្នុងប្រទេសចិន បានធ្លាក់ចុះជាបន្តបន្ទាប់ ព្រោះតែមិនអាចប្រកួតប្រជែងជាមួយរថយន្តធូរថ្លៃរបស់ក្រុមហ៊ុនចិនបានឡើយ។

ចំណែកនៅប្រទេសឥណ្ឌាវិញ គឺរដ្ឋាភិបាលបានលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការវិនិយោគលើការផលិតរថយន្ត ជាពិសេស រថយន្តអគ្គិសនី តួយ៉ាង រថយន្ត Toyota Urban Cruiser ជាដើម។ តម្រូវការប្រើប្រាស់រថយន្តក្នុងប្រទេសឥណ្ឌា គឺខ្ពស់ខ្លាំងណាស់ ដែលធ្វើឲ្យឥណ្ឌា បានក្លាយជាទីផ្សាររថយន្តធំបំផុតទី៣ ក្នុងពិភពលោក កាលពីឆ្នាំមុន។

ចំណុចទាក់ទាញដ៏ធំមួយទៀត នោះគឺ​ ឥណ្ឌាសំបូរទៅដោយកម្លាំងពលកម្មដែលមានជំនាញ តែមានតម្លៃទាប ព្រមទាំងមានខ្សែចង្វាក់ផ្គត់ផ្គង់ស្រាប់ក្នុងប្រទេសទៀតផង ដែលធ្វើឲ្យការផលិតរថយន្តក៏មានថ្លៃដើមទាបផងដែរ។

អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ជាងនេះទៀតនោះ គឺវត្តមានរបស់ Tesla ដែលបានបោះជំហានចូលក្នុងទីផ្សារឥណ្ឌា កាលពីខែកក្កដា ឆ្នាំ​២០២៥កន្លងទៅ។ លើសពីនេះ កាលពីចុងខែវិច្ឆិកា ក្រុមហ៊ុន Tesla ក៏បាន​បើកដំណើរការមជ្ឈមណ្ឌលលក់ និងសេវាកម្មធំបំផុតរបស់ខ្លួនថែមទៀតនៅក្នុងប្រទេសនេះ ដែលស្ថិតនៅក្រុង Gurugram ​ដើម្បីជំរុញការលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Deepal នឹងប្រើទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៨៧៤ លានដុល្លារ ដើម្បីអភិវឌ្ឈរថយន្ដម៉ូឌែលថ្មីនិងបច្ចេកវិទ្យាឲ្យកាន់តែទំនើប

ក្រុមហ៊ុន Deepal បានប្រកាសអំពីការបញ្ចប់ការកៀងគរទុនជុំទី៣ ក្នុងកម្រិតទឹកប្រាក់ ៦.១២២ ពាន់លានយ័ន ឬស្មើនិងប្រមាណ ៨៧៤ លានដុល្លារ ដោយបញ្ជាក់ថា ថវិកានេះនឹងជួយពន្លឿនការអភិវឌ្ឍរថយន្ដរបស់ខ្លួនឲ្យកាន់តែលឿនជាងមុន។

CATL-Huawei-Changan JV's Shenlan S7 electric SUV rolled off production line  in Chinaតាមរយៈការកៀងគរទុនចុងក្រោយនេះ Deepal បានស្វាគមន៍ម្ចាស់ភាគហ៊ុនថ្មីចំនួនពីរគឺ៖ ក្រុមហ៊ុនរដ្ឋ Yufu Holding Group ដែលមានមូលដ្ឋាននៅទីក្រុង Chongqing និងក្រុមហ៊ុន CMB Financial Asset Investment ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ China Merchants Bank

បន្ទាប់ពីការកៀងគរទុននេះ ក្រុមហ៊ុន Changan នៅតែរក្សាការកាន់កាប់ភាគហ៊ុនចំនួន ៥០.៩៩៥៩ ភាគរយ នៅក្នុងក្រុមហ៊ុន Deepal ខណៈដែលក្រុមហ៊ុន Yufu កាន់កាប់ ១២.០៩៣៤ ភាគរយ និង CMB Financial កាន់កាប់ ២.៤១៨៧ ភាគរយ។ ចំណែកឯម្ចាស់ភាគហ៊ុនចាស់ៗមួយចំនួនទៀត ឃើញថាចំណែកភាគហ៊ុនរបស់ពួកគេមានការថយចុះបន្តិចបន្តួច។

Changan Thailand plant starts production - capacity is 200,000 carsជាមួយទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៨៧៤ លានដុល្លារ ក្រុមហ៊ុន Deepal សម្រេចអភិវឌ្ឍលើចំណុច៣ធំៗរួមមាន៖

ចំណុចទី១. ការស្រាវជ្រាវ និងអភិវឌ្ឍន៍ម៉ូឌែលថ្មី (New Vehicle R&D)

Deepal មានគោលដៅមហិច្ឆតាក្នុងការបញ្ចេញរថយន្តម៉ូដែលថ្មីៗជាបន្តបន្ទាប់៖

  • បញ្ចេញរថយន្ត ៣០ ម៉ូឌែលថ្មី៖ ត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុនគ្រោងនឹងមានផលិតផលសរុបដល់ទៅ ៣០ ម៉ូដែល ដើម្បីគ្របដណ្តប់គ្រប់តម្រូវការអតិថិជន។
  • យុទ្ធសាស្ត្របញ្ចេញផលិតផលយ៉ាងឆាប់រហ័ស៖ ក្រុមហ៊ុនមានគម្រោងបញ្ចេញផលិតផលថ្មី ឬការអាប់ដេតថ្មីៗរៀងរាល់ ២ សប្តាហ៍ម្តង ក្នុងអំឡុងពេលខ្លះ ដើម្បីបង្កើនភាពប្រកួតប្រជែង។
  • ម៉ូឌែលសកល៖ ការអភិវឌ្ឍរថយន្តដែលរចនាឡើងសម្រាប់លក់នៅទូទាំងពិភពលោក (Global Models) ដូចជាស៊េរី S05, S07 និង L07។

ចំណុចទី២. ការច្នៃប្រឌិតបច្ចេកវិទ្យាឆ្លាតវៃ និងអគ្គិសនី (Intelligent & Electrification Innovation)

ថវិកានេះនឹងត្រូវវិនិយោគលើបច្ចេកវិទ្យាស្នូលដើម្បីនាំមុខគេក្នុងទីផ្សារ៖

  • ប្រព័ន្ធបើកបរអគ្គិសនីដែលមានប្រសិទ្ធភាពបំផុត៖ Deepal គ្រោងនឹងបង្ហាញប្រព័ន្ធ Electric Drive ដែលមានការរួមបញ្ចូលគ្នាខ្ពស់បំផុត និងមានប្រសិទ្ធភាពបំផុតក្នុងលោកនៅឆ្នាំ ២០២៦។
  • បច្ចេកវិទ្យាអាគុយមានសុវត្ថិភាពខ្ពស់៖ ការអភិវឌ្ឍអាគុយជំនាន់ថ្មី ដែលអាចធានាសុវត្ថិភាព (មិនឆេះ) ទោះបីជាមានការបុកទង្គិចក្នុងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង ក៏ដោយ។
  • បច្ចេកវិទ្យាបញ្ជាឆ្លាតវៃ (Intelligent Driving): ការបំពាក់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ (L2+) និងបន្ទះឈីបកម្រិត 3nm ទៅលើគ្រប់ម៉ូដែលរថយន្តរបស់ខ្លួន។

៣. ការពង្រីកខ្លួនទៅកាន់ទីផ្សារពិភពលោក (Global Brand Enhancement)

Deepal កំពុងប្រែក្លាយខ្លួនពីក្រុមហ៊ុនក្នុងស្រុក ទៅជាម៉ាករថយន្តកម្រិតពិភពលោក៖

  • គោលដៅលក់ ២ លានគ្រឿង៖ នៅត្រឹមឆ្នាំ ២០៣០ Deepal ចង់សម្រេចឱ្យបាននូវការលក់ ២ លានគ្រឿងក្នុងមួយឆ្នាំ ដែលក្នុងនោះ ៣៥% គឺជាការលក់នៅក្រៅប្រទេសចិន។
  • ការពង្រីកទីផ្សារ៖ បច្ចុប្បន្ន Deepal បានចូលទៅដល់ជិត ១០០ ប្រទេសហើយ និងកំពុងពង្រីកខ្លួនខ្លាំងនៅអឺរ៉ុប (ដូចជា អ៊ីតាលី និងអេស្ប៉ាញ), អាស៊ីអាគ្នេយ៍ (រោងចក្រនៅថៃ), មជ្ឈិមបូព៌ា និងអាហ្វ្រិក។
  • ការបង្កើតបណ្តាញចែកចាយ៖ គ្រោងបង្កើតឱ្យមានភ្នាក់ងារចែកចាយ (Dealers) ជាង ១,០០០ កន្លែងនៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០។

សរុបមកថវិកាវិនិយោគនេះគឺជា “គ្រាប់រំសេវ” ដ៏សំខាន់សម្រាប់ Deepal ក្នុងការប្រកួតប្រជែងជាមួយគូប្រជែងធំៗដូចជា Tesla និង BYD តាមរយៈការបញ្ចេញឡានថ្មីៗកាន់តែច្រើន និងបច្ចេកវិទ្យាទំនើបជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus សម្រេចដាក់បញ្ចេញរថយន្ដ RX450h+ ប្រភេទ PHEV ថ្មីតម្លៃធូរជាងមុនជិត២មុឺនដុល្លារ

រថយន្ត Lexus RX450h+ plug-in hybrid ស៊េរីឆ្នាំ ២០២៦ នឹងបន្ថែមជាមួយជម្រើសម៉ូឌែល១ទៀត ដោយរក្សាការឌីស្សាញដូចទៅហ្នឹងម៉ូឌែល RX450h+ Luxury ប៉ុន្តែមានតម្លៃធូរថ្លៃជាងមុនជិត២មុឺនដុល្លារ។ ទោះបីស្ថិតនៅលំដាប់ក្រោមម៉ូឌែល RX450h+ Sports Luxury ដែលមានស្រាប់ពិតមែន ប៉ុន្តែម៉ូឌែលថ្មី RX450h+ Luxury PHEV គឺទំនើបជាងម៉ូឌែលធម្មតាពីមុនដែលប្រើប្រាស់ប្រព័ន្ធថាមល Hybrid ។

Driveសម្រាប់រថយន្ត RX450h+ Luxury PHEV  មានតម្លៃ ១០៥ ៣៥០ ដុល្លារ (មិនទាន់បូកបញ្ចូលថ្លៃពន្ធផ្លូវ និងសេវាផ្សេងៗ) ជាមួយតម្លៃនេះធ្វើឲ្យវាមានតម្លៃតម្លៃជាង RX350h Hybrid កង់បុង២ ចំនួន ១១ ៨០០ ដុល្លារ  ប៉ុន្តែទាបជាងរថយន្ត RX450h+ Sports Luxury ចំនួន ១៨ ៣០០ ដុល្លារ។

មូលហេតុនៃការសម្រេចចេញនូវម៉ូឌែលថ្មីនេះគឺដោយសារក្រុមហ៊ុន Lexus បានមើលពីតម្រូវការរបស់អតិថិជនភាគច្រើនចូលចិត្តរថយន្ដប្រើប្រាស់ប្រព័ន្ធថាមពល Plug-in Hybrid បើតាមទិន្នន័យបង្ហាញថាពីក្រុមហ៊ុន Lexus អតិថិជនជាង ៨០% លែងចង់ប្រើម៉ាស៊ីនសាំងសុទ្ធទៀតហើយ គឺពួកគេងាកមកប្រើ Hybrid ឬ Plug-in Hybrid វិញ។

Driveសម្រាប់រថយន្ត Lexus RX450h+ Luxury plug-in hybrid ថ្មីនេះនៅតែរក្សាទុកនូវប្រព័ន្ធចលករដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ២.៥ លីត្រ  (naturally aspirated) ទំហំ ៤ស៊ីឡាំង រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដូចទៅនឹងរថយន្ដ RX450h+ Sports Luxury អាចផលិតកម្លាំងសរុបដល់ទៅ ២២៧ គីឡូវ៉ាត់ (227kW)។ 

ជាមួយគ្នានេះរថយន្ដ Lexus RX450h+ Luxury PHEV បានបំពាក់មកជាមួយអាគុយទំហំ ១៨.១ គីឡូវ៉ាត់ម៉ោង (18.1kWh) អនុញ្ញាតឲ្យរថយន្តនេះអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៨៥ គីឡូម៉ែត្រ (តាមការអះអាងរបស់ក្រុមហ៊ុន) គឺវាស្មើនឹងសមត្ថភាពរបស់ម៉ូឌែល RX450h Sports Luxury ។

2026 Lexus RX 450h+ | Luxury Plug-in Hybrid SUV | Lexus Canadaបើធៀបនឹងរថយន្ដ RX350h Luxury ធម្មតា RX450h+ Luxury PHEV បានបំពាក់ជាមួយមុខងារបន្ថែមជាច្រើន រួមមាន ប្រព័ន្ធបូម (Adaptive variable suspension), កុងទ័រឌីជីថលពេញលេញ និងការតុបតែងដោយស្បែកប្រណីត។

បន្ថែមពីនេះវាក៏ភ្ជាប់ជាមួយកញ្ចប់ជម្រើសបន្ថែម (Enhancement pack) ដែលមាននៅលើរថយន្ត RX350h Luxury ដូចជា៖ ការតុបតែងដោយស្បែក, ប្រព័ន្ធចងចាំទីតាំងកៅអីអ្នកបើកបរ និងមុខងារចេញ-ចូលរថយន្តដោយងាយស្រួល, កៅអីមុខមានខ្យល់ត្រជាក់, ដំបូលកញ្ចក់, ប្រព័ន្ធបង្ហាញព័ត៌មានលើកញ្ចក់មុខ (Head-up display) និងប៊ូតុងបញ្ជានៅលើចង្កូតបែប Touch ត្រូវបានដាក់បញ្ចូលមកជា ឧបករណ៍ស្តង់ដារ តែម្តងសម្រាប់ម៉ូដែល RX450h+ Luxury នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធសាំងរបស់រថយន្ត មាន​គ្រឿងបង្គុំ និងដំណើរការបែបណាខ្លះ?

ប្រព័ន្ធសាំងរបស់​រថយន្ត រួមបញ្ចូលគ្នានូវគ្រឿងបង្គុំដែលផ្ទុក និងបញ្ជូនសាំង​ចេញពីធុងសាំង ចូលទៅដុតចំហេះក្នុងម៉ាស៊ីនដើម្បីដំណើរការរថយន្ត។ មុខងារចម្បង​នៃប្រព័ន្ធនេះ ផ្តល់នូវ​ការផ្គត់ផ្គង់​សាំងដែលត្រូវបានសម្អាត មុនចូលក្នុងម៉ាស៊ីន ដើម្បីឲ្យរថយន្តដំណើរការដោយរលូន ប្រសិទ្ធភាព កម្លាំងខ្លាំង និងកាត់បន្ថយការបញ្ចេញផ្សែង។

គ្រឿងបង្គុំក្នុងប្រព័ន្ធសាំង និងតួនាទីរបស់វារួមមានដូចជា៖

១. ធុងសាំងៈ ជាកន្លែងផ្ទុកសាំងរបស់រថយន្ត។

២. ទុយោសាំងៈ ជាកន្លែងនៃលំហូរសាំងចូលទៅក្នុងម៉ាស៊ីន ដែលវាត្រូវតែមានភាពធន់ ទប់កម្តៅ និងរក្សាសម្ពាធ ដើម្បីធានាដល់ការបញ្ជូនសាំង។

៣. តម្រងសាំងៈ វាជាអ្នកច្រោះសម្អាតដី ធូលី កម្ទចកម្ទីចេញពីសាំង មុនចូលទៅក្នុងម៉ាស៊ីន។

៤. បូមសាំងៈ វាជាអ្នកទាញយកសាំងចេញពីធុងសាំង ចូលទៅម៉ាស៊ីន។

៥. កុងទ័រសាំង៖ វាជារង្វាស់​មួយដែលអាចឲ្យអ្នកបើកបរ ប៉ាន់ស្មានពីកម្រិតសាំងដែលនៅសល់ក្នុងធុង។ ប្រសិនបើសាំងនៅសល់តិចមែនទែននោះ វានឹងលោតចេញសញ្ញាធុងសាំងនៅលើកុងទ័រ ដើម្បីឲ្យអ្នកបើកបរ ចាក់បំពេញឲ្យបានឆាប់។

៦. ប៊ិចសាំង៖ វាជាអ្នកបាញ់សាំងនៅក្នុងបន្ទប់ចំហេះដើម្បីដុតជាមួយល្បាយខ្យល់។

៧. ឧបករណ៍ថ្លឹងសម្ពាធសាំង៖ វាជាអ្នកសម្រួលលំហូរសាំង ស្របតាមតម្រូវការរបស់ម៉ាស៊ីន ហើយបើសាំងលើស វានឹងកំណត់​ឲ្យបញ្ជូនសាំងចូលក្នុងធុងវិញ។

៨. រ៉ែលសាំង (Fuel Rail): វាជាអ្នកបញ្ជូនសាំងដោយផ្ទាល់ទៅឲ្យប៊ិចសាំង ដោយវានៅជាប់ជាមួយគ្នាតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Amazon ដក Software រថយន្ត Robotaxi ជិត ៤០០គ្រឿងរបស់ខ្លួនទៅវិញ ក្រោយរកឃើញការបំពានច្បាប់ចរាចរណ៍

ក្រុមហ៊ុន Zoox ដែលជាក្រុមហ៊ុនតាក់សុីគ្មានមនុស្សបើក (Robotaxi) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Amazon បានប្រកាសដកយកនូវ Software កម្មវិធីរថយន្ត Robotaxi របស់ខ្លួន (software recall) ចំនួន ៣៣២គ្រឿង មកកែសម្រួលឡើងវិញ ក្រោយរកឃើញឥរិយាបថបើកបរខ្លះៗដែលអាចបង្កគ្រោះថ្នាក់នៅពេលបើកបរ។

យោងតាមរបាយការណ៍របស់ NHTSA (រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក) រថយន្ត Robotaxi របស់ក្រុមហ៊ុន Zoox មួយចំនួនអាចមានឥរិយាបថបំពានច្បាប់ចរាចរណ៍ជាច្រើនដូចជា ការបើកហួសគំនូសខណ្ឌចែកពណ៌លឿង ការឈប់ ឬបើកឆ្លងកាត់កន្លែងដែលអ្នកដំណើរថ្មើរជើងត្រូវឆ្លងកាត់ និងការឈប់នៅចំណុចប្រសព្វនៃផ្លូវជាដើម។

ក្នុងនោះ បញ្ហានេះ ត្រូវបានរកឃើញជាលើកដំបូងនៅចុងខែសីហា បន្ទាប់ពីរថយន្តមួយបានបើកបត់ស្តាំ ហើយចូលទៅក្នុងគន្លងផ្លូវបញ្រ្ជាស។

ក្រោយពេលពិនិត្យទិន្នន័យនេះ ក្រុមហ៊ុន Zoox ផ្ទាល់ គឺបានរកឃើញករណីស្រដៀងគ្នានេះចំនួនដល់ទៅ ៦២ករណីឯណ្ណោះ។ គួរបញ្ជាក់ថា ទោះបីជាមិនមានគ្រោះថ្នាក់ ឬការប៉ះទង្គិចណាមួយកើតឡើងក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន Zoox ផ្ទាល់ គឺបានទទួលស្គាល់ថាវាជាបញ្ហាបច្ចេកទេសដែលមិនអាចមើលរំលងបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនគួរឲជឿ! សាកថ្មបានចម្ងាយ ៤០០គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ

ទោះបីជាការប្រើប្រាស់រថយន្តអគ្គិសនី (EV) នាពេលបច្ចុប្បន្ននេះកំពុងមានការកើនឡើងខ្លាំងក៏ដោយ ក៏ប៉ុន្តែបញ្ហាដ៏ធំមួយដែលធ្វើឱ្យមនុស្សជាច្រើននៅតែមានការព្រួយបារម្ភ និងពិបាកក្នុងការសម្រេចចិត្តប្រើប្រាស់នូវរថយន្តអគ្គិសនី (EV) នោះ គឺត្រូវចំណាយពេលវេលាសាកថ្មយូរ។ ដូចនេះ ដើម្បីធ្វើការដោះស្រាយនូវបញ្ហានេះ ពេលនេះ ក្រុមហ៊ុន BYD បានបង្ហាញចេញនូវបច្ចេកវិទ្យាសាកថ្មថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺអាចសាកថ្មបានលឿនដូចគ្នានឹងការចាក់សាំងអញ្ចឹង។

យោងតាមការប្រកាស និងវីដេអូមួយដែលកំពុងពេញនិយមនៅលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញថា រថយន្តអគ្គិសនី BYD នៅពេលដែលប្រើប្រាស់នូវប្រព័ន្ធសាកថ្មថ្មីនេះ គឺអាចសាកបានចម្ងាយប្រហែល ២៥០ម៉ាយ ឬ ៤០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ។

ក្នុងនោះ សម្រាប់ប្រព័ន្ធសាកថ្មថ្មីរបស់ក្រុមហ៊ុន BYD នេះផងដែរ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Super e-Platform។ វាជាប្រព័ន្ធសាកថ្ម 1000V ដែលរួមបញ្ចូលគ្នារវាងថ្ម ម៉ូទ័រ ប្រព័ន្ធផ្គត់ផ្គង់ថាមពល និងប្រព័ន្ធដំណើរការទាំងអស់ឲ្យធ្វើការជាមួយគ្នានៅក្នុងប្រព័ន្ធប្រតិបត្តិការតែមួយ។

ចំណុចសំខាន់បំផុតនៃប្រព័ន្ធនេះ គឺថ្ម Flash Charging ថ្មី ដែលអាចទ្រាំទ្រចរន្តបានដល់ 1000A, បច្ចេកវិទ្យាសាក 10C និងប្រព័ន្ធកាត់បន្ថយកម្តៅពេលសាកល្បឿនលឿន។ ដោយសារតែបច្ចេកវិទ្យាទាំងនេះ ប្រព័ន្ធនេះ គឺអាចផ្គត់ផ្គង់ថាមពលនៅពេលសាកទៅអោយរថយន្តបានរហូតដល់ ១មេហ្គាវ៉ាត់ ឬ ១ ០០០គីឡូវ៉ាត់ឯណ្ណោះ។

គួរបញ្ជាក់ថា សម្រាប់រថយន្ត BYD ដែលប្រើប្រាស់នូវបច្ចេកវិទ្យានេះ រួមមានរថយន្ត BYD Han L ប្រភេទ Sedan និងរថយន្ត BYD Tang L ប្រភេទ SUV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ចេញរថយន្តអគ្គិសនី RZ 600e ដែលផ្តោតខ្លាំងទៅលើ Perfomance

Lexus បានប្រកាសចេញរថយន្តអគ្គិសនីម៉ូឌែលមួយទៀត ដែលស្ថិតក្នុងត្រកូល RZ ដដែលគឺ RZ 600e F Sport Performance ដែលត្រៀមនឹងដាក់លក់ជាផ្លូវការនៅទីផ្សារជប៉ុន ដើមខែមីនា ឆ្នាំ​២០២៦ ជាមួយតម្លៃជាង ៨ម៉ឺនដុល្លារ។

គួរដឹងថា ត្រកូល RZ គឺជារថយន្តអគ្គិសនីដំបូងរបស់ Lexus ដោយម៉ូឌែលទីមួយគឺជា RZ 450e បន្ទាប់មកបញ្ចេញ RZ 300e ដែលបង្កើនចម្ងាយបើកបរជាដើម។ សម្រាប់ម៉ូឌែលថ្មីនេះ គឺផ្តោតខ្លាំងទៅលើសន្ទុះ និងកម្លាំងនៃការបើកបរ ដោយមានកម្លាំងបញ្ចូលគ្នាសរុប ៤១៩សេះ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ ប្រើពេល ៤,៤វិនាទី។

រថយន្តអគ្គិសនី បំពាក់អាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង អាចបើកបរដល់ចម្ងាយ ៥២៥គីឡូម៉ែត្ររាល់ពេលសាកពេញ ជាមួយស្តង់ដារសាកថ្មល្បឿនលឿននៃប្រទេសជប៉ុន CHAdeMO។

ចំពោះការបញ្ចេញរថយន្តនេះ គឺមិនត្រឹមតែជាការបញ្ចេញ option ថ្មីនោះទេ ប៉ុន្តែវាក៏ជាការតំណាងឲ្យប្រេន Lexus ដែលហួសពីភាពត្រឹមតែប្រណីត ប៉ុន្តែក៏សំដៅដល់ Performance ដែរ។ ជាមួយគ្នានេះ Lexus ក៏បានធ្វើឲ្យរថយន្តនេះ កាន់តែទាក់ទាញខ្លាំងតាមរយៈ​យ៉ាន់កង់ Enkei alloy ពណ៌ខ្មៅទំហំ ២១អ៊ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault Filante បង្កើតកំណត់ត្រាថ្មីសាកថ្មតែម្ដងបើកបរបានចម្ងាយ ១ ០០៨ គ.ម ជាមួយល្បឿនបើកបរជាមធ្យម ១០២ គីឡូម៉ែត្រ/ម៉ោង

កំណត់ត្រាថ្មីត្រូវបានកត់ត្រាដោយរថយន្តគម្រូអគ្គិសនី Renault Filante បានបើកបរក្នុងចម្ងាយផ្លូវ ១ ០០៨ គីឡូម៉ែត្រ ក្នុងរយៈពេលតិចជាង ១០ ម៉ោង ជាមួយនឹងល្បឿនមធ្យម ១០២ គីឡូម៉ែត្រ/ម៉ោង និងកម្រិតស៊ីថាមពលត្រឹមតែ ៧ ៨ គីឡូវ៉ាត់ម៉ោង/១០០ គីឡូម៉ែត្រ ប៉ុណ្ណោះ។ អ្វីស្ទើរតែមិនគួរឲ្យជឿគឺរថយន្ដប្រើប្រាស់អាគុយទំហំតែ ៨៧ គីឡូវ៉ាត់ម៉ោង ជាទំហំដូចគ្នាទៅនឹងអាគុយបំពាក់លើរថយន្ត Scenic E-Tech electric ដែរ។ ជាមួយសមិទ្ធផលនេះបានបង្ហាញថា ចម្ងាយបើកបរដ៏ឆ្ងាយបែបនេះ គឺពិតជាអាចសម្រេចបាននៅក្នុងលក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន (Motorway)។ នៅពេលបញ្ចប់ការធ្វើដំណើរ រថយន្ត Filante នៅសល់ថាមពលអាគុយ ១១% ទៀត ដែលអនុញ្ញាតឱ្យវាអាចបន្តដំណើរបានចម្ងាយ ១២០ គីឡូម៉ែត្រ បន្ថែមទៀត ក្នុងល្បឿនលើសពី ១០០ គីឡូម៉ែត្រ/ម៉ោង។

Filante Record 2025: Renault's record-breaking philosophy - ecomotorsnewsក្នុងការធ្វើតេស្ដសាកល្បងមួយ បានធ្វើឡើងនៅឯទីលានសាកល្បង UTAC ក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។ គោលបំណងនៃការធ្វើនេះបានបង្ហាញយ៉ាងច្បាស់ថា ការធ្វើដំណើរតាមរថយន្តអគ្គិសនីក្នុងចម្ងាយឆ្ងាយ គឺអាចទៅរួចដោយមិនចាំបាច់ពឹងផ្អែកលើការប្រើប្រាស់អាគុយដែលមានទំហំធំខុសធម្មតានោះឡើយ។

មុនឈានដល់ការបំបែកកំណត់ត្រានេះរថយន្ត Renault Filante  ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់អាទិភាពខ្ពស់បំផុតលើប្រសិទ្ធភាពថាមពល ចាប់តាំងពីការគូម្រូប្លង់ដំបូង រហូតដល់ការសាកល្បងចុងក្រោយ។ ដើម្បីជោគជ័យក្នុងការធ្វើតេស្ដ រថយន្ដត្រូវបាផលិតឡើងដោយមានទម្ងន់ត្រឹមតែ ១ ០០០ គីឡូក្រាម។ ក្នុងដំណើរឈានទៅបំបែកកំណត់ត្រានេះក្រុមហ៊ុន Renault  បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Michelin ដើម្បីផលិតសំបកកង់ពិសេសដែលមានកម្លាំងកកិតទាប (Low-rolling-resistance tires) និងក្រុមហ៊ុន Ligier ដែលជាអ្នកអភិវឌ្ឍប្រព័ន្ធចលករ និងគ្រោងឆ្អឹងរថយន្ត។

Stunning Renault Filante EV Concept Was Built To Set Efficiency Recordsសម្រាប់ការសាកល្បងនៅក្នុងទូខ្យល់ (Wind-tunnel) កាលពីដើមឆ្នាំ ២០២៥ បាននាំឲ្យមានការកែសម្រួលរូបរាងរថយន្តឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា មេគុណកកិតជាមួយខ្យល់ (Drag coefficient) មានកម្រិតខ្ពស់ពេក។ ក្រុមវិស្វករបានកាត់បន្ថយកម្លាំងទប់កកិតជាមួយខ្យល់ពីប្រមាណ 0.40 មកត្រឹម 0.30។ ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមការងារបានអនុវត្តការផ្លាស់ប្តូរធំៗមួយចំនួនដូចជា៖

  • របាំងកង់ (Wheel Fairings): ត្រូវបានរចនាឡើងវិញ និងបំពាក់ជាប់ទៅនឹងកង់ផ្ទាល់តែម្តង ដើម្បីជួយឲ្យលំហូរខ្យល់កាន់តែល្អប្រសើរ។
  • ស្លាបសម្រួលខ្យល់ (Streamlined Wings): ពួកគេបានកែសម្រួលស្លាបសម្រួលខ្យល់ ឡើងវិញ ដើម្បីជួយឲ្យខ្យល់ធ្វើចលនាបានយ៉ាងរលូននៅជុំវិញគ្រឿងបង្គុំរបស់បូម និងប្រព័ន្ធបញ្ជូនចលនារបស់វា។
  • ច្រកស្រូបខ្យល់ (Air Intakes): ត្រូវបានកាត់បន្ថយទំហំឲ្យតូចជាងមុន ដើម្បីលុបបំបាត់កម្លាំងកកិតជាមួយខ្យល់ដែលនៅសេសសល់ (Parasitic drag)។

New Renault Filante Record 2025 - pictures | Auto Expressទន្ទឹមគ្នានេះដើម្បីកាត់បន្ថយទម្ងន់ឲ្យនៅកម្រិតស្រាលបំផុត ក្រុមការងារអភិវឌ្ឍន៍បានប្រើប្រាស់នូវសម្ភារៈទំនើបៗ និងចង្វាក់ផលិតកម្មកម្រិតខ្ពស់ជាច្រើនក្នុងនោះរួមមាន៖

  • រចនាសម្ព័ន្ធសមាសធាតុ (Composite Structures): ការប្រើប្រាស់យ៉ាងទូលំទូលាយនូវសារធាតុសរសៃកាបូននិងលោហៈធាតុអាលុយមីញ៉ូម។
  • ការបោះពុម្ពបែប 3D (3D Printing): ការបញ្ចូលនូវគ្រឿងបង្គុំដែលផលិតពី Scalmalloy (លោហៈធាតុសម្រាប់វិស័យអាកាសចរណ៍) និងអាលុយមីញ៉ូម ដែលផលិតតាមរយៈបច្ចេកវិទ្យាបោះពុម្ព 3D។
  • ប្រព័ន្ធហ្វ្រាំងបញ្ជាដោយអគ្គិសនី (Brake-by-Wire): សម្រាប់ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចដែលផ្តល់នូវភាពបត់បែនខ្ពស់ក្នុងការរចនារចនាសម្ព័ន្ធរថយន្ត ខណៈពេលដែលជួយកាត់បន្ថយទម្ងន់បានយ៉ាងច្រើន។

Renault Filante Record 2025 Aims to Set Efficiency Recordsក្រោយពីប្រើសមាសធាតុពិសេសវាបានជួយឲ្យរថយន្តសម្រេចបាននូវគោលដៅសមត្ថភាពរបស់ខ្លួន ក្នុងអំឡុងពេលនៃការសាកល្បងភាពធន់ (Endurance test) មានចំនួន ២៣៩ ជុំ។ ចំពោះគំនិតនៃការរចនារបស់រថយន្ត Filante គឺជាការផ្តល់កិត្តិយសដល់កេរដំណែលនៃល្បឿននៃការបើកបើកបរ និងភាពធន់របស់ក្រុមហ៊ុន Renault។

សម្រាប់ពណ៍ស្វាយនៃតួខ្លួនរថយន្តទាំងមូល គឺជាការរំលឹកដល់រថយន្តបំបែកកំណត់ត្រា 40 CV កាលពីឆ្នាំ ១៩២៥ និងរថយន្ត Étoile Filante ឆ្នាំ ១៩៥៦។ ដោយឡែកចំពោះកាប៊ីនអ្នកបើកបរមានលក្ខណៈជាពពុះការពារ (Protective bubble) ទទួលបានការបំផុសគំនិតពីយន្តហោះចម្បាំង ហើយទីតាំងអង្គុយរបស់អ្នកបើកបរត្រូវបានរចនាតាមគំរូរថយន្តប្រណាំង Formula 1៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើប្រព័ន្ធម៉ាស៊ីនរថយន្ត ត្រូវបែងចែកជាប៉ុន្មានផ្នែក?

មុខងារ​របស់​ប្រព័ន្ធម៉ាស៊ីនរថយន្ត គឺជាអ្នកបម្លែងសាំង ទៅជាថាមពលមេកានិច ដើម្បីឲ្យរថយន្តដំណើរការ ពោលវាគឺជាបេះដូងរបស់រថយន្ត។ ប្រព័ន្ធម៉ាស៊ីននេះ ត្រូវបានផ្គុំឡើងដោយគ្រឿងបង្គុំជាច្រើន និងបែងចែកជា ៣ផ្នែកសំខាន់ៗ គឺក្បាលគុយឡាស់ ប្លុកស៊ីឡាំង និងផ្នែកខាងក្រោមស៊ីឡាំងដែលជាកន្លែងកាទែប្រេង។

១. ក្បាលគុយឡាស់៖ ជាផ្នែកដែលស្ថិតនៅលើគេនៃម៉ាស៊ីន មានតួនាទីសំខាន់ៗ ដូចជា រក្សាបំណែន​នៃម៉ាស៊ីន គ្រប់គ្រងលំហូរល្បាយខ្យល់ ឥន្ធនៈ ការបញ្ចេញឧស្ម័ន និងគ្រប់គ្រងសីតុណ្ហភាព។ ក្នុងផ្នែកនេះ វាក៏ត្រូវភ្ជាប់មកជាមួយរ៉ងក្បាលគុយឡាស់ដើម្បីបិទជិតមិនឲ្យមានការលេចជ្រាបចូលគ្នារវាងប្រេង និងទឹកចូលដល់ក្នុងបន្ទប់ចំហេះឡើយ។ គ្រឿងបង្គុំសំខាន់ៗដែលស្ថិតក្នុងផ្នែកនេះ មានដូចជា ស៊ូប៉ាប់ ម៉ូប៊ីន ប៊ូស៊ី និងប៊ិចសាំងជាដើម។

២. ប្លុកស៊ីឡាំង៖ វាជាទីកន្លែងនៃស៊ីឡាំង ពីស្តុង និងឡាបអាកាម ពោលវាគឺជាកន្លែងនៃបន្ទប់ចំហេះតែម្តង។ ក្នុងផ្នែកនេះ វាក៏ជាកន្លែងនៃផ្លូវឆ្លងកាត់របស់ទឹកស្អំ ដើម្បីទប់កម្តៅម៉ាស៊ីន មិនឲ្យឡើងហួសកម្រិត និងជាកន្លែងដែលប្រេងហូររំអិលដល់គ្រឿងបង្គុំផ្សេងៗ។

៣. ផ្នែកខាងក្រោមស៊ីឡាំង ឬកាទែប្រេង៖ វាជាទីតាំងដែលស្ថិតនៅបាតម៉ាស៊ីន ជាកន្លែងផ្ទុកប្រេងម៉ាស៊ីន ដែលហូរត្រឡប់មកពីប្លុកស៊ីឡាំង ក្រោយពេលពន្លត់ម៉ាស៊ីនរថយន្ត។ នៅក្នុងផ្នែកនេះ ក៏មានបូមប្រេង ដែលវាមានតួនាទីជាអ្នកនាំយកប្រេងពីក្នុងកាទែ ចូលទៅរំអិលដល់គ្រឿងបង្គុំផងដែរ នៅពេលបញ្ឆេះម៉ាស៊ីន​រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+