ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ចេញរថយន្តអគ្គិសនី RZ 600e ដែលផ្តោតខ្លាំងទៅលើ Perfomance

Lexus បានប្រកាសចេញរថយន្តអគ្គិសនីម៉ូឌែលមួយទៀត ដែលស្ថិតក្នុងត្រកូល RZ ដដែលគឺ RZ 600e F Sport Performance ដែលត្រៀមនឹងដាក់លក់ជាផ្លូវការនៅទីផ្សារជប៉ុន ដើមខែមីនា ឆ្នាំ​២០២៦ ជាមួយតម្លៃជាង ៨ម៉ឺនដុល្លារ។

គួរដឹងថា ត្រកូល RZ គឺជារថយន្តអគ្គិសនីដំបូងរបស់ Lexus ដោយម៉ូឌែលទីមួយគឺជា RZ 450e បន្ទាប់មកបញ្ចេញ RZ 300e ដែលបង្កើនចម្ងាយបើកបរជាដើម។ សម្រាប់ម៉ូឌែលថ្មីនេះ គឺផ្តោតខ្លាំងទៅលើសន្ទុះ និងកម្លាំងនៃការបើកបរ ដោយមានកម្លាំងបញ្ចូលគ្នាសរុប ៤១៩សេះ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ ប្រើពេល ៤,៤វិនាទី។

រថយន្តអគ្គិសនី បំពាក់អាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង អាចបើកបរដល់ចម្ងាយ ៥២៥គីឡូម៉ែត្ររាល់ពេលសាកពេញ ជាមួយស្តង់ដារសាកថ្មល្បឿនលឿននៃប្រទេសជប៉ុន CHAdeMO។

ចំពោះការបញ្ចេញរថយន្តនេះ គឺមិនត្រឹមតែជាការបញ្ចេញ option ថ្មីនោះទេ ប៉ុន្តែវាក៏ជាការតំណាងឲ្យប្រេន Lexus ដែលហួសពីភាពត្រឹមតែប្រណីត ប៉ុន្តែក៏សំដៅដល់ Performance ដែរ។ ជាមួយគ្នានេះ Lexus ក៏បានធ្វើឲ្យរថយន្តនេះ កាន់តែទាក់ទាញខ្លាំងតាមរយៈ​យ៉ាន់កង់ Enkei alloy ពណ៌ខ្មៅទំហំ ២១អ៊ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault Filante បង្កើតកំណត់ត្រាថ្មីសាកថ្មតែម្ដងបើកបរបានចម្ងាយ ១ ០០៨ គ.ម ជាមួយល្បឿនបើកបរជាមធ្យម ១០២ គីឡូម៉ែត្រ/ម៉ោង

កំណត់ត្រាថ្មីត្រូវបានកត់ត្រាដោយរថយន្តគម្រូអគ្គិសនី Renault Filante បានបើកបរក្នុងចម្ងាយផ្លូវ ១ ០០៨ គីឡូម៉ែត្រ ក្នុងរយៈពេលតិចជាង ១០ ម៉ោង ជាមួយនឹងល្បឿនមធ្យម ១០២ គីឡូម៉ែត្រ/ម៉ោង និងកម្រិតស៊ីថាមពលត្រឹមតែ ៧ ៨ គីឡូវ៉ាត់ម៉ោង/១០០ គីឡូម៉ែត្រ ប៉ុណ្ណោះ។ អ្វីស្ទើរតែមិនគួរឲ្យជឿគឺរថយន្ដប្រើប្រាស់អាគុយទំហំតែ ៨៧ គីឡូវ៉ាត់ម៉ោង ជាទំហំដូចគ្នាទៅនឹងអាគុយបំពាក់លើរថយន្ត Scenic E-Tech electric ដែរ។ ជាមួយសមិទ្ធផលនេះបានបង្ហាញថា ចម្ងាយបើកបរដ៏ឆ្ងាយបែបនេះ គឺពិតជាអាចសម្រេចបាននៅក្នុងលក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន (Motorway)។ នៅពេលបញ្ចប់ការធ្វើដំណើរ រថយន្ត Filante នៅសល់ថាមពលអាគុយ ១១% ទៀត ដែលអនុញ្ញាតឱ្យវាអាចបន្តដំណើរបានចម្ងាយ ១២០ គីឡូម៉ែត្រ បន្ថែមទៀត ក្នុងល្បឿនលើសពី ១០០ គីឡូម៉ែត្រ/ម៉ោង។

Filante Record 2025: Renault's record-breaking philosophy - ecomotorsnewsក្នុងការធ្វើតេស្ដសាកល្បងមួយ បានធ្វើឡើងនៅឯទីលានសាកល្បង UTAC ក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។ គោលបំណងនៃការធ្វើនេះបានបង្ហាញយ៉ាងច្បាស់ថា ការធ្វើដំណើរតាមរថយន្តអគ្គិសនីក្នុងចម្ងាយឆ្ងាយ គឺអាចទៅរួចដោយមិនចាំបាច់ពឹងផ្អែកលើការប្រើប្រាស់អាគុយដែលមានទំហំធំខុសធម្មតានោះឡើយ។

មុនឈានដល់ការបំបែកកំណត់ត្រានេះរថយន្ត Renault Filante  ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់អាទិភាពខ្ពស់បំផុតលើប្រសិទ្ធភាពថាមពល ចាប់តាំងពីការគូម្រូប្លង់ដំបូង រហូតដល់ការសាកល្បងចុងក្រោយ។ ដើម្បីជោគជ័យក្នុងការធ្វើតេស្ដ រថយន្ដត្រូវបាផលិតឡើងដោយមានទម្ងន់ត្រឹមតែ ១ ០០០ គីឡូក្រាម។ ក្នុងដំណើរឈានទៅបំបែកកំណត់ត្រានេះក្រុមហ៊ុន Renault  បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Michelin ដើម្បីផលិតសំបកកង់ពិសេសដែលមានកម្លាំងកកិតទាប (Low-rolling-resistance tires) និងក្រុមហ៊ុន Ligier ដែលជាអ្នកអភិវឌ្ឍប្រព័ន្ធចលករ និងគ្រោងឆ្អឹងរថយន្ត។

Stunning Renault Filante EV Concept Was Built To Set Efficiency Recordsសម្រាប់ការសាកល្បងនៅក្នុងទូខ្យល់ (Wind-tunnel) កាលពីដើមឆ្នាំ ២០២៥ បាននាំឲ្យមានការកែសម្រួលរូបរាងរថយន្តឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា មេគុណកកិតជាមួយខ្យល់ (Drag coefficient) មានកម្រិតខ្ពស់ពេក។ ក្រុមវិស្វករបានកាត់បន្ថយកម្លាំងទប់កកិតជាមួយខ្យល់ពីប្រមាណ 0.40 មកត្រឹម 0.30។ ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមការងារបានអនុវត្តការផ្លាស់ប្តូរធំៗមួយចំនួនដូចជា៖

  • របាំងកង់ (Wheel Fairings): ត្រូវបានរចនាឡើងវិញ និងបំពាក់ជាប់ទៅនឹងកង់ផ្ទាល់តែម្តង ដើម្បីជួយឲ្យលំហូរខ្យល់កាន់តែល្អប្រសើរ។
  • ស្លាបសម្រួលខ្យល់ (Streamlined Wings): ពួកគេបានកែសម្រួលស្លាបសម្រួលខ្យល់ ឡើងវិញ ដើម្បីជួយឲ្យខ្យល់ធ្វើចលនាបានយ៉ាងរលូននៅជុំវិញគ្រឿងបង្គុំរបស់បូម និងប្រព័ន្ធបញ្ជូនចលនារបស់វា។
  • ច្រកស្រូបខ្យល់ (Air Intakes): ត្រូវបានកាត់បន្ថយទំហំឲ្យតូចជាងមុន ដើម្បីលុបបំបាត់កម្លាំងកកិតជាមួយខ្យល់ដែលនៅសេសសល់ (Parasitic drag)។

New Renault Filante Record 2025 - pictures | Auto Expressទន្ទឹមគ្នានេះដើម្បីកាត់បន្ថយទម្ងន់ឲ្យនៅកម្រិតស្រាលបំផុត ក្រុមការងារអភិវឌ្ឍន៍បានប្រើប្រាស់នូវសម្ភារៈទំនើបៗ និងចង្វាក់ផលិតកម្មកម្រិតខ្ពស់ជាច្រើនក្នុងនោះរួមមាន៖

  • រចនាសម្ព័ន្ធសមាសធាតុ (Composite Structures): ការប្រើប្រាស់យ៉ាងទូលំទូលាយនូវសារធាតុសរសៃកាបូននិងលោហៈធាតុអាលុយមីញ៉ូម។
  • ការបោះពុម្ពបែប 3D (3D Printing): ការបញ្ចូលនូវគ្រឿងបង្គុំដែលផលិតពី Scalmalloy (លោហៈធាតុសម្រាប់វិស័យអាកាសចរណ៍) និងអាលុយមីញ៉ូម ដែលផលិតតាមរយៈបច្ចេកវិទ្យាបោះពុម្ព 3D។
  • ប្រព័ន្ធហ្វ្រាំងបញ្ជាដោយអគ្គិសនី (Brake-by-Wire): សម្រាប់ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចដែលផ្តល់នូវភាពបត់បែនខ្ពស់ក្នុងការរចនារចនាសម្ព័ន្ធរថយន្ត ខណៈពេលដែលជួយកាត់បន្ថយទម្ងន់បានយ៉ាងច្រើន។

Renault Filante Record 2025 Aims to Set Efficiency Recordsក្រោយពីប្រើសមាសធាតុពិសេសវាបានជួយឲ្យរថយន្តសម្រេចបាននូវគោលដៅសមត្ថភាពរបស់ខ្លួន ក្នុងអំឡុងពេលនៃការសាកល្បងភាពធន់ (Endurance test) មានចំនួន ២៣៩ ជុំ។ ចំពោះគំនិតនៃការរចនារបស់រថយន្ត Filante គឺជាការផ្តល់កិត្តិយសដល់កេរដំណែលនៃល្បឿននៃការបើកបើកបរ និងភាពធន់របស់ក្រុមហ៊ុន Renault។

សម្រាប់ពណ៍ស្វាយនៃតួខ្លួនរថយន្តទាំងមូល គឺជាការរំលឹកដល់រថយន្តបំបែកកំណត់ត្រា 40 CV កាលពីឆ្នាំ ១៩២៥ និងរថយន្ត Étoile Filante ឆ្នាំ ១៩៥៦។ ដោយឡែកចំពោះកាប៊ីនអ្នកបើកបរមានលក្ខណៈជាពពុះការពារ (Protective bubble) ទទួលបានការបំផុសគំនិតពីយន្តហោះចម្បាំង ហើយទីតាំងអង្គុយរបស់អ្នកបើកបរត្រូវបានរចនាតាមគំរូរថយន្តប្រណាំង Formula 1៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើប្រព័ន្ធម៉ាស៊ីនរថយន្ត ត្រូវបែងចែកជាប៉ុន្មានផ្នែក?

មុខងារ​របស់​ប្រព័ន្ធម៉ាស៊ីនរថយន្ត គឺជាអ្នកបម្លែងសាំង ទៅជាថាមពលមេកានិច ដើម្បីឲ្យរថយន្តដំណើរការ ពោលវាគឺជាបេះដូងរបស់រថយន្ត។ ប្រព័ន្ធម៉ាស៊ីននេះ ត្រូវបានផ្គុំឡើងដោយគ្រឿងបង្គុំជាច្រើន និងបែងចែកជា ៣ផ្នែកសំខាន់ៗ គឺក្បាលគុយឡាស់ ប្លុកស៊ីឡាំង និងផ្នែកខាងក្រោមស៊ីឡាំងដែលជាកន្លែងកាទែប្រេង។

១. ក្បាលគុយឡាស់៖ ជាផ្នែកដែលស្ថិតនៅលើគេនៃម៉ាស៊ីន មានតួនាទីសំខាន់ៗ ដូចជា រក្សាបំណែន​នៃម៉ាស៊ីន គ្រប់គ្រងលំហូរល្បាយខ្យល់ ឥន្ធនៈ ការបញ្ចេញឧស្ម័ន និងគ្រប់គ្រងសីតុណ្ហភាព។ ក្នុងផ្នែកនេះ វាក៏ត្រូវភ្ជាប់មកជាមួយរ៉ងក្បាលគុយឡាស់ដើម្បីបិទជិតមិនឲ្យមានការលេចជ្រាបចូលគ្នារវាងប្រេង និងទឹកចូលដល់ក្នុងបន្ទប់ចំហេះឡើយ។ គ្រឿងបង្គុំសំខាន់ៗដែលស្ថិតក្នុងផ្នែកនេះ មានដូចជា ស៊ូប៉ាប់ ម៉ូប៊ីន ប៊ូស៊ី និងប៊ិចសាំងជាដើម។

២. ប្លុកស៊ីឡាំង៖ វាជាទីកន្លែងនៃស៊ីឡាំង ពីស្តុង និងឡាបអាកាម ពោលវាគឺជាកន្លែងនៃបន្ទប់ចំហេះតែម្តង។ ក្នុងផ្នែកនេះ វាក៏ជាកន្លែងនៃផ្លូវឆ្លងកាត់របស់ទឹកស្អំ ដើម្បីទប់កម្តៅម៉ាស៊ីន មិនឲ្យឡើងហួសកម្រិត និងជាកន្លែងដែលប្រេងហូររំអិលដល់គ្រឿងបង្គុំផ្សេងៗ។

៣. ផ្នែកខាងក្រោមស៊ីឡាំង ឬកាទែប្រេង៖ វាជាទីតាំងដែលស្ថិតនៅបាតម៉ាស៊ីន ជាកន្លែងផ្ទុកប្រេងម៉ាស៊ីន ដែលហូរត្រឡប់មកពីប្លុកស៊ីឡាំង ក្រោយពេលពន្លត់ម៉ាស៊ីនរថយន្ត។ នៅក្នុងផ្នែកនេះ ក៏មានបូមប្រេង ដែលវាមានតួនាទីជាអ្នកនាំយកប្រេងពីក្នុងកាទែ ចូលទៅរំអិលដល់គ្រឿងបង្គុំផងដែរ នៅពេលបញ្ឆេះម៉ាស៊ីន​រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បញ្ចេញឡាន Minivan ថ្មីរបស់ខ្លួន មានបំពាក់ពោងសុវត្ថិភាព និងមួកសុវត្ថិភាពជាមួយនឹងកៅអី!

ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងប្រកួតប្រជែងគ្នា ដើម្បីបង្កើតនូវរថយន្តដែលមានសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបបំផុត ពេលនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Luxeed ដែលជាការសហការរវាងក្រុមហ៊ុន Huawei និង Chery បានប្រកាសបង្ហាញចេញនូវរថយន្ត Luxeed V9 ប្រភេទ Minivan ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះនឹងធ្វើការប្រកាសដាក់លក់នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងនោះ រថយន្តនេះ គឺត្រូវបានគេរំពឹងថានឹងក្លាយជារថយន្តដែលមានសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបបំផុត។

សម្រាប់ចំណុចលេចធ្លោបំផុតរបស់រថយន្ត Luxeed V9 នេះ គឺបានភ្ជាប់មកជាមួយពោងសុវត្ថិភាព និងមួកសុវត្ថិភាពភ្ជាប់ជាមួយនឹងកៅអី។ ជាក់ស្តែង នៅពេលមានហានិភ័យប៉ះទង្គិច កៅអីរថយន្តនេះ គឺអាចផ្លាស់ទីត្រឡប់ទៅទីតាំងសុវត្ថិភាពដោយស្វ័យប្រវត្តិ ហើយបន្ទាប់មកមួកសុវត្ថិភាព និងពោងសុវត្ថិភាពនឹងបើកដំណើរការ ដើម្បីកាត់បន្ថយនូវការរងរបួស។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E0X-L របស់ Chery មានប្រវែងលើស ៥,៣ម៉ែត្រ ប្រើប្រាស់ប្រព័ន្ធ 800V, ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei Qiankun ADS មានកៅអីជួរទី២ ប្រភេទ Zero-gravity អេក្រង់កម្សាន្តធំ មានទូរទឹកកក មានឧបករណ៍ផលិតខ្យល់អុកស៊ីសែន មានប្រព័ន្ធ LiDAR មានជម្រើសប្រើអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (EREV) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីពន្ធផ្លូវ! រថយន្តអគ្គិសនី ទទួលបានការបញ្ចុះអត្រាអាករពិសេសលើម៉ូទ័រ និងអាគុយថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​បញ្ចុះអត្រាអាករពិសេស ពី ១០% មក ០% លើម៉ូទ័រសម្រាប់យានយន្តអគ្គិសនី និងពី ១០% មក ៥% លើអាគុយយានយន្តអគ្គិសនី។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

អត្រាអាករពិសេស​ដែលកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២៦។ ការសម្រេចបញ្ចុះអត្រាអាករពិសេសនេះ គឺជាការជំរុញបន្ថែមទៀតដល់ការវិនិយោគ និងការប្រើប្រាស់​រថយន្តអគ្គិសនីក្នុងស្រុក។

កាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ រាជរដ្ឋាភិបាលក៏បានកែសម្រួលបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ សម្រាប់​រថយន្តអគ្គិសនីផងដែរ។ ក្នុងនោះសម្រាប់រថយន្តដែលផលិតក្នុងរយៈពេល ៥ឆ្នាំចុះ ដែលមានកម្លាំង ២០០ ដល់ ២៥០សេះ ត្រូវបានបន្ថយពី ៥០ម៉ឺនរៀល មកត្រឹម ៣០ម៉ឺនរៀល, កម្លាំង ២៥០សេះ ដល់ ៣០០សេះ បន្ថយពី ១លាន ២០ម៉ឺនរៀល មកត្រឹម ៥០ម៉ឺនរៀល និងកម្លាំងលើសពី ៣០០សេះឡើងទៅ បន្ថយពី ១លាន ៦០ម៉ឺនរៀល មកត្រឹម ៨០ម៉ឺនរៀល។

គួររំលឹកថា កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាល ក៏បានបន្ថយអត្រាអាករពិសេសលើមុខទំនិញ រថយន្តអគ្គិសនីសុទ្ធ ពី ៣០% មកត្រឹម ១០% ផងដែរ។

ជាមួយគ្នានេះដែរ កម្ពុជា​ក៏បានដាក់ចេញផែនការទម្លាក់តម្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី និងពង្រាយស្ថានីយបញ្ចូលថាមពលល្បឿនលឿន​នៅទូទាំងប្រទេស។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ និងថាមពល បាន​ថ្លែងកាលពីចុងខែតុលា ឆ្នាំ​២០២៥ថា ផែនការរបស់ក្រសួង គឺធ្វើយ៉ាងណាដើម្បីបន្ទាបតម្លៃនៃការសាកអាគុយរថយន្តអគ្គិសនី ឲ្យស្ថិតនៅក្រោមតម្លៃបច្ចុប្បន្ន ដែលកន្លែងខ្លះ ១៦០០ ឬ ១៧០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។ មិនតែប៉ុណ្ណោះ ស្ថានីយសាកអាគុយ EV នឹងត្រូវបង្កើតបន្ថែម​នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយក្តីបារម្ភរបស់អ្នកប្រើប្រាស់ ពោលគឺមិនថាទៅដល់ទីណា ក៏មានកន្លែងសាកដែរ ហើយមានល្បឿនលឿនថែមទៀតផង ដោយមិនចំណាយពេលរង់ចាំយូរនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន CATL បានដាក់សម្ពោធខ្សែផ្លូវសម្រាប់ផ្លាស់ប្តូរថ្មរថយន្តអគ្គិសនីដឹកទំនិញធុនធ្ងន់ ដើម្បីកាត់បន្ថយពេលវេលារង់ចាំការសាកថ្ម

នៅថ្ងៃទី ២៣ ខែធ្នូ ក្រុមហ៊ុន Qiji Energy របស់ CATL បានដាក់សម្ពោធខ្សែផ្លូវ សម្រាប់ផ្លាស់ប្តូរអាគុយរថយន្តដឹកទំនិញធុនធ្ងន់ដែលមានចម្ងាយវែងជាងគេបំផុតរបស់ខ្លួន ដោយលាតសន្ធឹងចម្ងាយ ១ ២៥០ គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវ ស៊ីឈួន-ឆុងឈីង-ហ៊ូប៉ី (Sichuan-Chongqing-Hubei) នៃផ្លូវល្បឿនលឿនសៀងហៃ-ឆឹងទូ (Shanghai-Chengdu Expressway) នៅក្នុងប្រទេសចិន។

World's First In-port Heavy-duty Truck Chassis Battery Swapping Station Officially Put into Operationក្រុមហ៊ុន Qiji Energy ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CATL ផ្ដោតសំខាន់លើដំណោះស្រាយផ្លាស់ប្តូរអាគុយសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់។ អ្នកតំណាងផ្លូវការរបស់ក្រុមហ៊ុនបានអះអាងថា ស្ថានីយផ្លាស់ប្តូរអាគុយរបស់ខ្លួន អាចប្រើប្រាស់បានជាមួយម៉ូឌែលរថយន្តដឹកទំនិញធុនធ្ងន់ទូទៅនៅលើទីផ្សារលើសពី ៩៥% ដែលអនុញ្ញាតឲ្យរថយន្តម៉ាកខុសៗគ្នា អាចឈប់ផ្លាស់ប្តូរអាគុយបានប្រើពេលប្រហែលត្រឹមតែ ៥ នាទីប៉ុណ្ណោះ។

ទន្ទឹមគ្នានេះយោងតាមការលើកឡើងរបស់ក្រុមហ៊ុន CATL បានឲ្យដឹងថា ក្រោមគំរូនៃការផ្លាស់ប្តូរអាគុយនេះ រថយន្តដឹកទំនិញនីមួយៗអាចសន្សំសំចៃថ្លៃដើមប្រតិបត្តិការបានចាប់ពី ៣០ ០០០ ដល់ ៦០ ០០០ យ័ន ឬស្មើនិងប្រមាណពី ៤ ៣០០ ដល់ ៨ ៥០០ ដុល្លារ ក្នុងមួយឆ្នាំ និងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន។ បើផ្អែកលើរថយន្តដឹកទំនិញធុនធ្ងន់បែបប្រពៃណី (ប្រើសាំង/ម៉ាស៊ូត) គិតជាមធ្យមក្នុងការធ្វើដំណើរចម្ងាយ ២០០ ០០០ គីឡូម៉ែត្រក្នុងមួយឆ្នាំ ជាមួយនឹងកម្រិតស៊ីប្រេង ៣៣ លីត្រ/១០០ គីឡូម៉ែត្រ ការបំភាយឧស្ម័នកាបូនក្នុងរថយន្តមួយគ្រឿងមានចំនួនដល់ទៅ ១៧៤ តោន ដែលចំនួននេះស្មើនឹងបរិមាណឧស្ម័នកាបូនិកសរុបដែលស្រូបយកដោយដើមឈើចំនួន ៩ ៦៤៣ ដើម ក្នុងរយៈពេលមួយឆ្នាំ។

កន្លងមក លោក Zhang Kai ប្រធានផ្នែកបច្ចេកវិទ្យានៃអាជីវកម្មផ្លាស់ប្តូរអាគុយរបស់ CATL បានចែករំលែកថា អាជីវកម្មនេះនឹងត្រូវបានជំរុញតាមរយៈពីរដំណាក់កាល៖ ដំបូងគឺទីផ្សារ To B (លក់ជូនអាជីវកម្ម) និងបន្ទាប់មកពង្រីកទៅកាន់ទីផ្សារ To C (លក់ជូនអ្នកប្រើប្រាស់ទូទៅ)។ លោកបានបញ្ជាក់បន្ថែមថា៖«សម្រាប់សេវាកម្មផ្លាស់ប្តូរអាគុយ ទីផ្សារ To B គឺជាទីផ្សារដែលចាស់ទុំ និងមានតម្រូវការច្បាស់លាស់ ចំណែកឯ To C គឺជាដំណើរការដ៏សំខាន់សម្រាប់ CATL ក្នុងការទទួលបានមតិកែលម្អពីអ្នកប្រើប្រាស់យ៉ាងឆាប់រហ័ស និងដើម្បីកសាងការទទួលស្គាល់ម៉ាកយីហោ»។

China's First Battery Swapping Trunk Line for Heavy-Duty Trucks Put into Operationនៅត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុន Qiji Energy គ្រោងនឹងសាងសង់បណ្តាញស្ថានីយផ្លាស់ប្តូរអាគុយនៅទូទាំងប្រទេស ដែលមានចម្ងាយសរុបប្រហែល ១៨០ ០០០ គីឡូម៉ែត្រ ដោយគ្របដណ្តប់លើ ៨០% នៃសមត្ថភាពដឹកជញ្ជូនទំនិញតាមរថយន្តដឹកទំនិញក្នុងប្រទេសចិន និងតភ្ជាប់បណ្តុំទីក្រុងសំខាន់ៗចំនួន ១៦។

នៅក្នុងខែវិច្ឆិកា ការលក់រថយន្តដឹកទំនិញធុនធ្ងន់នៅក្នុងប្រទេសចិនបានកើនឡើងដល់ ១១៣ ០០០ គ្រឿង ដែលជាការកើនឡើង ៦៥.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនេះជាការកើនឡើងក្នុងរយៈពេល ៨ ខែជាប់ៗគ្នា។ ក្នុងនោះមានរថយន្តដឹកទំនិញធុនធ្ងន់ដែលប្រើថាមពលថ្មី (New Energy) ចំនួន ២៨ ០០០ គ្រឿង កើនឡើង ១៧៨% បើធៀបនឹងឆ្នាំមុន ហើយអត្រានៃការជ្រាបចូលទីផ្សារ (Penetration rate) បានកើនលើសពី ៣០% ជាលើកដំបូងបង្អស់។

CATL launches standardized battery swap pack for heavy trucks - CnEVPostការលក់រថយន្តដឹកទំនិញធុនធ្ងន់ដែលប្រើថាមពលថ្មី (New Energy) ក្នុងរយៈពេល ៣ ត្រីមាសដំបូង ក៏បានកើនឡើង ១៨៤% ផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ការលក់សរុបបង្គរនៃរថយន្តដឹកទំនិញធុនធ្ងន់ថាមពលថ្មី មានចំនួន ១៨៧,០០០ គ្រឿង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្រានៃការជ្រាបចូលទីផ្សារចំនួន ២៥.៩៥% (ធៀបនឹងឆ្នាំមុន ដែលមានត្រឹមតែ ១២.៥៤% ក្នុងរយៈពេលដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Slate Auto ត្រៀមដាក់សម្ពោធរថយន្ដខ្លួនជាផ្លូវការ ហើយសង្ឃឹមថាការកក់ចំនួន១៥មុឺនគ្រឿងរបស់អតិថិជនជាការបញ្ជាទិញពិតប្រាកដ

ក្រុមហ៊ុន Slate Auto ត្រៀមនឹងដាក់សម្ពោធរថយន្តភីកអាប់អគ្គិសនីដែលមានតម្លៃសមរម្យរបស់ខ្លួននៅឆ្នាំក្រោយ ហើយប្រសិនបើការកុម្ម៉ង់ទាំងអស់ដែលទទួលបានកន្លងមក ក្លាយជាការបញ្ជាទិញពិតប្រាកដមែននោះ វានឹងធ្វើឱ្យផលិតកម្មពេញមួយឆ្នាំរបស់ក្រុមហ៊ុនត្រូវលក់អស់គ្មានសល់។

Revealed: 2027 Slate Truckថ្មីៗនេះ ក្រុមហ៊ុន Slate Auto បានបង្ហើបឲ្យដឹងថា រថយន្ត Slate Truck ត្រូវបានគេរាយការណ៍ថាមានតម្លៃប្រហែល ២៥ ០០០ ដុល្លារនេះ ហើយទទួលបានការកុម្ម៉ង់លើសពី ១៥០ ០០០ គ្រឿងទៅហើយ ចំនួននេះគឺស្មើនឹងចំនួនរថយន្តដែលក្រុមហ៊ុនគ្រោងនឹងផលិតប្រចាំឆ្នាំ នៅពេលដែលខ្លួនពង្រីកសមត្ថភាពផលិតកម្មបានពេញលេញ។ យ៉ាងណាមិញប្រាក់កក់ទាំងអស់អាចដកវិញបានពេញចំនួន ប៉ុន្តែមិនអាចផ្ទេរសិទ្ធិឲ្យអ្នកដទៃបានទេ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្ទាល់។

គួរបញ្ជាក់ផងដែរចំពោះផលិតកម្មយានយន្ដរបស់ពួកគេត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅចុងឆ្នាំក្រោយ និងបន្តពង្រីកសង្វាក់ផលិតកម្មរហូតដល់ឆ្នាំ ២០២៧។ ផែនការនេះគឺដើម្បីសម្រេចឲ្យបាននូវគោលដៅផលិតកម្មអតិបរមាប្រចាំឆ្នាំនៅត្រឹមដំណាច់ឆ្នាំ ២០២៧ ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថា តើការកុម្ម៉ង់ទុកមុនទាំងនេះនឹងក្លាយទៅជាការទិញពិតប្រាកដចំនួនប៉ុន្មាននោះទេក្នុងពេលខាងមុខ។

This Scrappy Tesla Competitor Just Unveiled a $20,000 Electric Pickupក្រុមហ៊ុន Slate បានបញ្ចេញវីដេអូមួយកាលពីដើមសប្តាហ៍នេះ ក្នុងនោះលោកស្រី Chris Barman ជាអគ្គនាយកប្រតិបត្តិ បានឆ្លើយតបទៅនឹងសំណួរនានាពីសំណាក់អ្នកដែលមានបំណងចង់ទិញរថយន្ដនេះ។ ក្រុមហ៊ុនបានជ្រើសរើសយកសំណួរមួយចំនួនតូច ចេញពីសំណួរដែលទទួលបានសរុបជាង ៤ ០០០ សំណួរ ហើយវីដេអូនោះបង្ហាញពីភាពវិជ្ជមាន និងសុទិដ្ឋិនិយម ទោះបីជាការលក់រថយន្តអគ្គិសនីនៅក្នុងសហរដ្ឋអាមេរិក និងទីផ្សារសកលបានធ្លាក់ចុះ បន្ទាប់ពីការកាត់បន្ថយ ឬការលុបចោលកម្មវិធីលើកទឹកចិត្តផ្សេងៗ។

នៅក្នុងឆ្នាំដែលបច្ចេកវិទ្យាយានយន្តបើកបរដោយខ្លួនឯង (Autonomous vehicles), រ៉ូបូតតាក់ស៊ី (Robotaxis) និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ កំពុងមានសន្ទុះខ្លាំង លោកស្រី Barman បានឆ្លើយតបទៅនឹងសំណួរដ៏ក្ដៅគគុកមួយរបស់អតិថិជនសួរថា៖ តើរថយន្ត Slate Truck នឹងមានបច្ចេកវិទ្យាបើកបរដោយខ្លួនឯងដែរឬទេ? អ្នកស្រី Barman បានឆ្លើយយ៉ាងខ្លី និងសាមញ្ញបំផុត “អត់ទេ” មុននឹងបន្តទៅសំណួរបន្ទាប់។

A Tempered Analysis Of The $27,495 Slate Truck EV Pickupចម្លើយនេះពិតជាសមហេតុផលណាស់ ព្រោះចំណុចទាក់ទាញបំផុតរបស់ Slate Truck គឺ “តម្លៃ”។ គោលដៅរបស់ក្រុមហ៊ុនដែលគាំទ្រដោយ Amazon មួយនេះ គឺចង់លក់រថយន្តក្នុងតម្លៃប្រហែល ២០ ០០០ ដុល្លារ ប៉ុន្តែតម្លៃនេះគឺបានរាប់បញ្ចូលទាំងការទទួលបានការបញ្ចុះពន្ធរដ្ឋាភិបាល (Federal EV tax credit) ចំនួន ៧ ៥០០ ដុល្លារ ដែលបានបញ្ចប់កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំនេះ។

ឥឡូវនេះ ក្រុមហ៊ុនរំពឹងថានឹងលក់រថយន្តភីកអាប់នេះក្នុងចន្លោះតម្លៃ ២០ ០០០ ដុល្លារក្រាស់ ប្រហែលជា ២៦ ០០០ ឬ ២៧ ០០០ ដុល្លារ។ ការបន្ថែមមុខងារបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់ណាមួយ ប្រាកដជានឹងធ្វើឲ្យតម្លៃរបស់វាហក់ឡើងខ្ពស់ជាងនេះឆ្ងាយមិនខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងរថយន្តមួយមានគ្រឿងបង្គុំច្រើន តែគេបែងចែកជាប្រព័ន្ធធំៗចំនួន១១

សម្រាប់រថយន្តចំហេះក្នុង រថយន្ត១គ្រឿងគឺមានគ្រឿងបង្គុំសាំញុំាច្រើនណាស់ ប៉ុន្តែជាទូទៅគេបែងចែកវាជាប្រព័ន្ធធំៗចំនួន១១ រួមមាន ប្រព័ន្ធម៉ាស៊ីន, ប្រព័ន្ធសាំង, ប្រព័ន្ធបញ្ចុះកម្តៅ,​ ប្រព័ន្ធភ្លើង, ប្រព័ន្ធបញ្ចេញផ្សែង, ប្រព័ន្ធហ្វ្រាំង, ប្រព័ន្ធចង្កូត, ប្រព័ន្ធជើងក្រោម, ប្រព័ន្ធប្រអប់លេខ ប្រព័ន្ធសាក់ស៊ី និងប្រព័ន្ធម៉ាស៊ីនត្រជាក់។

១. ប្រព័ន្ធម៉ាស៊ីន៖ ជាបេះដូងរថយន្ត ដែលបម្លែងសាំង​ទៅជាថាមពលមេកានិច ដើម្បីដំណើរការ។

២. ប្រព័ន្ធសាំង៖ វាមានតួនាទីបញ្ចូនសាំងចូលទៅក្នុងម៉ាស៊ីន។

៣. ប្រព័ន្ធបញ្ចុះកម្តៅ៖ វាមានតួនាទីទប់កម្តៅម៉ាស៊ីន មិនឲ្យឡើងហួសកម្រិត។

៤. ប្រព័ន្ធភ្លើង៖ ជាអ្នកផ្តល់ថាមពលគ្រប់គ្រឿងបង្គុំអេឡិចត្រូនិចទាំងអស់ ដោយរាប់ទាំង អាគុយ ឌីណាម៉ូ ប្រព័ន្ធ ECU និងប្រព័ន្ធបញ្ឆេះ។

៥. ប្រពន្ធបញ្ចេញផ្សែង៖ វាជាច្រក និងជាតម្រងច្រោះឧស្ម័ន​ដែលបង្កើតឡើងដោយម៉ាស៊ីន រួចបញ្ចេញតាមបំពង់ស៊ឺមាំង និងជួយកាត់បន្ថយការលាន់សំឡេង។

៦. ប្រព័ន្ធហ្វ្រាំង៖ ជាប្រព័ន្ធសុវត្ថិភាពដែលបន្ថយល្បឿន និងបញ្ឈប់រថយន្ត។

៧. ប្រព័ន្ធចង្កូត៖ វាអនុញ្ញាតឲ្យអ្នកបើកបរអាចគ្រប់គ្រងផ្លាស់ប្តូរទិសដៅរថយន្ត។

៨. ប្រព័ន្ធជើងក្រោម ឬគ្រឿងក្រោម៖ មានតួនាទីក្នុងការធ្វើឲ្យកង់រថយន្ត​អាចប៉ះទៅនឹងផ្ទៃដី​ដោយមានលំនឹងល្អ និងការបើកបរដោយរលូន។

៩. ប្រព័ន្ធប្រអប់លេខ៖ វាជាអ្នកភ្ជាប់ថាមពលពីម៉ាស៊ីន ទៅកាន់កង់រថយន្ត និងអនុញ្ញាតឲ្យរថយន្តមានចលនាទៅមុខឬថយក្រោយ និងផ្លាស់ប្តូរល្បឿន។

១០. សាក់ស៊ី និងតួ៖ វាជាអ្នកផ្តល់​គ្រោងរចនាសម្ព័ន្ធ និងគាំទ្រដល់ដល់គ្រឿងបង្គុំផ្សេងៗរបស់រថយន្ត។

១១. ប្រព័ន្ធម៉ាស៊ីនត្រជាក់៖ វាជាអ្នកផ្តល់ភាពត្រជាក់ សម្ងួតអ័ព្ទចេញពីកញ្ចក់រថយន្ត និងបន្សុទ្ធខ្យល់ក្នុងកាប៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រ BYD ជាការសម្រេចបានដ៏ធំមួយ ក្នុងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០

រោងចក្រដំឡើងរថយន្ត BYD ដែលទើបតែបានសាងសង់រួចរាល់​ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយ​នៃការសម្រេចបាន​ ក្រោមគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០។

រោងចក្រនេះ គ្រោងដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ដោយគ្រោងដំឡើង​រថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុង១ឆ្នាំ។

យោងតាមខ្លឹមសារក្នុងគោលនយោបាយនេះ ឲ្យដឹងថា ការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់នៃគ្រឿងបង្គុំជាធាតុដ៏មានសារៈសំខាន់ដែលអាចឈានឆ្ពោះទៅរកការនាំចេញ​ទៅទីផ្សារក្នុងតំបន់ ដោយត្រូវចាប់ផ្តើម​ពីឧស្សាហកម្មផលិតគ្រឿងបង្គុំដែលមានលក្ខណៈសាមញ្ញ និងឈានឆ្ពោះទៅរកការកសាងឧស្សាហកម្មផលិតគ្រឿងបង្គុំ និងដំឡើងយានយន្តអគ្គិសនី ដែលមានតម្លៃបន្ថែមខ្ពស់។

ដើម្បីរួមចំណែកដល់ការកាត់បន្ថយថ្លៃដើមផលិត និងដំឡើង និងបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីក្នុងស្រុកឲ្យបានច្រើន ការបង្កើតជាចង្កោមឧស្សាហកម្ម ដែលប្រមូលផ្តុំ​នូវឧស្សាហកម្មផលិតគ្រឿងបង្គុំរហូតដល់ឧស្សាហកម្មដំឡើងយានយន្តអគ្គិសនីនៅក្នុងតំបន់តែមួយគឺមានភាពចាំបាច់ណាស់។

ជាមួយនឹងរោងចក្រដំឡើងរថយន្តនេះ កម្ពុជា ក៏កំពុងបង្កើននូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឲ្យកាន់តែច្រើនផងដែរ តាមរយៈការចូលរួមពីវិស័យឯកជន។ បន្ថែមលើសនេះ អាជ្ញាធរអគ្គិសនីកម្ពុជា ក៏មានគម្រោងធ្វើយ៉ាងណា ឲ្យក្នុង១ខេត្តនៃប្រទេសកម្ពុជា មានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីយ៉ាងហោចណាស់ ២ ទៅ ៣កន្លែង នៅអំឡុងដើមឆ្នាំ២០២៦ ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះ។

សូមជម្រាប​ថា តាមរយៈគោលនយោបាយនេះ គឺកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាន​នូវការចុះបញ្ជី រថយន្តអគ្គិសនីសរុប ៣ម៉ឺនគ្រឿង, ទោចក្រយានយន្តអគ្គិសនីសុទ្ធ ៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធ ២ម៉ឺនគ្រឿង។

ក្នុងពេលចុះពិនិត្យខ្សែចង្វាក់​ផលិតកម្មរបស់រោងចក្រផ្គុំដំឡើងរថយន្ត BYD កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនខ្នាតយក្សដូចជា BYD គឺជាភស្តុតាងមិនអាចប្រកែកបានដែលបង្ហាញថា កម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល សុវត្ថិភាព និងផ្ដល់ផលចំណេញខ្ពស់។

ឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញវត្ថុធាតុដើម ឬគ្រឿងបន្លាស់មួយចំនួនដែលផលិតរួចជាស្រេចនៅក្នុងស្រុក ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក និងកាត់បន្ថយការនាំចូល និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបន្ថែមវគ្គផលិតកម្មផ្សេងៗទៀត (Production Process) នៅក្នុងរោងចក្រនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់, បង្កើនការផ្ទេរចំនេះដឹងបច្ចេកវិទ្យា និងបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បញ្ចេញ Mona 03 EV ថ្មីរបស់ខ្លួន មានចំនួន ១២ជម្រើស អាចបើកបរបានចម្ងាយចាប់ពី ៤៨៥គម ទៅ ៦៤០គម

ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវលក្ខណៈពិសេសរបស់រថយន្តអគ្គិសនីសុទ្ធ Xpeng Mona 03 ថ្មីរបស់ខ្លួន ផ្តល់នូវជម្រើសបើកបរចំនួន ១២ជម្រើស ត្រៀមប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តអគ្គិសនីសុទ្ធ Xpeng Mona 03 ថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Xpeng នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៥១,៨គីឡូវ៉ាត់ម៉ោង, ៦១,៦គីឡូវ៉ាត់ម៉ោង និង ៦២,២គីឡូវ៉ាត់ម៉ោង។ វាអាចបើកបរបានចម្ងាយចាប់ពី ៤៨៥ ទៅ ៦៤០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ទាក់ទងទៅនឹងការរចនាផ្នែកខាងក្រៅវិញ Xpeng Mona 03 រក្សានូវរូបរាង fastback របស់ម៉ូដែលបច្ចុប្បន្នដដែល។វាមានប្រវែង ៤ ៧៨៥មម ទទឹង ១ ៨៩៦មម កម្ពស់ ១ ៤៤៥មម និងប្រវែងគម្លាតកង់ ២ ៨១៥មម។

ក្រៅពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ និងជម្រើសថាសកង់ប្រភេទ 215/50R18 និង 235/40R19 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+