ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mondeo ថ្មី​ដែល​ផលិត​នៅ​ប្រទេស​ចិនបំពាក់ជាមួយ​អេក្រង់ 4K ទំហំ ២៧ អុីញនឹង​ត្រូវ​ដាក់​លក់​នៅ​ថ្ងៃទី ៤ខែធ្នូ

ក្រុមហ៊ុន Changan Ford បាន​បញ្ជាក់​ថា ​Ford Mondeo ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​នេះ​នឹង​ដាក់​លក់​នៅ​ថ្ងៃទី ៤ ខែធ្នូ បន្ទាប់ពី​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើកដំបូង​នៅ​ពិព័រណ៍​រថយន្ត Guangzhou ឆ្នាំ ២០២៥ នេះ បើ​យោង​តាម Auto-home។ សម្រាប់រថយន្ដ Mondeo ថ្មីត្រូវ​បាន​ផលិត​ផ្តាច់មុខ​នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់ពី​បាន​បញ្ចប់​ការ​ផលិត​នៅ​អឺរ៉ុប និង​អាមេរិក​ខាងជើង។

ម៉ូឌែល​ថ្មី​នេះ​បានធ្វើការកែប្រែ​ការរចនា, ផ្ទៃ​ខាងក្នុង និង​បច្ចេកវិទ្យា​យ៉ាង​សំខាន់ ដែល​ផ្តោត​លើ​ទីផ្សារ​ប្រទេស​ចិន។ ផ្នែក​ខាងក្រៅ​រចនាជាមួយ​រូបរាង​ទាប និង​ទូលាយ​ជាង​មុន លេងបន្ថែមជាមួយប៉ាណាខាងមុខ ដែល​បាន​រចនា​ឡើងវិញ ប៉ុន្តែ​រក្សា​បាន​នូ​ DNA ការ​រចនា​របស់ Ford។ ដំបូលរបស់រថយន្ដ​បានផ្លាស់ប្តូរ​ទៅជា​ទម្រង់ Fastback ដំបូលលេងបន្ថែមជាមួយពណ៍ខ្មៅ។ នៅផ្នែកចំហៀងបំពាក់ជាមួយដៃ​ទ្វាររាបស្មើ ខណៈផ្នែក​ខាងក្រោយលេងបន្ថែមជាបន្ទាត់ LED អូសកាត់ពេញទឹទឹងផ្នែកខាងក្រោយ។

ផ្នែកខាងក្នុង​បំពាក់ជាមួយ​អេក្រង់ 4K ទំហំ ២៧អុីញ មានប្រវែងទទឹង ១.១ ម៉ែត្រអូស​កាត់​ពេញ​ផ្ទាំង​តាប្លូ ដំណើរការ​ដោយ​បន្ទះ​ឈីប Qualcomm 8155 ​ភ្ជាប់មកជាមួយប្រព័ន្ធ​ឆ្លាតវៃ SYNC+ ចុងក្រោយ​បង្អស់ ដែល​រួមបញ្ចូល​ប្រព័ន្ធ​រុករក Gaode (Amap) navigation និង​គាំទ្រមុខងារ Apple CarPlay ឥត​ខ្សែ។

ក្រុមហ៊ុន Changan Ford រក្សា​ប្លង់​កៅអី ៥ នាក់ បំពាក់មកជាមួយដំបូល​កញ្ចក់បើក​ (panoramic sunroof) មាន​ទំហំ​ជិតមួយ​ម៉ែត្រ​ការ៉េ ខណៈ​ចំណុះ​ផ្ទុក​របស់របរ​ក្នុង​កាប៊ីន​បាន​កើនឡើង​ដល់ ៤៧.៥ លីត្រ។ ការ​ផ្លាស់ប្តូរ​ទាំងនេះ​តំណាង​ឱ្យ​ការ​អាប់ដេត​គួរ​ឲ្យកត់សម្គាល់​នូវ​ទំហំ​ផ្ទៃ​ខាងក្នុង​បើ​ប្រៀបធៀប​ទៅ​នឹង Mondeo ម៉ូឌែលឆ្នាំ២០២៥ ដែល​ផ្តល់​កៅអី​ស្តង់ដារ និង​ជម្រើស​ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត​ដែល​តូច​ជាង។

Ford Mondeo ថ្មី​ដំណើរការដោយ​ម៉ាស៊ីនចំណុះ ២.០ លីត្រ EcoBoostផ្គូផ្គង​ជាមួយ​ប្រអប់​លេខ​អូតូ ៨ វគ្គ អាចផលិតកម្លាំង​ផលិតបាន ២៦១ សេះ ជាមួយ​កម្លាំង​បង្វិល​អតិបរមា ៤០៨ ញូតុនម៉ែត្រ ។ រថយន្ដ Mondeo មុនៗ​មួយចំនួន​រួមបញ្ចូល​ជម្រើសម៉ាសុីនចំណុះ ១.៥លីត្រ hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V 2026 មិនមានជម្រើសប្រើម៉ាស៊ីនសាំងសុទ្ធទៀតទេ

រថយន្ត Honda CR-V 2026 ថ្វីបើរក្សារូបរាងនៅដដែល ប៉ុន្តែបានផ្លាស់ប្តូរប្រភេទម៉ាស៊ីន ដែលកន្លងមកមានជម្រើសប្រើសាំងសុទ្ធ ពេលនេះសម្រាប់ស៊េរីថ្មី គឺមកតែជាមួយប្រភេទ Hybrid ប៉ុណ្ណោះ សម្រាប់ទីផ្សារតំបន់អាស៊ាន។ ការមកតែជាមួយជម្រើស Hybrid មានគោលដៅចំពោះ​អតិថិជនដែល​បើកបរច្រើនក្នុងក្រុង និងការសន្សំសំចៃ។

រថយន្ត e:HEV Hybrid ថ្មីនេះ បំពាក់ម៉ាស៊ីនសាំង Atkinson Cycle ចំណុះ ២,០លីត្រ ជាមួយម៉ូទ័រអគ្គិសនី ២ ដែលផលិតបានកម្លាំងសរុប ២០៧សេះ និងកម្លាំងរមួល ៣៣៥ញូវតុនម៉ែត្រ។ ម៉ាស៊ីននេះ ដំណើរការជាមួយប្រព័ន្ធប្រអប់លេខ e-CVT មានជម្រើសប៉ុង១ និងប៉ុង២ ហើយរួមបញ្ចូលគ្នា​ជាមួយប្រព័ន្ធគ្រប់គ្រងលំនឹងនៅផ្លូវកោង ឬផ្លូវបត់​ E-DPS។

សម្រាប់ប៉ុង១ រថយន្ត CR-V នេះ មានកម្រិតប្រើប្រាស់សាំងជាមធ្យមប្រហែល ៥លីត្រប៉ុណ្ណោះ ក្នុង១០០គីឡូ​ម៉ែត្រ។ អ្នកបើកបរ អាចផ្លាស់ប្តូរម៉ូដចំនួន ៣ តាមស្ថានភាពផ្លូវ ដូចជា Engine Drive, Hybrid Drive និង EV Drive។

នៅក្នុងផ្នែកកាប៊ីន រថយន្ត SUV Hybrid នេះ បំពាក់​ប្រព័ន្ធ Honda Connect, មុខងារចាក់សោរឌីជីថល, កាមេរ៉ា ៣៦០ដឺក្រេ, មុខងារចូលចត, កុងទ័រឌីជីថល ១០,២អ៊ីញ, Speaker BOSE និងមានប្រព័ន្ធសុវត្ថិភាពមួយចំនួន ក្នុងនោះរួមមាន Blind Spot ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួងបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនបើកបរយានយន្តប្រភេទ ក ខ គ និងឃ

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនផ្លូវគោក នឹងរៀបចំ​បើកវគ្គបណ្តុះបណ្តាល និងប្រឡងយកវិញ្ញាបនបត្រ​បញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត។

ការបើកវគ្គបណ្តុះបណ្តាល​នេះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល​បើកបរយានយន្តធុនធ្ងន់ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលនឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ ១៩ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់ប្រភេទ ក និង ខ និងពីថ្ងៃទី២២ ដល់ ២៦ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់ប្រភេទ គ និង ឃ។

បេក្ខជនត្រូវដាក់ពាក្យសុំចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងនេះ ឲ្យបានមុនថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ លក្ខខណ្ឌនៃការចូលរួម មានដូចខាងក្រោមៈ

-សញ្ជាតិខ្មែរ និងមានអាយុយ៉ាងតិច ២៥ឆ្នាំ

-មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឡើងទៅ

-មានកាយសម្បទាគ្រប់គ្រាន់ ដែលមានការបញ្ជាក់សុខភាពពីវេជ្ជបណ្ឌិត

-មានបណ្ណបើកបរយានយន្ត និងបទពិសោធន៍បើកបរយ៉ាងតិច ៣ឆ្នាំ តាមប្រភេទបណ្ណបើកបរដែលតម្រូវក្នុងការប្រឡង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW នឹងបន្ថែមជម្រើស EREV លើរថយន្តអគ្គិសនីរបស់ខ្លួន

ក្រុមហ៊ុន BMW ត្រូវបានគេដឹងថា គ្រោងពង្រីកបន្ថែមម៉ាស៊ីនសាំង ទៅលើ​រថយន្តអគ្គិសនីសុទ្ធ​របស់ខ្លួន ឬហៅថា EREV នាពេលខាងមុខនេះ ដើម្បីបង្កើនចម្ងាយបើកបរ ជាពិសេសដើម្បីចូលរួមប្រជែងក្នុងទីផ្សារចិន។

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់នេះ អាចនឹងបំពាក់​ EREV លើ​រថយន្តអគ្គិសនីដូចជា BMW i7 ដែលជាប្រភេទស៊ីដេន និង iX5 ដែលជាប្រភេទ SUV។ នេះបើយោងតាមប្រភពសារព័ត៌មាន Bloomberg។

រថយន្តអគ្គិសនី BMW ទាំងពីរនេះ គឺអាចដាក់បន្ថែមនូវម៉ាស៊ីនសាំងបាន ដោយមិនចាំបាច់ត្រូវរុះរើប្រព័ន្ធម៉ាស៊ីនរថយន្តដែលមានស្រាប់នោះទេ។ បើសិនព័ត៌មាននេះជាការពិត BMW នឹងក្លាយ​ជាក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ទី១ ដែលផ្តល់បច្ចេកវិទ្យា EREV នេះ។

មិនខុសពីក្រុមហ៊ុនអឺរ៉ុបដទៃឡើយ ការលក់រថយន្តនៅក្នុងប្រទេសចិន របស់ BMW បានធ្លាក់ចុះជាលំដាប់ ដោយសារតែពិបាកប្រកួតប្រជែង ជាមួយក្រុមហ៊ុនក្នុងស្រុកចិន ដែលមានតម្លៃធូរថ្លៃ ហើយបំពាក់បច្ចេកវិទ្យាថ្មីៗទៀត ជាពិសេសប្រភេទម៉ាស៊ីន EREV នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្ររថយន្ត BYD នៅកំពង់សោម នឹងសម្ពោធថ្ងៃ១២ធ្នូ ត្រៀមដំឡើងម៉ូឌែលពេញនិយម​នៅកម្ពុជា

រោងចក្រដំឡើង​រថយន្ត​ BYD ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២៥ខាងមុខនេះ ក្រោមអធិបតី​ភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

រោងចក្រដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងប្រភេទអគ្គិសនីលាយសាំង (PHEV) របស់ក្រុមហ៊ុន BYD នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រោមទុនវិនិយោគជាង៣១លានដុល្លារ។ នៅឆ្នាំ២០២៦ ខាងមុខនេះ BYD គ្រោងនឹងដំឡើងរថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។

បើតាមក្រុមហ៊ុន BYD បានឲ្យដឹងថា ម៉ូឌែលសំខាន់ៗដែល BYD លក់នៅកម្ពុជានឹងត្រូវបានផលិតនិងដំឡើងក្នុងស្រុក។ នេះមិនត្រឹមតែមានន័យថា ការផ្គត់ផ្គង់មានប្រសិទ្ធភាព និងការចែកចាយកាន់តែលឿនប៉ុណ្ណោះទេ ថែមទាំងនឹងបង្កើតឱកាសការងារ ជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចតំបន់។

BYD មិនត្រឹមតែនាំយកផលិតផលទំនើបៗមកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ សមត្ថភាពផលិត, ទស្សនៈបច្ចេកវិទ្យា និងខ្សែសង្វាក់ឧស្សាហកម្មបៃតង ចូលមកក្នុងប្រទេសកម្ពុជាទៀតផង។អ្នកប្រើប្រាស់កម្ពុជានឹងទទួលបាននូវ “យុគសម័យយានយន្តថាមពលថ្មីដែលផលិតនៅក្នុងស្រុក”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla លក់នៅប្រទេស​ដែលជាទីផ្សាររថយន្តធំបំផុតទី៣ បានតែ ១០០គ្រឿងប៉ុណ្ណោះ

ក្រុមហ៊ុន Tesla បាន​បោះជំហានចូលប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តធំបំផុតទី៣ កាលពីខែកក្កដា ដោយពេលនោះទទួលបានការកក់រថយន្តចំនួន​ជាង ៦០០គ្រឿង គិតមកដល់ពាក់កណ្តាលខែកញ្ញា។ ប៉ុន្តែមកដល់ពេលនេះ Tesla ទើបតែបានលក់​រថយន្តបានប្រមាណ ១០០គ្រឿងប៉ុណ្ណោះ ដែលជា Model Y។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ Tesla បានបើកដំណើរការមជ្ឈមណ្ឌលលក់ និងសេវាកម្មធំបំផុតរបស់ខ្លួន នៅក្រុង Gurugram ប្រទេសឥណ្ឌា ដែលជាយុទ្ធសាស្រ្តថ្មីជំរុញការលក់ បន្ទាប់ពីមើលឃើញ​ចំនួនលក់រថយន្តខ្លួនខ្សោយបែបនេះ។

លោក Sharad Agarwal ប្រធានក្រុមហ៊ុន Tesla ប្រចាំប្រទេស​ឥណ្ឌា បានបញ្ជាក់ថា Tesla បាន​ជួយកាត់បន្ថយការចំណាយរបស់​អតិថិជនខ្លួននូវការថែទាំរថយន្ត ពោលគឺ​ម្ចាស់រថយន្ត Tesla មិនចាំបាច់​ត្រូវមកក្រុមហ៊ុនដើម្បីត្រួតពិនិត្យនោះទេ ព្រោះភាគច្រើន​បំផុត​នៃសេវាកម្ម គឺអាប់ដេត Software ពីចម្ងាយតែម្តង។ បន្ថែមលើសនេះ បើអតិថិជនសាកភ្លើងរថយន្ត Tesla តែនៅផ្ទះ នោះ​ការចំណាយទាបបំផុត ស្មើនឹង ១ភាគ១០ នៃតម្លៃសាំង។

ការពិតទៅ Tesla មានគោលដៅយកចំណែកទីផ្សារឲ្យបានត្រឹម ៥% ប៉ុណ្ណោះ ក្នុងប្រទេសឥណ្ឌា។ ត្បិតថា ឥណ្ឌាជាទីផ្សាររថយន្តធំមែន ប៉ុន្តែរថយន្តភាគច្រើន​ដែលលក់ក្នុងប្រទេសមួយនេះ មានតម្លៃក្រោម ២២ ០០០ដុល្លារ ខណៈតម្លៃរថយន្ត Tesla Model Y គឺជិត ៧ម៉ឺនដុល្លារឯណោះ។

បើតាមទិន្នន័យរបស់សហព័ន្ធនៃសមាគមដេប៉ូចែកចាយរថយន្តក្នុងប្រទេសឥណ្ឌា ឲ្យដឹងថា គិតចាប់ពីខែកញ្ញា ដល់ខែតុលា Tesla លក់រថយន្តបានចំនួន ១០៩គ្រឿង គិតតិចជាង VinFast របស់វៀតណាមទៅទៀត ដែលលក់បាន ១៣៧គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក់ដាច់សាហាវ! BYD Leopard 7 ចាយពេល ៨០ថ្ងៃលក់បាន ៥ម៉ឺនគ្រឿង

រថយន្ត BYD Leopard 7 ឬ Fang Cheng Bao Ti7 បានក្លាយជារថយន្ត SUV ខ្នាតកណ្តាលថ្មី ដែលបានលក់ដាច់បំផុតក្នុងទីផ្សារឡាន PHEV របស់ចិន ដោយចាយពេលត្រឹម ៨០ថ្ងៃប៉ុណ្ណោះ លក់បានប្រមាណ ៥ម៉ឺនគ្រឿង។ នេះបើយោងតាមទិន្នន័យដែលបានបង្ហាញឡើងនៅលើ Weibo ដោយលោកស្រី Xiong Tianbo នាយកចាតការទូទៅរបស់ Fang Cheng Bao។

សម្រាប់ BYD Leopard 7 បានលេចវត្តមាននៅលើទីផ្សារនាដើមខែកញ្ញា ឆ្នាំ២០២៥នេះ ជាមួយជម្រើស ៤ម៉ូឌែលសម្រាប់ជ្រើសគឺ

  • ម៉ូឌែល Pro ប្រភេទប៉ុង១ RWD អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានខ្ទង់ ១៣៥គ.ម
  • ម៉ូឌែល Max ប្រភេទប៉ុង១ RWD អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានខ្ទង់ ២០០គ.ម
  • ម៉ូឌែល Max ប្រភេទប៉ុង២ AWD អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានខ្ទង់ ១៩០គ.ម
  • ម៉ូឌែល Ultra ប្រភេទប៉ុង២ AWD អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានខ្ទង់ ១៩០គ.ម

បន្ថែមពីនេះ Leopard 7 បំពាក់មកជាមួយប្រព័ន្ធ PHEV ដែលដំណើរការរួមគ្នារវាងម៉ាស៊ីន ១,៥លីត្រ ផលិតកម្លាំងបាន ១៥៤សេះ និងជម្រើសម៉ូទ័រមួយ​ ឬពីរ។ សម្រាប់ជម្រើសម៉ូទ័រ១ អាចផលិតកម្លាំងបាន ២៦៨សេះ ដែលទទួលបានពីជម្រើសកញ្ចប់អាគុយទំហំ ២៦,៦kWh ឬ ៣៥,៦kWh។ សម្រាប់ជម្រើសម៉ូទ័រ២ អាចផលិតកម្លាំងបាន ២៦៨សេះ អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន ១៣៥ ឬ ២០០គ.ម។ ចំណែកជម្រើសម៉ូទ័រ២ អាចផលិតកម្លាំងបាន ២១៥សេះនៅខាងមុខ និង ២៦៨សេះ នៅខាងក្រោយ ដែលទទួលបានថាមពលពីកញ្ចប់អាគុយទំហំ ៣៥,៦kWh។ ក្នុងនោះបើសិនជាចាក់សាំង រួមជាមួយសាកអគ្គិសនីពេញ រថយន្តនេះអាចបើកបរបានសរុបខ្ទង់ ១ ៣០០គ.ម។

 

យោងតាមក្រុមហ៊ុនផលិត ការលក់ដាច់បានច្រើនយ៉ាងឆាប់រហ័សនេះ គឺដោយសារតែរថយន្ត SUV កូនកាត់នេះបានរួមបញ្ចូលគ្នានូវសមាធាតុជាច្រើនដូចជា ការរចនារូបរាងដ៏ទាក់ទាញ សមត្ថភាពបើកបរ ភាពទំនើប ចម្ងាយនៃការបើកបរដោយថាមពលអគ្គិសនីបានឆ្ងាយ រួមជាមួយតម្លៃផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង់ពន្ធផ្លូវលើកដំបូង និងធ្លាប់បង់ពន្ធម្តងរួចហើយ តើត្រូវការឯកសារអ្វីខ្លះ?

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ខាងមុខនេះហើយ បើខកខានមិនបានបង់ពន្ធនេះទេ នឹងត្រូវទទួលរងការផាកពិន័យគុណនឹង២។

ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវមានឯកសារ និងការអនុវត្តដូចខាងក្រោមៈ

១. ម្ចាស់កម្មសិទ្ធិ ឬអ្នកតំណាង (សម្រាប់រថយន្តទេសចរណ៍) ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើកដំបូង ដោយត្រូវបំពេញព័ត៌មានទៅតាមទម្រង់​ដែលរដ្ឋបាល​សារពើពន្ធបានកំណត់ និងត្រូវមានឯកសារ ដូចជាៈ ច្បាប់ដើមនៃបណ្ណសម្គាល់យានជំនិះ អត្តសញ្ញាណបណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ ហើយសម្រាប់នីតិបុគ្គល ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ។

២. សម្រាប់​ម្ចាស់កម្មសិទ្ធិ ឬអ្នកតំណាង ដែលបានចុះបញ្ជី និងប្រកាស និងបង់ប្រាក់ពន្ធម្តងរួចមកហើយ ត្រូវមានឯកសារ ដូចជា បណ្ណសម្គាល់​ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន ឬ បណ្ណសម្គាល់យានជំនិះ ឬ បង្កាន់ដៃទទួលប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន ឬ លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនឆ្នាំចាស់។

ក្រោយពេលបង់ពន្ធរួច ម្ចាស់មធ្យោបាយដឹកជញ្ជូនត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធ និងលតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន។ លតាបត្រនេះ ត្រូវបិទភ្ជាប់​ជាមួយនឹង​យានយន្តនោះ ហើយបង្កាន់ដៃទទួលប្រាក់ពន្ធ អាចរក្សាទុកសម្រាប់​ប្រើប្រាស់​តាមការចាំបាច់។

គួរដឹងដែរថា ម្ចាស់​មធ្យោបាយដឹកជញ្ជូន អាចស្នើសុំបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងបង់ថ្លៃសេវាចំនួន ៥ពាន់រៀល នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារជាដៃគូ។ បណ្ណនេះ មានទម្រង់ជាបណ្ណរឹង និងបណ្ណទម្រង់ឌីជីថល (E-Card) ដោយនឹងទទួលបានភ្លាមៗ បន្ទាប់ពីបង់ប្រាក់ពន្ធ និងថ្លៃសេវារួច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការនាំចេញឡានអគ្គិសនីរបស់ចិននៅខែតុលា កើនឡើងជិត ១០០ភាគរយ បើធៀបទៅនឹងរយ:ពេលដូចគ្នានៅឆ្នាំមុន

យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានបង្ហាញថា ការនាំចេញរថយន្តសរុបក្នុងខែតុលាបានឈានដល់ ៦៦៦ ០០០គ្រឿង កើនឡើង ២,១% ពីខែកញ្ញា និង ២២,៩% ពីខែតុលា ឆ្នាំ២០២៤។ ក្នុងនេះរថយន្តថាមពលថ្មី (NEV) ចំនួន ២៥៦ ០០០គ្រឿង ត្រូវបាននាំចេញពីប្រទេសចិន ដែលកើនឡើងចំនួន ១៥,៤% បើធៀបនឹងខែកញ្ញា និងចំនួន ៩៩,៩ភាគរយ បើធៀបទៅនឹងរយ:ពេលដូចគ្នាការពីឆ្នាំ២០២៤។

សម្រាប់រថយន្តដឹកអ្នកដំណើរ (Passenger Car) មានចំនួន ៥៧១ ០០០គ្រឿងក្នុងខែតុលា កើនឡើង ២,១% ធៀបនឹងខែកញ្ញា និងកើនឡើង ២២,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញរថយន្តពាណិជ្ជកម្ម រួមទាំងរថយន្តដឹកទំនិញ និងរថយន្តក្រុងបានឈានដល់ ៩៤ ០០០គ្រឿង កើនឡើង ១,៨% ពីខែកញ្ញា និងកើនឡើង ២៣,៥% ពីមួយឆ្នាំទៅមួយឆ្នាំ បើធៀបទៅនឹងរយ:ពេលដូចគ្នាការពីឆ្នាំ២០២៤។

ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ការនាំចេញរថយន្ត NEV សរុបបានឈានដល់ ២ ០១៤ ០០០គ្រឿង កើនឡើង ៩០,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ផ្ទុយទៅវិញ ការនាំចេញរថយន្តម៉ាស៊ីនចំហេះខាងក្នុងមានការថយចុះ ដោយចំនួនយានយន្តក្នុងខែតុលាបាននាំចេញត្រឹម ៤០៩ ០០០គ្រឿង ធ្លាក់ចុះ ៤,៨០% បើធៀបនឹងខែកញ្ញា និងឆ្នាំមុន។ ហើយក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ការនាំចេញសរុបនៃរថយន្តម៉ាស៊ីនចំហេះខាងក្នុងឈានដល់ ៣ ៦០១ ០០០គ្រឿង ធ្លាក់ចុះ ៥,១% បើធៀបនឹងឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរថា ពីលើកំណើននៃការនាំចេញ ផលិតកម្ម NEV ក្នុងស្រុកនៅតែមានតម្រូវការខ្លាំង ដោយការលក់ NEV នៅក្នុងខែតុលាមានចំនួសលើសពី ៥០% នៃទីផ្សារក្នុងស្រុកសរុប។ ការរួមបញ្ចូលគ្នានៃផលិតកម្មក្នុងស្រុក និងតម្រូវការអន្តរជាតិដែលកំពុងកើនឡើងបានជួយប្រទេសចិនក្លាយជាអ្នកនាំចេញរថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្វើម្តេចទើបអាចកំណត់ប្រភេទទឹក ឬ ប្រេង ដែលស្រកចុះក្រោមរថយន្ត​បាន?

ក្នុងចំណោម​ការត្រួតពិនិត្យរថយន្ត គេមិនដែលភ្លេចឡើយនូវការអោនមើលក្រោមរថយន្ត ថាតើវាមានលេចស្រកទឹក ឬប្រេងអ្វីមួយ ចុះមកដីឬអត់។ យើងដឹងហើយថា បើវាជាទឹកពណ៌សថ្លាធម្មតា នោះវាគ្រាន់តែជាទឹកម៉ាស៊ីនត្រជាក់តែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលត្រូវប្រុងប្រយ័ត្ននោះ គឺវាមិនមែនជាទឹកម៉ាស៊ីនត្រជាក់ឡើយ ដែលត្រូវកត់សម្គាល់ពីប្រភេទពណ៌ ក្លិន និងទីតាំងឲ្យបានច្បាស់លាស់ ដើម្បីអាចកំណត់​បានថា វាជាប្រភេទទឹក ឬប្រេងអ្វីឲ្យប្រាកដ។

១. ពណ៌ខ្មៅៈ វាអាចជាប្រេងម៉ាស៊ីន ដែលលេចចេញពីកាទែប្រេង ឬហ្វឺតវិលឡាគាំងជាដើម ដែលលេចស្រកចុះក្រោមម៉ាស៊ីន។

២. ពណ៌ក្រហមៈ បើសិនជាវាមានក្លិនឈ្ងៀម វាអាចជាប្រេងប្រអប់លេខ ដែលទីតាំងវាស្រកអាចស្ថិតក្រោមកណ្តាលខាង​មុខរថយន្ត ឬក្រោមកាទែប្រេងប្រអប់លេខ។

៣. ពណ៌ផ្កាឈូក ឬបៃតងៈ បើសិនវាមានក្លិនក្រអូបប្រហើរ នោះវាអាចជាទឹកស្អំ ដែលទីតាំងលេចស្រកនៅម្តុំក្រោមម៉ាស៊ីនខាងមុខ។

៤. ពណ៌មាសស្រាល: បើសិនវាធុំក្លិនឆួលខ្លាំងដូចសាំង នោះវាអាចជាសាំងដែលលេចស្រកក្រោមម្តុំធុងសាំង​រថយន្ត។

៥. ពណ៌ត្នោតស្រាលៈ វាអាចជាប្រេងបូមចង្កូត ដោយការលេចស្រករបស់វា ស្ថិតនៅក្រោមរថយន្តខាងមុខដែរប៉ុន្តែពុំមានទីតាំងជាក់លាក់ទេ ដូច្នេះគួរពិនិត្យបន្ថែមទៀត ក្នុងក្រឡប្រេងបូមចង្កូត ថាតើមានបាត់ឬអត់។

៦. ពណ៌លឿងស្រាលៈ វាអាចជាប្រេងហ្វ្រាំង ដែលទីតាំងស្រកស្ថិតនៅក្រោមម្តុំចង្កូតរថយន្ត ហើយគួរពិនិត្យបន្ថែមពីកម្រិតបាត់បង់នៅក្នុងក្រឡប្រេងហ្វ្រាំងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+