ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺដំណឹងថា! ជម្រើសម៉ូឌែលឡាន Tesla ដែលមានតម្លៃធូ ពេលទិញអាចនឹងលែងមាន Key Card មកជាមួយទៀតហើយ!

យោងតាមប្លុកព័ត៌មាន Not A Tesla App បានបង្ហាញថា Tesla បានដកចេញដោយស្ងាត់ៗនូវឃ្លា “Tesla ផ្តល់ឱ្យអ្នកនូវ Key Card រថយន្ត Model 3/Y ចំនួនពីរ ដែលបានរចនាឡើងដើម្បីឱ្យអាចដាក់ក្នុងកាបូបលុយរបស់អ្នកបាន | Tesla provides you with two Model 3/Y key cards, designed to fit in your wallet” ពីសៀវភៅណែនាំ Owner Manual នៃរថយន្ត Model 3 និង Model Y បន្ទាប់ពីការធ្វើបញ្ចេញនូវម៉ូឌែលថ្មី Model 3 និង Model Y Standard។

សៀវភៅ Owner Manual លើម៉ូឌែលទូទៅ

ជាមួយការដកចេញស្ងាត់ៗនេះ ត្រូវបាន Not A Tesla App សន្នត់ថា Key Card នោះនឹងលែងផ្តល់អោយនៅលើម៉ូឌែល Standard ឬម៉ូឌែលថ្មីៗដែលមានតម្លៃសមរម្យមួយចំនួនទៀតបន្ថែម ជាមួយហេតុផល Tesla ចង់កាត់បន្ថយថ្លៃចំណាយណាមួយសម្រាប់ជម្រើសរថយន្តដែលមានតម្លៃសមរម្យរបស់ខ្លួន។ 

បើសិនជាព័ត៌មាននេះត្រូវបានប្រកាសផ្លូវការនាពេលខាងមុខ ដែលមានការផ្លាស់ប្តូរលែងមាន Key Card ទៅលើម៉ូឌែលរថយន្តរបស់ Tesla ណាមួយនោះម្ចាស់រថយន្ត Tesla អាចធ្វើការប្រើកម្មវិធីលើទូស័ព្ទ Tesla App ជំនួសវិញបាន។ ដូច្នេះ សម្រាប់ព័ត៌មានលម្អិតមានតែរង់ចាំការប្រកាសផ្លូវការពី Tesla ផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាចជា Mazda EZ-3? Mazda3 ជំនាន់ក្រោយនឹងជាប្រភេទអគ្គិសនី ដោយសហការជាមួយ Deepal

មានការលើកឡើងជាច្រើនថា Mazda3 ដែលប្រើម៉ាស៊ីនចំហេះក្នុង នឹងមិនត្រូវបានផលិតទៀតឡើយនៅឆ្នាំក្រោយ ប៉ុន្តែនឹងមកជាមួយ​ version អគ្គិសនី ដែលអភិវឌ្ឍរួមគ្នា​ជាមួយក្រុមហ៊ុនចិន Deepal។

រថយន្ត Mazda3 ត្រូវបានរំពឹងថា នឹងប្រើគ្រោងឆ្អឹងរបស់រថយន្ត Deepal L06  ហើយជាមួយគ្នានោះ វាក៏នឹងបំពាក់បច្ចេកវិទ្យាកាន់តែទំនើបជាពិសេសនៅផ្នែកកាប៊ីន និងមានប្រព័ន្ធ LiDar ផងដែរ ប៉ុន្តែរូបរាងនឹងនៅតែជាការឌីហ្សាញ Kodo ដែលជាអត្តសញ្ញាណរបស់ Mazda។

អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ គឺតាមរយៈឈ្មោះ Mazda3e ក្នុងពាក្យស្នើសុំម៉ាកសម្គាល់ពាណិជ្ជកម្ម​ដែល​ដាក់នៅក្នុងប្រទេសអូស្ត្រាលី អង់គ្លេស និងអឺរ៉ុប ស្របពេលដែល Deepal ប្រកាសចេញរថយន្តស៊ីដេន LO6 ខាងលើនេះ។ ដូច្នេះ រថយន្តអគ្គិសនីថ្មីនោះ អាចជា Mazda3e ឬក៏អាចដាក់ឈ្មោះ Mazda EZ-3 តាមទីផ្សារមួយចំនួន ដូចជា Mazda EZ-6 និង EZ-60 ដែលសហការជាមួយ Deepal កន្លងមក។

គួរដឹងថា សម្រាប់​រថយន្តអគ្គិសនី Deepal L06 បំពាក់ម៉ូទ័រ១ កម្លាំង ២៦៨សេះ ជាមួយជម្រើសកញ្ចប់អាគុយ២ គឺទំហំ ៥៦គីឡូវ៉ាត់ម៉ោង និងមួយទៀតទំហំ ៦៩គីឡូវ៉ាត់ម៉ោង ដែលមានចម្ងាយបើកបរដល់ ៦៧០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

legendary ភីកអាប់របស់ចិនត្រៀមខ្លួនបង្ហាញវត្ដមាននៅពិព័រណ៍រថយន្តក្វាងចូវ

ក្រុមហ៊ុន Beijing Auto Works (BAW) បានបញ្ចេញរូបភាពនៃម៉ូឌែលរថយន្ដថ្មីៗជាច្រើន ដែលត្រៀមនឹងបង្ហាញខ្លួននៅពិព័រណ៍រថយន្តក្វាងចូវ(Guangzhou Auto Show)។ ក្នុងចំណោមរថយន្ដទាំងអស់ក៏មានរថយន្ដ Explorer 01 ជាម៉ូឌែល legendary ភីកអាប់របស់ម៉ាក់យីហោនេះត្រៀមខ្លួនដាក់បង្ហាញផងដែរ។


យោងតាមបញ្ជីឈ្មោះបទប្បញ្ញត្តិរបស់ប្រទេសចិនបានបង្ហាញថា ម៉ូដែលរថយន្ត Pickup របស់ក្រុមហ៊ុន BAW ដែលត្រៀមបង្ហាញខ្លួននៅពិព័រណ៍រថយន្តក្វាងចូវឈ្មោះថា Explorer 01។ រថយន្តនេះនៅតែរក្សាទម្រង់រចនាបែបជ្រុងៗដូចទៅនិងរថយន្ត 212 ប៉ុន្តែត្រូវបានពង្រីកតួខ្លួនឲ្យវែងជាង និងមានទ្រង់ខាងក្រោយវែងជាងមុន។

យោងតាមវិមាត្រដែលបានចុះបញ្ជីរថយន្ដ Explorer 01 មានបណ្តោយប្រវែង ៥ ៤៦៩ ម.ម, ទទឹង ១ ៩៥៥ ម.ម,  កម្ពស់ ១ ៩៧០ ម.ម និងគម្លាតកង់មុខក្រោយ ៣ ៤៨៨ ម.ម។ សម្រាប់កម្រិតសមត្ថភាពរថយន្ដដំណើរដោយម៉ាស៊ីនម៉ាស៊ូតចំណុះ 2.3 Turbo អាចផលិតកម្លាំង ១៤០ គីឡូវ៉ាត់ និងមានអត្រាសុីប្រេង ៩.១ លីត្រ/១០០ គីឡូម៉ែត្រ។

បន្ថែមពីនេះរថយន្ដក៏បានបំពាក់មកជាមួយ

  • បង្គោលការពារការក្រឡាប់ (Roll bar)
  • ដំបូលគ្របទំនិញ (Cargo covers)
  • ទំពក់សម្រាប់អូស (Tow hooks)

យ៉ាងណាមិញក្រុមហ៊ុន BAW មិនទាន់បានបញ្ចេញលក្ខណៈពិសេសពេញលេញទាក់ទងជាមួយរថយន្ដនេះនៅឡើយទេ ចំពោះព័ត៌មានបន្ថែមត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញ នៅពេលដែលរថយន្តទាំងនេះបង្ហាញខ្លួននៅឯពិព័រណ៍រថយន្តក្វាងចូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញឡាន ឈ្នះឡាន រង្វាន់យក្ស រង្វាន់មហាសាលពី Toyota ត្រឹមតែ ២ សប្តាហ៍ប៉ុណ្ណោះ

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយលក់រថយន្តផ្តាច់មុខ ម៉ាក Toyota ផ្លូវការនៅក្នុងប្រទេសកម្ពុជា ត្រៀមរង្វាន់យក្ស រង្វាន់មហាសាល ទិញឡាន មានឱកាសឈ្នះឡាន ដែលជាកាដូរដ៏ធំមិនធ្លាប់មានប្រចាំឆ្នាំ២០២៥ ដើម្បីជាការថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនរបស់ខ្លួន។ ដោយនៅក្នុងនោះរាល់ការទិញរថយន្តមួយគ្រឿងពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចជា Toyota Wigo, Raize, Veloz, Yaris Cross, Yaris Cross HEV, Corolla Cross, Corolla Cross HEV, Hilux Revo Rally, Fortuner, Haice 12 seater and 16 seater, Alphard,​ Alphard HEV, Land  Cruiser GRS និង Land Cruiser ZX ចាប់ពីថ្ងៃទី ចាប់ពីថ្ងៃ 15 រហូតដល់ថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2025 លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតចំនួន ១សន្លឹកភ្លាម ស្មើរនឹងការទទួលបានឱកាសឈ្នះចំនួន ១ដង ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត TOYOTA RAIZE ពីក្រុមហ៊ុនជប៉ុនផ្លូវការ តូយ៉ូតា (ខេមបូឌា)។

រង្វាន់យក្សក៏មាន ដើម្បីស្វែងរកអតិថិជនមានសំណាងរបស់តូយ៉ូតា យ៉ាងណាមិញក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានត្រៀមនូវការបន្ថែមជូនភ្លាមៗជាច្រើន រាល់ការទិញរថយន្តស៊េរីថ្មីម៉ូដែលណាមួយដែលបានរៀបរាប់ខាងលើដូចជា៖  

  • ទទួលបានគូប៉ុងជាសាច់ប្រាក់ 1,000ដុល្លារ សម្រាប់ការប្តូររថយន្តចាស់យករថយន្តថ្មី (សម្រាប់ការទិញរថយន្តថ្មី)
  • ការបង់រំលស់ដែលមានអត្រាការប្រាក់ទាបបំផុតត្រឹមតែ 8.9% ដោយបង់ត្រឹមតែ 20% មុនតែប៉ុណ្ណោះ (ការបង់រំលស់មានរយៈពេលដល់ 8 ឆ្នាំ)
  • ផ្តល់ជូនសេវាកម្មថែទាំរថយន្តរយៈពេល 1 ឆ្នាំ ឥតគិតថ្លៃ

ទិញកាន់តែច្រើន ឱកាសទទួលបានរថយន្តថ្មីសន្លាងកាន់តែច្រើន រួមជាមួយការបន្ថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) រួសរាន់ឡើងការផ្តល់ជូននេះនឹងបញ្ចប់នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2025 នេះហើយ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម បងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតា (ខេមបូឌា) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng បញ្ចេញអាគុយជំនាន់ថ្មីរបស់ខ្លួន អាចបើកបរបានចម្ងាយ ១ពាន់គីឡូម៉ែត្រ!

បន្ទាប់ពីមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនជាច្រើន និងដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ ពេលនេះក្រុមហ៊ុន Dongfeng Automobile បានប្រកាសបង្ហាញចេញនូវអាគុយជំនាន់ថ្មីរបស់ខ្លួនហើយ គឺជាអាគុយប្រភេទ solid-state battery។ ក្នុងនោះ បើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់អាគុយនេះនឹងចាប់ផ្តើមការផលិតនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

បើនិយាយពីអាគុយ solid-state battery ជំនាន់ថ្មីនេះ គឺមានដង់ស៊ីតេថាមពលដល់ទៅ 350Wh/kg ឯណ្ណោះ ហើយវាក៏អាចបើកបរបានចម្ងាយ ១ពាន់គីឡូម៉ែត្រ នៅពេលសាកពេញម្តងផងដែរ។

គួរបញ្ជាក់ថា បើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ សម្រាប់អាគុយ solid-state battery ជំនាន់ថ្មីនេះ គឺអាចដំណើរការបានល្អទាំងនៅក្នុងស្ថានភាពមានសីតុណ្ហភាពទាប និងខ្ពស់ ហើយវាក៏គាំទ្រនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនផងដែរ ពោលគឺគាំទ្រការសាកកម្លាំងដល់ទៅ 2MW ដែលអាចសាកក្នុងរយៈពេល ៥នាទី ជិះបានដល់ទៅចម្ងាយដល់ទៅ ៤៥០គីឡូម៉ែត្រឯណ្ណោះ។

ជាមួយគ្នានេះ ក្រៅពីសមត្ថភាពទាំងនេះ អាគុយប្រភេទខាងលើនេះ ក៏ទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជាច្រើនដែលអាចការពារសុវត្ថិភាពដល់រថយន្ត និងអ្នកធ្វើដំណើរនៅក្នុងអំឡុងពេលបើកបរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor បញ្ចេញរថយន្ត EV ថ្មីរបស់ខ្លួន ត្រៀមប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ទីបំផុត ក្រុមហ៊ុន Leapmotor បានប្រកាសបង្ហាញចេញនូវ Teaser រថយន្តថ្មីរបស់ខ្លួនដែលមានឈ្មោះថា Leapmotor A10 ហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងកម្មវិធី Guangzhou Auto Show ថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ បើយោងតាមការរាយការណ៍ពីសារព៍ត៌មានរបស់ប្រទេសចិនផ្ទាល់ សម្រាប់រថយន្ត Compact SUV នេះ គឺត្រូវបានរំពឹងថានឹងអាចបើកបរបានចម្ងាយដល់ទៅ ៧០០គីឡូម៉ែត្រឯណ្ណោះ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនារបស់រថយន្ត Leapmotor A10 នេះវិញ គឺមានការរចនាមិនខុសប្លែកពីរថយន្តអគ្គិសនីផ្សេងៗនោះឡើយ ហើយវាក៏នឹងទទួលបាននូវប្រព័ន្ធ LiDAR នៅលើដំបូល ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ព្រមទាំងប្រព័ន្ធ 360° ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត គឺមិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើការបើកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ត្រូវមានលក្ខខណ្ឌ និងមានអត្ថប្រយោជន៍អ្វីខ្លះ?

រាល់ការធ្វើសេវាកម្ម​បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា លក្ខខណ្ឌក្នុងការទទួលបានអាជ្ញាបណ្ណ ត្រូវមាន៖

១. មានលិខិតអនុញ្ញាតឲ្យវិនិយោគពីក្រសួងរ៉ែ និងថាមពល

២. មានកិច្ចព្រមព្រៀងលក់-ទិញអគ្គិសនី​ជាមួយអ្នកផ្គត់ផ្គង់អគ្គិសនី។

ស្ថានីយបញ្ចូលថាមពល​ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម។

គួរដឹងថា កាលពីខែតុលាកន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជា បាន​សម្រេចកំណត់​តម្លៃ​នៃការបញ្ចូលថាមពលសម្រាប់​ស្ថានីយបញ្ចូល​ថាមពលយានយន្តអគ្គិសនី រួមមានដូចខាងក្រោម:

១. ការបញ្ចូលថាមពលតាមចរន្តឆ្លាស់ (AC) តម្លៃ ១០៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង

២. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿន Fast Charge អនុភាពរហូតដល់ 250 kw តម្លៃ ១៣៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង

៣. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿនខ្លាំង Super-fast Charge អនុភាពលើសពី 250 kw ឡើង តម្លៃ ១៤៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

​បើតាម​ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចាប់ផ្តើមផលិតរថយន្ត១ប្រភេទ​ ដែល​អាចជាគំរូ​សម្រាប់អនាគតរថយន្ត​សាំង នៃការបញ្ចេញ CO2 ទាបបំផុត

ក្រុមហ៊ុន Toyota ប្រចាំតំបន់អឺរ៉ុប បាន​ចាប់ផ្តើម​ផលិត​រថយន្តម៉ូឌែល Aygo X Hybrid នៅរោងចក្រ​ក្នុងសាធារណរដ្ឋឆេក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែល​ជារថយន្តមិនមែនប្រភេទ PHEV ឬ EV នោះទេ ប៉ុន្តែបែរជាមានកម្រិតបញ្ចេញឧស្ម័នកាបូនិចទាបបំផុត។

បណ្តាក្រុមហ៊ុនរថយន្តជាច្រើន បានតស៊ូនឹងច្បាប់នៃការបញ្ចេញ​ឧស្ម័នកាបូនិចនៅតំបន់អឺរ៉ុប ដោយត្រូវប្រឈមនឹងការចំណាយខ្ពស់​ក្នុងការផលិតរថយន្តចំហេះក្នុង សម្រាប់ទីផ្សារតំបន់​នេះ។

ដើម្បីអាចទម្លុះរនាំងនេះបាន Toyota បានប្រឹងប្រែងស្រាវជ្រាវបង្កើតបច្ចេកវិទ្យា Hybrid ថ្មី បំពាក់លើ​រថយន្តសាំង ពោលគឺ​រថយន្ត Aygo X តែម្តង ដែលជាជំហានថ្មីមួយទៀត ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន ក្រៅតែពីរថយន្តអគ្គិសនី ពោលគឺបញ្ចេញ CO2 ត្រឹមតែ ៨៦ក្រាម/គម (តិចជាងច្បាប់ EU ដែលកំណត់ ៩៣,៦ក្រាម/គម)។ មិនតែប៉ុណ្ណោះ​វាក៏អាចជាគំរូ​សម្រាប់អនាគតរថយន្តសាំង Hybrid របស់ក្រុមហ៊ុនផ្សេងៗទៀតផងដែរ។

រថយន្ត Aygo X គឺ​ជាម៉ូឌែលតូចបំផុតរបស់ Toyota ដែលបំពាក់បច្ចេកវិទ្យា Full Hybrid ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១១៦សេះ និងកម្លាំងរមួល ១៤៤ញូតុនម៉ែត្រ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម ប្រើពេល ១០វិនាទី និងកម្រិតស៊ីសាំងជិត ៤លីត្រ/១០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពន្ធផ្លូវសម្រាប់ EV ខ្ពស់បំផុតត្រឹម ៨០ម៉ឺនរៀល រថយន្តចំហេះក្នុងដល់ ២លានរៀល តែមាន​យានយន្ត៥ប្រភេទ មិនបាច់បង់ពន្ធទេ

ការបង់ពន្ធ​លើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ នឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះហើយ។ អ្នកដែលបានទើបទិញ​រថយន្តថ្មីខ្លាញ់គោ និងឬជជុះក្រដាសពន្ធ នៅក្នុងខែនេះ ក៏ត្រូវមានកាតព្វកិច្ចបង់ពន្ធនេះផងដែរ។

ចំនួននៃការបង់ពន្ធផ្លូវ គឺខុសៗគ្នាទៅតាមប្រភេទរថយន្ត (សម្រាប់រថយន្តទេសចរណ៍) ដែលរួមមានទាំងអគ្គិសនីសុទ្ធ និងចំហេះក្នុង (សាំង និងម៉ាស៊ូត) ក្នុងនោះរថយន្តអគ្គិសនី គិតពីកម្លាំងសេះ (HP) របស់ម៉ូទ័រអគ្គិសនី ឯ​រថយន្តចំហេះក្នុងគិតតាមទំហំស៊ីឡាំង។

សម្រាប់រថយន្តអគ្គិសនី ត្រូវបានសម្រួលអត្រាពន្ធ ដើម្បីជំរុញការប្រើប្រាស់​ ពោលគឺ​មានអត្រាពន្ធទាបបំផុតចាប់ពី៦ម៉ឺនរៀល រហូតដល់ខ្ពស់បំផុតត្រឹម ៨០ម៉ឺនរៀលប៉ុណ្ណោះ ដែលពីមុនខ្ពស់បំផុតដល់ ១លាន ៦០ម៉ឹនរៀល។ ចំណែករថយន្តចំហេះក្នុងវិញ នៅរក្សាដដែល ជាមួយអត្រាពន្ធទាបបំផុតចាប់ពី ៨ម៉ឺនរៀល ដល់ខ្ពស់បំផុត ២លានរៀល។

យ៉ាងណាមិញ ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវបានលើកលែងចំពោះប្រភេទយានយន្តដូចខាងក្រោម៖

១. រថយន្តគិលានសង្គ្រោះ និង​រថយន្តពន្លត់អគ្គីភ័យ​ជាកម្មសិទ្ធិរបស់រដ្ឋ។

២. យានយន្ត​ដែល​ជាកម្មសិទ្ធិរបស់​អង្គភាព​កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារ​សម្រាប់គោលដៅការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។

៣. យានយន្ត​ដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេសរបស់​រដ្ឋាភិបាលនានា។

៤. ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្ត​គ្រប់ប្រភេទ​ដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។

៥. រថយន្ត​ដែលបំប្លែងមកពីគោយន្ត និងរថយន្ត​កែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery យកឡាន Fulwin X3L ខ្លួនបើកសាកល្បងឡើងជណ្តើរ ៩៩៩កាំ ឯលទ្ធផលពិតជាភ្ញាក់ផ្អើលខ្លាំង! (មានវីដេអូ)

កាលពីឆ្នាំ២០១៨ កន្លងទៅរថយន្ត Range Rover បានធ្វើ​ការបើកបរ​ឡើងកាំជណ្តើរឋានសួគ៌ ៩៩៩កាំ ដល់​ច្រកទ្វា​រឋានសួគ៌​ ឬ Heaven Gate ដ៏​ល្បី​នៅក្នុង​ខេត្ត Zhangjiajie នៃ​ប្រទេស​ចិន​បានសម្រេចបង្ករអោយមាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៃសម្ថភាពរបស់រថយន្តមួយនេះ។ ហើយកាលពីថ្ងៃទី១២ ខែវិច្ឆិការនេះ ក្រុមហ៊ុនផលិតចិន Chery ក៏ចង់ធ្វើការសាកល្បងរថយន្តខ្លួនឯង រួចជាមួយការបង្កើតកំណត់ត្រាផងនោះ ក៏បានធ្វើការនាំយកនូវរថយន្ត SUV ម៉ូឌែល Fulwin X3Lខ្លួនឡើងជណ្តើរដើម្បីទៅកាន់ច្រកទ្វា Heaven Gate ប៉ុន្តែគួរអោយសោកស្តាយឡើងពុំបានសម្រេចនោះឡើុយ ដោយរថយន្តរអិលថយចុះមកវិញ (ដូចបង្ហាញក្នុងវីដេអូ)។

យោងតាមព័ត៌មានដែលបានចុះផ្សាយបង្ហាញថា “ជណ្តើរឋានសួគ៌” ត្រូវបានបិទសម្រាប់ភ្ញៀវទេសចរនៅថ្ងៃទី១២ និងទី ១៣ ខែវិច្ឆិកាសម្រាប់ព្រឹត្តិការណ៍របស់ក្រុមហ៊ុន Chery នេះ។ ក្នុងនោះបន្ទាប់ពីជួបហេតុការបែបនេះ Chery ក៏បានធ្វើការ​សុំ​ទោស​ ​ចំពោះ​ការ​ខូច​ខាត ហើយ​បាន​សន្យា​ថា​នឹង «​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​» ដើម្បី​ធ្វើការ​ជួសជុល និង​ទូទាត់​សំណង។ ក្រុមហ៊ុនក៏បានសុំទោសដល់ភ្ញៀវទេសចរ និងសមាជិកសាធារណៈផងដែរ។

សូមបញ្ជាក់ផងដែរថា ភ្នំ Tianmen “Heavenly Ladder” គឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញមួយដែលមានកាំជណ្តើរចំនួន ៩៩៩កាំ ប្រវែងជិត ៣០០ម៉ែត្រ និងកម្ពស់ប្រមាណ ១៥០ម៉ែត្រ និងជម្រាលជាមធ្យម 45 ដឺក្រេ ទៅ 60ដឺក្រេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+