ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla Model Y ទំនងយកឈ្នះឡានភីកអាប់ Ford F-150 លើទីផ្សារសកល

[ទីផ្សារបរទេស] ផ្អែកតាមការប៉ាន់ស្មានចុងក្រោយពី Bloomberg New Energy Finance ហៅកាត់ថា BloombergNEF) បានបង្ហាញថា ក្រុមហ៊ុន Tesla បានដឹកជញ្ជូនរថយន្ត Model Y ប្រមាណ ៥០ម៉ឺនគ្រឿងហើយនៅក្នុងឆ្នាំ២០២២នេះ។

បើផ្អែកតាមលទ្ធផលលក់ឆ្នាំ២០២១ Tesla Model Y អាចស្ថិតនៅក្នុងចំណោមរថយន្តដែលលក់ដាច់ជាងគេប្រចាំឆ្នាំ២០២២។ កាលឆ្នាំមុន Tesla Model 3 ស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ ជាមួយចំនួនលក់ប្រមាណ ៥០ម៉ឺនគ្រឿង នៅតាមពីក្រោយរថយន្ត Ford F-150។

Bloomberg New Energy Finance ប៉ាន់ស្មានថា Tesla នឹងអាចដឹកជញ្ជូនរថយន្ត Model Y បានប្រមាណ ៧៦ម៉ឺនគ្រឿង នៅត្រឹមចុងឆ្នាំ២០២២នេះ។ ផ្អែកតាមចំនួនលក់សកលរបស់រថយន្ត Ford F-150 រថយន្ត Model Y មានសក្ដានុពលក្នុងការនាំមុខនៅឆ្នាំនេះ។

ទោះបីជា Tesla មិនអាចលក់បានដល់ ៧៦ម៉ឺនគ្រឿង ឬ Ford លក់រថយន្ត F-150 បានច្រើនលើសការរំពឹងក៏នេះគឺជាលទ្ធផលអស្ចារ្យមួយសម្រាប់ Tesla ដែលជាក្រុមហ៊ុនមានផលិតតែរថយន្តអគ្គិសនីសុទ្ធ។ រង់ចាំតាមដានទាំងអស់គ្នាថាលទ្ធផលលក់ប្រចាំឆ្នាំ២០២២នឹងមានឈ្មោះរថយន្ត Tesla ប៉ុន្មានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីការបើកបរសាកល្បងរថយន្ត Ford ស៊េរីថ្មីឆ្នាំ ២០២៣

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីការបើកបរសាកល្បងដ៏ពិសេសខ្នាតធំជាមួយរថយន្ត Ford ស៊េរីឆ្នាំ ២០២៣​ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ ព្រឹក រហូតដល់ម៉ោង ៤:០០ ល្ងាច នៅបរិវេណសណ្ឋាគារ ហ្គាឌិនស៊ីធី (ផ្លូវលីយ៉ុងផាត់) ដោយ​មានអតិថិជន និងភ្ញៀវកិត្តិយសចូលរួមប្រមាណជាង ៥០០ នាក់។​

នៅក្នុងកម្មវិធីបើកបរសាកល្បងនេះ ក៏មានការដាក់តាំងបង្ហាញរថយន្តFord ស៊េរីឆ្នាំ២០២៣ គ្រប់ម៉ូដែលទាំងអស់ដូចជារថយន្ត Ford Ranger XL, រថយន្ត Ford Ranger XLT, រថយន្តFord Ranger Wildtrak, រថយន្តFord Everest, និងរថយន្តFord Ranger Raptor ដែលមានការតុបតែងលំអ និងរៀបចំសកម្មភាពផ្សេងៗជាច្រើនសម្រាប់អតិថិជនធ្វើការកម្សាន្តនៅក្នុងកម្មវិធីនេះ។ ហើយអ្វីដែលពិសេសនោះគឺ ការបើកបរសាកល្បងរថយន្តFord ស៊េរីឆ្នាំ ២០២៣ ទៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដែលមានដូចជា៖ ការបើកបរលើផ្លូវធម្មតា(On-Road Highway) ការបើកបរលើឧបសគ្គល្បឿនយឺត (Low-Speed Off-Road) ដែលមានឧបសគ្គដូចជា ផ្លូវរអិល ផ្លូវភក់ ផ្លូវថ្មគ្រួស ផ្លូវគ្រលុកផុង ផ្លូវចុះចំណោតខ្លាំង ផ្លូវខ្សាច់ និងផ្លូវចុះទឹករហូតដល់​​ជម្រៅ​​ ៨០០mm ដោយធ្វើការបង្ហាញ និងពន្យល់លម្អិតអំពីរបៀបប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងមុខងារបច្ចេកវិទ្យាទំនើបៗចុងក្រោយនីមួយៗដែលបំពាក់ក្នុងរថយន្ត Next-Generation Ford ស៊េរីឆ្នាំ ២២០២៣នេះ ផងដែរ។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ការបើកបរសាកល្បងលើផ្លូវឧបសគ្គល្បឿនលឿន (High-Speed Off-Road Performance) ដោយប្រើប្រាស់មុខងារ ​Baja Mode របស់រថយន្តFord Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ ដែលមិនធ្លាប់មានពីមុនមក និងមិនមានរថយន្តដទៃអាចធ្វើបាននោះឡើយ ដោយអតិថិជនទទួលបាន​បទពិសោធន៍ថ្មីដ៏​អស្ចារ្យក្នុងរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៣ ដែលបើកបរជាមួយអ្នកជំនាញបរទេសសញ្ជាតិអូស្រ្តាលី  កាណាដា និង​ថៃ ជាដើម ដែលជាអ្នកឯកទេស និងមានបទពិសោធន៍បើកបរយូរឆ្នាំ ដើម្បីអោយអតិថិជនទទួលបាននូវបទពិសោធន៍មួយដ៏ថ្មីភ្លែក និងអស្ចារ្យមិនធ្លាប់មានពីមុនមក។

លើសពីនេះទៅទៀត អាហារសម្រន់ និងភេសជ្ជៈជាច្រើនមុខបានរៀបចំសម្រាប់អតិថិជនដែលបានចូលរួមក្នុងកម្មវិធីនេះនៅក្រោមតង់ដ៏ធំទូលាយងាយស្រួលក្នុងការជួបជុំគ្នា ទំនាក់ទំនងគ្នា និងថែមទាំងមានកន្លែង​​កម្បាន្ត​របស់កុមារតូចៗដែលបង្កើននូវបរិយាកាសសប្បាយរីករាយសម្រាប់ក្រុមគ្រួសារអតិថិជន និងភ្ញៀវកិត្តិយសជាច្រើន​ទៀតដែលបានចូលរួមក្នុងកម្មវិធីនេះ។

រាល់អតិថិជនដែលបានចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត Ford ទាំងអស់នឹងទទួលបានសំបុត្រចូលទស្សនាសួនសត្វភ្នំពេញសាហ្វារី ឬ សួនទឹកហ្គាឌិនស៊ីធី និងវត្ថុអនុស្សាវរីយផ្សេងៗជាច្រើនទៀត។ សម្រាប់ការចុះឈ្មោះបើកបរសាកល្បង និង ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពីរថយន្ត Ford ស៊េរីឆ្នាំ ២០២៣ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Genesis GV70 ដាក់លក់ក្នុងប្រទេសអូស្ត្រាលី ជាមួយតម្លៃខ្ទង់ ៨មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Genesis ប្រចាំនៅប្រទេសអូស្រ្តាលីបានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនី Genesis GV70 ជាម៉ូដែលកំពូលប្រភេទ SUV ជាមួយនឹងតម្លៃលក់ចាប់ពី ៨០​ ​២៤១ ដុល្លារនៅក្នុងទីផ្សាររបស់ខ្លួន។

គ្រប់ម៉ូដែលដែលលក់នៅប្រទេសអូស្ត្រាលីនឹងមកជាមួយកញ្ចប់ Luxury Package ជាស្តង់ដាររួមមាន ថាសកង់ស្ព័រទំហំ ២០ អ៊ីញ, ភ្លើងលម្អក្នុងរថយន្ត, កៅអីស្រោបដោយស្បែក Nappa, កៅអីខាងមុខដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនិ ១៨ ទិសដៅ, មុខងារម៉ាស្សាក, ឧបករណ៍ស្កេនស្នាមម្រាមដៃ, កុងទ័រព័ត៌មានឌីជិថលទំហំ ១២,៣ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ និងជំនួយការចូលចតរថយន្តតាមរយៈ Smart Key។

ក្នុងចំណោមលក្ខណៈស្តង់ដារសំខាន់ៗផ្សេងទៀតរបស់រថយន្ត Genesis GV70 គឺឧកបរណ៍បំពងសំឡេងចំនួន​១៤ ចំនុច 1050 watt Lexicon by Harman audio system, ប្រព័ន្ធកាត់បន្ថយសំលេងរំខាន (Active Noise Control), ប្រព័ន្ធសំឡេង e-Active Sound Design, អេក្រង់កំសាន្ត HD touchscreen ទំហំ ១៤,៥ អ៊ីញ និងមុខងារសុវត្ថិភាពជាច្រើន រួមមាន ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកគន្លងផ្លូវ, ប្រព័ន្ធកំណត់ល្បឿនជាមួយមុខងារ Stop/Go, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ពេលមានឧបសគ្គ និងមុខងារជាច្រើនទៀតផងដែរ។

ដូចនៅប្រទេសផ្សេងទៀត រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៤៨២ សេះ និងកម្លាំងរមយល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៧,៤​ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

​ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Genesis Motors Australia លោក Connal Yan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានសេចក្តីរំភើបរីករាយក្នុងការដាក់បង្ហាញរថយន្តអគ្គិសនី GV70 នៅក្នុងប្រទេសអូស្ត្រាលី និងនាំយកចំនួនសរុបរបស់យើងទៅកាន់ម៉ូដែលអគ្គិសនីថ្មីចំនួន ៣ នៅឆ្នាំនេះ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ES ស៊េរីឆ្នាំ ២០២៣ បន្ថែមម៉ូដែល F Sport ថ្មីចំនួន ២ ជាមួយការអភិវឌ្ឍបច្ចេកវិទ្យាថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើដាក់បង្ហាញចេញនៅរថយន្ត Lexus ES ស៊េរីឆ្នាំ ២០២៣ ជាមួយនឹងការអាប់ដេតតិចតួច ដោយបានបន្ថែមនៅម៉ូដែល F Sport Design និង F Sport Handling សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនោះរថយន្ត Lexus ES មានតម្លៃចាប់ពី ៤២ ៤៩០ ដុល្លារ, ES F Sport Design មានតម្លៃចាប់ផ្តើមពី ៤៧ ០៧៥ ដុល្លារ និង F Sport Handling មានតម្លៃ ៤៨ ៩៥០ ដុល្លារ ។ ដោយបន្ថែមនៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញប្រភេទ split-five wheels, ប្រព័ន្ធជំនួយពេលចូលចត (intuitive park assist), និង F Sport មានរចនាប័ទ្មលក្ខណៈបែបស្ព័រទាំងផ្នែកខាងមុខ និងខាងក្រោយផងដែរ។

អតិថិជនក៏អាចបន្ថែមអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ឧបករណ៍បំពងសំឡេងម៉ាក Mark Levinson, អេក្រង់ព័ត៌មានបង្ហាញលើកញ្ចក់, ដំបូលបែប Panoramic roof, ចង្កៀងមុខ triple-beam LED និងឃ្លុបក្រោយបើក/បិទតាមរយៈថាមពលអគ្គិសនី។ ខណៈ F Sport Handling មានតែសម្រាប់ ES 350 ឬ ES 300h ប៉ុណ្ណោះ ។

រីឯម៉ូដែល F Sport Handling បានបន្ថែមរបៀបបើកបរបែប Sport+ និង Custom, ប្រព័ន្ធ F Sport-tuned Adaptive Variable Suspension (AVS), ចង្កូត F Sport ដែលមានកំដៅ, ឈ្នាន់ pedal អាលុយមីញ៉ូម និងប្រព័ន្ធជំនួយការចូលចតរថយន្ត។ ស្រដៀងគ្នាទៅនឹង F Sport Design អតិថិជនក៏អាចបន្ថែមលក្ខណៈពិសេសដូចជា ឧបករណ៍បំពងសំឡេងម៉ាក Mark Levinson, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ឬអេក្រង់បង្ហាញលើកញ្ចក់ជាដើម។

លើសពីការផ្លាស់ប្តូរទាំងនោះ ក៏ត្រូវបានកែលម្អផ្នែកខាងក្នុងកាប៊ីន និងបានបន្ថែមនៅ sunglasses holder និងកន្លែងសាកថ្មឥតខ្សែ ហើយផ្លាស់ប្តូរទីតាំងដាក់ដបទឹក។ ឥឡូវនេះប្រព័ន្ធព័ត៌មានកំសាន្តអាចបញ្ជាដោយផ្ទាល់តាមរយៈការចុច ឬតាមសំឡេង។

សម្រាប់រថយន្ត Lexus ES ស៊េរីឆ្នាំ ២០២៣ មានជម្រើស ១១ ពណ៌សម្រាប់ជ្រើសរើស ហើយគ្រប់ម៉ូដែល ES ភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System 2.5+ ដែលរួមបញ្ចូលប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីដំបូងរបស់ Rolls-Royce ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយអតិថិជនជាង ៣០០នាក់ បានដាក់លុយកក់ តាំងពីមុនពេលបង្ហាញខ្លួន

[បរទេស] រថយន្ត Coupe តម្លៃ ៤១៣ ០០០ គឺជារថយន្តអគ្គិសនីដំបូងគេបង្អស់របស់ក្រុមហ៊ុន ដែលត្រូវបានដាក់បង្ហាញខ្លួនជាសាធារណៈនៅសប្តាហ៍មុន។ ជាក់ស្តែង អតិថិជន Rolls-Royce បានទៅទស្សនារថយន្តជាលក្ខណៈឯកជននៅទីស្នាក់ការកណ្តាល Goodwood របស់ក្រុមហ៊ុននៃចក្រភពអង់គ្លេស មុនពេលដែលរថយន្តត្រូវបានដាក់បង្ហាញជាផ្លូវការ។ អតិថិជនអាមេរិកជាង ៣០០ នាក់បានដាក់ប្រាក់កក់លើរថយន្ត Rolls-Royce Spectre មុនពេលឃើញរថយន្តជាផ្លូវការ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Torsten Muller-Otvos។

ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុនលោក Muller-Otvos បាននិយាយបានប្រាប់ទៅកាន់ CNBCថា “មនុស្សកំពុងតម្រង់ជួរទិញ Spectre ដែលជាផលិតផលដ៏ល្អឥតខ្ចោះបំផុតដែល Rolls-Royce មិនធ្លាប់បានផលិត” មុនពេលដែលរថយន្តនេះផលិតរួចរាល់ដើម្បីបង្ហាញដល់អតិថិជន។

ក្នុងនោះ នាយកប្រតិបត្តិរូបនេះបានធ្វើការបដិសេធមិនផ្តល់នូវចំនួននៃគោលដៅលក់សម្រាប់រថយន្តអគ្គិសនីថ្មីនេះទេ ប៉ុន្តែ ហាក់បីដូចជាក្រុមហ៊ុនបានចែកចាយរថយន្តសរុបចំនួន ៥ ៥៨៦គ្រឿងក្នុងឆ្នាំ ២០២១។

លោក Muller-Otvos បាននិយាយថា “នៅក្នុងលក្ខខណ្ឌនៃសមាមាត្រ (នៃការលក់) ខ្ញុំចង់និយាយថា Cullinan រថយន្ត SUV ដ៏អស្ចារ្យរបស់យើងគឺឈរនៅលេខមួយ ខណៈលេខរាងទីពីរគឺ Ghost ដែលជារថយន្តលីមូស៊ីនដ៏អស្ចារ្យរបស់យើង។ ហើយបន្ទាប់មក Spectre មកលេខរាងទីបី។

ថ្វីត្បិតតែជារថយន្តប្រភេទ Coupe ទ្វារពីរក៏ដោយ រថយន្ត Rolls-Royce Spectre ស៊េរីឆ្នាំ ២០២៤ នឹងនៅតែផ្តោតលើការផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ប្រណិត មិនមែនត្រឹមជារថយន្តប្រភេទស្ព័រនោះទេ។ ជាក់ស្តែងក្រុមហ៊ុនបានការធ្វើតេស្តចម្ងាយ ២,៥ លានគីឡូម៉ែត្រ ដើម្បីធានាថាវានឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Rolls-Royce មិនទាន់បានប្រាប់អំពីលក្ខណៈបច្ចេកទេសនៃរថយន្តនេះនៅឡើយទេ ប៉ុន្តែជាមួយអាគុយដែលទម្ងន់ ៧០០គីឡូក្រាមទៅហើយនោះ អាចឲ្យរថយន្ត Spectre ផលិតកម្លាំងបាន ៥៧៧សេះ និងបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ ដែលអាចសន្និដ្ឋានបានថាអាគុយនេះមានចំណុះជាង ១០០kWh៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនី Tesla Cybertruck កាន់តែជិតដល់ពេលផលិតហើយ

[ទីផ្សារបរទេស] ទោះជាបានពន្យារពេលអស់ជាច្រើនមែន ប៉ុន្តែក្រុមហ៊ុន Tesla នៅតែបន្តការងារយ៉ាងសកម្មជាមួយការអភិវឌ្ឍន៍រថយន្តភីកអាប់អគ្គិសនី Tesla Cybertruck ដែលបានបង្ហាញរូបរាងដំបូងតាំងពីឆ្នាំ២០១៩មក។

បើតាមជំនួបប្រកាសអំពីប្រាក់ចំណូលរបស់ Tesla ដែលបានធ្វើឡើងកាលពីថ្មីៗនេះ Tesla បានបញ្ជាក់ថារថយន្ត Cyber​truck គឺស្ថិតតាមផែនការសម្រាប់ការផលិតនៅពាក់កណ្ដាលឆ្នាំ២០២៣ ដោយពេលនេះវាបានឈានដល់ដំណាក់កាលក្នុងការឌីហ្សាញ និងបង្កើតឧបករណ៍ដែលចាំបាច់សម្រាប់ការផលិតរថយន្តនេះ។

ក្នុងដំណាក់កាលដែលមានឈ្មោះថា Tooling នេះ រោងចក្រ Giga Texas ដែលជារោងចក្រសម្រាប់ផលិតរថយន្ត Cybertruck បានត្រៀមខ្លួនដើម្បីចាប់ផ្ដើមការផលិតរថយន្តថ្មី។ រថយន្តផ្សេងៗគ្នាត្រូវការឧបករណ៍ផ្សេងគ្នាដើម្បីដំឡើងបាន ហេតុនេះទើបមានការត្រៀមនេះ។

ប្រសិនបើមានការផ្លាស់ប្ដូរអ្វីបន្តទៅមុខទៀត គេសង្ឃឹមថា Tesla នឹងមិនកែប្រែតម្លៃរបស់ Cybertruck នេះទេ ដោយកាលពី​ប៉ុន្មានខែមុន លោក Elon Musk បានទទួលស្គាល់ថារថយន្ត Cybertruck នឹងមិនមានតម្លៃក្រោម ៤ម៉ឺនដុល្លារនោះទេ។

ចាប់ពីបង្ហាញរូបរាងដំបូងមក មានគូប្រជែងធំៗជាច្រើនបានប្រកាសចេញរថយន្តភីកអាប់អគ្គិសនីជាហូហែរដើម្បីហក់ចូលទីផ្សាររថយន្តភីកអាប់អគ្គិសនីបានមុខ Cybertruck ក្នុងនោះមានដូចជា Ford F-150 Lightning និងរថយន្ត Rivian R1T ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sierra អគ្គិសនី រំពឹងនាំអតិថិជនថ្មីឲ្យម៉ាក GMC មិនដណ្ដើមម៉ូយរបស់ Hummer EV ឡើយ

[ទីផ្សារបរទេស] រថយន្ត GMC Sierra EV ស៊េរីឆ្នាំ២០២៤ ទំនងជាបង្ហាញវត្តមានជាមួយជោគជ័យ ប៉ុន្តែនៅមានជាសំនួរចោទសួរថាតើរថយន្តនេះនឹងស្ថិតនៅក្នុងតំណែងណានៃក្រុមហ៊ុន GMC។

Sierra EV នេះនឹងក្លាយជារថយន្តអគ្គិសនីទីបីរបស់ GMC ដែលនឹងមានដាក់លក់ក្រោយរថយន្ត Hummer EV Pickup និង Hummer EV SUV។ រថយន្តទាំងនេះត្រូវបានមើលឃើញថាជាគូប្រជែងដោយសារតែមានតម្លៃដូចគ្នា ជាពិសេស Sierra EV Denali ប្រភេទ Edition 1 ដែលមានតម្លៃ ១០៧ ០០០ដុល្លារ។

តំណាងក្រុមហ៊ុន GMC បានឆ្លើយតបទៅនឹងចំណុចនេះថារថយន្តអគ្គិសនី Sierra EV និង Hummer EV Pickup អាចអូសទាញក្រុមអតិថិជនពីរប្រភេទផ្សេងគ្នា ហើយអ្វីដែលសំខាន់រថយន្ត Sierra EV នឹងមានតម្លៃចាប់ផ្ដើមពីប្រមាណ ៥ម៉ឺនដុល្លារ ហើយវានឹងមានជាប្រភេទធូរថ្លៃចេញនៅឆ្នាំ២០២៥មួយទៀត ដែលធូរថ្លៃជាងរថយន្ត Hummer EV Pickup ខ្ទង់៣ម៉ឺនដុល្លារ។

ត្បិតថា៥ម៉ឺនដុល្លារមិនមែនជាតម្លៃធូរថ្លៃ ប៉ុន្តែវាសមរម្យសម្រាប់រថយន្តភីកអាប់អគ្គិសនី ដូចជា Ford F-150 Lightning Pro ជាដើមគឺមានតម្លៃចាប់ពី ៥១ ៩៧៤ដុល្លារ។

និយាយអំពីអតិថិជន ការកក់រំពឹងថាមានចំនួនច្រើនជាងរថយន្ត Hummer EV ហើយបើដូច្នោះមែន គេអាចរំពឹងថាអតិថិជន ប្រហែល ៧០% នឹងជាអតិថិជនដែលប្រើរថយន្តអគ្គិសនីដំបូង និងប្រមាណ ៧៥% អាចជាអតិថិជនថ្មីសម្រាប់ម៉ាក GMC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Niro អគ្គិសនីស៊េរីឆ្នាំ២០២៣ តម្លៃលើសស៊េរីមុនជាង ៣០០ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានប្រកាសចេញតម្លៃសម្រាប់រថយន្ត Niro EV ស៊េរីឆ្នាំ២០២៣ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ក្រោយពីបានចេញលក់ប្រភេទ Hybrid និងប្រភេទ PHEV រួចមក។

ជាការភ្ញាក់ផ្អើលដោយរថយន្តថ្មីនេះមានតម្លៃចាប់ពី ៣៩ ៤៥០ដុល្លារ ដែលថ្លៃលើសស៊េរីឆ្នាំ២០២២ ត្រឹមតែ ៣៦០ដុល្លារ ប៉ុណ្ណោះ ដោយវាមានផ្ដល់ជូនជម្រើសចំនួនពីរ គឺជម្រើស Wind ដែលមានតម្លៃចាប់ពី ៣៩ ៤៥០ដុល្លារ និងជម្រើស Wave ដែលមានតម្លៃចាប់ពី ៤៤ ៤៥០ដុល្លារ។

Kia Niro EV ទាំងពីរប្រភេទ មានបំពាក់មកជាស្តង់ដារនូវយ៉ាន់ទំហំ១៧អ៊ីញ, កុងទ័រឌីជីថល ជាមួយអេក្រង់ភ្លោះទំហំ១០,២៥អ៊ីញ, មុខងារបង្ហាញផ្លូវ, កាមេរ៉ាមើលក្រោយ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, កៅអីស្បែក, កៅអីកម្ដៅដែលបត់បែនបាន១០របៀបសម្រាប់អ្នកបើកបរ រួមជាមួយប្រព័ន្ធសំឡេង Harman Kardon ផងដែរ។

Kia Niro EV នេះមានបំពាក់អាគុយចំណុះ ៦៤,៨kWh ដែលអាចបើកបរបានចម្ងាយ ៤០៧គីឡូម៉ែត្រ តាមការប៉ាន់ស្មានរបស់ស្ថាប័ន EPA។ ចម្ងាយបើកបរនេះមានការកើនឡើងជាងមុនបន្តិច ដោយពីមុនបើកបរបានចម្ងាយ ៣៨៥គីឡូម៉ែត្រ ហើយស៊េរីថ្មីនេះគាំទ្រសមត្ថភាពសាកភ្លើងកម្លាំងដល់ ៨៥kW។

ជាមួយសមត្ថភាពសាកលឿននេះ អាចឲ្យអាគុយសាកពី ១០% ឡើងដល់ ៨០% ក្នុងពេល ៤៥នាទី ខណៈដែលម៉ូទ័ររបស់វាអាចផលិតកម្លាំងបាន២០១សេះ និងផ្ដល់កម្លាំងដល់កង់ខាងមុខ។

រថយន្ត Niro EV ស៊េរីឆ្នាំ២០២៣ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកចាប់ពីចុងខែនេះ ហើយវានឹងត្រូវបានចែកចាយទូលំទូលាយនៅតាមរដ្ឋទាំង៥០នៅសហរដ្ឋអាមេរិក ខុសប្លែកពីស៊េរីមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ភីកអាប់ Sierra EV Denali Edition 1ទទួលបានការកក់ទុកពេញអស់ហើយ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali Edition 1 ដោយត្រឹមរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការបង្ហាញតាមអ៊ីនធឺណិតរបស់ខ្លួន GMC បានបញ្ជាក់ថាការកក់គឺពេញហើយ ហើយអតិថិជនដែលចាប់អារម្មណ៍ឥឡូវនេះត្រូវតែចូលរួមក្នុងបញ្ជីនៃការរង់ចាំ។

តម្លៃសម្រាប់ Sierra Denali Edition 1 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពី ១០៧ ០០០ ដុល្លារ ប៉ុន្តែវាអាចត្រូវបានកក់ទុកជាមួយនឹងប្រាក់ដែលអាចដកវិញបានចំនួន ១០០ ដុល្លារ ។

ក្នុងនោះ GMC មិនបាននិយាយថា ភីកអាប់នេះ នឹងត្រូវបានផលិតចំនួនប៉ុន្មាននោះទេ ប៉ុន្តែការដឹកជញ្ជូនអតិថិជនដំបូងអាចរហូតដល់ដើមឆ្នាំ ២០២៤ ។ គេក៏មិនច្បាស់ដែរថានៅពេលណាដែលម្ចាស់រថយន្តដែលបានកក់នឹងអាចធ្វើការបញ្ជាទិញជាក់ស្តែងបាន។

គួរឲ្យដឹងថា ភីកអាប់អគ្គិសនីសុទ្ធនេះ​ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៧៥៤ សេះ និងកម្លាំងរមួល ១ ០៦៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយមអាគុយ Ultium Battery អាចបើកបរបានចម្ងាយប្រហែល ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយមុខងារសាកថ្មល្បឿនលឿន DC កម្លាំងរហូលដល់ ៣៥០ គីឡូវ៉ាត់ ដោយសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រ ជាមួយសមត្ថិភាពអូសសណ្តោង ៤ ៣០៩ គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន ៥៩០ គីឡីក្រាម។

ដូចទៅនឹងរថយន្តអគ្គិសនី GMC Hummer EV ដែរ សម្រាប់ Sierra EV Denali Edition 1 ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធ 4-Wheel Steer ដែលអនុញ្ញាតឲ្យកង់ខាងក្រោយបត់ក្នុងទិសដៅដូចគ្នា ឬផ្ទុយដូចកង់ខាងមុខ ហើយក៏មានមុខងារ Crab Walk ផងដែរ។

បន្ថែមពីនេះ GMC នឹងដាក់បង្ហាញនៅ Sierra EV Denali Edition 1 ម៉ូដែល Elevation និង AT4 នៅឆ្នាំ ២០២៥ ជាមួយនឹងតម្លៃលក់ ៥០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai មានបំណងផ្តល់រថយន្តអគ្គិសនីសុទ្ធ និង Hybrid នៅ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២

[បរទេស] ក្រុមហ៊ុន Hyundai គ្រោងនឹងធ្វើការផ្តល់ជូនរថយន្តជាងពាក់កណ្តាលនៃរថយន្តដឹកអ្នកដំណើរ ៤៤៦ គ្រឿង សម្រាប់ការប្រកួត FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា ដែលជារថយន្តអគ្គិសនីសុទ្ធ ឬកូនកាត់ hybrid ទាំងស្រុង ដែលជាផ្នែកមួយនៃគោលដៅរបស់ខ្លួនក្នុងការធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែមានពណ៌បៃតង។

ក្នុងនោះ ការប្រកួតពានរង្វាន់ពិភពលោកនេះនឹងត្រូវបានបម្រើដោយឡានក្រុងអគ្គិសនី (Elec City electric buses) ចំនួន ១០ ម៉ូដែល ដូចជា Sonata, Tucson, Kona hybrids និងរថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 5។ ខណៈដែរ បុគ្គលិក VIPs របស់ FIFA នឹងត្រូវបានដឹកជញ្ជូនយ៉ាងប្រណីតដោយ Genesis G80 និង GV70 EVs ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចគោលបំណងនេះ គឺជាការងារពិបាកជាងអ្វីដែលអ្នកគិត។ ក្រុមហ៊ុន Hyundai កំពុងរៀបចំរចនាសម្ព័នដើម្បីគាំទ្រដល់រថយន្តអគ្គិសនីទាំងនេះ ដើម្បីជៀសវាងកំហុសឆ្គងនៅក្នុងព្រឹត្តិការណ៍ដ៏ធំនៅលើពិភពលោក។

ដោយនោះមានន័យថា FIFA នឹងផ្តល់ឆ្នាំងសាកដល់រថយន្តអគ្គិសនីដែលមានកម្លាំង ១០០-១៥០​ គីឡូវ៉ាត់ នៅកន្លែងចតរថយន្តរបស់ព្រឹត្តិការណ៍នេះ ហើយ Hyundai នឹងត្រួតពិនិត្យយានយន្តរបស់ខ្លួនតាមពេលវេលាជាក់ស្តែង។ បន្ថែមពីនេះ Hyundai ក៏នឹងមានរថយន្ត Ioniq 5s ដែលគោលបំណងតែមួយគត់របស់វាគឺដើម្បីដើរតួជា jerrycan ចល័តដើម្បីសាកថ្មដល់រថយន្តអគ្គិសនីដែលអស់ថាមពលនៅលើផ្លូវដោយប្រើបច្ចេកវិទ្យា Vehicle-to-Load ។

គួរឲ្យដឹងថា ចាប់ពីខែនេះតទៅ ក្រុមហ៊ុន Hyundai ក៏បានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកបើកបរផងដែរ។

ទន្ទឹមនឹងនេះ លោក Jaehoon Chang ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hyundai Motor Company មានប្រសាសន៍ថា “ក្រុមហ៊ុន Hyundai Motor និង FIFA ចែករំលែកការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យព្រឹត្តិការណ៍នៅឆ្នាំនេះទទួលបានជោគជ័យប្រកបដោយនិរន្តរភាព តាមរយៈការប្រើប្រាស់ការចល័តជួយបរិស្ថាន”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+