ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកបង្ហាញចំណុចពិសេសទាំង ៥យ៉ាង ដែលមាននៅលើរថយន្ត Honda HR-V សេរ៊ីឆ្នាំ២០២៣ (មានវីដេអូ)

Honda គឺជាក្រុមហ៊ុនប្រទេសជប៉ុន ដែលមានកិត្តិនាមល្បីល្បាញនៅលើទីផ្សារអន្តរជាតិជាយូរណាស់មកហើយ ជាមួយផលិតផលជាច្រើនរបស់ខ្លួន ហើយបើនិយាយអំពីរថយន្តកាលពីពេលថ្មីៗកន្លងទៅនេះ Honda បានធ្វើការបញ្ចេញនូវម៉ូឌែលរថយន្តជំនាន់ថ្មីរបស់ខ្លួនសម្រាប់ទីផ្សារសហរដ្ឋអាមេរិចខាងជើង ដែលជារថយន្តប្រភេទ Sub Compact SUV នោះគឺរថយន្ត Honda HR-V សេរ៊ីឆ្នាំ២០២៣ ប៉ុន្តែក្រឡេកទៅមើលនៅលើទីផ្សារប្រទេសចិន រថយន្តត្រូវបានអោយឈ្មោះថា Honda ZR-V។

ការរចនារូបរាងផ្នែកខាងក្រៅ

មើលទៅលើការរចនា គឹទទួលបាននូវការផ្លាស់ប្តូរថ្មីទាំងស្រុង ដោយមានលក្ខណៈ Clean, ស្ព័រ និងទាក់ទាញ។ ផ្នែកខាងមុខបានបំពាក់ជាមួយប៉ាណាឌីស្សាញជារាងសំបុក្រឃ្មុំ ដែល Honda អោយឈ្មោះថា Honeycomb និងអមសងខាងដោយសំណុំចង្កៀងប្រភេទ LED ដែលញាត់បញ្ជូលនូវអំពូលបំភ្លឺផ្លូវ និងបំភ្លឺពេលថ្ងៃរចនាជាខ្សែបន្ទាត់រាងស្លីម។​ សម្រាប់នៅផ្នែកជំហៀងត្រូវបានប្រើប្រាស់ជាមួយជម្រើសថាសកង់ទំហំ ១៧-១៨អ៊ីញ និងផ្នែកខាងក្រោយក៏បានប្រើប្រាស់ជាមួយចង្កៀងប្រភេទ LED ដូចគ្នានឹងសំណុំចង្កៀងមុខផងដែរ។

សម្រាប់រថយន្តនេះ វាត្រូវបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹង Honda Global Architecture ដូចគ្នានឹងរថយន្ត Civic ជំនាន់ទី១១ ជាមួយប្រវែងសរុប ១៧៩,៨អ៉ីញ, ទទឹង ៧២,៤អ៉ីញ, កម្ពស់ ៦៣,៤អ៉ីញ និងប្រវែងគម្លាតកង់ ១០៤,៥អ៉ីញ។

ការរចនាផ្នែកខាងក្នុង

ក្រឡេកមកមើលការរចនាផ្នែកខាងក្នុង វាបានច្របាច់បញ្ជូលគ្នានូវគំនិតនៃការរចនាថ្មីទាំងស្រុងដោយយកចេញពី DNA ថ្មីរបស់ Honda ដែលផ្តល់អោយទៅលើម៉ូឌែលរថយន្តរបស់ខ្លួនជំនាន់ក្រោយ។ ជាក់ស្តែងដូចជា តាប្លូ, រន្ធម៉ាស៊ីនត្រជាក់រចនាជាសំបុក្រឃ្មុំ និងប្លុក Console កណ្តាល ដែលមើលទៅមានសភាព Premium និងរៀបចំបានស្អាត។

រីឯគ្រឿងបរិក្ខាដែលគួរអោយចាប់អារម្មណ៍រួមមាន កៅអីស្ព័រប្រភេទស្បែក និងភ្ជាប់ដោយមុខងារកម្តៅនៅផ្នែកខាងមុខ, កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៊ីញ, ជម្រើសអេក្រង់កម្សាន្ត Touchscreen ទំហំ ៧-៩អ៊ីញ ភ្ជាប់ដោយមុខងារឥតខ្សែ Apple Carplay និង Android Auto, កន្លែងសាកថ្មឥតខ្សែ Wireless Phone Charger, ឧបរករណ៍បំពងសម្លេងចំនួន ៨ចំណុច កម្លាំង ១៨០វ៉ាត់ និងដំបូកបើកប្រភេទ Moonroof។

ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

សម្រាប់ប្រព័ន្ធសុវត្ថិភាពនៃរថយន្ត Honda ពិតជាមិនអាចខ្វះបាននូវប្រព័ន្ធសុវត្តិភាព Honda Sensing ដែលរួមបញ្ជូលនូវមុខងារចំនួន ៨មានដូចជា៖

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលមានឧបសគ្គ ឬអ្នកថ្នើជើងឆ្លងកាត់ និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិCollision Mitigation Braking System (CMBS)
  • ប្រពន្ធ័កំណត់ល្បឿនបើកបរ​ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិរថយន្តខាងមុខ Adaptive Cruise Control (ACC)with Low-Speed Follow
  • Road Departure Mitigation System (RDM)
  • Traffic Jam Assist
  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង Lane Keeping Assist System (LKAS)
  • ប្រព័ន្ធផ្តល់ពត៌មានពីឧបសគ្គដល់អ្នកបើកបរ Forward Collision Warning (FCW)
  • ប្រព័ន្ធផ្តល់សញ្ញាមិនអោយងាកចេញពីគន្លងផ្លូវ Lane Departure Warning (LDW)
  • ប្រព័ន្ធចាប់សញ្ញាស្លាក និងល្បឿនចរាចរណ៍ Traffic Sign Recognition System (TSR)

ព្រមទាំងរួមបន្ថែមជាមួយប្រព័ន្ធជំនួយការបើកបរដូចជា៖

  • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង ​និងខាងក្រោយរថយន្ត Blind Spot Information System (BSI)with Cross Traffic Monitor
  • ប្រព័ន្ធទប់លំនឹងរថយន្ត Vehicle Stability Assist (VSA) with Traction Control
  • ប្រព័ន្ធការពារមិនអោយជាប់គាំងហ្រ្វាំង Anti-Lock Braking System (ABS)
  • ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងលើកង់ Electronic Brake Distribution (EBD)
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត Tire Pressure Monitoring System (TPMS)

និងជំនួយការបើកបរមួយចំនួនបន្ថែមទៀតផងដែរ។

ថាមពលម៉ាស៊ីន

ក្រៅពីប្រើប្រាស់នូវគ្រោងឆ្អឹង និងគ្រឿងបរិក្ខាទទួលបានពី Honda Civic ហើយវាក៏នឹងប្រើប្រាស់នូវម៉ាស៊ីនដូចគ្នាផងដែរ ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៥៨ សេះ​ និងកម្លាំងរមួល ១៨៧​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT និងប្រព័ន្ធបើកបរប៉ុង២ ដែលអាចជួយអោយល្បឿនស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៩,៦ វិនាទី។

តម្លៃ

បើក្រឡេកទៅមើលតម្លៃនៃម៉ូឌែលឆ្នាំ ២០២៣ សម្រាប់ទៅផ្សារសហរដ្ឋអាមេរិចនេះ វាមានតម្លៃចេញពីរោងចក្រចាប់ពី ២៣ ៦៥០ដុល្លារ សម្រាប់ម៉ូឌែល LX, តម្លៃចាប់ពី ២៥ ៦៥០ដុល្លារ សម្រាប់ម៉ូឌែល Sport និងចាប់ពី ២៧ ៤៥០ដុល្លារ សម្រាប់ម៉ូឌែលកប់បំផុត EX-L៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតយ៉ាងណាដែរ បើយក Land Rover Defender ទៅកែច្នៃទៅជាភីកអាប់អគ្គិសនីកង់ ៦ បែបនេះវិញ?

[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្តមួយមានឈ្មោះថា Hussain Albagali បានធ្វើការយករថយន្ត Land Rover Defender ដែលត្រូវបានគេស្គាល់ថាជារថយន្ត SUV ពូកែ Off-Road ទៅកែច្នៃជារថយន្តប្រភេទ 6×6 ក្នុងទម្រង់ឌីជីថល ក្រោមគំនិតដែលអោយឈ្មោះថា “UK Bastard” ។

ក្រុមហ៊ុនកែច្នៃនេះ​បានបន្ថែមថាសកង់ទំហំធំទាំង ៦ ដែលធ្វើឲ្យរថយន្ត Defender មើលទៅដូចរថយន្ត post-apocalyptic ។ ក្នុងនោះ Hussain Albagali ក៏បានបន្ថែមនៅឃ្លុបខាងក្រោយ ដោយបំប្លែងរថយន្ត SUV ទៅជារថយន្តភីកអាប់ Double-cab pickup។ ម៉ូដែល 3D ត្រូវបានរចនាឡើងផ្អែកលើ Defender 110 ជំនួសឲ្យម៉ូដែលតួខ្លួនវែង Defender 130។

ក្រឡេកទៅមើលការរចនាវិញ រថយន្តនេះបំពាក់ជាមួយប៉ាណាមុខបិតជិតជាប់ជាមួយកាងរន្ធខ្យល់ គម្របម៉ាស៊ីនត្រូវបានរចនាមើលទៅកាន់តែរឹងមាំ ជាមួយរបារដែក និង LED បន្ថែមនៅខាងមុខ និងដំបូល roof rail។ បន្ថែមពីនេះ ម៉ូដែលនេះផ្ទុកទៅដោយសំបកកង់សាគួរទំហំធំចំនួន ៣ នៅឃ្លុបខាងក្រោយផងដែរ ។

ប្រសិនជារថយន្តនេះអាចផលិតចេញជារូបរាងនោះ រថយន្ត Defender 6×6 UK Bastard អគ្គិសនីសុទ្ធនេះត្រូវបានគេរំពឹងថានឹងអាចផលិតកម្លាំងបានដល់ទៅ ១ ៤០០ ​សេះ និងកម្លាំងរមួល ១៥ ៥០០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ ក្នុងរយៈពេល ៦ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche រំពឹងថាអាចផលិតឡាន Macan អគ្គិសនីសុទ្ធ បាន៨ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche មាន​មហិច្ឆតា​ធំ​សម្រាប់រថយន្ត Macan អគ្គិសនីសុទ្ធ ដោយ​ក្រុមហ៊ុន​រំពឹងថា​រថយន្ត​នេះ​អាច​នឹងទទួលការគាំទ្រដូចជា Macan ប្រភេទប្រើម៉ាស៊ីនប្រេងសាំងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Automobilwoche ប្រធាន​ផលិត​ប្រចាំ Porsche លោក Albrecht Reimold បាន​បញ្ជាក់​ថា​រថយន្ត Macan អគ្គិសនីនឹងចូលរោងចក្រផលិតនៅមុនដំណាច់ឆ្នាំ២០២២នេះ។ លោក Albrecht Reimold បាន​លើក​ឡើង​ថា ៖ “យើងផលិតរថយន្ត Macan បច្ចុប្បន្នបាន​ជាង ៨ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្នុងពេលយូរអង្វែង យើង​ក៏​គ្រោង​ផលិត​រថយន្ត Macan អគ្គិសនីក្នុងទំហំដូចគ្នានេះដែរ។”

ក្រុមហ៊ុន Porsche កន្លងមកធ្លាប់បានបញ្ជាក់ថាខ្លួននឹងផលិតរថយន្ត Macan អគ្គិសនី ជាមួយ​ Macan ប្រើ​ម៉ាស៊ីន​ប្រេងសាំង​ប្រមាណ​ជា​រយៈពេល​ពីរឆ្នាំ​ក្នុងពេលទន្ទឹមគ្នា មុនឈានដល់ការបញ្ឈប់ការផលិត Macan ប្រើ​ម៉ាស៊ីន​ប្រេងសាំង​តែម្ដង។

Porsche Macan បានក្លាយជារថយន្តពេញនិយមបំផុតមួយរបស់ Porsche ដោយក្នុងឆមាសទីមួយ​នៃ​ឆ្នាំ​២០២២នេះ ចំនួន​លក់​របស់​វា​មាន​ចំនួន ៣៨ ០៣៩គ្រឿង ស្ថិតនៅចំណាត់ថ្នាក់លេខពីរបន្ទាប់ពីម៉ូដែល Cayenne ដែលលក់បាន ៤១ ៩៤៧គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti មិនខ្ចីឈឺក្បាលរឿងរកអ្នកទិញឡានរហូតដល់ឆ្នាំ២០២៥

[ទីផ្សារបរទេស] លោក Mate Rimac ដែលជាប្រធានក្រុមហ៊ុន Bugatti Rimac បាន​និយាយថា​តម្រូវ​ការ​រថយន្ត​តម្លៃ​ថ្លៃ​របស់​ក្រុមហ៊ុន​ខ្លួន ហាក់​មិន​មាន​សញ្ញាថមថយឡើយ គឺនៅតែទទួលបានការគាំទ្រខ្លាំងជាលំដាប់។

លោក Mate Rimac បានលើកឡើងដូចនេះ ក្រោយការប្រកាសចេញរថយន្ត Bugatti W16 Mistral តម្លៃ៥លាន​ដុល្លារ ហើយ​លោក​បាន​បញ្ជាក់ថា​ជាមួយ​ម៉ាក​រថយន្ត Bugatti គឺបានលក់ដាច់រហូតដល់ឆ្នាំ២០២៥ឯណោះ ដូចនេះទោះជាមាន​វិបត្តិ​សេដ្ឋកិច្ច​ច្រើនឆ្នាំក៏មិនជាបញ្ហា​ដែរ។

ភ័ស្តុតាងនៃតម្រូវការលើរថយន្ត Bugatti ម៉ូដែលថ្មីបាន​បង្ហាញ​ឲ្យឃើញ​ច្បាស់ៗនៅពេលដែលរថយន្ត W16 Mistral ​ដែល​ផលិត​មាន​កំណត់​ចំនួន៩៩គ្រឿង សុទ្ធតែមានអ្នកកុម្ម៉ង់ទិញគ្រប់គ្រឿងទាំងអស់។ ត្រង់​ចំណុចនេះលោក Rimac បាន​និយាយថា​លោក​ភ្ញាក់ផ្អើល​បន្តិចដែរ ពេលឃើញថារថយន្តលក់អស់លឿនបែបនេះ និងបានបញ្ជាក់ថាអតិថិជនភាគច្រើនគឺមកសហរដ្ឋអាមេរិក​។

មិនមែនតែម៉ាករថយន្ត Bugatti និង Rimac នោះទេ ដែលជួយជ្រោមជ្រែងដល់​ក្រុមហ៊ុន Bugatti Rimac ប៉ុន្តែ​តាម​ពិត​ទៅ​អ្នក​ដែល​ជួយ​ខ្លាំងជាងគេគឺក្រុមហ៊ុនបុត្រសម្ព័ន្ធ Rimac Technology ដែលលក់​អាគុយ និងបច្ចេកវិទ្យារថយន្តអគ្គិសនី​ទៅ​ឲ្យ​ក្រុមហ៊ុន Porsche, Aston Martin, Hyundai និងក្រុមហ៊ុន​រថយន្តធំដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របាយការណ៍៖ Xiaomi កំពុងពិភាក្សាជាមួយ BAIC ដើម្បីផលិតរថយន្តអគ្គិសនី

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃសុក្រ ទី២៦ នេះថា ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi Corp កំពុងសម្លឹងមើលការចងសម្ព័ន្ធភាពផលិតរថយន្តអគ្គិសនី (EV) ជាមួយក្រុមហ៊ុន Beijing Automotive Group (BAIC) ដោយសារក្រុមហ៊ុននេះប្រឈមនឹងការពន្យារពេលក្នុងការទទួលបានអាជ្ញាប័ណ្ណដើម្បីផលិតរថយន្តដោយខ្លួនឯង។

ភាពជាដៃគូបែបនេះក្នុងចំណោមអ្នកចាប់ផ្តើមអាជីវកម្មផលិតរថយន្តអគ្គិសនី និងអ្នកផលិតរថយន្តក្នុងស្រុកបានកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចិន ដោយសារតែអ្នករៀបចំផែនការរដ្ឋបាននឹងកំពុងកំណត់ការចេញអាជ្ញាប័ណ្ណផលិតកម្មដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ក្នុងគោលបំណងដើម្បីបង្កើននូវការវិនិយោគ។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Nio Inc បានចាប់ដៃគូជាមួយរដ្ឋាភិបាល Anhui Jianghuai Automobile Group (JAC) ក្នុងការផលិតរថយន្ត។

Xiaomi និង BAIC កំពុងស្វែងរកជម្រើសផ្សេងៗ រួមទាំង Xiaomi ទិញភាគហ៊ុននៅក្នុងរោងចក្រ Beijing Hyundai No. 2 ដែលមានអាជ្ញាប័ណ្ណផលិតរថយន្តនៅក្នុងប្រទេសចិន។ បន្ថែមពីនេះ របាយការណ៍នេះបាននិយាយថា ការសហការគ្នានេះអាចទំនងជារថយន្តដែលផលិតដោយម៉ាករថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Beijing Automotive គឺ BAIC BluePark New Energy Technology និងសហការជាមួយក្រុមហ៊ុន Xiaomi ។ ប៉ុន្តែ Xiaomi និង BAIC បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ដោយនាយកប្រតិបត្តិនៅ Beijing Electric Vehicle របស់ BAIC បានប្រាប់ Reuters ថាគាត់មិនបានដឹងពីការពិភាក្សាបែបនេះរវាង Xiaomi និង BAIC ដោយបដិសេធមិនបញ្ចេញឈ្មោះដោយសារតែគាត់មិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

Xiaomi បានចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តដំបូងរបស់ខ្លួននៅទីក្រុងប៉េកាំងកាលពីដើមឆ្នាំនេះ បន្ទាប់ពីបានប្រកាសពីមហិច្ឆតារបស់ខ្លួនកាលពីឆ្នាំមុនក្នុងការចូលទៅក្នុងវិស័យរថយន្តអគ្គិសនីដែលមានការប្រកួតប្រជែង និងប្រកួតប្រជែងម៉ាកយីហោដែលបានបង្កើតឡើង និងក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិតបាន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាលើកដំបូង Toyota ចាប់ដៃ BYD ក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធ Toyota bZ3

[បរទេស] យោងតាមគេហទំព័រ Carnewschina បានធ្វើការបញ្ចេញរូបភាពនៃរថយន្តអគ្គិសនី Toyota bZ3 ដែលគ្រោងនឹងដាក់លក់នៅក្នុងប្រទេសចិនក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ ហើយក៏ជារថយន្តអគ្គិសនីសុទ្ធ ប្រភេទ sedan ដំបូងបង្អស់របស់ Toyota ដែលត្រូវបានសហការជាមួយក្រុមហ៊ុនយក្សរបស់ចិន BYD ផងដែរ។

គួរឲ្យដឹងផងដែរថា ពីមុន Toyota គឺជាក្រុមហ៊ុនរថយន្តដែលបានឈានជើងបន្តិចម្តងៗ ចូលទៅកាន់រថយន្តអគ្គិសនី។ ដោយផ្តោតលើទីផ្សាររថយន្តកូនកាត់ hybrid ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលចិនបានបន្តលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងពេញលេញ ដូច្នេះហើយ Toyota ជ្រើសរើសយកការសហការគ្នាផលិតរថយន្ត Toyota bZ3 ជាមួយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន ដើម្បីទទួលបានចំណែកទីផ្សារយ៉ាងឆាប់រហ័ស។

រថយន្តអគ្គិសនីសុទ្ធ Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កម្ពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ម.ម មានទម្ងន់ ១ ៨៣៥ គីឡូក្រាម។

ចំពោះរថយន្តអគ្គិសនីសុទ្ធ Toyota bZ3 ត្រូវបានបំពាក់ដោយអាគុយ Blade Battery ដែលជាបច្ចេកវិទ្យាផ្តាច់មុខរបស់ក្រុមហ៊ុន BYD ត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីនៅកង់ខាងក្រោយតដែលមានទាំងកម្លាំង ១៨៣ សេះ និង ២៤៤​ សេះ អាចឈានដល់ល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រ/ម៉ោង។ ខណៈប្រភេទម៉ូទ័រអគ្គិសនីមានកម្លាំង ១៨៣ សេះ បំពាក់ជាមួយថាសកង់ទំហំ ១៦ អ៊ីញគឺជាស្តង់ដារ និងប្រភេទកម្លាំង ២៤៤ សេះ ទទួលបានថាសកង់ទំហំ ១៨ អ៊ីញដែលមានលក្ខណៈស្ព័រជាងមុន។

ទន្ទឹមនឹងនេះ ការដាក់បង្ហាញចេញរថយន្ត Toyota bZ3 នឹងធ្វើឡើងនៅក្នុងកម្មវិធី Guangzhou Motor Show ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ជាមួយការដាក់លក់នៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) មានការផ្ដល់ជូនយ៉ាងអស្ចារ្យ…..

នៅក្នុងរដូវវស្សានេះដែរ មជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ​របស់ក្រុមហ៊ុន ខេ (ខេមបូឌា) មានការផ្ដល់ជូនយ៉ាងពិសេសលើការថែទាំរថយន្ត និងផ្លាស់ប្តូរគ្រឿងបន្លាស់ដែលនាំចូលពីប្រទេសជប៉ុន ធានាគុណភាព ព្រមទាំងមានការត្រួតពិនិត្យរថយន្តដឹកទំនិញដោយឥតគិតថ្លៃទៀតផង។​

សម្រាប់តែនៅក្នុងខែសីហា និងខែកញ្ញាប៉ុណ្ណោះ ដែលក្រុមហ៊ុនយើងផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសដល់ទៅ​ 3​ កញ្ចប់ព្រមៗគ្នាសម្រាប់អតិថិជនរបស់យើងដូចជា:

១. ប្រូម៉ូសិនរដូវភ្លៀង

ចំពោះកញ្ចប់ប្រូម៉ូសិនមួយនេះ យើងផ្តល់ជូនអតិថិជននូវការបញ្ចុះតំលៃ ១០% លើកៅស៊ូផ្លឹតទឹក និង​ ស្បែកហ្រ្វាំង ព្រមទាំងថែមជូនទឹកថ្នាំលាងកញ្ចក់១ដប

  • ត្រួតពិនិត្យស្បែកហ្រ្វាំងដោយឥតគិតថ្លៃ
  • ត្រួតពិនិត្យក្រឡហ្រ្វាំងដោយឥតគិតថ្លៃ
  • ត្រួតពិនិត្យទូទៅដោយឥតគិតថ្លៃ និងសេវាកម្មឥតគិតថ្លៃ

២. បញ្ចុះតំលៃ ១០% លើគ្រឿងបន្លាស់ជាង​ ១ ០០០មុខ

ការបញ្ចុះតំលៃ ១០% លើគ្រឿងបន្លាស់សុទ្ធម៉ាក អ៊ីស៊ូហ្ស៊ុ ដែលក្នុងនោះមានជាង​ ១ ០០០​មុខ សុទ្ធតែនាំចូលពីប្រទេសជប៉ុនដោយផ្ទាល់ ដែលធានាលើគុណភាពរបស់គ្រឿងបន្លាស់​។

៣. សេវាកម្មជួសជុលរថយន្តដឹកទំនិញចល័ត

សម្រាប់អតិថិជនដែលមានបញ្ហាខូចរថយន្តតាមផ្លូវ ឬ មិនអាចយករថយន្តដឹកទំនិញមកមជ្ឈមណ្ឌលជួសជុលរបស់ក្រុមហ៊ុនបាន គ្រាន់តែធ្វើការទំនាក់ទំនងមកកាន់លេខ 023 901 368 / 012 858 013 ឬទីប្រឹក្សាផ្នែកសេវាកម្ម ហើយធ្វើការណាត់ជួប នោះក្រុមការងារនឹងទៅតាមរយ:ពេលកំណត់​។

សូមអញ្ជើញអតិថិជនមកដោយផ្ទាល់នៅមជ្ឍមណ្ឌលជួសជុលរបស់ក្រុមហ៊ុន ខេ ដែលមានទីតាំង(ខេមបូឌា) នៅតាមបណ្តោយផ្លូវ វេងស្រេង ជាប់រោងចក្រផលិតម៉ូតូហុងដា។

  • ព័ត៍មានលម្អិតសូមទំនាក់ទំនងមកកាន់: 023 901 368 / 012 858 013

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hyundai Ioniq 6 ទទួលបានការកក់ទុកមុនជិត ៤មុឺនគ្រឿង ត្រឹម ២៤ ម៉ោងប៉ុណ្ណោះ

[ទីផ្សារបរទេស] កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការបើកការបញ្ជាទិញរថយន្តអគ្គិសនីដ៏ប្រណិត Hyundai Ioniq 6 ហើយបានបញ្ជាក់ថា ពួកគេទទួលបានការកក់ទុកមុនចំនួន ៣៧ ៤៤៦ គ្រឿង ក្នុងរយៈពេល ២៤ ម៉ោង ដោយបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ការលក់រថយន្តអគ្គិសនីរបស់ខ្លួន។

ក្រុមហ៊ុន Hyundai Motor Group បានធ្វើការបញ្ចេញរថយន្តអគ្គិសនី Hyundai Ioniq 6 ដែលនឹងចេញលក់នៅឆមាសទីមួយនៃឆ្នាំក្រោយ។ វាជាជំហានទៅមុខមួយទៀតសម្រាប់ក្រុមហ៊ុន Hyundai ដោយខ្លួនគ្រោងនឹងវិនិយោគជាងទឹកប្រាក់ប្រមាណ ១៦ ០០០ ០០០ ០០០ ដុល្លារ (១៦ ពាន់លានដុល្លារ) ដើម្បីដាក់លក់រថយន្តអគ្គិសនីជាង ៣០ ម៉ូដែលនៅឆ្នាំ ២០៣០ ជាមួយនឹងគោលដៅលក់រថយន្តអគ្គិសនីចំនួន ៣ លានដុល្លារ។

សម្រាប់ការរចនាផ្នែកខាងក្រៅសំខាន់ៗ ត្រូវបានការរចនាក្រោមគំនិតរចនាឲ្យឈ្មោះថា Streamliner របស់រថយន្ត Ioniq 6 អបដោយចង្កៀងមុខ Parametric Pixel និងចង្កៀងខាងក្រោយស្រដៀងទៅនឹងរថយន្ត Ioniq 5 និង Staria ថ្មី និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញជាដើម។

ផ្នែកខាងក្នុង បំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,០ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,០ អ៊ីញ ​ភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, over-the-air updates, , ដៃចង្កូតប្រភេទ 3-spoke steering wheel និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ៨ ចំនុច។

រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីពីរមានកម្លាំង ៣២០ សេះ និងកម្លាំងរមួល ៦០៥ ញូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ផ្គួបជាមួយអាគុយទំហំ ៧៧,៤ គីឡូវ៉ាត់ម៉ោង ប្រព័ន្ធបើកបរប៉ុង២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បង្ហាញឲ្យឃើញច្បាស់ៗនូវរូបរាងឡានអគ្គិសនីខ្នាតធំម៉ូដែលថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បាន​បង្ហាញ​ឲ្យឃើញ​នូវ​រូបភាព​ផ្លូវការ​ដំបូងទាក់ទងនឹងការ​អភិវឌ្ឍរថយន្ត EV9 ដែល​ជា​រថយន្ត SUV ខ្នាតធំមានកៅអីអង្គុយបីជួរ។

រូបរាងរបស់ Kia EV9 នេះហាក់មានលក្ខណៈស្រដៀងទៅនឹងប្រភេទ Concept មែនទែន ដោយ​វា​មានរចនាបថ​បែប​ជ្រុងៗ មាន​​បំពាក់​អំពូល​ភ្លើង​រាងបញ្ឈរនៅផ្នែកខាងមុខ និងមានរបារខណ្ឌ័ចែកចំនួនពីរនៅផ្នែកខាងមុខ ធ្វើ​ឲ្យ​ផ្ទាំង​ប៉ាណា​របស់​វា​លេច​ធ្លោ​មែន​ទែន។

កន្លងមក Kia បានបង្ហាញឲ្យដឹងថា EV9 ប្រភេទ Concept គឺមាន​ចម្ងាយបើកបរ​ ៤៨៣គីឡូម៉ែត្រ និង​អាច​ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល​ប្រមាណ ៥វិនាទី ហើយវាប្រើប្រាស់​គ្រោង​ឆ្អឹងឈ្មោះថា E-GMP ដូចជា​រថយន្ត EV6 ដែរ ដែល​អាច​រំពឹង​ថា​រថយន្តទាំងពីរទំនងជាមានប្រព័ន្ធ​គ្រឿងក្នុងដូចគ្នា។

បច្ចុប្បន្នរថយន្ត EV9 កំពុងស្ថិតក្រោម​ការ​ធ្វើតេស្តដំណាក់កាលចុងក្រោយនៅ​ឯ​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​របស់ Kia ក្នុង​តំបន់ Namyang ប្រទេសកូរ៉េខាងត្បូង ខណៈដែលការប្រកាសចេញលើទីផ្សារទំនងជានឹងធ្វើឡើងនៅត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២៣ និង​បញ្ចេញ​លក់​នៅ​ឆមាសទីពីរនៃឆ្នាំដដែល ដោយតម្លៃរំពឹងទុកគឺប្រមាណខ្ទង់ ៥ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋកាលីហ្វ័រញ៉ា ប្រកាសហាមឃាត់ការលក់ឡានប្រើប្រេងចាប់ពីឆ្នាំ២០៣៥

[ទីផ្សារបរទេស] រដ្ឋកាលីហ្វ័រញ៉ា របស់​សហរដ្ឋអាមេរិក បាន​អនុម័តដោយ​ជោគជ័យ​នូវ​ច្បាប់​រថយន្ត​ស្អាត​ទីពីរ ដែល​ហាម​ឃាត់​ការ​លក់​រថយន្ត​ប្រើ​ម៉ាស៊ីនដំណើរការដោយប្រេងទាំងអស់ ចាប់ពីឆ្នាំ២០៣៥តទៅ។

អ្វីដែលសំខាន់នោះគឺថា កាលីហ្វ័រញ៉ាគឺជារដ្ឋ​ដែល​មាន​ទីផ្សាររថយន្តធំជាងគេនៅក្នុងសហរដ្ឋអាមេរិក ដោយប្រៀប​នឹង​ប្រទេស​ជុំវិញ​ពិភពលោក រដ្ឋមួយនេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទីប្រាំជា​តំបន់មាន​ទំហំ​សេដ្ឋកិច្ចធំជាងគេ ដោយស្ថិត​នៅ​តែ​ពី​ក្រោយ​ប្រទេស​អាល្លឺម៉ង់​ប៉ុណ្ណោះ។

ច្បាប់ថ្មីនេះនឹងត្រូវអនុវត្តន៍​ជា​ដំណាក់កាល​ដោយ​នៅ​ត្រឹម​ឆ្នាំ​២០២៦ រថយន្តថ្មី ៣៥% ដែល​លក់​លើ​ទីផ្សារនឹងត្រូវតែ​ជា​រថយន្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន បន្ទាប់មកនឹងដំឡើងដល់ ៥១% ក្នុងឆ្នាំ២០២៨ ហើយ​ត្រឹម​ឆ្នាំ​២០៣០ ត្រូវឡើងដល់ ៦៨% និង​ចុង​ក្រោយ​ត្រឹម​ឆ្នាំ​២០៣៥ ត្រូវឡើងដល់ ១០០%។

ពលរដ្ឋកាលីហ្វ័រញ៉ាដែលប្រើ​រថយន្តម៉ាស៊ីន​ប្រេង អាចបន្តប្រើរថយន្តទាំងនោះ ហើយទីផ្សារ​លក់​រថយន្ត​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ​មួយ​ទឹក​ក៏​នឹង​ត្រូវ​អនុញ្ញាតឲ្យបន្តជាធម្មតាផងដែរ។ រដ្ឋបាលនៃរដ្ឋកាលីហ្វ័រញ៉ា​សង្ឃឹមថាការផ្ដល់​ប្រាក់ឧបត្ថម្ភ​នឹង​នាំ​ឲ្យ​ពលរដ្ឋ​បោះបង់​ចោល​រថយន្ត​ប្រើ​ប្រេងឥន្ធនៈរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+