ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលដឹងពីចំណុចពិសេសទាំង៥ ដែលមាននៅលើរថយន្ត SUV ខ្នាតធំរបស់កូរ៉េមួយនេះហើយ ប្រាកដជាដកចិត្តមិនរួច (មានវីដេអូ)

Hyundai Palisade បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជា SUV កៅអី៣ជួរ ដែលមានការឌីហ្សាញរូបរាងស្អាត និងបច្ចេកវិទ្យាខាងក្នុងទំនើបៗ។ ថ្មីៗនេះ ក្រុមហ៊ុន Hyundai បានប្រកាសចេញជាផ្លូវការ នូវរថយន្ត Palisade ស៊េរីឆ្នាំ២០២៣ នៅលើទីផ្សារបរទេស។ គួរបញ្ជាក់ផងដែរថា រថយន្តអាចនិយាយបានថាជាស្តេចឡាន ឬយើងហៅថាប្រភេទខ្នាតពេញ Full Size SUV របស់ Hyundia។ ចំពោះពាក្យថា Palisade មិនមែនចេះតែរកនឹកដាក់ ហើយក៏មិនមែនជាភាសាកូរ៉ ប៉ុន្តែជាភាសាអង់គ្លេសទៅវិញ ហើយសុទ្ធតែមានដើមហេតុ អត្ថរស់ និងអត្ថន័យរបស់វា។ បើតាមការបកស្រាយរបស់ក្រុមហ៊ុន បានបញ្ជាក់ថា គឺសំដៅទៅលើបណ្តុំនៃច្រាំងថ្មចោទខ្ពស់ៗ ជិតឆ្នេរសមុទ្រ Pacific Palisade នៅរដ្ឋកាលីហ្វ័ញ៉ាឯនោះ ឬអាចនិយាយអោយខ្លី គឺមានន័យថាការពារ ធានាបាននៅសុវត្ថិភាព។ មិនតែប៉ុណ្ណោះរថយន្តនេះគឺចាប់ផ្តើមទទួលបានការពេញនិយមខ្លាំង និងមានការកោតសរសើរច្រើនទៅលើរូបរាង បច្ចេកវិទ្យា ប្រព័ន្ធសុវត្ថិភាព និងប្រណិតភាព ដោយនៅក្នុងនោះប្រទេសកម្ពុជាក៏ដូចជាគ្នា។ 

១) ការរចនាផ្នែកខាងក្រៅ

Hyundai Palisade ២០២៣ បានបំពាក់ប៉ាណាមុខធំជាងមុន អមនឹងកាងមុខកែកុនថ្មី ផងដែរ។ ប្រសិនបើយើងមើលទៅលើការរចនាប៉ាណា ខ្ញុំស្រម៉ៃដល់រូបរាងនៃផ្នែកដែលជា DNA របស់រថយន្តប្រភេទ Crossover ម៉ូដែល Hyundai Tucson ដែលបានធ្វើការផ្លាស់ប្តូររូបរាងកាលពីចុងឆ្នាំ២០២០ កន្លងទៅ។

ឥឡូវនេះយើងមកនិយាយបន្តទៀត ទៅលើរូបរាងរបស់រថយន្ត Hyundia Palisade ដោយចង្កៀងមុខរបស់វាឌីហ្សាញដាច់ពីគ្នា ហើយអំពូលបំភ្លឺពេលថ្ងៃវិញ ត្រូវបានចូលរួមដោយអំពូល LED រចនាជាខ្សែជា ៣កំណាត់ ពីខាងលើ ចុះដល់សំណុំចង្កៀងបំភ្លឺផ្លូវ។ 

ក្រឡេកទៅមើលផ្នែកខាងក្រោយ វាហាក់បីដូចជាមិនមានការផ្លាស់ប្តូរនោះទេ ប៉ុន្តែអ្វីដែលជាការផ្លាស់ប្តូរធំនោះគឺ កាងក្រោយ និង ស្តុបក្រោយរបស់វា ដែលមានទីតាំងទាបជាងមុន។ ក្រៅពីនោះ វាបំពាក់កញ្ចក់ស្រទុំអូតូ និង យ៉ាន់កង់ឌីហ្សាញថ្មី ទំហំ២០អ៊ីញ។

សម្រាប់ឆ្នាំថ្មីនេះក៏មិនចោលជាមួយការបញ្ឆេះរថយន្ត និងបើកសោររថយន្តតាមរយៈទូរស័ព្ទដៃ Smart Phone ប្រព័ន្ធប្រតិបត្តិការ Android ដែល Hyundai អោយឈ្មោះថា Digital Key 2 Touch។

២) ការរចនាផ្នែកខាងក្នុង 

Hyundai Palisade ២០២៣ បានបំពាក់អេក្រង់កម្សាន្តទំហំធំជាងមុនបន្តិច គឺ ១២,៣អ៊ីញ, រន្ធម៉ាស៊ីនត្រជាក់រាងស្លីមជាងមុន និងរត់កាត់ពេញផ្ទៃតាប្លូតែម្តង។ វាក៏បានប្រើការឌីហ្សាញដៃចង្កូត ៤កាំថ្មី ហើយប្រើកុងទ័រឌីជីថលថ្មី និង កញ្ចក់មើលក្រោយជាប្រភេទឌីជីថល ទៀតផង។

ឥឡូវនេះ កៅអីជួរទី៣ របស់វាមានបន្ថែមមុខងារកម្តៅ ខណៈកៅអីជួរទី២ មាន Option កៅអីបញ្ចេញខ្យល់ត្រជាក់, កន្លែងដាក់ដៃអាចសារ៉េបាន និង ខ្នើយកល់.ក ដែលល្អជាងមុនផងដែរ។ សម្រាប់កៅអីអ្នកបើកបរភ្ជាប់ដោយមុខងារម៉ាស្សា Ergo motion ផ្តល់នូវអារម្មណ៌ស្រស់ស្រាយ បំបាត់ភាពនឿយហត់។ កាន់តែពិសេសជាមុខលក្ខណៈពិសេសៗបន្ថែមទៀតដូចជា៖ កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ យើងអាចសារ៉េទម្រខ្លួនលើកៅអីអ្នករួមដំណើរជាមួយទម្រជើង កញ្ចក់មើលក្រោយគ្មានស៊ុម ដែលយើងហៅថា Frameless មើលទៅស្លីមស្អាត និងដំបូលបើកខាងលើជា ២ប្រឡោះជាដើមដែលនៅតែមានសម្រាប់ម៉ូដែលថ្មី។

៣) ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ 

Hyundai Palisade ២០២៣ បានបន្ថែមពោងសុវត្ថិភាពសរុបដល់ ៩គ្រាប់ រួមទាំង កៅអីជួរទី៣ ផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានមុខងារដែលបានធ្វើការអភិវឌ្ឍន៌បន្ថែមរួមមាន៖

  • ប្រព័ន្ធជំនួយជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ ក្នុងលក្ខខណ្ឌអ្នកបើកបរបាត់បង់ម្ចាស់ការ FCA, 
  • ប្រព័ន្ធភ្លើងជំនួយនៅផ្នែកខាងក្រោយ ពេលថយក្រោយ 
  • ប្រព័ន្ធបញ្ឈប់រថយន្តបន្ទាន់ដោយស្វ័យប្រវត្តិក្នុងលក្ខខណ្ឌមានមនុស្ស ឬសត្វដើរឆ្លងកាត់ 
  • ប្រព័ន្ធជាន់ហ្វ្រាំងបញ្ឈប់បន្ទាន់ពេលបត់ឆ្វេង ឬស្តាំង ក្នុងលក្ខណមានរថយន្តបើកឆ្លងកាត់

  • មុខងារការពាររថយន្តមិនអោយចាកគន្លងផ្លូវ និងទាញចង្កូតរថយន្តអោយត្រូវគន្លង ពេលចង់វ៉ាជែង តែមានឧបគស្គភ្លាមៗ
  • មុខងារបញ្ជាស និងបញ្ជារដៃចង្កូតគេចចេញពីឧបសគ្គដោយស្វ័យប្រវត្តិ
  • និងមុខងារជំនួយ Highway Driving Assist ធ្វើការបានល្អជាងមុន ហើយក៏មានមុខងារថ្មី Remote Smart Parking Assist ដែលជួយឲ្យអ្នកបើកប អាចចតរថយន្តពីចម្ងាយបានទៀតផង។

ក្រៅពីនោះ មុខងារសុវត្ថិភាព និងជំនួយការបើកបរមួយចំនួនទៀត គឺដូចទៅនឹងឆ្នាំ២០២២ ដែរ។

៤) ថាមពលម៉ាស៊ីន

Hyundai Palisade ២០២៣ ផ្តល់ជម្រើសម៉ាស៊ីនតែ ១ ប៉ុណ្ណោះ គឺម៉ាស៊ីនសាំងចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ។ vaក៏បានបន្ថែមមុខងារបើកបរ Tow Mode ថ្មីផងដែរ។

៥) តម្លៃ

Hyundai Palisade ២០២៣ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៣៤០០០ដុល្លារឡើងទៅ នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយវានឹងត្រូវចេញលក់នៅចុងឆ្នាំ ២០២២ នេះតែម្តង៕ គួរបញ្ចាក់ផងដែរថា នេះជាលក្ខណៈពិសេសម្រាប់ទីផ្សារសហរដ្ឋអាមេរិចប៉ុណ្ណោះ ដែលបានដកស្រង់យលប្រភេទ Option ខ្ពស់ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថាមានលក្ខណៈពិសេស និងតម្លៃប៉ុណ្ណាឡើយ ប៉ុន្តែអ្វីមួយដែលបងប្អូនគួរដឹង ប្រសិនបើរថយន្តកាន់តែទំនើប លក្ខណៈពិសេសកាន់តែច្រើន តម្លៃក៏កាន់តែថ្លៃដូចគ្នាដែរ ហេតុនេះហើយយើងអាចជ្រើសរើសយកត្រឹមលក្ខណៈ បច្ចេកទេសណាមួយដែលយើងចាំបាច់ប្រើ។ ហើយសង្ឃឹមថាទីផ្សារកម្ពុជា ទទួលបានលក្ខណៈដែលពិសេសៗ ដែលពេញចិត្តបងប្អូន រីឯតម្លៃសមរម្យ។ ជាក់ស្តែងសម្រាប់ម៉ូដែលឆ្នាំចាស់ នៅកម្ពុជាមានតម្លៃជិត ៨ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បើកទទួលការកុម្ម៉ង់រថយន្ត Corolla ស៊េរីឆ្នាំ២០២៣ តម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារនៅអង់គ្លេស

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បាន​បើក​ទទួល​ការ​កុម្ម៉ង់ទិញ​សម្រាប់រថយន្ត Corolla ស៊េរីឆ្នាំ២០២៣ លើទីផ្សារ​ចក្រ​ភព​អង់គ្លេស បន្ទាប់ពីរថយន្តនេះបានបង្ហាញវត្តមានលើទឹកដីអឺរ៉ុបបានរយៈពេល៣ខែ។

អតិថិជននៅអង់គ្លេសអាចកុម្ម៉ង់ទិញរថយន្ត Corolla ស៊េរីថ្មី ដែលមានចំនួនបួនប្រភេទផ្សេងគ្នារួមមាន Icon, Design, GR Sport និង Excel ដោយបួនប្រភេទនេះសុទ្ធតែមានជម្រើសតួខ្លួន Hatchback និង Touring Sports Wagon ដូច​ៗ​គ្នា។

សម្រាប់ Corolla Icon ប្រភេទ Hatchback មានតម្លៃចាប់ពី ៣៤ ៥៩១ដុល្លារ មានម៉ាស៊ីន ១,៨លីត្រ ជាប្រភេទ Hybrid និង​មាន​តម្លៃ ៣៦ ៥២៧ដុល្លារ សម្រាប់ប្រភេទ Touring Sports Wagon។ Corolla Icon ក៏មាន​ជម្រើសម៉ាស៊ីន Hybrid ចំណុះ២,០លីត្រ ផងដែរ ដោយមានតម្លៃចាប់ពី ៣៧ ០១០ដុល្លារ សម្រាប់ប្រភេទ Hatchback និងតម្លៃ ៣៨ ៥៨៦ដុល្លារ សម្រាប់ Touring Sports Wagon។

ចំណែក Corolla Design វិញគឺមានតម្លៃចាប់ពី ៣៦ ៨០០ដុល្លារ សម្រាប់​ម៉ាស៊ីន ១,៨លីត្រ និងជាប្រភេទ Hatchback ឡើង​ដល់ ៤០ ៤៣៩ដុល្លារ សម្រាប់ម៉ាស៊ីន ២,០លីត្រ និងជាប្រភេទ Touring Sports Wagon។

បន្ទាប់មកគឺ Corolla GR Sport មានតម្លៃចាប់ពី ៣៨ ២៣២ដុល្លារ ដល់ ៤២ ៣១៦ដុល្លារ និងចុងក្រោយគឺ Corolla Excel មានតម្លៃ​ចាប់ពី ៣៨ ៧១៦ដុល្លារ ដល់ ៤២ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណេញ លើសពីចំណេញ! ទិញ ១ បានដល់ទៅ ៣

រកឯណាមានប្រូម៉ូសិនធំសម្បើម ទិញ១ បានដល់ទៅ៣ មុខ បែបនេះ? រាល់ការបញ្ជាទិញរថយន្តថ្មីទាំងពីរម៉ូឌែល Chevrolet Equinox និង Chevrolet Trailblazer ក្នុងឱកាសភ្ជុំបិណ្ឌនេះ លោកអ្នកនឹងទទួលបានការថែម ម៉ូតូស៊េរីថ្មី ១គ្រឿងដោយឥតគិតថ្លៃ ផ្តល់ការធានាពីរោងចក្រ ៣ឆ្នាំ​ និង បន្ថែមលើការថែទាំរហូតដល់ ៥ឆ្នាំ លោកអ្នកនឹងអស់ក្តីបារម្មណ៍ជាមួយការថែទាំរថយន្តជាទីស្រឡាញ់របស់លោកអ្នក។ ការផ្តល់ជូនដ៏ពិសេសបែបនេះមានតែនៅ Chevrolet Cambodia ​តែប៉ុណ្ណោះ។

សម្រាប់រថយន្ត Chevrolet Equinox ជាប្រភេទប៉ុងពីរ ដែលអាចផ្តាច់ ឬភ្ជាប់ប្រើប្រាស់ជាប៉ុង១ បាន​ និងបត់បែនបានគ្រប់ស្ថានភាពផ្លូវ និងជួយសន្សំសំចៃខ្ពស់។ ជាមួយការរចនាដ៏ទាន់សម័យរាងជ្រែកខ្យល់ ព្រមទាំងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់។

រថយន្តមានកម្លាំងសន្ទុះខ្លាំង ត្រូវបានទទួលស្គាល់ថាជារថយន្ត ដែលមានសុវត្ថិភាពជាងគេប្រចាំឆ្នាំ ២០២២ ប្រព័ន្ធចាប់ហ្វ្រាំងអូតូ ប្រព័ន្ធបើកបរខុសគន្លង ប្រព័ន្ធប្រាប់ដំណឹងពេលមានឧបសគ្គនៅខាងមុខ និងប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើនទៀត។​

រីឯម៉ូឌែល Chevrolet Trailblazer ជាប្រភេទ Mid Sized SUV រចនាបែបស្ព័រទំនើប ដែលភ្ជាប់មកជាមួយប្រអប់លេខ CVT ៩វគ្គអូតូធ្វើអោយការប្តូរលេខមានភាពរលូន និងម៉ាស៊ីនជំនាន់ក្រោយភ្ជាប់ជាមួយ E-Turbo ដែលផ្តល់សន្ទុះជាងរថយន្តដទៃ ជាពិសេសបំពាក់ជាមួយប្រព័ន្ធរ៉ាដា ដែលចាប់ឧបសគ្គបានឆ្លាតវៃ និង រហ័ស ។

  •  ព័ត៌មានលម្អិតនៃរថយន្ត Chevrolet Trailblazer ប្រភេទ Premium (ចុចទីនេះ)

សូមបញ្ជាក់ថា ការផ្តល់ជូននេះមានចំនួនកំណត់ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 889 888 | 089 850 888 ឬតាមរយៈទំព័រ Facebook ផ្លូវការ Chevrolet Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាកំពូលរថយន្តល្អបំផុតទាំង ១៥ ដែលបានបង្ហាញខ្លួននៅឯ Monterey Car Week

[បរទេស] Monterey Car Week គឺព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅរដ្ឋកាលីហ្វញ៉ា ដោយមានការតាំងបង្ហាញ ការដេញថ្លៃ និងសកម្មភាពផ្សេង រដើម្បីអោយបុគ្គល ឬអ្នកមានមានចំណាប់អារម្មណ៍អាចបំពេញតាមបំណងប្រាថ្នារបស់ខ្លួន។ ខាងក្រោមនេះជាកំពូលរថយន្តទាំង ១៥ ដែលមានវត្តមាននៅឯ Monterey Car Week៖

១) McLaren Solus GT៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៥,២ លីត្រ V10 អាចផលិតកម្លាំងបាន ៨២៩ សេះ។

២) Lamborghini Urus Performante៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ twin-turbo V8 អាចផលិតកម្លាំងបាន ៦៥៧ សេះ។

៣) Tuthill Porsche 911K៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,១ លីត្រ ខណៈដែរថាមពលក្រុមហ៊ុននៅមិនទាន់បានបញ្ចេញនៅឡើយ។

៤) Bentley Mulliner Batur៖ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,០​ លីត្រ ទំហំ ១២ ស៊ីឡាំងអាចផលិតកម្លាំងបាន ៧៣០ សេះ។

៥) Gunther Werks Project Tornado៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo អាចផលិតកម្លាំងបាន ៧០០ សេះ។

៦) Range Rover SV Carmel Edition៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៥២៣ សេះ។

៧) Bugatti W16 Mistral៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ១ ៥៧៨ សេះ។

៨) Czinger 21C V Max and Hyper GT៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,៨ លីត្រ twin-turbo V8 អាចផលិតកម្លាំងបាន ១ ២៥០ សេះ។

៩) Hennessey Venom F5 Roadster៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៦,៦ លីត្រ twin-turbo V8 អាចផលិតកម្លាំងបាន ១ ៨១៧ សេះ។

១០)​ RUF Bergmeister៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,៦ លីត្រ turbocharged ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៤៤៣ សេះ។

១១) Aston Martin DBR22៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៥,២ លីត្រ twin-turbo V12 អាចផលិតកម្លាំងបាន ៧០៥ សេះ។

១២) Aston Martin V12 Vantage Roadster៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៥,២ លីត្រ twin-turbo V12 អាចផលិតកម្លាំងបាន ៦៩០ សេះ។

១៣) Porsche 911 GT3 RS៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៥១៨ សេះ។

១៤) Lucid Air Sapphire៖ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីប្រភេទ tri-motor system អាចផលិតកម្លាំងបាន ១ ២០០ សេះ។

១៥) Koenigsegg CC850៖ រថយន្តនេះដំណើរការដោយម៉ាស៊ីន Twin-turbo V8 អាចផលិតកម្លាំងបានដល់ ១ ៣៦៣ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Porsche បើកកាត់១៤ប្រទេស ក្នុងពេល២៤ម៉ោង បង្កើតកំណត់ត្រាពិភពលោក

[ទីផ្សារបរទេស] អ្នកកាសែតនៃស្ថាប័ន What Car? ឈ្មោះថា Neil Winn និង Doug Revolta បាន​បង្កើត​ត្រា​ថ្មី​មួយ​សម្រាប់ការ​ឆ្លងកាត់ប្រទេសច្រើនជាងគេក្នុងពេល២៤ម៉ោង ជាមួយរថយន្តអគ្គិសនី ដោយអ្នក​ទាំងពីរបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ចំនួន​១៤ឯណោះ។

ការធ្វើដំណើរបានធ្វើឡើងនៅអឺរ៉ុប ដោយចាប់ផ្ដើមពីប្រទេសហូឡង់ ឆ្លង​ទៅប្រទេស​បែលហ្សិក, ប្រទេសលុចសំបួរ, ប្រទេស​បារាំង, ប្រទេសអាល្លឺម៉ង់, ប្រទេសស្វីស, ប្រទេសលីនតេនស្ទីន, ប្រទេសអូស្ត្រាលី, ប្រទេសអូទ្រីស, ប្រទេស​ស្លូវៀនៀ, ប្រទេស​ហុងគ្រី, ប្រទេសបូស្នៀ និងប្រទេសស៊ែប៊ី។

សរុបទៅ អ្នកទាំងពីរបានធ្វើដំណើរចម្ងាយ ១៩៣០គីឡូម៉ែត្រ ជាមួយ​រថយន្តអគ្គិសនី Porsche Taycan ដោយ​បើកបរជា​មធ្យម​ក្នុង​ល្បឿន ៩៨គ.ម/ម៉។ ការធ្វើដំណើរនេះក៏បានចំណាយពេលឈប់សម្រាកចំនួន៧លើកផងដែរ នៅឯស្ថានីយសាកភ្លើង​ល្បឿន​លឿន ៣៥០kW។

ឆ្លងកាត់ការបើកបរនេះ អ្នកកាសែតទាំងពីររូបយល់ឃើញថាតំបន់អឺរ៉ុបនៅត្រូវការស្ថានីយសាកភ្លើងបន្ថែមទៀត ជាមួយ​រថយន្ត​អគ្គិសនី​ដែល​កាន់តែ​មាន​ភាព​ធន់មុននឹងរថយន្តនេះអាចចូលមកជំនួសរថយន្តប្រើម៉ាស៊ីនពីស្តុងបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Buick GL8 ប្រភេទ MPV ដ៏ប្រណិត ទទួលបានការកែមុខមាត់ថ្មី រូបរាងកាន់តែប្លែក

[ទីផ្សារបរទេស] ក្រុមហ៊ុន SAIC-GM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តទំនើប Buick GL8 ប្រភេទ MPV មានជាច្រើនម៉ូដែលសម្រាប់ជ្រើសរើសដូចជា GL8 Land Business Class, GL8 ES Lu Zun និង GL8 Avia ជាមួយតម្លៃលក់ចាប់ពី ៣៤ ០៧៤ ដុល្លារ ដល់ ៧៨ ១១១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Buick GL8 ប្រភេទ MPV ត្រូវ​បាន​កែមុខថ្មី ដោយ​បាន​ភ្ជាប់​មក​ជា​មួយ​នឹងប៉ាណាមុខមួយផ្ទាំងធំថ្មីឲ្យឈ្មោះថា spread-wing sculpted grills អមជាមួយចង្កៀង​មុខប្រភេទ Matrix LED, ចង្កៀងផ្នែកខាងក្រោយ LED និងថាសកង់​អាលុយមីញ៉ូម​ទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ Continental Conti Seal។

រីឯនៅផ្នែកខាងក្នុងវិញ រថយន្តនេះភាពធំទូលាយ និងផាសុកភាពកម្រិតខ្ពស់ និងកៅអីជួរទីពីរដ៏ប្រណិតដែលមានមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សា ព្រមទាំងកន្លែងសម្រាកជើងផងដែរ។ បន្ថែមពីនេះ​ ក៏បានបំពាក់ជាមួយកុងទ័រព័ត៌មានទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់, ទ្វាររូតដោយថាមពលអគ្គិសនី, ទ្វារក្រោយបើក-បិទតាមរយៈថាមពលអគ្គិសនី និងកៅអីដែលអាចបត់ជាតុជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្រមាន! ចោរលួចឡានម្នាក់ បើកឡានឡើងលើជណ្ដើររហូតជាប់រត់មិនរួច (មានវីដេអូ)

[ម៉ាឌ្រីដ] មានហេតុការណ៍ចម្លែកមួយបានកើតឡើងនៅម៉ាឌ្រីដ ដោយមានចោលួចរថយន្តបានបើករថយន្តចូលទៅក្នុង Plaza Elíptica ហើយបានជាប់គាំងនៅលើជណ្តើរ។

យោងតាមគេហទំព័រ ​​EFE បានបង្ហាញថាមានបុរសម្នាក់អាយុ ៣៦ ឆ្នាំបានលួចរថយន្ត Mazda ពីចំណតក្បែរនោះបន្ទាប់ពីម្ចាស់របស់វាទុកកូនសោនៅក្នុងឡាន។ ហើយមិត្តភក្តិ​របស់​ម្ចាស់​បានឃើញ ដោយ​ព្យាយាម​ឃាត់​បុរស​នោះ ប៉ុន្តែ​មិន​បាន​ជោគជ័យ។ ដោយបុរសនោះ “បានចូលទៅផ្លូវបំបែក Plaza Elíptica តាមរយៈការចូលច្រកឡានក្រុង A42 ហើយចូលទៅខាងក្នុងស្ថានីយ៍” ។

ដូចដែលបានឃើញនៅក្នុងការ Tweetនេះ គឺចោបានបរាជ័យក្នុងការ ខណៈដែលរថយន្តបានជាប់គាំងនៅលើជណ្តើរ ហើយមិនអាចបើកទ្វាចេញរហូតមួយសន្ទុះក្រោយមក ប៉ូលីសបានមកដល់ ហើយចាប់បុរសនោះទៅឃុំខ្លួន។

ខណៈ​ដែល​គ្មាន​ការ​ពន្យល់​អំពី​មូលហេតុ​ដែល​បុរស​នោះ​បើក​ឡាន​ចូល​ស្ថានីយ​រថយន្ត​ក្រុង ក្នុងនោះ EFE និយាយ​ថា​អ្នក​បើក​បរ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ការ​ប្រើ​ប្រាស់​កូកាអ៊ីន។ ជាសំណាងល្អមិនមាននរណាម្នាក់រងរបួស ហើយសមត្ថកិច្ចអាចយករថយន្តចេញបានដោយអូស/ទាញចេញពីជណ្តើរ។

គួរបញ្ជាក់ផងដែរថាហេតុការបែបនេះគឺកម្រកើតមានណាស់ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុនមានរថយន្ត Chevrolet Trailblazer បានបើកឆ្លងកាត់ផ្សារទំនើបមួយក្នុងទីក្រុង Shaumburg រដ្ឋ Illinois បណ្តាលឱ្យមានការភ័យស្លន់ស្លោផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Ativ ជំនាន់ថ្មី ទទួលបានការកក់ទុកមុន ៨ ០០០ គ្រឿង ក្នុងរយៈពេល ​១២ ថ្ងៃ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ យោងតាមប្រភពព័ត៍មាន Prachachat បានឲ្យដឹងថា លោក Surasak Suthongwan អនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota Motor Thailand Company Limited បានធ្វើការបង្ហាញការកក់ទុកសម្រាប់រថយន្ត Toyota Yaris Ativ ស៊េរីថ្មី ត្រឹមរយៈពេល ១២ ថ្ងៃ ទទួលបានការកក់ទុកមុនដល់ទៅ ៨ ០០០ គ្រឿង ដែលជាកំណត់ត្រាថ្មីមួយរបស់ Toyota នៅប្រទេសថៃ។

រថយន្តជំនាន់ថ្មីនេះបានប្ដូរប្រើប្រាស់ការឌីហ្សាញបែបស្ព័រ អម​ជាមួយ​ការឌីហ្សាញបែបជ្រុងៗខុស​ស្រឡះ​ពី​រថយន្ត​ជំនាន់មុន ហើយ​អំពូល​ភ្លើងមុខ/ក្រោយក៏មានរូបរាងស្ដើងជាងមុនផងដែរ។ រូបរាងថ្មីនេះហាក់ស្រដៀងនឹងរថយន្ត Corolla Altis និង Camry ជំនាន់ថ្មីដែរ។

ផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូររចនាបថខ្លះៗផងដែរ ហើយវាមានបំពាក់មកជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៧អ៊ីញ, មាន​អេក្រង់​កម្សាន្ត​ទំហំ ៩អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសំឡេងម៉ាក Pioneer, ភ្លើងលម្អ មាន​សរុប ៦៤ពណ៌ និងមានម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។

រថយន្ត Yaris Ativ ស៊េរីថ្មីដែលលក់នៅប្រទេសថៃមានជម្រើសបួនប្រភេទ ប៉ុន្តែប្រើប្រាស់ម៉ាស៊ីន​តែមួយ​ដូចគ្នា​មាន​ចំណុះ ១,២ លីត្រ អាចផលិតកម្លាំងបាន ៩៤ សេះ ភ្ជាប់ជាមួយប្រអប់លេខប្រភេទ CVT-i និងប្រើប្រព័ន្ធបើកបរ​ប៉ុងមុខ។ សម្រាប់រថយន្តនេះមានតម្លៃចាប់ពី ១៥ ២០០​ដុល្លារ រហូតដល់ ១៩ ៦០០​ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Sienta ២០២៣ ជំនាន់ថ្មី រូបរាងថ្មី បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើដាក់បង្ហាញចេញជាផ្លូវការនៅនៅថយន្ត Toyota Sienta ស៊េរីឆ្នាំ ២០២៣ ថ្មី​ ដែលត្រូវបានរចនាឡើងវិញទាំងស្រុង ដែលមាន ៣ម៉ូដែលសម្រាប់ជ្រើសរើស ព្រមទាំងប្រភេទ ៥ កៅអី និង ៧ កៅអី ជាមួយនឹងតម្លៃលក់ចាប់ពី ១៤ ២៤៩ ដុល្លារ ដល់ ២២ ៧១១ ដុល្លារនៅក្នុងទីផ្សារប្រទេសជប៉ុន។

Toyota Sienta ស៊េរី​ឆ្នាំ ២០២៣ ថ្មី​នេះ​ជា​ជំនាន់​ទី ៣នេះ ត្រូវបានផលិតឡើងដោយប្រើ​ប្រាស់ជាមួយគ្រោងឆ្អឹង TNGA (GA-B) platform ដែល​មាន​គំនិតនៃការរចនាឲ្យឈ្មោះថា “Shikakumaru” ដែលរួមបញ្ចូលគ្នាជាមួយរាងជាជ្រុងៗនិងមូលៗ។

ផ្នែកខាងក្នុងនៃកាប៊ីនក៏បានប្រើប្រាស់នៅគំនិតនៃការរចនាបែប “shikakumaru” ដែលបង្កើននូវប្រណិតភាព និងផាសុកភាព ជាការបង្កើនកម្ពស់ ២០ ម.ម និងបង្កើនប្រវែងរវាងកៅអីជួរទី ១ និង ៨០ ម.ម សម្រាប់អ្នកដំណើរជួរទី ២ ។ បន្ថែមពីនេះរថយន្តនេះបាន​បំពាក់កញ្ចក់​ការពារ​កម្ដៅ, អេក្រង់កម្សាន្តបញ្ឈរទំហំ ១០,២អ៊ីញ និងកុងទ័រប្រភេទឌីជីថលផងដែរ។

លើសពីនេះ Toyota Sienta ស៊េរី ២០២៣ ថ្មី ក៏មានការរចនាទ្វាររូតផ្នែកខាងក្រោយ ដែលបានបង្កើននូវកម្ពស់ដល់ទៅ ៦០ ម.ម ដើម្បីងាយស្រួលចូល និងចេញ ជាមួយនឹងប្រព័ន្ធ hands-free ដែលអាចបើក និងបិទទ្វារដោយស្វ័យប្រវត្តិ ឬគ្រាន់តែក្រវីជើង។ ក្រុមហ៊ុន Toyota និយាយថា ទំហំកន្លែងដាក់អីវ៉ាន់ខាងក្រោយក៏ត្រូវបានបង្កើនទំហំដល់ ២០ ម.ម និងទ្វារក្រោយត្រូវបានបន្ថែមកំពស់ ១៥ ម.ម ដើម្បីឲ្យការដាក់ឥវ៉ាន់កាន់តែងាយស្រួល។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid រួមគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងប្រព័ន្ធបើកបរប៉ុង​២ E-Four all-wheel drive ជាមួយកម្រិតស៊ីប្រេង ២៨,៨ គីឡូម៉ែត្រ/លីត្រ។ និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ Dynamic Force ភ្ជាប់ជាមួយប្រអប់លេខអូតូ Sport Sequential Shiftmatic Direct-Shift CVT ១០ វគ្គ។ បន្ថែមពីនេះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព Toyota safety sense ជាស្តង់ដារនៅលើគ្រប់ម៉ូដែលទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សមាគមក្រុមហ៊ុនផលិតរថយន្ត ស្នើឱ្យរដ្ឋាភិបាលវៀតណាមពិចារណាកាត់បន្ថយពន្ធអាករ និងថ្លៃចុះបញ្ជីរថយន្តកូនកាត់

[វៀតណាម] សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានធ្វើការស្នើឱ្យកាត់បន្ថយពន្ធអាករ និងថ្លៃចុះបញ្ជីសម្រាប់រថយន្ត HEV និងPHEV (រថយន្តកូនកាត់រវាងសាំ និងអគ្គិសនី)។

យោងតាមអ្នកវិភាគ ស្ថានភាពបច្ចុប្បន្ននៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់វៀតណាមគឺអាចធ្វើទៅបានសម្រាប់តែការអភិវឌ្ឍន៍រថយន្តកូនកាត់រវាងសាំង និងអគ្គិសនី (កូនកាត់)។ ដោយរថយន្តទាំងនេះគឺជារថយន្តដែលអាចធ្វើដំណើរផ្លូវឆ្ងាយដូចជារថយន្តសាំង ខណៈពេលដែលបង្កការបំពុលបរិស្ថានតិចតួចដោយសារការបំភាយឧស្ម័នតិច មិនទាមទារការវិនិយោគច្រើនលើហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្ម។

ដូច្នេះដើម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់ VAMA ស្នើឱ្យរដ្ឋាភិបាលពិចារណាកាត់បន្ថយពន្ធអាករ និងថ្លៃចុះបញ្ជីសម្រាប់រថយន្តកូនកាត់ដូចជា HEV, PHEV (រថយន្តកូនកាត់រវាងសាំង និងអគ្គិសនី ដែលអាចគិតថ្លៃពីអគ្គិសនីខាងក្រៅសម្រាប់អាគុយ) សម្រាប់ការរៀបចំក្នុងការឈានទៅរកការប្រើប្រាស់អគ្គិសនីសុទ្ធនាពេលអនាគត។

កាល​ពី​ដើម​ឆ្នាំ​នេះ រដ្ឋសភា​បាន​សម្រេច​កាត់​បន្ថយ​ពន្ធ​អាករ​លើ​រថយន្ត​អគ្គិសនី​ពី ១៥ ភាគរយ​មក ៣ ភាគរយ។ អត្រាពន្ធថ្មីអនុវត្តចាប់ពីខែមីនាឆ្នាំនេះ ក្នុងរយៈពេល ៥ឆ្នាំ ហើយចាប់ពីខែមីនា ឆ្នាំ២០១៧ អត្រាពន្ធអាករសម្រាប់រថយន្តអគ្គិសនីគឺ ១១%។ ទន្ទឹមនឹងនេះ រថយន្តកូនកាត់ដូចជា HEV, PHEV មិនមានសិទ្ធិទទួលបានគោលការណ៍អនុគ្រោះនេះទេ ដែលមានន័យថា រថយន្តទាំងនោះនៅតែត្រូវបង់ពន្ធ ១៥% និងថ្លៃចុះបញ្ជី ១០-១២% (អាស្រ័យលើតំបន់)។

លើសពីនេះ សមាគមនេះក៏បានស្នើឱ្យរដ្ឋាភិបាលអនុម័តឆាប់ៗនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តរបស់វៀតណាមក្នុងស្ថានភាពថ្មី រួមទាំងគោលនយោបាយអនុគ្រោះសមស្របទៅនឹងលក្ខណៈនៃឧស្សាហកម្មផលិតរថយន្ត និងគាំទ្រវិស័យរថយន្ត។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រអភិវឌ្ឍន៍នេះត្រូវបង្កើតដើម្បីទាក់ទាញ និងលើកទឹកចិត្តអាជីវកម្មដែលវិនិយោគ និងអភិវឌ្ឍន៍ដោយផ្អែកលើបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាដល់ការប្តេជ្ញាចិត្តជាអន្តរជាតិ និងយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យត្រឹមឆ្នាំ ២០៥០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+