ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺដំណឹងថា! អធិរាជលើដងផ្លូវ Toyota Land Cruiser 300 នឹងមានប្រភេទអាចសាកភ្លើងបាន

កំពូលរថយន្ត SUV របស់ជប៉ុន Toyota Land Cruiser 300 បានមានវត្តមាននៅលើទីផ្សារតាំងពីឆ្នាំ២០២១ ជាមួយការផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F Platform ដែលមានទាំងជម្រើសប្រើម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត និងជម្រើសប្រភេទកូនកាត់ HEV ដែលទើបចេញ។ ប៉ុន្តែនាពេលថ្មីៗនេះ យើងតាមសារព័ត៌មានជប៉ុន Creative Trend បានបញ្ចេញនូវព័ត៌មានអំពីជម្រើសម៉ាស៊ីនថ្មីដែលរថយន្ត SUV របស់ជប៉ុននេះនឹងទទួលបានបន្ថែមទៀត ដែលជាប្រភេទអាចសាកភ្លើងបាន PHEV។

ក្នុងនោះ បើសិនជាការចុះផ្សាយនេះ វានឹងកើតឡើងនាពេលខាងមុខ នោះម៉ាស៊ីន PHEV ដំបូងរបស់ Land Cruiser 300 នេះអាចនឹងជាជម្រើសម៉ាស៊ីន ៣,៥លីត្រ V6 ដែលដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី និងកញ្ចប់អាគុយទំហំធំ ដែលអាចផ្តល់នូវភាពសន្សំសំចៃសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

ត្រលប់ទៅឆ្នាំ២០២៣ យើងក៏ធ្លាប់លឺពាក្យចចាមអារ៉ាមថា Toyota ពិចារណាផ្តល់នូវជម្រើសម៉ាស៊ីន PHEV និងអ៊ីដ្រូហ្សែនសម្រាប់ Land Cruiser 250 ឬ Land Cruiser Prado។ ហើយខណ:ពេលបច្ចុប្បន្ននេះ Toyota Land Cruiser Prado ឬ Land Cruiser 250 ក៏ទទួលបាននូវជម្រើសម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនកូនកាត់ Mild Hybrid ផងដែរ។ ដូច្នេះជាហេតុផលដែលត្រូវបានគេជឿជាក់ថា គម្រោងផ្តល់នូវជម្រើសម៉ូឌែលប្រភេទអគ្គិសនីសម្រាប់ត្រកូល Land Cruiser ទាំងអស់ក៏បានរៀបចំឡើងដោយក្រុមហ៊ុន Toyota អស់រយៈពេលជាយូរមកហើយ៕  

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់ទេ! បើករថយន្តសុខៗស្រាប់តែរលត់កណ្តាលផ្លូវ តើវាបណ្តាលមកពីអ្វី?

អ្នកបើកបរទាំងឡាយ តែងតែត្រូវបានក្រើនរំលឹកឲ្យឧស្សាហ៍ពិនិត្យ​រថយន្ត ដើម្បីបង្ការ និងស្វែងរកកំហូចណាមួយនៅប្លុកម៉ាស៊ីន មុនចេញដំណើរ។ យ៉ាងណាមិញ ពេលខ្លះទោះជាយើងបានយកចិត្តទុកដាក់​ឆែកគ្រប់ជ្រុងជ្រោយយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាកើតឡើងដោយជៀសមិនរួច ពោលគឺ​វាអាច​ខូចចំណុចណាមួយភ្លាមៗ ពេលកំពុងបើកបរតាមផ្លូវ ដែលធ្វើឲ្យរថយន្តរលត់តែម្តង។

ដូច្នេះ នៅពេលកំពុងបើករថយន្តតាមផ្លូវ ហើយស្រាប់តែរលត់ម៉ាស៊ីននោះ លោកអ្នកអាចគិតលើ​កំហូចធំៗប៉ុន្មានចំណុចខាងក្រោមនេះ៖

  • អស់សាំងៈ វាច្បាស់ហើយថា រថយន្តមិនអាចបន្តដំណើរទៀតឡើយ ហើយកត្តាចម្បងដែលធ្វើឲ្យអ្នកភ្លេចចាក់សាំង គឺអាចមកពីកុងទ័រសាំងខូច បណ្តាលឲ្យអ្នកមិនអាចដឹងពីកម្រិតសាំងនៅសល់។

  • បូមសាំងៈ វាមានតួនាទីបញ្ជូនសាំងពីធុងសាំង ចូលទៅក្នុងម៉ាស៊ីនដើម្បីដុតចំហេះជាមួយប៊ូស៊ី ដើម្បីឲ្យម៉ាស៊ីនដំណើរការបាន។ ដូច្នេះ បើវាខូច គឺវាមិនអាចបំពេញការងារវាបានឡើយ។
  • ឌីណាម៉ូ: វាជាអ្នកសាកភ្លើងចូលអាគុយ និងផ្តល់ភ្លើងសម្រាប់រថយន្ត ពេលម៉ាស៊ីនដំណើរការ។ អ៊ីចឹងបើវាខូច រថយន្តក៏មិនអាចបន្តដំណើរទៀតដែរ។

  • អាគុយ: ពេលវាខូច គឺនឹងមិនសាកភ្លើងចូលទៀតឡើយ ហើយថាមពល​ក្នុងរថយន្តក៏នឹងត្រូវកាត់ផ្តាច់ទាំងស្រុង។
  • ប៊ូស៊ី ឬម៉ូប៊ីន: ពួកវាជាអ្នកផ្តល់ផ្កាភ្លើង ដើម្បីដុតចំហេះជាមួយសាំង អ៊ីចឹងវានឹងបញ្ឈប់ម៉ាស៊ីនភ្លាមៗ នៅពេលវាខូច។

  • ឡើងកម្តៅខ្លាំង: វាពាក់ព័ន្ធនឹងប្រព័ន្ធទឹក ដូចជាខូចធុងទឹក បូមទឹក ឬមានការលេចជ្រាបទឹក ដែលធ្វើឲ្យមានបរិមាណទឹកទាបមិនគ្រប់គ្រាន់ បណ្តាលឲ្យម៉ាស៊ីនឡើងកម្តៅខ្លាំង ដូច្នេះវានឹងផ្តាច់បិទម៉ាស៊ីនខ្លួនវា ដើម្បីបញ្ចៀសការខូចខាតធ្ងន់ធ្ងរ។

  • ប្រព័ន្ធ ECU: វាជាខួរក្បាល​ប្រព័ន្ធម៉ាស៊ីន​រថយន្តតែម្តង ពោលគឺ​វាមានតួនាទី​ជាអ្នកប្រមូលព័ត៌មាន​ពី​ប្រព័ន្ធម៉ាស៊ីន និងគណនា​ការដុត​កម្រិតសាំង និងល្បាយ​ខ្យល់ ឱ្យបានត្រឹមត្រូវ។ បើប្រព័ន្ធ ECU នេះមានបញ្ហា នោះរថយន្តអ្នក​អាច​នឹង​បាត់បង់​ថាមពល​ភ្លាមៗ ចេញ​សញ្ញា check និងអាច​រលត់ម៉ាស៊ីនផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ដាស់តឿនក្រុមហ៊ុនដទៃ ឲ្យប្រយ័ត្នការប្រើពាក្យ “រថយន្ត Hybrid”

ក្រុមហ៊ុន Toyota បាន​ក្រើនរំលឹកទៅដល់​ក្រុមហ៊ុនរថយន្តដទៃ ឲ្យប្រុងប្រយ័ត្ន​ក្នុងការប្រើប្រាស់ពាក្យផ្សព្វផ្សាយហៅ “រថយន្ត Hybrid” ដើម្បីកុំឲ្យអតិថិជនរបស់ខ្លួន​ មានការយល់ច្រឡំ។ ការដាស់តឿនបែបនេះ ក្រោយមានក្រុមហ៊ុនមួយចំនួន បាន​ប្រកាសរថយន្ត​ខ្លួនដែលបំពាក់ត្រឹមតែប្រព័ន្ធ Mild Hybrid ថាជារថយន្ត Hybrid។

លោក Sean Hanley នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនរថយន្តទាំងនោះ ត្រូវតែមានទំនួល​ខុសត្រូវលើការផ្សព្វផ្សាយដោយត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់​ពី​ប្រភេទ​មាស៊ីនរថយន្តខ្លួនឲ្យអតិថិជន។

លោកបានកត់សម្គាល់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ពាក្យ Hybrid ត្រូវបាន​យកមកផ្សព្វផ្សាយក្នុងវិធីផ្សេងៗគ្នានៅក្នុងទីផ្សារ។ ដោយឡែកសម្រាប់ Toyota នឹងបញ្ជាក់យ៉ាងច្បាស់ ជាពិសេសគឺភាពខុសគ្នារវាងដំណើរការនៃប្រព័ន្ធ Hybrid និង Mild Hybrid។ លោកសង្កត់ធ្ងន់ថា រថយន្ត Mild Hybrid ពុំមែនជារថយន្ត Hybrid នោះទេ។

គួរដឹងថា សម្រាប់ប្រព័ន្ធ Mild Hybrid 48V គឺប្រភពថាមពល​ដ៏សំខាន់​របស់​វា​ បានមកពី​ម៉ាស៊ីន​ចំហេះក្នុង និង​ម៉ូទ័រអគ្គិសនី តាម​រយៈប្រព័ន្ធជាន់ហ្វ្រាំងសាកអាគុយឡើងវិញ ហៅថា ​regenerative brake។ មានន័យថា រថយន្ត​រត់លើម៉ាស៊ីនសាំង​ផង និងប្រព័ន្ធ Mild Hybrid ផង ដែល​វាជួយដល់ការសន្សំសំចៃនៃការប្រើប្រាស់សាំង។

ចំណែក ប្រព័ន្ធ Hybrid ឬ Full Hybrid វិញ អាគុយ​ក៏ត្រូវបានសាក​តាម​រយៈប្រព័ន្ធ regenerative brake ផងដែរ ប៉ុន្តែខុសពី Mild Hybrid ត្រង់ថា រថយន្ត​អាច​រត់​តែលើ​ប្រព័ន្ធអាគុយសុទ្ធតែម្តង ក្នុងចម្ងាយខ្លី ឬបើក​ល្បឿនយឺតៗក្នុងក្រុងដែលមានការកកស្ទះជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki ទើបចេញរថយន្តតូច​ច្រឡឹង ដែលមានតម្លៃជិត ១ម៉ឺន ៥ពាន់ដុល្លារ ត្រូវម៉ាច់សម្រាប់ការបើកបរក្នុងក្រុង

អស់រយៈពេល ៨ឆ្នាំហើយដែលក្រុមហ៊ុន Suzuki បានបង្ហាញចេញរថយន្តធុនតូចរបស់ខ្លួនគឺម៉ូឌែល XBee ហើយពេលនេះវាត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាកាន់តែទំនើប ម៉ាស៊ីនថ្មី និងការផ្លាស់ប្តូររូបរាងកាន់តែទាក់ទាញ។

រថយន្តថ្មីនេះ មកជាមួយការបំពាក់​ចង្កៀង LED រាងមូល ប៉ាណារាងស្លីម និងអំពូលកាត់អ័ព្ទ​នៅកាងខាងក្រោម។ ចំណែកនៅផ្នែកខាងក្នុង វាបំពាក់កុងទ័រឌីជីថល ៧អ៊ីង អេក្រង់កម្សាន្តថាច់ស្គ្រីន ៩អ៊ីង និងមានអេក្រង់ Head up Display ថែមទៀតផង។ ចង្កូតរថយន្តក៏មកជាមួយ Paddle Shifter ផងដែរ។

Suzuki XBee ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង Heartect ដែលសក្តិសម​ក្នុងការបំពាក់ជាមួយ​ម៉ាស៊ីន៣ស៊ីឡាំង Mild Hybrid ចំណុះ ១,២លីត្រ

ផលិតបានកម្លាំង ៨១សេះ និងកម្លាំងរមួល ១០៩ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ CVT។

Suzuki បាន​បំពាក់ប្រព័ន្ធសុវត្ថិភាពមួយចំនួនដល់រថយន្តម៉ូឌែល XBee ដូចជា ប្រព័ន្ធគ្រប់គ្រងល្បឿន និង​ប្រព័ន្ធរក្សារថយន្តក្នុងគន្លងជាដើម។ មិនតែប៉ុណ្ណោះ ប្រសិនបើ option កាន់តែខ្ពស់ គឺវាបានបន្ថែម​នូវប្រព័ន្ធសុវត្ថិភាពកាន់តែច្រើនទៀតផងដែរ។

រថយន្ត Suzuki XBee ត្រូវបានដាក់លក់ក្នុងប្រទេសជប៉ុន ដែលមានតម្លៃចាប់ពីជាង ១៤០០០ដុល្លារ ដល់ ១៧០០០ដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់ដឹងថា រថយន្តអ្នកដល់ពេលប្តូរប្រេងម៉ាស៊ីនឬនៅនោះ មើលតែ ៥ចំណុចនេះនឹងដឹងភ្លាម

ប្រេងម៉ាស៊ីន គឺជាអាយុជីវិតរបស់​រថយន្តចំហេះក្នុង ដែលវាជួយការពារគ្រឿងបង្គុំម៉ាស៊ីនមិនឲ្យសឹករិចរិល និងធ្វើឲ្យការបើកបរយ៉ាងរលូន។ ប៉ុន្តែប្រសិនបើប្រេងម៉ាស៊ីន ដល់ពេលដែលត្រូវផ្លាស់ប្តូរហើយនោះ ហើយអ្នកធ្វេសប្រហែស​ មិនអើពើផ្លាស់ប្តូរវាចេញទេ អ្នកនឹងត្រូវប្រឈមមុខនឹងការចំណាយច្រើនលើការជួសជុលជាមិនខាន។

ដើម្បីចង់ដឹងថា រថយន្តអ្នកដល់ពេលផ្លាស់ប្តូរប្រេងម៉ាស៊ីន ឬនៅនោះ អ្នកអាចសម្គាល់​នូវសញ្ញា ៥យ៉ាងដូចខាងក្រោមនេះ៖

១. ចម្ងាយគីឡូម៉ែត្រ ឬរយៈពេល

ជាទូទៅនៅពេលអ្នកផ្លាស់ប្តូរប្រេងម៉ាស៊ីន​នៅតាមយានដ្ឋានណាមួយ អ្នកបច្ចេកទេសនឹងកត់ត្រាចំនួនគីឡូម៉ែត្រ ឬម៉ាយល៍ ដែលកំណត់ត្រូវផ្លាស់ប្តូរចេញ ទៅតាមគុណភាពប្រភេទប្រេងម៉ាស៊ីននីមួយៗ។ ដូច្នេះ ប្រសិនបើអ្នកបើកបរដល់គ្រប់ ឬជិតគ្រប់ចំនួនគីឡូម៉ែត្រនេះហើយ គឺគួរតែផ្លាស់ប្តូរចេញតែម្តង។ ប៉ុន្តែប្រសិនភាគច្រើនបើអ្នកទុករថយន្តចោល ជិះបានចម្ងាយតិចតួច គឺគួរតែយ៉ាងហោចណាស់ ប្តូរជារៀងរាល់ ៦ខែម្តង។

២. ប្រេងឡើងពណ៌ខ្មៅ ឬកខ្វក់

អ្នកក៏អាចកត់សម្គាល់​ពីពណ៌របស់ប្រេងម៉ាស៊ីនផងដែរ តាមរយៈការដកម៉ាកេប្រេងមកពិនិត្យមើល ថាតើវាមានស្ថានភាពបែបណា។ បើឃើញថា ពណ៌ប្រេងឡើងខ្មៅដិតខ្លាំង ឬមានជាប់កម្ទេចកម្ទីទៀតនោះ គឺត្រូវយកទៅជួបជាងជំនាញ ដើម្បីវិនិច្ឆ័យពីគុណភាពប្រេង មុនពេលវាឈានដល់ប៉ះពាល់ម៉ាស៊ីន។

៣. ចាប់ផ្តើមលាន់សំឡេងចេញពីក្នុងម៉ាស៊ីន

ប្រេងម៉ាស៊ីន មានតួនាទីរំអិលគ្រប់ផ្នែកគ្រឿងបង្គុំរបស់ម៉ាស៊ីន ប៉ុន្តែនៅពេលប្រេងចាប់ផ្តើមធ្លាក់គុណភាពនោះ ភាពរំអិលរបស់ប្រេងក៏ចាប់ផ្តើមលែងមានទៀតដែរ ដែលធ្វើឲ្យគ្រឿងមេកានិចកកិតគ្នាកាន់តែខ្លាំង បង្កសំឡេងលាន់កាន់តែខ្លាំង។

៤. សញ្ញាព្រមានដាស់តឿនឲ្យប្តូរប្រេង ឬចេញសញ្ញា Check

រថយន្តទំនើបៗនាពេលបច្ចុប្បន្ន ត្រូវបានបំពាក់​ជាមួយសេនស័រដែល​ត្រួតពិនិត្យគុណភាព និងកម្រិត​ប្រេងម៉ាស៊ីន។ ប្រសិនបើអ្នកឃើញមានលោតសញ្ញាព្រមានដាស់តឿនឲ្យប្តូរប្រេង (oil change) ឬចេញសញ្ញា check សូមកុំព្រងើយកន្តើយឲ្យសោះ គឺត្រូវយករថយន្តទៅប្តូរប្រេងភ្លាម។

៥. ចេញផ្សែង ឬធុំក្លិនឈ្ងៀម

ប្រសិនបើអ្នកកត់សម្គាល់ឃើញមានផ្សែងខ្មៅខ្លាំង ឬធុំក្លិនឈ្ងៀម ក្រោយពេលបញ្ឆេះរថយន្ត វាក៏អាចបង្ហាញដែរថា គុណភាព​ប្រេងម៉ាស៊ីនចាប់ផ្តើមចុះអន់ថយ ឬអាចមានការលេចជ្រាបប្រេងចូលក្នុងបន្ទប់ចំហេះ ដូច្នេះគួរយកទៅការ៉ាស់ឆែកមើលឲ្យបានទាន់ពេល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែន Tesla តែ BYD គឺជាក្រុមហ៊ុនទី ១ នៅលើលោកដែលលក់រថយន្ត EV បានច្រើនជាងគេនៅក្នុងឆ្នាំ២០២៥

ស្របពេលដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងរវាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗជាច្រើននៅលើពិភពលោកបានក្លាយជាប្រធានបទក្តៅនៅក្នុងឧស្សាហកម្មយានយន្ត ជាពិសេសរវាងក្រុមហ៊ុន BYD របស់ចិន និងក្រុមហ៊ុន Tesla របស់អាមេរិក ពេលនេះ ប្រវត្តិសាស្រ្តដែលតែងតែមានចុះថា Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទី ១ នៅលើពិភពលោក បានផ្លាស់ប្តូរថ្មីហើយ ដោយក្នុងនោះ គឺបានជំនួសមកវិញ ដោយក្រុមហ៊ុន BYD របស់ចិន។

ក្នុងនោះ យោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ នេះ (គិតពីដើមឆ្នាំ រហូតដល់ត្រីមាសទី ៣) ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុន BYD គឺមានចំនួនដល់ទៅ ១,៦០៥៩លានគ្រឿងឯណ្ណោះ ចំណែក Tesla វិញ គឺមានចំនួនត្រឹមតែ ១,២១៧៩លានគ្រឿងប៉ុណ្ណោះ ខណៈចំនួននេះគឺមានធ្វើឲការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD លើស Tesla ប្រមាណដល់ទៅ ៣៨៨ ០០០គ្រឿងឯណ្ណោះ។

ជាមួយគ្នានេះ បើនិយាយពីការលក់នៅក្នុងត្រីមាសទី ៣ វិញ BYD គឺបានលក់រថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនបានចំនួនដល់ទៅ ៥៨២ ៥០០គ្រឿងឯណ្ណោះ ចំណែក Tesla វិញ គឺមានចំនួនត្រឹមតែ ៤៩៧ ១០០គ្រឿងប៉ុណ្ណោះ។

ជារួម ចាប់តាំងពីត្រីមាសទី ៤ ឆ្នាំ ២០២៤ មក ក្រុមហ៊ុន BYD គឺបានវ៉ាដាច់ក្រុមហ៊ុន Tesla អស់រយៈពេល ៤ ត្រីមាសជាប់ៗគ្នាហើយ ខណៈនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៥ នេះ ក្រុមហ៊ុន BYD ផ្ទាល់ ក៏អាចនឹងបន្តវ៉ាដាច់ក្រុមហ៊ុន Tesla ទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពឡានថ្មីរបស់​ AUDI មានមុខងារ Face-ID សម្រាប់បើកទ្វារចេញចូល!

បន្ទាប់ពីបង្ហាញផែនការក្នុងការចេញលក់រថយន្តស៊េរីថ្មីៗចំនួន ៣ម៉ូឌែល មុនឆ្នាំ២០២៧ និងបានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តម៉ូឌែលទី ១ គឺ AUDI E5 Sportback របស់ខ្លួនរួចរាល់ ពេលនេះ គឺមានការបែកធ្លាយនូវរូបភាព ក៏ដូចជារូបរាងរថយន្តម៉ូឌែលទី ២ ហើយ ដោយក្នុងនោះ នឹងប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងប្រទេសចិន នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងនោះ បើនិយាយពីរថយន្តថ្មីទី ២ របស់ AUDI នេះវិញ គឺជារថយន្តប្រភេទ Crossover ហើយវាគឺមានប្រវែងប្រហាក់ប្រហែលដល់ទៅ ៥ ម៉ែត្រឯណ្ណោះ។ ចំណែកការរចនារូបរាងផ្នែកខាងក្រៅវិញ ក៏ទទួលបាននូវបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។

លើសពីនេះ ក៏ទទួលបាននូវការរចនាជាមួយទ្វារប្រភេទ retractable door handles និង spoiler ជាប់ដំបូល ក៏ដូចជាមុខងារ blind spot monitoring និង Face-ID ដើម្បីបើកទ្វារចេញចូលផងដែរ។

ចំណែកផ្នែកម៉ាសុីនវិញ ក៏នឹងគាំទ្រនូវបច្ចេកវិទ្យាសាកល្បឿនលឿន ព្រមទាំងផលិតកម្លាំងបានជាង ៧០០សេះ ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗវិញ មិនទាន់បង្ហាញចេញនូវឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X5 នឹងមាន​ option ថ្មីមួយទៀតប្រើចំហេះអ៊ីដ្រូសែន

បន្ទាប់ពីមានជម្រើសប្រើម៉ាស៊ីនសាំងសុទ្ធ ម៉ាស៊ូត plug-in hybrid និងអគ្គិសនីសុទ្ធរួចមកហើយនោះ រថយន្ត BMW X5 នឹងត្រូវបន្ថែម option ថ្មីមួយទៀតប្រើចំហេះអ៊ីដ្រូសែន (iX5 Hydrogen)។ សម្រាប់ option ថ្មីនេះដែរ គឺជាការផលិតឡើង​ក្រោមកិច្ចសហការរវាង BMW និង Toyota។

យ៉ាងណាមិញ ថ្វីបើរថយន្តនេះជា version ថ្មីមូយទៀតរបស់ BMW X5 ប៉ុន្តែវាមានការរចនារូបរាងផ្នែកខាងមុខខុសគ្នា ពោលគឺផ្នែកខាងមុខរបស់ ​X5 គឺជាប៉ាណារាងតម្រងនោម ដែលជា unique របស់ BMW ចំណែកឯ iX5 Hydrogen ប្រើភាសាឌីហ្សាញថ្មី Neue Klasse។

ប្រព័ន្ធចំហេះអ៊ីដ្រូសែនរបស់ iX5 គឺស្ថិតនៅក្នុងជំនាន់ទី៣ ដែលអភិវឌ្ឍដោយ BMW និងមានការគាំទ្រពី Toyota។ ប្រព័ន្ធថ្មីនេះ គឺមានដង់ស៊ីតេថាមពលខ្ពស់ជាង និងប្រសិទ្ធភាពប្រសើរជាងជំនាន់មុនៗ ពោលគឺអាចបើកបរបានចម្ងាយកាន់តែឆ្ងាយជាងមុន។

ទោះជាបែបនេះក្តី ក៏រថយន្ត BMW iX5 ស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយទេ ហើយបើតាម​ផែនការរបស់ក្រុមហ៊ុន នឹងគ្រោងបញ្ចេញរថយន្តនេះ នៅក្នុងអំឡុងឆ្នាំ ២០២៨។ ទន្ទឹមនេះ BMW ក៏គ្រោងនឹងពង្រីកបណ្តាញស្ថានីយអ៊ីដ្រូសែនៅអឺរ៉ុប ដោយចាប់ផ្តើមនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើសម្រេច ៥យ៉ាងនេះបាន កម្ពុជានឹងមានសន្ទុះប្រើ EV ខ្លាំង ហើយក៏មិនវិលទៅប្រើរថយន្តសាំងវិញដែរ

ចរន្តនៃការប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះ កាន់តែមានសន្ទុះខ្លាំងឡើងហើយ ដោយឡែកនៅកម្ពុជា ក៏មានកំណើនប្រើប្រាស់រថយន្តប្រភេទនេះច្រើនផងដែរពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការលើកទឹកចិត្តពីរដ្ឋ និងការហូរចូលវិនិយោគទុនរបស់ក្រុមហ៊ុនរថយន្តបរទេសជាដើម។

យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងស្រុក នៅមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់ ហើយវាក៏ជាកត្តារាំងស្ទះដ៏ធំមួយ សម្រាប់វិស័យ EV។ លើសពីនេះ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ក៏បានធ្វើឱ្យអ្នកប្រើរថយន្ត EV ខ្លះ ចង់ងាកមករករថយន្តចំហេះក្នុងវិញទៀតផង។

តាមរយៈ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» របស់រាជរដ្ឋាភិបាល គឺបានជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់អ្នកប្រើប្រាស់ ដោយរួមមានការបញ្ចូលថាមពល ការផ្គត់ផ្គង់ថាមពល ការថែទាំ និងជួសជុលជាដើម។

ហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនី

  • រៀបចំបទបញ្ញត្តិ និងស្តង់ដាសម្រាប់ឧបករណ៍ឬបរិក្ខារបញ្ចូលថាមពល និងស្ថានីយបញ្ចូលថាមពល ឬផ្លាស់ប្តូរឧបករណ៍ស្តុកថាមពល (swap)
  • កំណត់ទីតាំង និងកម្រិតចំនួនស្ថានីយបញ្ចូលថាមពល ស្របតាមតម្រូវការជាក់ស្តែង
  • រៀបចំស្តង់ដាស្ថានីយ ឬឧបករណ៍បញ្ចូលថាមពល ដែលប្រើប្រាស់គ្រប់ប្រភេទយានយន្តអគ្គិសនី
  • ដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ សម្រាប់គ្រប់គ្រង និងបង់ប្រាក់លើការប្រើប្រាស់ស្ថានីយ
  • ជំរុញការកសាងស្ថានីយនៅតាមផ្លូវជាតិ ផ្លូវល្បឿនលឿន អគារ ខុនដូរ ផ្សារទំនើប និងសណ្ឋាគារ។

ការផ្គត់ផ្គង់ថាមពល

  • កំណត់ថ្លៃអគ្គិសនី
  • កំណត់បទដ្ឋានបច្ចេកទេស និងស្តង់ដាសុវត្ថិភាពសម្រាប់ការបញ្ចូលថាមពល
  • សម្រួល និងពន្លឿននីតិវិធីផ្តល់លិខិតអនុញ្ញាត និងអាជ្ញាបណ្ណ ដល់អ្នកផ្តល់សេវាកម្មបញ្ចូលថាមពល
  • ជំរុញការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ នៅតាមស្ថានីយបញ្ចូលថាមពល

ស្តង់ដាយានយន្តអគ្គិសនី និងគ្រឿងបង្គុំ/គ្រឿងបន្លាស់

  • រៀបចំបទបញ្ញត្តិ និងស្តង់ដាគុណភាព និងសុវត្ថិភាព
  • ពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត

បណ្តាញតភ្ជាប់ និងគ្រប់គ្រងទិន្នន័យ

  • រៀបចំបណ្តាញតភ្ជាប់ ចែករំលែកទិន្នន័យ និងបង្កើតត្រួតពិនិត្យ និងរាយការណ៍បញ្ហាកំហុសបច្ចេកទេស ដើម្បីធានាសុវត្ថិភាព និងដោះស្រាយទាន់ពេល។

ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀត

  • រៀបចំបទដ្ឋានចំណតអាទិភាពសាធារណៈ ឬនៅតាមអគារ ឬផ្សារទំនើប សម្រាប់យានយន្តអគ្គិសនី
  • កែសម្រួលបទដ្ឋានសាងសង់អគារ និងបទដ្ឋាននៃការអភិវឌ្ឍទីក្រុង និងតំបន់អភិវឌ្ឍសំខាន់ៗផ្សេងទៀត ដើម្បីជាកាតព្វកិច្ចក្នុងការបញ្ចូលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពល និងចំណតយានយន្តអគ្គិសនីនៅក្នុងគម្រោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បញ្ចេញ Model Y Performance អាប់ដេតថ្មីនៅអាមេរិក មានតម្លៃតែ ៦មុឺនដុល្លារប៉ុណ្ណោះ

បន្ទាប់ពីប្រកាសដាក់លក់នៅទីផ្សារអឺរ៉ុបមួយខែមុន ពេលនេះ ក្រុមហ៊ុន Tesla បានចាប់ផ្តើមបើកទទួលការបញ្ជាទិញជាផ្លូវការសម្រាប់រថយន្ត Tesla Model Y Performance អាប់ដេតថ្មីនៅសហរដ្ឋអាមេរិករបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ខ្ទង់តែ ៥៧ ៤៩០ដុល្លារតែប៉ុណ្ណោះ។

ទៅលើការរចនា សម្រាប់ Tesla Model Y Performance ដែលបានអាប់ដេតថ្មីនេះ ក៏ទទួលបាននូវថ្មដែលមានដង់ស៊ីតេខ្ពស់ជាងមុន ក៏ដូចជាថាសកង់ទំហំ ២១អ៊ីញ ប្រភេទ Arachnid និងបច្ចេកវិទ្យាសាកថ្មលឿនជាងមុនផងដែរ។ ខណៈផ្នែកខាងក្នុងវិញ ក៏មានការរចនាទំហំធំជាងមុខបន្តិចផងដែរ។

ទាក់ទងនឹងកម្លាំង និងសមត្ថភាពរបស់ Tesla Model Y Performance ថ្មីនេះ គឺអាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៣,៣វិនាទីប៉ុណ្ណោះ ហើយចម្ងាយបើកបរវិញ ក៏អាចបើកបរបានកាន់តែឆ្ងាយដល់ទៅ ៤៩៦គីឡូមែ៉ត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+