ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy M7 ប្រភេទ PHEV ប្រើអគ្គិសនីសុទ្ធជិះបាន ២២៥គ.ម ខណៈប្រើសាំងលាយអគ្គិសនីជិះបាន១ ៧៣០គ.ម បានបង្ហាញខ្លួនជាផ្លូវការ

រថយន្ត Geely Galaxy M7 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន ហើយនេះគឺជាការបើកទំព័រថ្មីនៃរថយន្តប្រភេទ PHEV ខ្នាតមធ្យមដំបូងគេបង្អស់នៅក្នុងត្រកូល Galaxy M។ ការដាក់សម្ពោធនេះបានផ្ដោតសំខាន់ទៅលើសមត្ថភាពនៃការបើកបរដោយថាមពលអគ្គិសនីបានឆ្ងាយ និងផ្ដោតយលើរយៈចម្ងាយបើកបរសរុបកាន់តែឆ្ងាយ ដោយក្នុងនោះពេលប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយអាចបើបរបានចម្ងាយ ២២៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC និងមានចម្ងាយផ្លូវសរុបពេលប្រើសាំងលាយអគ្គិសនីរហូតដល់ ១ ៧៣០ គីឡូម៉ែត្រ។ យោងតាមគេហទំព័រ Autohome រថយន្តនេះត្រូវបានរំពឹងថានឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុង ខែមេសា ខាងមុខនេះ។

រថយន្ត Galaxy M7 ប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ដំណើរដោយម៉ាសុីនចំណុះ ១.៥ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីនិងបំពាក់មកជាមួយអាគុយលីធ្យូមដែកហ្វូស្ហ្វាត (LFP) ទំហំ ២៩.៨ គីឡូវ៉ាត់ម៉ោង (kWh) គឺជាឆ្អឹងខ្នងសំខាន់ជួយឲ្យរថយន្ដនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ២២៥ គីឡូម៉ែត្រ។

ជាមួយគ្នានេះចំពោះអាគុយរថយន្ដនេះជាប្រភេទអាគុយ Aegis Golden Brick ដែលរួមបញ្ចូលនូវប្រព័ន្ធគ្រប់គ្រងកម្ដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមត្ថភាពសាកថ្មល្បឿនលឿន។ ចំណុចលេចធ្លោផ្នែកបច្ចេកទេសបន្ថែមទៀតគឺ Galaxy M7 បានបំពាក់ជាមួយម៉ាស៊ីន Hybrid ប្រភេទ EM-i ផ្ដល់មកជាមួយប្រសិទ្ធភាពគ្រប់គ្រងកម្ដៅរហូតដល់ ៤៧.២៦% និងប្រព័ន្ធគ្រប់គ្រងថាមពល Star Intelligence 2.0 ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការស៊ីសាំងបាន ១៥% និងកាត់បន្ថយការបាត់បង់កម្ដៅបានដល់ទៅ ៣០%។

ការរចនាផ្នែកខាងក្រៅមានលក្ខណៈស្រដៀងទៅនឹងម៉ូឌែល Galaxy M9 ដោយមានបំពាក់ភ្លើង LED លាតសន្ធឹងកាត់ទទឹងខាងមុខ, បំពាក់ជាមួយពណ៌ពីរជាន់ (Dual-tone) និងទ្វារឃ្លុបក្រោយដែលអាចបើកដោយស្វ័យប្រវត្តិតាមរយៈការក្រវេសជើង។ ជាមួយសម្រាប់វិមាត្ររបស់រថយន្ដនេះមានប្រវែងបណ្ដោយ ៤ ៧៧០ មីលីម៉ែត្រ, ទទឹង ១ ៩០៥ មីលីម៉ែត្រ, កម្ពស់ ១ ៦៨៥ មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៧៨៥ មីលីម៉ែត្រ។

នៅក្នុងកាប៊ីនខាងក្នុងតុបតែងជាមួួលក្ខណៈពិសេសៗដូចជា អេក្រង់កម្សាន្ដបែបអណ្ដែត, កុងទ័រឌីជីថល LCD, ប្រព័ន្ធប្រតិបត្តិការ Flyme Auto, ភ្លើងលម្អខាងក្នុង AI Ambient Lighting មាន ២៥៦ពណ៌, ឧបករណ៍បំពងសំឡេងចំនួន ២៣ គ្រាប់គាំទ្រដោយប្រព័ន្ធសំឡេង Flyme Sound និងកន្លែងសាកថ្មឥតខ្សែ កម្លាំង 50W។ ចំណែកឯកៅអីជួរក្រោយអាចបត់បានក្នុងសមាមាត្រ ៤:៦ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដាក់អីវ៉ាន់។

យោងតាមរបាយការណ៍ពីគេហទំព័រ CarNewsChina កាលពីខែកុម្ភៈឆ្នាំនេះ បានរំលេចថា កម្រិតស៊ីសាំងរបស់ Galaxy M7 គឺត្រឹមតែ ៣.៣៥ លីត្រ/១០០ គីឡូម៉ែត្រ ប៉ុណ្ណោះ នៅពេលដែលអាគុយត្រូវបានប្រើប្រាស់អស់ ដែលនេះបានធ្វើឲ្យវាក្លាយជារថយន្ត SUV PHEV ខ្នាតមធ្យមមានកម្រិតសន្សំសំចៃខ្លាំងបំផុតមួយនៅក្នុងប្រទេសចិន បើធៀបជាមួយគូប្រជែងដទៃទៀតក្នុងទីផ្សារក្នុងស្រុក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខំយករថយន្តទៅចាក់សាំងដល់ពេញហៀរ អាចប្រឈមខូចកំប៉ុងធ្យូង ហើយបើទុកចោលមិនជិះទៀតនោះ រឹតតែធ្ងន់ធ្ងរ

ក្នុងអំឡុងពេលសាំងកំពុងឡើងថ្លៃបែបនេះ អ្នកប្រើប្រាស់រថយន្តជាច្រើនបាននាំគ្នាសម្រុកចាក់សាំងពេញៗឲ្យហើយ និងខ្លះព្យាយាមទិញស្តុកទុកទៀតផង ដើម្បីបង្ការនូវការឡើងថ្លៃសាំងថែមទៀតនាថ្ងៃខាងមុខ។

តើបងប្អូនដឹងទេ ការដែលចាក់សាំងរថយន្តពេញៗដល់ថ្នាក់លើសកម្រិត ឬមានការហៀរសាំងចេញមកក្រៅនោះ មិនមែនជាការគិតគូរបម្រុងទុកត្រឹមត្រូវឡើយ ព្រោះវាអាចនឹងធ្វើឲ្យបងប្អូនប្រឈមមុខនឹងហានិភ័យ និងការចំណាយជួសជុលមួយតង់ទៀត។

ការពិតទៅ ធុងសាំង ឬស៊ីទែនសាំងរថយន្ត មិនខុសពីធុងទឹកស្អំសាគួរ និងប្រេងម៉ាស៊ីននោះដែរ ពោលគឺវាមានកម្រិត Full ដូចគ្នា ដែលមិនត្រូវចាក់ឱ្យលើសពីកម្រិតនេះឡើយ។ សម្រាប់ធុងសាំងរថយន្ត គឺវាមានកម្រិតកំណត់ពេញ (Full) ឬដល់ចំណុចលោតបិទអូតូនៃដៃបាញ់សាំង ដែលបងប្អូនអាចចាក់បានដល់កម្រិតនេះ ឬក្រោមកម្រិតនេះប្រសិនបើអាកាសធាតុក្តៅ ដោយមិនមានបញ្ហាអ្វីប៉ះពាល់ដល់រថយន្តនោះទេ។

យ៉ាងណាមិញ បើចាក់សាំងជ្រុលលើសកម្រិតនេះ វានឹងអាចបង្កផលប៉ះពាល់មួយចំនួនដូចខាងក្រោម៖

១.ចាក់ជ្រុលរហូតដល់ហៀរចេញក្រៅ ដែលបង្កហានិភ័យខ្លាំងដល់ការឆាបឆេះ

២. ធុងសាំងត្រូវការកន្លែងទំនេរ សម្រាប់ការរីកមាឌរបស់សាំង និងការបញ្ចេញចំហាយរបស់វា តែបើចាក់ពេញបឹបជ្រុលនោះ គឺវានឹងស្ទះហើយប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធនេះ ដែលអាចបង្កការលេចចំហេះសាំង ឬខូចកំប៉ុងធ្យូង ឬខូចបូមសាំងជាដើម

៣. ពេលខូចកំប៉ុងធ្យូង នឹងជះក្លិនសាំងខ្លាំងក្នុងកាប៊ីនរថយន្ត

៤. ប្រព័ន្ធគ្រប់គ្រងការបញ្ចេញចំហាយដំណើរការមិនល្អ ធ្វើឱ្យមានការបញ្ចេញផ្សែងខ្លាំងជាងមុនប៉ះពាល់បរិស្ថាន

៥. ខូចប៊ិចសាំង និងធ្វើឱ្យរថយន្តចុះខ្សោយ សន្ទុះ និងកម្លាំងជាដើម។

បន្ថែមលើសនេះ ប្រសិនចាក់សាំងដល់ថ្នាក់ពេញហើយទុកចោលទៀតនោះ នឹងធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ប្រព័ន្ធសាំងតែម្តង ព្រោះបើសាំងទុកចោលមិនដំណើរការសោះ វានឹងធ្លាក់ចុះគុណភាពបន្តិចម្តងៗទៅតាមរយៈពេលពិបាកដល់ការដុតបញ្ឆេះក្នុងម៉ាស៊ីន។ សារធាតុអេតាណុលក្នុងសាំងនឹងស្រូបយកជាតិទឹក ដែលធ្វើឲ្យធុងសាំងប្រឈមនឹងការពុកផុយ។ សាំងទុកកាន់តែយូរ បណ្តាលឲ្យមានកករ កម្ទេចកម្ទី ធូលីផ្សេងៗ ដែលអាចបណ្តាលឲ្យស្ទះតម្រងសាំង បូមសាំង និងប៊ិចសាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនី IM 5 បានបំបែកកំណត់ជារថយន្ដចិនដំបូងគេបង្អស់ឈ្នះពានរថយន្តឆ្នើមប្រចាំឆ្នាំពីស្ថាប័នសារព័ត៌មាន The Straits Times

យោងតាមកាចុះផ្សាយសារព័ត៌មាន The Straits Times ពានរង្វាន់រថយន្តឆ្នើមប្រចាំឆ្នាំ ២០២៥ (Car of the Year 2025) បានទៅលើរថយន្ត IM 5 ។ នេះគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល ២៣ ឆ្នាំនៃពានរង្វាន់នេះត្រូវបង្កើតឡើង ដោយក្នុងនោះរថយន្តរបស់ចិនបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ។

ក្នុងការប្រកកួតនោះ រថយន្ដ IM 5 បានយកឈ្នះរថយន្ត SUV អគ្គិសនី Cupra Tavascan ដែលទទួលបានចំណាត់ថ្នាក់លេខ ២ លើសតែ ១ ពិន្ទុប៉ុណ្ណោះ។ ចំណែកឯរថយន្ត Zeekr 7X ជារថយន្ត SUV អគ្គិសនីរបស់ចិនដែរនោះ ទទួលបានចំណាត់ថ្នាក់លេខ ៣។

ក្រឡេកទៅរថយន្ដក្នុងចំណោមបេក្ខភាពឈានដល់វគ្គផ្ដាច់ព្រ័ត្រទាំង ១០ គឺជាប្រភេទរថយន្ត SUV កម្ពស់ខ្ពស់ រីឯរថយន្ត IM 5 បានបង្ហាញខ្លួនយ៉ាងលេចធ្លោជាប្រភេទរថយន្ត Sedan ទ្វារបួនដែលមានរាងទាបស្រឡូនតែមួយគត់និងមានលទ្ធផលអាចឈ្នះពានរង្វាន់រថយន្តឆ្នើមប្រចាំឆ្នាំ។

គួរបញ្ផាក់ផងដែរថា រថយន្ត IM 5 គឺផលិតដោយយីហោ IM Motors ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន SAIC ដែលជាក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់រដ្ឋចិន នៃក្រុមហ៊ុនពាណិជ្ជកម្ម Alibaba និងក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Zhangjiang Hi-Tech។ IM Motors គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចិនដែលបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៥។


យ៉ាងណាមិញ ការប្រកួតពានរង្វាន់រថយន្តឆ្នើមប្រចាំឆ្នាំ ២០២៥ គឺជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត ចាប់តាំងពីប្រព័ន្ធផ្ដល់ពិន្ទុបច្ចុប្បន្នត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០២២។ មានគម្លាតពិន្ទុត្រឹមតែ ៥១ ពិន្ទុ ប៉ុណ្ណោះ រវាងរថយន្តដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងរថយន្តដែលស្ថិតក្នុងលំដាប់ថ្នាក់ទី ១០ ដែលតួលេខនេះគឺតិចជាងគម្លាត ៧៣ ពិន្ទុ កាលពីឆ្នាំ ២០២២ ទៅទៀត។ ចំណែកឯកាលពីឆ្នាំ ២០២៣ និង ២០២៤ គម្លាតពិន្ទុមានរហូតដល់ទៅជាង ១០០ ពិន្ទុឯណោះ។


ជាមួយគ្នានេះដែរ យោងតាមការបញ្ជាក់ពីលោក Toh Yong Chuan អ្នកសារព័ត៌មានរបស់ ST បានកោតសរសើររថយន្ត IM 5 នេះចំពោះសមត្ថភាពនៃការបញ្ជា និងការរចនាដ៏មានភាពលេចធ្លោខុសពីរថយន្ដ ផ្សេង។ ចំណែកលោក Lionel Seah អ្នកនិពន្ធឯករាជ្យដែលសរសេរអំពីព័ត៌មានយានយន្តរបស់ ST ក៏មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមុខងារ “Crab-crawl” ដ៏វិសេសវិសាលរបស់រថយន្ត IM 5 ដែលកង់ក្រោយរបស់វាអាចបង្វែរទៅទិសដៅតែមួយជាមួយនឹងកង់មុខដែលអនុញ្ញាតឲ្យរថយន្តអាចបើកបរក្នុងលក្ខណៈបញ្ឆៀងបាន។

អ្នកជំនាញផ្នែកយានយន្តជាគណៈកម្មការជឿជាក់ថា រថយន្តអគ្គិសនីរបស់ចិននឹងកាន់តែមានឥទ្ធិពលខ្លាំងឡើងនៅក្នុងឆ្នាំខាងមុខ។ ហេតុផលមួយគឺថា ក្រុមហ៊ុនផលិតរបស់ចិនមិនដែលឈប់បញ្ចេញម៉ូឌែលថ្មីៗនោះទេ ហើយរថយន្តអគ្គិសនីទាំងនោះកាន់តែមានគុណភាពល្អឡើងៗ ទាំងផ្នែកគុណភាពផលិតដំបូង បច្ចេកវិទ្យាដ៏ទំនើប និងចម្ងាយផ្លូវបើកបរដែលកាន់តែឆ្ងាយ។ បញ្ហាកំហុសផ្នែក Software និងគុណភាព ដែលធ្លាប់ជាបញ្ហាទូទៅសម្រាប់ឡានចិនកាលពីពីរឆ្នាំមុន ឥឡូវនេះបានក្លាយជារឿងកម្រទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះសាំងឡើងថ្លៃយ៉ាងណាក៏ដោយ ប៉ុន្តែហេតុអ្វីក៏គេនៅមិនទាន់អាចងាកទៅរករថយន្តអគ្គិសនីបាន?

ក្នុងពេលដែលប្រេងសាំង-ម៉ាស៊ូត កំពុងឡើងថ្លៃបែបនេះ គឺមានការលើកឡើងជាច្រើនថា គឺជាពេលដែលគួរងាកមកប្រើរថយន្តអគ្គិសនីវិញ ដែលមានការសន្សំសំចៃខ្ពស់ និងជួយដល់បរិស្ថាន។ សម្រាប់នៅកម្ពុជា ការងាកមកប្រើរថយន្តអគ្គិសនី គឺជាជម្រើសដ៏ត្រឹមត្រូវ ខណៈកម្ពុជាអាចផលិតចរន្តអគ្គិសនីបានដោយខ្លួនឯង ដោយមិនខ្វល់ពីតម្លៃប្រេងនាំចូលនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រេងសាំងថ្វីត្បិតតែឡើងថ្លៃ ជួយជំរុញកំណើនប្រើប្រាស់រថយន្តអគ្គិសនីក៏ពិតមែន ប៉ុន្តែនៅមានលក្ខខណ្ឌច្រើនទៀត ដែលគេនៅមិនទាន់អាចប្តូរមកប្រើរថយន្តអគ្គិសនីបាននៅឡើយទេ ក្នុងពេលបច្ចុប្បន្ននេះ។ កត្តាទាំងនោះរួមមានដូចជា៖

១. ថវិកាមានកម្រិត៖ អ្នកខ្លះដែលកំពុងមានរថយន្តសាំងប្រើហើយ ទោះជាចង់ប្តូរទៅប្រើរថយន្តអគ្គិសនី ក៏មិនទាន់អាចទៅរួចដោយសារមិនមានថវិកាគ្រប់គ្រាន់។

២. មិនមានទីកន្លែងសាកអាគុយនៅផ្ទះ៖ សម្រាប់អ្នកដែលមានផ្ទះផ្ទាល់ខ្លួន និងមានកន្លែងចតរថយន្តបាន គឺងាយស្រួលសាកនៅផ្ទះបាន ប៉ុន្តែសម្រាប់អ្នកដែលគ្មានកន្លែងដាក់រថយន្តនៅផ្ទះបានទេនោះ គឺត្រូវយកទៅផ្ញើនៅទីតាំងផ្សេងដែលគ្មានកន្លែងសាក ពោលគឺបើចង់សាក លុះត្រាតែទៅរកតាមស្ថានីយផ្សេងៗ ដែលមានតម្លៃសាកថ្លៃ និងចំណាយពេលរង់ចាំ។

៣. កង្វះស្ថានីយបញ្ចូលសាក៖ ទោះបច្ចុប្បន្ន មានស្ថានីយសាកអាគុយច្រើនក៏ដោយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ ជាពិសេសនៅតាមបណ្តាខេត្ត ដែលគេបារម្ភថា រថយន្តខ្លួនអាចនឹងអស់ថាមពលតាមផ្លូវ ពិបាករកកន្លែងសាក។ ហើយបើមានស្ថានីយសាកមួយៗដែរ ប៉ុន្តែបើមានរថយន្តច្រើនរង់ចាំសាក នោះនឹងធ្វើឲ្យខាតពេលវេលារង់ចាំយូរផងដែរ។

៤. ការបារម្ភអំពីគុណភាពអាគុយ៖ ដើម្បីអាចឲ្យគេទុកចិត្តលើគុណភាពអាគុយដែលអាចប្រើប្រាស់បានយូរ ឬច្រើនគីឡូម៉ែត្រ ត្រូវចំណាយពេលយូរឆ្នាំទៀត ដើម្បីឃើញលទ្ធផលជាក់ស្តែង ព្រោះបច្ចុប្បន្នគេនៅតែបារម្ភថា គុណភាពអាគុយ កាន់តែជិះ កាន់តែឆាប់ស្រកចុះ ហើយចម្ងាយបើកបរកាន់តែតិចទៅៗ ជាពិសេសបារម្ភខ្លាចខូចអាគុយតែម្តង ព្រោះបើផ្លាស់ប្តូរគឺមានតម្លៃថ្លៃខ្លាំងណាស់។

៥. ពិបាកលក់ចេញវិញ៖ សម្រាប់រថយន្តអគ្គិសនី បើជិះកាន់តែច្រើនគីឡូនោះធ្វើឲ្យការលក់ចេញកាន់តែពិបាក ឬបានថោក ឬគ្មានអ្នកទិញតែម្តង ព្រោះអ្នកដែលទិញបន្តក្រោយៗ គេប្រាកដជាបារម្ភពីការធ្លាក់ចុះគុណភាពអាគុយ និងម៉ូទ័រជាមិនខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan ប្រកាសចេញនូវបច្ចេកវិទ្យា Hybrid ជំនាន់ថ្មីមានកម្រិតស៊ីប្រេងត្រឹមតែ ២.៩៨ លីត្រក្នុង ១០០ គីឡូម៉ែត្រ ដើម្បីដណ្ដើមចំណែកទីផ្សារនិងបង្កើនការលក់

ក្រុមហ៊ុន Changan Auto បានដាក់បង្ហាញនូវបច្ចេកវិទ្យា Hybrid ថ្មីរបស់ខ្លួនមានឈ្មោះថា “Blue Core Super Engine” (蓝鲸超擎混动) ដោយដាក់គោលដៅឆក់យកបេះដូងអតិថិជនប្រើប្រាស់រថយន្តម៉ាស៊ីនចំហេះក្នុង (ICE) ប្រមាណ ៧០ លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក។ ក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋមួយនេះ បានវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានយ័ន ឬស្មើនងប្រហែល ២៩១.១២ លានដុល្លារអាមេរិក ទៅលើមន្ទីរពិសោធន៍ជំនាញ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធនេះឡើង ក្នុងគោលបំណងសម្រេចឲ្យបាននូវការប្រើប្រាស់ប្រេងឥន្ធនៈ សម្រាប់ការបើកបរក្នុងក្រុងត្រឹមតែ ២.៩៨ លីត្រ/១០០ គីឡូម៉ែត្រប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ពី IT-home។

Changanជាមួយគ្នានេះក្រុមហ៊ុន Changan បានអះអាងថា Platform នេះគឺជាលទ្ធផលនៃការអភិវឌ្ឍអស់រយៈពេល ៦ ឆ្នាំ មានការចូលរួមពីវិស្វករចំនួន ១ ០០០ នាក់ និងសម្រេចបាននូវរបកគំហើញបច្ចេកទេសចំនួន ១៦៣ ចំណុច ទាំងផ្នែក Hardware និងផ្នែក Software នៃប្រព័ន្ធបញ្ជូនកម្លាំង។ បន្ថែមពីនេះ Changan កំពុងកំណត់ទីតាំងបច្ចេកវិទ្យានេះ ជាបច្ចេកវិទ្យាអន្តរកាលសម្រាប់អ្នកប្រើប្រាស់ ដែលចង់បានប្រសិទ្ធភាពសន្សំសំចៃខ្ពស់ដូចរថយន្តអគ្គិសនី ប៉ុន្តែមិនចង់ពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម។

សម្រាប់ Platform Blue Core នេះ គឺជាការវិវឌ្ឍបន្តពីខ្សែស្រឡាយផលិតផលតាំងពីឆ្នាំ ២០១២ របស់ក្រុមហ៊ុន Changan និងប្រព័ន្ធបាញ់ប្រេងសម្ពាធខ្ពស់កម្រិត 500bar ដែលបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០២៤។ កំណែទម្រង់ថ្មីនេះប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលគ្នារវាងរួមបញ្ចូលជាមួយ «ប្រេងនិងអគ្គិសនី» ផ្តល់អាទិភាពដល់ការរុញច្រានដោយម៉ូទ័រអគ្គិសនីខ្លាំងជាងម៉ាស៊ីនសាំង។ ដើម្បីបញ្ជាក់ពីភាពធន់ក្នុងការប្រើប្រាស់រយៈពេលវែង ប្រព័ន្ធនេះត្រូវបានឆ្លងកាត់ការសាកល្បងបើកបរនៅលើផ្លូវពិតប្រាកដចម្ងាយ ២ លានគីឡូម៉ែត្រ លើប្រភេទផ្លូវខុសៗគ្នាដល់ទៅ ៧០ ប្រភេទនៅទូទាំងសកលលោក។

长安汽车销量创9年新高,2026年规划8款新车,谁值得等ក្រោយការធ្វើតេស្ដ Changan បានកំណត់យកតួលេខនៃការស៊ីប្រេងក្នុងក្រុង ២.៩៨ លីត្រ/១០០ គីឡូម៉ែត្រ ជាគោលដៅសមត្ថភាពចម្បងរបស់ខ្លួន។ តាមរយៈការបង្កើនប្រសិទ្ធភាពសម្រាប់ការបើកបរក្នុងល្បឿនទាប បច្ចេកវិទ្យានេះបានជួយដោះស្រាយបញ្ហានៃការបាត់បង់ប្រេងឥន្ធនៈខ្ពស់ ដែលតែងតែជួបប្រទះជាញឹកញាប់នៅក្នុងស្ថានភាពចរាចរណ៍ជិះឈប់ៗផ្ដោតលើការប្រើប្រាស់ក្នុងក្រុង។ ប្រព័ន្ធបញ្ជូនកម្លាំងត្រូវបានកែតម្រូវឲ្យមានកម្លាំងរមួលខ្ពស់ភ្លាមៗ និងកាត់បន្ថយកម្រិតសំឡេងរំខានឲ្យនៅទាបបំផុត ដែលធ្វើឲ្យលក្ខណៈនៃការបើកបរមានភាពស្រដៀងគ្នាទៅនឹងរថយន្តអគ្គិសនីសុទ្ធ។

Changan New Blue Core Power is excellent | BitAuto Globalការដាក់សម្ពោធបច្ចេកវិទ្យានេះ គឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់គោលដៅរបស់ក្រុមហ៊ុន Changan ក្នុងការសម្រេចឲ្យបាននូវការលក់នៅក្រៅប្រទេសចំនួន ៧៥០ ០០០ គ្រឿង ក្នុងឆ្នាំ ២០២៦។ ទន្ទឹមគ្នានេះ Platform នេះត្រូវបានអភិវឌ្ឍឡើងដោយមានការចូលរួមចំណែកយ៉ាងខ្លាំងពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ Changan មានមូលដ្ឋាននៅទីក្រុង Birmingham ចក្រភពអង់គ្លេស ដើម្បីធានាថាវាឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ។

From Local Legend to Global Leader: CHANGAN's Evolution in Motionអ្វីដែលសំខាន់បំផុតបច្ចេកវិទ្យា Blue Core នឹងឈានជើងចូលក្នុងទីលានវិស័យយានយន្ដដើម្បីប្រកួតប្រជែង ជាមួយបច្ចេកវិទ្យា DM-i 5.0 របស់ BYD និង NordThor EM-i របស់ Geely មានកម្រិតស៊ីប្រេងទាបរហូតដល់ ២.៦២ លីត្រ/១០០ គីឡូម៉ែត្រ។ គោលដៅស៊ីក្នុងការកំណត់កម្រិតសុីប្រេងក្នុងការបើកបរក្នុងក្រុង ២.៩៨ លីត្រ ក្នុង ១០០ គីឡូម៉ែត្ររបស់ Changan គឺជាយុទ្ធសាស្ត្រការពារដើម្បីរក្សានូវប្រជាប្រិយភាពនៃរថយន្តត្រកូល UNI និង CS របស់ខ្លួននៅក្នុងប្រទេសចិន។

ការផ្លាស់ប្តូរយុទ្ធសាស្ត្របច្ចេកទេសនេះ គឺស្របទៅនឹងការបញ្ចូលដើមទុនរបស់ក្រុមហ៊ុន Changan ទៅក្នុងម៉ាកយីហោ Deepal របស់ខ្លួន ដែលទទួលបានថវិកាវិនិយោគ Series C ចំនួន ៦.១២ ពាន់លានយ័ន ឬស្មើប្រមាណ ៨៩០.៨៣ លានដុល្លារអាមេរិក កាលពីចុងឆ្នាំ ២០២៥ ដើម្បីពង្រីកផលិតកម្មរថយន្តអគ្គិសនីជំនាន់ទី ២ របស់ខ្លួន។

Norway, Let's Drive Smart!🌊Flagship store opens, Deepal ...លើសពីនេះទៅទៀត ថ្មីៗនេះក្រុមហ៊ុន Changan និង CATL បានដាក់សម្ពោធរថយន្តប្រើប្រាស់អាគុយសូដ្យូម-អីយ៉ុង (Sodium-ion) ដំបូងគេបង្អស់លើលោក ដែលផលិតក្នុងទ្រង់ទ្រាយធំ គឺម៉ូឌែល Nevo A06 បំពាក់នូវអាគុយ CATL Naxtra ទំហំ ៤៥ គីឡូវ៉ាត់ម៉ោង ។ យុទ្ធសាស្ត្រប្រើប្រាស់អាគុយសូដ្យូម-អីយ៉ុងនេះ គឺដើម្បីដោះស្រាយកង្វល់រឿងចម្ងាយផ្លូវ និងសុវត្ថិភាពនៅក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង ដែលវាមានតួនាទីជា “ស្ពានចម្លង” ដូចគ្នានឹងអ្វីដែលផ្លែតហ្វម Blue Core កំពុងធ្វើសម្រាប់អ្នកប្រើប្រាស់រថយន្តម៉ាស៊ីនសាំងប្រពៃណីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីកិច្ចសន្យាជួសជុលរថយន្តដែលមាន២កម្រិត ពេលចូលឆៀកឃើញមានចំណុចខូចខាត

នៅពេលលោកអ្នកយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក បើចេញលទ្ធផលជាប់ គឺនឹងទទួលបានវិញ្ញាបនបត្រ និងលតាបត្រឆៀកនាពេលនោះតែម្តង។ ប៉ុន្តែបើពិនិត្យឃើញរថយន្តមានចំណុចខូចខាតវិញ គឺត្រូវធ្វើកិច្ចសន្យាបញ្ជាជួសជុល ដោយមាន២កម្រិត។ នេះបើយោងតាមប្រកាសលេខ១៧០ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ។

សម្រាប់កិច្ចសន្យាបញ្ជាជួសជុលកម្រិត១៖ គឺជាចំណុចខូចខាតដែលមិនបណ្តាលឲ្យប៉ះពាល់សុវត្ថិភាពយាននៅពេលធ្វើចរាចរណ៍ ប៉ុន្តែនៅតែទទួលបានវិញ្ញាបនបត្រ និងលតាបត្រឆៀកដដែល ដោយបន្ថែមនូវការភ្ជាប់ជាមួយកិច្ចសន្យាបញ្ជាជួសជុល ដើម្បីឲ្យម្ចាស់យកយានទៅធ្វើការជួសជុល កែតម្រូវនូវចំណុចខូចខាត មានចែងក្នុងកិច្ចសន្យានេះ ឲ្យសបតាមបទដ្ឋានបច្ចេកទេស។

ចំណែកកិច្ចសន្យាបញ្ជាជួសជុលកម្រិត២ គឺជាចំណុចខូចខាតដែលបណ្តាលឲ្យប៉ះពាល់សុវត្ថិភាពយាននៅពេលធ្វើចរាចរណ៍ ហើយមិនទាន់អាចទទួលបានវិញ្ញាបនបត្រ និងលតាបត្រឆៀកនោះទេ។ ម្ចាស់យាន ត្រូវយកទៅជួសជុល កែតម្រូវនូវចំណុចខូចខាតដែលមានចែងក្នុងកិច្ចសន្យានេះឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវយកយាននោះមកត្រួតពិនិត្យឡើងវិញក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចេញកិច្ចសន្យានេះ ប៉ុន្តែមិនតម្រូវឲ្យបង់កម្រៃសេវាទៀតឡើយ។ យ៉ាងណាមិញ បើលើសពីរយៈពេលដែលបានកំណត់ គឺត្រូវបង់កម្រៃសេវាសាធារណៈឡើងវិញ ហើយមិនតែប៉ុណ្ណោះ គឺត្រូវជូនដំណឹងអំពីមូលហេតុនៃការយឺតយ៉ាវនេះផងដែរ។

សូមជម្រាបថា ដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មាន២ផ្នែក គឺត្រួតពិនិត្យដោយភ្នែក និងត្រួតពិនិត្យដោយឧបករណ៍។ ការត្រួតពិនិត្យដោយភ្នែក គឺការត្រួតពិនិត្យភិនភាគទូទៅ ការពិនិត្យផ្នែកខាងក្រៅ និងការពិនិត្យគ្រឿងក្រោមយានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ២៥ចំណុច។ ចំណែកការត្រួតពិនិត្យដោយឧបករណ៍ គឺត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរបស់យានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ៩ចំណុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Avatr 06T បង្ហាញរូបរាងជាផ្លូវការ ផ្ដល់មកជាមួយជម្រើសបំពាក់ម៉ូទ័រអគ្គិសនីចំនួន៣ អាចផលិតកម្លាំងដល់ ៩៥៥សេះ

រូបភាពផ្លូវការនៃខ្សែសង្វាក់ផលិតកម្មរបស់រថយន្ត Avatr 06T ប្រភេទ Station Wagon ត្រូវបានបង្ហាញខ្លួននៅថ្ងៃនេះ ជាមួយពណ៌ទឹកក្រូចថ្មីយ៉ាងស្រស់ស្អាត។ បើទោះបីជាម៉ូឌែលនេះត្រូវបានគេបង្ហើបឲ្យដឹងតាំងពីថ្ងៃទី ៣ ខែកុម្ភៈក៏ដោយ ប៉ុន្តែរូបភាពចុងក្រោយបង្អស់នេះ បានបញ្ជាក់យ៉ាងច្បាស់ពីការរចនាផ្នែកខាងក្រៅចុងក្រោយបង្អស់ មុនពេលការសម្ពោធជាផ្លូវការនៅក្នុងខែឧសភាខាងមុខ។

Avatr 06T ជារថយន្ដត្រូវបានអភិវឌ្ឍចេញពីរថយន្ដ Avatr 06 Sedan ដើម្បីឆ្លើយតបនឹងការរស់នៅបែបស៊ីវិល័យតាមបែបរថយន្ដប្រភេទ Wagon ហើយវាក៏ជារថយន្ដដែលបំពាក់មកជាមួយប្រព័ន្ធ Huawei Qiankun 2.0 កាន់តែទំនើបជាងមុនផងដែរ។

ចំពោះប្រភេទរថយន្តអគ្គិសនីសុទ្ធ (BEV) Avatr 06T បានប្រើប្រាស់កញ្ចប់អាគុយទំហំ ៨៩.៣៣ គីឡូវ៉ាត់ម៉ោង  និងមានជម្រើសបំពាក់មកជាមួយម៉ូទ័រចំនួន២ នៅប៉ុងក្រោយ និងប្រភេទម៉ូទ័រចំនួន៣ ជួយបង្កើនសមត្ថភាពកាន់តែខ្ពស់។ សម្រាប់ម៉ូឌែលប្រើប្រាស់ម៉ូទ័រចំនួន៣ នុងនោះចំពោះម៉ូទ័រខាងមុខអាចផលិតកម្លាំង ២១០ គីឡូវ៉ាត់និងម៉ូទ័រខាងក្រោយចំនូនអាចផលិតកម្លាំង ២៥១ គីឡូវ៉ាត់ ក្នុងម៉ូទ័រមួយ ខណៈកម្លាំងសរុបរថយន្ដនេះមានរហូតដល់ទៅ ៧១២ គីឡូវ៉ាត់ ឬស្មើនិង ៩៥៥ សេះ និងអាចបើកបរបានចម្ងាយផ្លូវលើសពី ៧៤០ គីឡូម៉ែត្រគិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

ចំពោះប្រភេទ EREV ប្រើសាំងលាយអគ្គិសនី ដំណើរដោយម៉ាស៊ីនចំណុះ 1.5T លីត្រ អាចផលិតកម្លាំងអតិបរមាបាន ១១៥ គីឡូវ៉ាត់និងបំពាក់ជាមួយកញ្ចប់អាគុយទំហំ ៤៥.០៦ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣៣០ គីឡូម៉ែត្រ។

គួររំលឹកផងដែររថយន្ត Avatr 06T គឺជារថយ្ដម៉ូឌែលកំពូលតំណាងឲ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្អែកលើបច្ចេកវិទ្យា Huawei-Avatr 2.0 ដោយបំពាក់ជាមួយឧបករណ៍ចាប់សញ្ញា LiDAR កម្រិត ១៩២ ខ្សែ។ ចំពោះរថយន្តនេះត្រូវបានដាក់គោលដៅសម្ពោធលក់ក្នុងទីផ្សារនៅត្រីមាសទី ២ ឆ្នាំ ២០២៦ គឺចំថ្ងៃឈប់សម្រាកបុណ្យពលកម្មតែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Denso មើលឃើញថា កម្ពុជា នឹងក្លាយជាទីតាំងផលិតរថយន្ត Hybrid និងមជ្ឈមណ្ឌលគ្រឿងបង្គុំសម្រាប់រថយន្តចំហេះក្នុង

ខណៈដែលកម្ពុជា កំពុងទទួលបានការវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តជាបន្តបន្ទាប់មក នាពេលអនាគតកម្ពុជាក៏នឹងអាចក្លាយជាជាទីតាំងផលិតរថយន្ត Hybrid និងមជ្ឈមណ្ឌលគ្រឿងបង្គុំ រថយន្តចំហេះក្នុងសម្រាប់តំបន់អាស៊ានផងដែរ។

លោក Masao Suematsu អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Denso International Asia បានថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ថា រោងចក្រគ្រឿងបង្គុំរថយន្តចំហេះក្នុង នឹងលេចឡើងកាន់តែច្រើនក្នុងតំបន់អាស៊ាន និងប្រទេសឥណ្ឌា។ សម្រាប់តំបន់អាស៊ាន ប្រទេសថៃ ត្រូវបានមើលឃើញថា ជាជម្រើសដ៏ល្អបំផុតសម្រាប់ទីតាំងផលិតគ្រឿងបង្គុំនេះ ប៉ុន្តែថៃ ក៏ត្រូវជំរុញរថយន្តអគ្គិសនីដែរ ដូច្នេះការពង្រីករថយន្តចំហេះក្នុងគឺមានដែនកំណត់។ ម្យ៉ាងទៀត ប្រជាជនថៃក្មេងៗ ក៏កំពុងងាកចេញពីឧស្សាហកម្មផលិតផងដែរ។

ដូច្នេះហើយ ទើបលោកបង្ហាញការជឿជាក់ថា កម្ពុជា នឹងក្លាយជាទីតាំងដ៏ល្អឥតខ្ចោះ សម្រាប់ការផលិតគ្រឿងបង្គុំរថយន្តចំហេះក្នុង។ កម្ពុជា ស្ថិតនៅចន្លោះកណ្តាលនៃប្រទេសថៃ និងវៀតណាម ដែលជាប្រទេសមានទីផ្សាររថយន្តខ្ពស់នៅក្នុងតំបន់។

លោកបញ្ជាក់ទៀតថា រថយន្តចំហេះក្នុងត្រូវបានបំពាក់បច្ចេវិទ្យា Hybrid ដែលកំពុងពង្រីក ហើយកម្ពុជាក៏នឹងអាចក្លាយជាទីតាំងនៃរថយន្ត Hybrid នេះផងដែរ។

Denso បានចាប់ផ្តើមប្រតិបត្តិការផលិតកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៣មក ដោយបានរកឃើញថា ប្រជាជនកម្ពុជា មានកិច្ចសហការ និងការងារជាក្រុមល្អ ព្រមទាំងមានការតាំងចិត្ត និងអត់ធ្មត់ខ្ពស់ក្នុងការធ្វើការងារ។ ហើយសម្រាប់ការផលិតគ្រឿងបង្គុំរថយន្ត គឺមិនត្រូវការប្រតិបត្តិការទ្រង់ទ្រាយធំនោះទេ ដោយសមស្របសម្រាប់ប្រជាជនកម្ពុជាតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ “ELECTRIFIED EXCLUSIVE DINNER” បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

[រាជធានីភ្នំពេញ, ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦] – ឡិច ស៊ឺស ខេមបូឌា បានរៀបចំកម្មវិធីពិសាភោជនាហារពេលល្ងាចដ៏វិសេសវិសាល “ELECTRIFIED EXCLUSIVE DINNER” នៅអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ខេមបូឌា ប្រកបដោយឧត្តមភាព។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីនវានុវត្តន៍ដ៏ទំនើបនៃបច្ចេកវិទ្យារថយន្តអគ្គិសនី (Electrified) ​ដោយផ្តោតលើការច្នៃប្រឌិតក្នុងរចនាបថដ៏ល្អឯក ដែលជាអនាគតនៃភាពប្រណីតប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសដ៏ឧត្តុង្គឧត្តមជាច្រើនរូប។ ក្នុងឱកាសសុន្ទរកថាស្វាគមន៍ លោក Kensuke Tsushiya អគ្គនាយករបស់ ឡិចស៊ឺស ខេមបូឌា បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាអគ្គិសនីដែលមានប្រព័ន្ធ Hybrid ជាស្នូលមួយ គឺជាបេះដូងនៃដំណើរឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព។ លោកបានបន្ថែមថា បច្ចេកវិទ្យានេះមិនត្រឹមតែផ្តល់នូវសមត្ថភាពខ្ពស់ ភាពរលូន និងការឆ្លើយតបយ៉ាងរហ័សក្នុងការបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីយ៉ាងមោះមុតក្នុងការថែរក្សាបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។​

ចាប់តាំងពីការបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ មក ឡិចស៊ឺស ខេមបូឌា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវតម្រូវការ និងសេចក្តីប្រាថ្នារបស់ឧត្ដមបុគ្គលគ្រប់រូប ។ ក្នុងរាត្រីនោះផងដែរ លោកអគ្គនាយកក៏បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការពង្រីកត្រកូលរថយន្តអគ្គិសនីបន្ថែមទៀត ដោយធ្វើការណែនាំនូវម៉ូដែល រថយន្តដែលមានម៉ាស៊ីនដ៏ខ្លាំងក្លា ជាមួយនឹងថាមពលប្រព័ន្ធហាយប្រ៊ីត ការសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ និងភាពជឿជាក់លើបច្ចេកវិទ្យាអគ្គិសនី។ រថយន្តម៉ូដែលនេះ តំណាងឱ្យការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងបច្ចេកវិទ្យាទំនើប នវានុវត្តន៍ និងសិល្បៈនៃរចនាបថ Takumi ដើម្បីបម្រើទីផ្សារកម្ពុជាប្រកបដោយឧត្តមភាព។ លោកអគ្គនាយកក៏បានមានប្រសាសន៍អំពីចក្ខុវិស័យរបស់ ឡិច ស៊ឺស ថា៖ “ឡិច​ ស៊ឺស ជឿជាក់ថា ភាពប្រណីតពិតប្រាកដ គឺស្ថិតនៅលើនវានុវត្តន៍ដែលផ្តោតលើការគិតគូរយ៉ាងល្អិតល្អន់។ ស្របពេលដែលបច្ចេកវិទ្យាបន្តវិវឌ្ឍទៅមុខ យើងក៏បន្តអភិវឌ្ឍខ្លួនដូចគ្នា។ តាមរយៈចក្ខុវិស័យ Electrified ឡិច ស៊ឺស ប្តេជ្ញាចិត្តក្នុងការស្វែងយល់ និងបំពេញរាល់តម្រូវការរបស់អតិថិជនជានិច្ច។​”

ក្រៅពីការទស្សនាការបង្ហាញនូវបច្ចេកវិទ្យារថយន្តអគ្គិសនី ភ្ញៀវកិត្តិយសក៏បានរីករាយជាមួយបរិយាកាសដ៏រស់រវើក ប្រណីតឥតខ្ចោះ អមដោយកម្មវិធីកម្សាន្ត និងការបកស្រាយចម្រៀងពីតារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សូលីកា ព្រមទាំងការសម្ដែងព្យាណូដ៏ពីរោះរណ្ដំពីតន្ត្រីករដ៏មានទេពកោសល្យលោក សូ ស្រណោះ។ កាន់តែពិសេសទៀតនោះ គឺការទទួលបាននូវបទពិសោធន៍នៃការពិសាភោជនាហារបែបអភិជន ដែលសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់ដោយ ចុងភៅ សៅ សុភ័ក្ត្រ ដែលជាអ្នកកែច្នៃម្ហូបអាហារខ្មែរដ៏ល្បីល្បាញមួយរូប និងជាចុងភៅនៅក្នុង Thalias Hospitality Group ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការដឹកនាំនៅភោជនីយដ្ឋាន Topaz និងកន្លែងផ្ដល់សេវាបដិសណ្ឋារកិច្ចម្ហូបអាហារដ៏ប្រណីតល្អឯកជាច្រើនទៀត។ ស្របតាមការកំណត់និយមន័យថ្មីនៃភាពប្រណីតតាមរយៈសិល្បៈនៃសិប្បកម្ម Takumi របស់ ឡិច​ ស៊ឺស ខេមបូឌា ដំណើរជីវិតរបស់ចុងភៅ សៅ សុភ័ក្រ ចាប់ផ្តើមពីចំណុចដ៏សាមញ្ញ រហូតបានក្លាយជាម្ចាស់ពានរង្វាន់ពិភពលោក 2025 Private Chef World Cup នៅទីក្រុងប៉ារីស បានឆ្លុះបញ្ចាំងពីការលះបង់មិនងាករេចំពោះភាពល្អឥតខ្ចោះ។ តាមរយៈការប្រើប្រាស់បច្ចេកទេសធ្វើម្ហូបដ៏ល្អឯកបែបបារាំង រួមបញ្ចូលជាមួយគ្រឿងផ្សំបែបម្ហូបខ្មែរ ភាពប៉ិនប្រសប់របស់លោកបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ឡិច ស៊ឺស ក្នុងការរួមបញ្ចូលឧត្តមភាពកម្រិតសកលជាមួយនឹងអត្តសញ្ញាណនៃសិល្បៈវប្បធម៌ដ៏ល្អឯករបស់ខ្មែរ។

កម្មវិធី ELECTRIFIED EXCLUSIVE DINNER បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ នេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ ឡិចស៊ឺស ខេមបូឌា ក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ ស្របតាមស្មារតី អូម៉ូទេណាសុី​ (Omotenashi) ដែលតែងតែគិតគូរ និងបំពេញតម្រូវការរបស់អតិថិជនគ្រប់រូបលើសពីការរំពឹងទុក។​

អំពីឡិច ស៊ឺស

ឡិច ស៊ឺស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ជាមួយនឹងរថយន្ត Sedan លំដាប់កំពូល បានកែប្រែនិយមន័យថ្មីនៃឧស្សាហកម្មរថយន្តលំដាប់ Premium តាមរយៈបទពិសោធន៍ដ៏វិសេសវិសាលសម្រាប់អតិថិជន។ ក្នុងឆ្នាំ ១៩៩៨ ឡិច ស៊ឺស​ បានផលិតនូវប្រភេទរថយន្តតួខ្ពស់ប្រណីត (Luxury Crossover) តាមរយៈការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិចស៊ឺស បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេបង្អស់លើពិភពលោក ហើយគិតត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV PHEV និង BEV ។​​

ក្នុងនាមជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាយ៉ាងមុតមាំក្នុងការបង្ហាញភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ សិល្បៈហត្ថកម្មដ៏ល្អឯក និងសមត្ថភាពដ៏ខ្លាំងក្លានៃម៉ាស៊ីនរថយន្ត ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនលំដាប់ខ្ពស់ជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅជាង ៩០ ប្រទេស និងក្នុងតំបន់ ទូទាំងពិភពលោក។ ក្រុមការងារ ឡិច ស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិច ស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើបុគ្គលរូបណាទៅដែលមានរថយន្តប្រណិតៗច្រើនជាងគេ?

នៅពេលនិយាយដល់ការប្រមូលរថយន្តប្រណិតៗច្រើនជាងគេបំផុតនៅលើពិភពលោក មនុស្សភាគច្រើន គឺច្បាស់ជានឹងឃើញទៅដល់ប្រទេសអ្នកមានដូចជាឌូបៃ អាមេរិក ឬប្រទេសក្នុងតំបន់អឺរ៉ុបដូចជាអ៊ីតាលីជាមិនខាន ព្រោះប្រទេសទាំងនោះគឺសុទ្ធសឹងតែមានមហាសេដ្ឋីលំដាប់ពិភពលោកជាច្រើនធ្វើការរស់នៅ។ ម្លោះហើយ ចំពោះបុគ្គលដែលមានរថយន្តប្រណិតៗច្រើនជាងគេនៅក្នុងពិភពលោកក៏ត្រូវបានគេជឿថាស្ថិតក្នុងប្រទេសទាំងនោះផងដែរ។ ប៉ុន្តែការពិតវិញ សម្រាប់បុគ្គលដែលមានរថយន្តប្រណិតៗច្រើនជាងគេនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន មិនមែនជាមហាសេដ្ឋីនៅប្រទេសទាំងនោះនោះឡើយ។

ជាក់ស្តែង សម្រាប់ពេលបច្ចុប្បន្ន ចំពោះបុគ្គលដែលមានរថយន្តប្រណិត និងរថយន្តកម្រៗច្រើនជាងគេនៅលើពិភពលោកនោះគឺ ព្រះអង្គម្ចាស់ Hassanal Bolkiah ដែលជាព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ។ ក្នុងពេលបច្ចុប្បន្ន ទ្រង់ មានរថយន្តសរុបជាង ៧,០០០គ្រឿងឯណ្ណោះ រាប់ចាប់តាំងពីម៉ាក Bugatti, McLaren, Rolls-Royce, Ferrari និង Bentley ជាដើម។

បើយោងតាមសារព័ត៌មានល្បីៗ ព្រះអង្គម្ចាស់ Hassanal Bolkiah មានរថយន្ត Rolls-Royce ប្រហែល ៦០០គ្រឿង ជាប់កំណត់ត្រាពិភពលោក Guinness World Record, រថយន្ត Ferrari ប្រហែល ៤៥០គ្រឿង, រថយន្ត Bentley ប្រហែល ៣៨០គ្រឿង និងរថយន្ត McLaren F1 ចំនួន ១០គ្រឿង ក្នុងចំណោម ១០៦គ្រឿង ដែលមាននៅលើពិភពលោក។

ក្នុងនោះ បើគិតពីតម្លៃរថយន្តទាំងអស់នេះចូលគ្នានោះ អាចមានតម្លៃប្រហែល ៥ពាន់លានដុល្លារឯណ្ណោះ ដែលចំនួននេះ គឺបានធ្វើឲព្រះអង្គម្ចាស់ Hassanal Bolkiah ក្លាយជា Car Collection ធំជាងគេបំផុតនៅក្នុងពិភពលោក។

យ៉ាងណាមិញ ក្រៅពីការប្រមូលរថយន្តប្រណិតៗដ៏ធំសម្បើមនេះ ព្រះអង្គម្ចាស់ Hassanal Bolkiah ផ្ទាល់ ក៏មាននូវរថយន្តកម្រៗជាច្រើនដូចជារថយន្ត Ferrari F40, Ferrari 250 GTO, Bugatti EB110 និង Bentley Dominator ដែលជារថយន្ត SUV ផលិតជាពិសេសសម្រាប់ទ្រង់ ព្រមទាំងរថយន្ត Rolls-Royce Silver Spur II ដែលស្រោបមាស ២៤ការ៉ាត់ ដែលប្រើប្រាស់ក្នុងថ្ងៃរៀបអភិសេករបស់ព្រះអង្គ ក្នុងមានតម្លៃប្រមាណ ១៤លានដុល្លារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+