ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford លេងឈុតធំតែម្ដងដោយបានសម្រេចធ្វើការអាប់ដេតទ្រង់ទ្រាយធំមិនធ្លាប់មានលើរថយន្ដអគ្គិសនី Explorer

ក្រុមហ៊ុន Ford បានប្រកាសនូវការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់សម្រាប់រថយន្ដ Explorer EV របស់ខ្លួន។ ចំពោះប្រភេទ Standard Range ទទួលបានការដំឡើងសមត្ថភាពម៉ូទ័រឲ្យកាន់តែខ្លាំងជាមុន និងបំពាក់អាគុយថ្មីប្រភេទ LFP។ ចំណែកឯផ្នែកប្រភេទ SUV វិញ ទទួលបានការបង្កើនបច្ចេកវិទ្យាទំនើបជាងមុន រួមជាមួយការចេញលក់នូវម៉ូឌែលពិសេស (Special Edition) ថ្មីផងដែរ។

ក្រឡេកទៅមើលរថយន្ត Ford Explorer EV ដាក់លក់នៅទីផ្សារអឺរ៉ុប ហាក់មិនទាន់ទទួលបានជោគជ័យដូចការរំពឹងទុកនៅឡើយទេ ប៉ុន្តែរថយន្ដនេះត្រូវបានកែលម្អឲ្យកាន់តែប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់ ខណៈក្រុមហ៊ុនទើបតែបានប្រកាសពីការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធថាមពលនិងម៉ូឌែលពិសេសថ្មី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិកមួយនេះក៏បានពង្រឹងប្រព័ន្ធកម្សាន្ត (Infotainment system) និងបន្ថែមនូវប្រព័ន្ធជំនួយការបើកបរថ្មីៗជាច្រើនទៀតផងដែរ។

ចាប់ផ្ដើមដំបូងនិយាយពីការអាប់ដេតលើកម្រិតសមត្ថភាព ដោយរថយន្ត Explorer ប្រភេទ Standard Range បានប្តូរមកប្រើប្រាស់អាគុយប្រភេទថ្មី លីចូមដែកផូស្វាត (LFP) និងម៉ូទ័រអគ្គិសនីដែលត្រូវបានពង្រឹង ឲ្យកាន់តែខ្លាំង អាចផលិតកម្លាំងបាន ១៨៨ សេះ (១៤០ គីឡូវ៉ាត់) និងកម្លាំងរមួល ៣៥០ ញូតុនម៉ែត្រ។ តាមរយៈការផ្លាស់ប្តូរទាំងនេះ រថយន្ដនេះអាចផ្ដល់ចម្ងាយបើកបរបានដល់ទៅ ៤៤៤ គីឡូម៉ែត្រគិតតាមស្តង់ដារ វាស់ចម្ងាយ WLTP ខណៈរយៈចម្ងាយបើកមានការកើនឡើងជាង ៦០ គីឡូម៉ែត្រ បើធៀបនិងម៉ូឌែលចាស់។

សម្រាប់ម៉ូទ័រអគ្គិសនីវិញ កម្លាំងដែលបញ្ចេញមានការកើនឡើង ២០ សេះ (១៥ គីឡូវ៉ាត់) និងកម្លាំងរមួលកើនឡើង ៤០ ញូតុនម៉ែត្រ។ ការកែលម្អនេះ បានធ្វើឲ្យកម្លាំងស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ថយចុះពី ៨.៧ វិនាទី មកនៅត្រឹមតែ ៨.០ វិនាទី ប៉ុណ្ណោះ។ ក្រៅពីការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធកម្រិតសមត្ថភាពនៃការបើកបរ រថយន្ត Explorer EV ក៏ទទួលបានការកែលម្អលើប្រព័ន្ធគ្រប់គ្រងល្បឿនវៃឆ្លាត (Intelligent Adaptive Cruise Control) ជាមួយមុខងារសម្គាល់សញ្ញាភ្លើងចរាចរណ៍។ វាអាចជួយបង្អង់ល្បឿន ឬបញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ប្រសិនបើវាចាប់បានសញ្ញាភ្លើងពណ៌ក្រហម ឬពណ៌លឿងនៅខាងមុខ។

បន្ថែមពីម៉ូឌែលថ្មីក៏ទទួលបានការបំពាក់បច្ចេកវិទ្យាជំនួយការថយក្រោយតាមដានកង់ចាស់ (Reversing Assist) ដែលអាចកត់ត្រានូវរាល់សកម្មភាពបើកបរក្នុងចម្ងាយ ៥០ ម៉ែត្រ ចុងក្រោយរបស់រថយន្ត ហើយអាចបញ្ជាចង្កូតថយក្រោយតាមគន្លងដដែលនោះដោយស្វ័យប្រវត្តិ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងសម្រាប់ជួយក្នុងការថយចេញពីទីតាំងតូចចង្អៀត ដូចជាផ្លូវឌឿងហែមជាដើម ដោយអ្នកបើកបរគ្រាន់តែគ្រប់គ្រងឈ្នាន់ហ្គែរ និងហ្វ្រាំងប៉ុណ្ណោះ។

ទន្ទឹមគ្នាគ្នា Ford ក៏បានបន្ថែមមកជាប្រព័ន្ធជំនួយការចតរថយន្ត (Trained Park Assist) ដែលអនុញ្ញាតឲ្យម្ចាស់រថយន្តកំណត់កម្មវិធីចតរថយន្តទុកជាមុនក្នុងចម្ងាយរហូតដល់ ៥០ ម៉ែត្រ។ នៅពេលដែលប្រព័ន្ធនេះចងចាំផ្លូវរួចរាល់ រថយន្តអាចធ្វើការចតដោយស្វ័យប្រវត្តិ ដោយវានឹងគ្រប់គ្រងទាំងការបង្កើនល្បឿន ការចាប់ហ្វ្រាំង និងការបញ្ជាចង្កូតដោយខ្លួនឯង។

រថយន្តអគ្គិសនីម៉ូឌែលថ្មីកាន់តែពិសេស ដោយបំពាក់ជាមួយប្រព័ន្ធតាមដានសកម្មភាពអ្នកបើកបរ ដែលហៅថា Driver State Assist។ ប្រសិនបើអ្នកបើកបរលែងមានការឆ្លើយតប (ដូចជាមានបញ្ហាសុខភាព ឬងងុយដេកខ្លាំង) រថយន្ត Explorer នេះ អាចបើកភ្លើងសញ្ញាអាសន្ន ដោយស្វ័យប្រវត្តិ រួចបង្អង់ល្បឿនរហូតដល់ឈប់ដោយសុវត្ថិភាព បើកសោទ្វារ និងទូរសព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់ភ្លាមៗ។


និយាយអំពីបច្ចេកវិទ្យា ប្រព័ន្ធកម្សាន្តអេក្រង់ទំហំ ១៤.៦ អុីញ ឥឡូវនេះត្រូវបានដំណើរការដោយប្រព័ន្ធ Android ដើម្បីឲ្យការប្រើប្រាស់កាន់តែ “រលូន”។ លើសពីនេះទៅទៀត បច្ចេកវិទ្យា Pro Power Onboard បានប្រែក្លាយរថយន្ត Explorer EV ឲ្យទៅជាដុំអាគុយខ្នាតយក្ស។ រន្ធដោតចរន្តអគ្គិសនីត្រូវបានបំពាក់នៅក្នុងឃ្លាំងផ្ទុកអីវ៉ាន់ខាងក្រោយ ហើយវាក៏អាចប្រើជាមួយអាដាប់ទ័រ (Adapter) បន្ថែមដែលដោតទៅនឹងរន្ធសាកថ្មរបស់រថយន្តផងដែរ។ រន្ធទាំងនេះអនុញ្ញាតឲ្យម្ចាស់រថយន្តទាញយកថាមពលអគ្គិសនីក្នុងកម្លាំង ២.៣ គីឡូវ៉ាត់ (kW) ដើម្បីប្រើប្រាស់ជាមួយឧបករណ៍ផ្សេងៗដូចជា កុំព្យូទ័រយួរដៃ (Laptop), គ្រឿងបំភ្លឺ ឬឧបករណ៍ជាងប្រើអគ្គិសនីផ្សេងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កត្តាអ្វីខ្លះដែលបណ្តាលឲ្យរថយន្តស៊ីសាំងខ្លាំងខុសពីធម្មតា?

តម្លៃប្រេងឥន្ធនៈទាំងសាំង និងម៉ាស៊ូត បានហក់ឡើងកាន់តែខ្ពស់បង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់រថយន្តចំហេះក្នុង។ ក្នុងអំឡុងពេលនេះ អ្នកបើកបររថយន្ត គួរចាប់ផ្តើមកត់សម្គាល់ពីការស៊ីសាំងខ្លាំង ដើម្បីរកវិធីដោះស្រាយ និងជួសជុល ក្នុងការជួយសន្សំសំចៃ កាត់បន្ថយការចំណាយបានខ្លះដែរ។

ជាទូទៅ មូលហេតុនៃការស៊ីសាំងខ្លាំងរបស់រថយន្ត គឺពាក់ព័ន្ធនឹងកត្តាធំៗ រួមមានដូចជា៖

១. ទម្លាប់នៃការបើកបរ

-ការជាន់ហ្គែរខ្លាំង ហើយជាន់ហ្វ្រាំងភ្លាមៗ។

-ការបើកបរក្នុងល្បឿនខ្ពស់ៗចាប់ពី ១០០គីឡូម៉ែត្រក្នុង១ម៉ោងឡើងទៅ។

-ការបញ្ឆេះរថយន្តចោលយូរពេក ដែលជាការខ្ជះខ្ជាយសាំងអត់ប្រយោជន៍។

២. កំហូចគ្រឿងបង្គុំ ដែលធ្វើឲ្យប៉ះពាល់តុល្យភាពនៃការដុតចំហេះរវាងឥន្ធនៈ និង ខ្យល់ រួមមាន៖ តម្រងខ្យល់ ប៊ូស៊ី ប៊ិចសាំង ឌុយស៊ីមុំាង ក្លាប៉េទឹក សម្ពាធខ្យល់កង់ និងការប្រើប្រេងម៉ាស៊ីនខាប់ជាដើម។

៣. ស្ថានភាពចរាចរណ៍៖ ការកកស្ទះចរាចរណ៍ ធ្វើឲ្យចម្ងាយបើកបរបានតិច តែស៊ីសាំងច្រើន។

៤. ការដឹកធ្ងន់ៗ បើកម៉ាស៊ីនត្រជាក់ខ្លាំង និងការបើកកញ្ចក់បង្អួចក្នុងពេលបើកបរដែលធ្វើឲ្យខ្យល់ចូលក្នុងរថយន្ត ក៏អាចធ្វើឲ្យរថយន្តស៊ីសាំងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wey V9X PHEV ប្រើប្រាស់គ្រោងឆ្អឹងរបស់ក្រុមហ៊ុន GWM បានបង្ហាញវត្តមានជាផ្លូវការនៅប្រទេសចិន

ក្រុមហ៊ុន Wey របស់ Great Wall Motors បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត SUV ខ្នាតធំម៉ូឌែលថ្មីរបស់ខ្លួនមានឈ្មោះថា Wey V9X។ រថយន្តនេះគឺរថយន្ដដំបូងគេបង្អស់ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង GWM One របស់ក្រុមហ៊ុន GWM ដំណើរដោយម៉ាសុីនចំណុះ 2.0T រួមបញ្ចូលជាមួយប្រព័ន្ធ Plug-in Hybrid ដ៏ទំនើប អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ២៤០ គីឡូម៉ែត្រ និង ៣៦៣ គីឡូម៉ែត្រ យោងតាមទិន្នន័យចុះបញ្ជីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT)។

រថយន្ត Wey V9X បាននាំមកនូវរចនាបថថ្មីប្លែកភ្នែក ដោយបំពាក់ជាមួយប៉ាណាខាងមុខបែបបិទជិត អមដោយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទទឹងផ្នែកខាងមុខ ធ្វើឲ្យរូបរាងខាងមុខមើលទៅកាន់តែធំទូលាយ។ នៅផ្នែកខាងលើកញ្ចក់ខាងមុខ ក៏មានបំពាក់នូវឧបករណ៍ LiDAR ដែលសបញ្ជាក់ថា រថយន្តនេះនឹងបំពាក់នូវប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ និងទំនើបបំផុត។ ប៉ាណាផ្នែកខាងក្រោមមានរន្ធខ្យល់ដែលអាចបិទបើកដោយស្វ័យប្រវត្តិ រួមជាមួយភ្លើងជំនួយការបើកបរពណ៌ខៀវ និងភ្លើងស៊ីញ៉ូដែលបង្កប់នៅសងខាងនៃកាងខាងក្រោម។

ពិនិត្យមើលពីផ្នែកចំហៀងវិញ V9X ប្រើប្រាស់នូវខ្សែបន្ទាត់ចង្កេះពីរជាន់ ដែលធ្វើឲ្យរថយន្តមើលទៅកាន់តែវែង និងមានរាងរៅស្អាត។ ជាមួយគ្នានេះរថយន្តនេះមានជម្រើសពណ៌តួខ្លួនពីរពណ៌ (Two-tone) និងប្រើប្រាស់ដៃទ្វារបែបបុរាណ លេងបន្ថែមជាមួយថាសកង់ស្ព័ររចនាជាមួយកាំរាងជារូបផ្ការីក។ នៅផ្នែកខាងក្រោយ V9X បានបំពាក់ជាមួយចង្កៀងអូសកាត់ទទឹងផ្នែកខាងក្រោយ មានរាងពងក្រពើ និងមានបង្កប់នូវភ្លើងជំនួយការបើកបរពណ៌ខៀវ ដូចទៅនឹងផ្នែកខាងមុខដែរ។

ចូលមកដល់ផ្នែកខាងក្នុង បំពាក់នូវបន្ទះកុងទ័រឌីជីថល LCD ត្រូវបានបន្ថែមភាពលេចធ្លោដោយអេក្រង់កម្សាន្ដខ្នាតធំប្រភេទ Floating Screen ជាប្រភេទអេក្រង់អណ្ដែត ទំហំប៉ុនគ្នាសម្រាប់អ្នកដំណើរខាងមុខ។ ចំពោះរន្ធម៉ាស៊ីនត្រជាក់វិញ ត្រូវបានរចនាឡើងជាជួរអូសកាត់ទទឹង ស៊ីចង្វាក់គ្នាយ៉ាងល្អជាមួយការរចនាបែបព័ទ្ធជុំវិញនៃកាប៊ីនរថយន្ត។

បន្ថែមពីនេះ V9X ក៏បានបំពាក់នូវអេក្រង់កម្សាន្ត អាចបត់បានសម្រាប់អ្នកដំណើរនៅកៅអីជួរទី២ ដើម្បីបង្កើនភាពងាយស្រួល និងការកម្សាន្ត។ នៅជុំវិញគែមនៃអេក្រង់បត់ទាំងនេះ ក៏មានបន្ថែមនូវភ្លើងលម្អក្នុងកាប៊ីន (Ambient lighting) ផងដែរ។ ចំណុចពិសេសរបស់រថយន្តនេះក៏មានផ្តល់នូវប្រព័ន្ធសាកថ្មទូរសព្ទឥតខ្សែ (Wireless charging) ទាំងសម្រាប់អ្នកជួរមុខ និងអ្នកជួរទី២។

ងាកមកមើលពីកម្រិតសមត្ថភាពវិញ ថាមពលរបស់រថយន្ដនេះបានមកពីម៉ាស៊ីនសាំងចំណុអ 2.0T អាចផលិតកម្លាំងបានអតិបរមា ១៧៥ គីឡូវ៉ាត់ (kW) រួមបញ្ចូលជាមួយប្រព័ន្ធ Plug-in Hybrid។ ទន្ទឹមគ្នានេះ Wey V9X អាចរត់បានល្បឿនអតិបរមាដល់ទៅ ២១០ គីឡូម៉ែត្រ/ម៉ោង មានសមត្ថភាពអាចជាន់ពីស្ទុះកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៤.៤ វិនាទី ប៉ុណ្ណោះ នៅប្រើមុខងារ (Full Electric Mode) ៕ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើការប្រឡងយកបណ្ណបើកបរ វគ្គដៃចង្កូត ត្រូវឆ្លងកាត់វិញ្ញាសាអ្វីខ្លះ?

បន្ទាប់ពីទទួលបានលទ្ធផលប្រឡងទ្រឹស្តី នៃការប្រឡងយកបណ្ណបើកបរ ជាប់ជាស្ថាពរហើយ បេក្ខជនគឺមានសិទ្ធិបន្តប្រឡងដៃចង្កូតផ្ទាល់នៅទីលានប្រឡង។

យោងតាមឧបសម្ព័ន្ធទី៣ នៃប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញបណ្ណបើកបរ និងបណ្ណពិន្ទុ ឲ្យដឹងថា វិញ្ញាសាប្រឡងអនុវត្តបើកបរ ឬហៅថា ប្រឡងដៃចង្កូត សម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញធុនស្រាល គឺមាន ១០០ពិន្ទុ ហើយប្រសិនបើមានកំហុសដែលត្រូវដកលើសពី ២០ពិន្ទុ គឺត្រូវធ្លាក់។

វិញ្ញាសាប្រឡងដៃចង្កូតនេះ រួមមាន៖

១. ការចាប់ផ្តើមចេញដំណើរ និងការបញ្ចប់

២. ឈប់រថយន្តផ្តល់សិទ្ធិអាទិភាពឲ្យថ្មើរជើង

៣. ឈប់រថយន្ត និងចាប់ផ្តើមបើកបរឡើងទួល

៤. ការបើកបររថយន្តផ្លូវរាងអក្សរ Z

៥. ការបើកបរនៅកន្លែងផ្លូវប្រសព្វមានភ្លើងសញ្ញាចរាចរណ៍

៦. ការបើកបររថយន្តផ្លូវរាងអក្សរ S

៧. ការបើកបរចូលចំណតរាងអក្សរ T

៨. ការបើកបរចូលចំណតរាងអក្សរ P

៩. ឈប់រថយន្តនៅកន្លែងផ្លូវរថភ្លើងឆ្លងកាត់

១០. ការបើកបរផ្លាស់ប្តូរលេខពីផ្លូវត្រង់

១១. ស្ថានភាពគ្រោះអាសន្ន៖ ពេលបន្លឺសំឡេងអាសន្ន បេក្ខជនជាន់ហ្វ្រាំងដើម្បីឈប់រថយន្ត និងបើកភ្លើងសញ្ញាអាសន្ន។

គួរដឹងដែរថា សម្រាប់អ្នកដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចដោនឡូតកម្មវិធី Cambodia Driving Rules ទាំងនៅលើ AppStor និង PlayStore ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ និងធ្វើតេស្តសាកល្បង។

ការដាក់ពាក្យសុំប្រឡងយកបណ្ណបើកបរ អាចធ្វើតាមប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬទៅកាន់ទីតាំងផ្តល់សេវាផ្ទាល់ណាមួយរបស់ក្រសួង ជាមួយឯកកសារតម្រូវរួមមាន៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល)

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក

** ចំពោះប្រជាពលរដ្ឋខ្មែរដែលមានបំណងប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ ង ត្រូវភ្ជាប់វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ និងត្រូវមានបណ្ណបើកបរប្រភេទ ខ រួចហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើរថយន្ត Hongqi N701 មានលក្ខណៈពិសេសអ្វីទៅ?

នៅពេលនិយាយដល់រថយន្តដែលប្រធានាធិបតីប្រទេសមហាអំណាចប្រើប្រាស់សម្រាប់បំពេញដំណើរទស្សនកិច្ចផ្លូវការ មនុស្សជាច្រើនច្បាស់ជានឹកឃើញទៅដល់រថយន្ត The Beast ដែលជារថយន្តរបស់ប្រធានាធិបតីអាមេរិកមុនគេជាមិនខាន ក៏ប៉ុន្តែបើនិយាយពីរថយន្ត Hongqi N701 ដែលប្រធានាធិបតីចិនប្រើប្រាស់ក្នុងពេលបច្ចុប្បន្នវិញ បងប្អូនខ្លះក៏មិនទាន់បានដឹងផងដែរ។

ដូចនេះ ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតមួយចំនួនអំពីរថយន្តមួយនេះ៖

Hongqi N701 វាគឺជារថយន្តលីមូស៊ីន (Limousine) កម្រិតកំពូលដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២២ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់ទីក្រុងហុងកុង។ រថយន្តនេះ ត្រូវបានផលិតឡើងយ៉ាងសម្ងាត់បំផុតសម្រាប់តែថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិនតែប៉ុណ្ណោះ និងមិនមានលក់នៅលើទីផ្សារឡើយ។

បើយោងតាមប្រភពសារព័ត៌មានល្បីៗ រថយន្តនេះ គឺត្រូវបានរចនាជាមួយសមត្ថភាពការពារយ៉ាងពិសេស។ វាត្រូវបានបំពាក់ដោយពាសដែកកម្រិតយោធា កញ្ចក់ការពារគ្រាប់ និងកង់ប្រភេទ Run-flat ដែលអាចរត់បន្តបានទោះត្រូវគ្រាប់ ឬបែកក៏ដោយ។ លក្ខណៈពិសេសរបស់វា គឺអាចការពារការវាយប្រហារពីគ្រាប់កាំភ្លើង ការផ្ទុះពីគ្រាប់បែក និងសូម្បីតែការវាយប្រហារដោយអាវុធគីមី។

ងាកទៅផ្នែកម៉ាស៊ីនវិញ រថយន្ត Hongqi N701 នេះ គឺត្រូវបានគេជឿថាបានប្រើនូវម៉ាស៊ីនប្រភេទ V12 ចំណុះ ៦.០ លីត្រ ដែលមានកម្លាំងប្រហែល ៤០៨ សេះ ឬម៉ាស៊ីន V8 Turbocharged ។

សម្រាប់ទំហំ និងទម្ងន់របស់វា គឺមានប្រវែងប្រហែល ៥.៥ម៉ែត្រ និងមានទម្ងន់ធ្ងន់ជាង ៣តោន ដោយសារគ្រឿងដែកការពារដ៏ក្រាស់។ ម្លោះហើយ រថយន្ត Hongqi N701 នេះ គឺត្រូវបានគេប្រសិទ្ធនាមថាជា “Rolls-Royce របស់ចិន” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng G6 EREV ប្រើអគ្គិសនីសុទ្ធជិះបាន ៤៣០ គីឡូម៉ែត្រ ដាក់លក់ជាផ្លូវការនៅចិនជាមួយតម្លៃចាប់ពីជាង ២មុឺនដុល្លារ

ក្រុមហ៊ុន Xpeng Motors បានដាក់សម្ពោធរថយន្តម៉ូឌែល G6 EREV ជាផ្លូវការនៅប្រទេសក្នងនាមជារថយន្ដប្រភេទ EREV ដំបូងនៅក្នុងខ្សែស្រឡាយរថយន្ត Coupe SUV ជាមួយនឹងតម្លៃចាប់ផ្តើម ២៧ ០៨០ ដុល្លារ។ រថយន្ដម៉ូឌែលថ្មីនេះមានគោលដៅវាយលុកទីផ្សាររថយន្ត SUV ប្រភេទប្រើម៉ាស៊ីនដើរតួនាទីជាម៉ាសុីនសាកសាកថ្ម ហើយរថយន្ដប្រភេទនេះកំពុងទទួលការគាំទ្រនៅក្នុងប្រទេសចិន។ ការដាក់សម្ពោធនេះក៏រួមបញ្ចូលនូវការផ្តល់ជូនពិសេសមានតម្លៃប្រហែល ៤ ៨១០ដុល្លារ សម្រាប់ការកុម្ម៉ង់ត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ ក្នុងនោះមានដូចជា ការបញ្ចុះតម្លៃទិញ និងការផ្តល់ជូនថវិកាបន្ថែមសម្រាប់ការដូរស៊េរីឡានចាស់យកឡានថ្មីផងដែរ។

Xpeng to Launch G6 EREV Tomorrow With 1,704 km Combined Range | ChinaEVHome

ក្រុមហ៊ុន Xpeng បានចែកចាយរថយន្តចំនួន ១៥ ២៥៦ គ្រឿងក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ ដោយមមានការធ្លាក់ចុះ ៤៩.៩% បើធៀបនឹងការចែកចាយចំនួន ៣០ ៤៥៣ គ្រឿងក្នុងខែកុម្ភៈ ឆ្នាំ ២០២៥។ ការដាក់បង្ហាញម៉ូឌែល G6 EREV នេះគឺធ្វើឡើងតាមនិន្នាការរួមនៃឧស្សាហកម្មរថយន្ត ដែលងាកទៅរកប្រព័ន្ធប្រើម៉ាស៊ីនជំនួយឲ្យសាកថ្ម ដើម្បីកាត់បន្ថយការប្រែប្រួលនៃការលក់រថយន្តអគ្គិសនីសុទ្ធ។

សម្រាប់កម្រិតសមត្ថភាពវិញរថយន្ត  Xpeng G6 EREV ប្រើប្រាស់ម៉ាស៊ីនសាំង 1.5T (Turbo) ផ្គត់ផ្គង់ដោយក្រុមហ៊ុន Dong’an Power ដើរតួនាទីជាម៉ាស៊ីនសាកថ្ម។ ចំពោះម៉ាស៊ីននេះផលិតថាមពលបាន ១១០ គីឡូវ៉ាត់ ប៉ុន្តែវាមិនមានតួនាទីបង្វិលកង់ដោយផ្ទាល់នោះទេ។ ចលនាបង្វិលកង់គឺបានមកពីម៉ូទ័រអគ្គិសនីកម្លាំង ២១៨ គីឡូវ៉ាត់ ដំណើរការជាមួយកញ្ចប់អាគុយប្រភេទ LFP ទំហំ ៥៥.៨ គីឡូវ៉ាត់ម៉ោង និងធុងសាំងចំណុះ ៦០ លីត្រ។

Xpeng to also launch updated G6 and G9 on Jan 8, besides updated P7+ and G7 EREV - CnEVPostជាមួយគ្នានេះរថយន្តនេះត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្ម 800V និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត 5C។ ក្រុមហ៊ុន Xpeng បានបញ្ជាក់ថា អាគុយរបស់រថយន្ដនេះប្រើពេលត្រឹមតែ ១២ នាទី ប៉ុណ្ណោះ អាចបើកបរបានចម្ងាយផ្លូវបាន ៣១៤ គីឡូម៉ែត្រ ក្នុងលក្ខខណ្ឌអំណោយផលបំផុត។

បើនិយាយពីរយៈចម្ងាយនៃការបើកបរវិញ Xpeng G6 EREV ប្រើអគ្គិសនីអាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ប៉ុន្តែបើប្រើសាំងលាយអគ្គិសនីអាចបើកបរបានចម្ងាយ ១ ៧០៤ គីឡូម៉ែត្រ។ សម្រាប់កម្រិតស៊ីថាមពលអគ្គិសនីមធ្យមរថយន្ដសុីត្រឹមតែ ១៣.៩ kWh/១០០ គីឡូម៉ែត្រប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើប្រេងម៉ាស៊ីនដែលមានគុណភាពល្អ ជួយឲ្យរថយន្តស៊ីសាំងតិចដោយរបៀបណា?

ការប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានស្តង់ដារ និងមានគុណភាពខ្ពស់ មិនត្រឹមតែជួយពន្យាអាយុកាលម៉ាស៊ីនរបស់រថយន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអ្នកចូលរួមចំណែកដ៏ធំសម្រាប់ការសន្សំសំចៃប្រេងឥន្ធនៈផងដែរ។ អ៊ីចឹងតើប្រេងម៉ាស៊ីន ជួយកាត់បន្ថយកម្រិតស៊ីសាំងរបស់រថយន្តដោយរបៀបណាខ្លះ សូមតាមដានចំណុចធំៗ៤ ដូចខាងក្រោមនេះ៖

 

១. កាត់បន្ថយការកកិតក្នុងម៉ាស៊ីន៖ ប្រេងដែលមានគុណភាពខ្ពស់ គឺមានប្រសិទ្ធភាពក្នុងការរំអិលខ្លាំង ធ្វើឲ្យការកកិតគ្នានៃគ្រឿងបង្គុំមានកម្រិតទាបបំផុត ដំណើរការរលូន មិនធ្វើឲ្យម៉ាស៊ីនត្រូវប្រឹងធ្វើការធ្ងន់ និងស៊ីសាំងនោះទេ។

២. ថែរក្សាម៉ាស៊ីនឲ្យនៅស្អាត៖ ប្រេងដែលមានបន្ថែមសារធាតុជំនួយ គឺមាន មុខងារសម្អាតដោយស្វ័យប្រវត្តិ មិនឲ្យគ្រឿងបង្គុំក្នុងម៉ាស៊ីន មានជាប់កំណកប្រេង ដីធូលីកម្ទេចកម្ទីផ្សេងៗឡើយ។ មិនតែប៉ុណ្ណោះវាក៏បានជួយឲ្យប៊ិចសាំង និងស៊ូបាប់នៅស្អាត ធ្វើឲ្យការបាញ់សាំង និងដុតបញ្ឆេះបានសព្វល្អ។

៣. ទប់កម្តៅរបស់ម៉ាស៊ីន៖ ប្រេងម៉ាស៊ីន មានតួនាទីដូចទឹកស្អំដែរ ដែលជួយការពារមិនឲ្យម៉ាស៊ីនឡើងខ្លាំងហួសពីសីតុណ្ហភាពប្រតិបត្តិការ។ បើម៉ាស៊ីនឡើងកម្តៅកាន់តែខ្លាំង មិនត្រឹមតែប៉ះពាល់ដល់គ្រឿងបង្គុំវាទេ វាក៏ត្រូវបឺតសាំងទៅតាមនោះផងដែរ។

៤. ជួយដល់រិញ រ៉ង មិនឲ្យឆាប់ងាប់៖ ប្រេងម៉ាស៊ីនដែល្អល្អ បានជួយបង្កើនអាយុកាលរបស់រិញ និងរ៉ងគ្រឿងបង្គុំក្នុងម៉ាស៊ីនមិនឲ្យស្ងួតឆាប់ងាប់នោះទេ ដែលទប់ស្កាត់ការលេចជ្រាប ជាពិសេសជួយទប់មិនឲ្យប្រេងហូរចូលដល់បន្ទប់ចំហេះ ពោលគឺបានជួយរក្សាកម្រិតនៃការបាញ់សាំងជាមួយនឹងខ្យល់ ក្នុងម៉ាស៊ីន ឲ្យមានតុល្យភាព ព្រោះបើប្រេងហូរដល់ទីនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ការដុតបញ្ឆេះជាមិនខាន។

ដូច្នេះ យើងសូមណែនាំប្រេងម៉ាស៊ីនមួយមកពីអឺរ៉ុប ទទួលស្គាល់នៅទូទាំងពិភពលោក គឺប្រេង ORLEN OIL ដែលមានគុណភាពខ្ពស់ អាចប្រើប្រាស់បានដល់ ១ម៉ឺនគីឡូម៉ែត្រ ជាពិសេសគឺបានជួយកាត់បន្ថយការស៊ីសាំង ឬម៉ាស៊ុត និងសន្សំសំចៃខ្ពស់។

ប្រសិនបើប្រើប្រេងម៉ាស៊ីនដែលគ្មានស្តង់ដារ គ្មានគុណភាព ឬក្លែងក្លាយនោះ នឹងបណ្តាលឲ្យគ្រឿងបង្គុំម៉ាស៊ីនឆាប់សឹករិចរិល ចំណាយកាន់តែច្រើនលើការជួសជុល និងស៊ីសាំងកាន់តែច្រើនទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើសាំងឡើងថ្លៃពេលនេះ អាចជាឱកាសមាសនៃរថយន្តអគ្គិសនីដែរឬទេ?

ក្នុងរយៈពេលចុងក្រោយដែលកំពុងមានសង្គ្រាមនៅតំបន់អារ៉ាប់នេះ បានធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ប្រេងជាសកល ហើយបានកំពុងឡើងថ្លៃ និងបារម្ភទៀតថា នឹងអស់ប្រេងពីស្តុកទៀតផង។ កត្តាមូយនេះហើយ ត្រូវបានគេលើកយកមកអះអាងថា វានឹងក្លាយជា ឱកាសមាសនៃកើនឡើងខ្លាំងរបស់រថយន្តអគ្គិសនី។

ការពិតទៅ ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងសកលលោក មានកំណើនរួចជាស្រេចទៅហើយពីមួយឆ្នាំទៅមួយឆ្នាំ។ ពិតណាស់កត្តាតម្លៃប្រេងឥន្ធនៈ គឺជាផ្នែកជំរុញដ៏ធំមួយ ប៉ុន្តែវានៅមានកត្តាជាច្រើនទៀត ដែលជួយជំរុញរថយន្តអគ្គិសនី ដូចជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការឧបត្ថម្ភធនពីរដ្ឋាភិបាល ការចំណាយទាបលើការប្រើប្រាស់ និងការថែទាំ និងមិនប៉ះពាល់ដល់បរិស្ថានជាដើម។

ការសិក្សាមួយក្នុងប្រទេសចិន បានរកឃើញថា តម្លៃប្រេងឥន្ធនៈឡើង ១យ័នក្នុង១លីត្រ ធ្វើឲ្យការលក់រថយន្តអគ្គិសនីកើនឡើងដល់ ៤,៦% ឯណោះ។

នៅពេលប្រេងឡើងថ្លៃ អ្នកប្រើប្រាស់រថយន្តប្រាកដជាគិតស្វែងរកជម្រើសថ្មី ដែលជួយបន្ថយការចំណាយរបស់ពួកគេ។ វាមិនមែនជារឿងថ្មីទេ ព្រោះកន្លងមក នៅពេលរថយន្តអគ្គិសនីមិនទាន់ទូលំទូលាយ គឺគេបង្វែមកប្រើប្រាស់រថយន្ត Hybrid ដែលកាត់បន្ថយការប្រើប្រាស់សាំង បានមួយផ្នែកធំ។

ដូច្នេះបើសង្គ្រាមនេះនៅបន្តអូសបន្លាយយូរឆ្នាំ ប៉ះពាល់ខ្លាំងដល់តម្លៃប្រេង នោះសូម្បីតែអ្នកប្រើរថយន្ត Hybrid ឬ PHEV ក៏នឹងអាចងាកមកប្រើរថយន្តអគ្គិសនីកាន់តែច្រើនខ្លាំងតែម្តង ខណៈរថយន្តប្រភេទនេះ កាន់តែមានជម្រើសច្រើនសម្បូរបែប តម្លៃធូរ ហើយមានស្ថានីយសាកស្ទើរគ្រប់ទីកន្លែងទៅហើយ និងមានល្បឿនលឿនទៀតផង។

ដោយឡែកនៅប្រទេសកម្ពុជាវិញ គឺជាប្រទេសនាំចូលប្រេង ពោលគឺចៀសមិនផុតពីការទទួលរងវិបត្តិប្រេងនេះឡើយ ប៉ុន្តែកម្ពុជាអាចផលិតចរន្តអគ្គិសនីដោយខ្លួនឯងបានសម្រាប់ប្រើប្រាស់ក្នុងស្រុក ដែលជាចំណុចល្អបំផុតសម្រាប់វិស័យយានយន្តអគ្គិសនី។ បច្ចុប្បន្ននេះ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី មានស្ទើរគ្រប់រាជធានីខេត្តទៅហើយ ហើយបន្តមកទៀត រដ្ឋកាន់តែជំរុញឲ្យមានស្ថានីយសាកនៅតាមទីប្រជុំជនថែមទៀតផង ហើយតម្លៃសាកក៏កាន់តែចុះថោកផងដែរ។ បើគិតត្រឹមចុងឆ្នាំ ២០២៥ កម្ពុជាបានចុះបញ្ជីរថយន្តអគ្គិសនីសរុបជាង ៩ពាន់គ្រឿងហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់តែឮ DM-i តើ DM-i ហ្នឹងមានន័យដូចម្តេចទៅ?

ប្រសិនបើបងប្អូនជាអ្នកប្រើប្រាស់ឡានអគ្គិសនីរបស់់ក្រុមហ៊ុន BYD ច្បាស់ជាធ្លាប់ឮពាក្យមួយដែលគេហៅថា DM-i ជាមិនខាន តួយ៉ាងដូចជា BYD Sealion 5 DM-i ឬ BYD Seal 5 DM-i ជាដើម។ អញ្ចឹង តើពាក្យ DM-i ហ្នឹងមានន័យដូចម្តេចទៅ?

DM-i វាគឺជាពាក្យមួយដែលមានន័យថា Dual Mode-intelligent ដែលជាបច្ចេកវិទ្យាកូនកាត់ Plug-in Hybrid របស់ក្រុមហ៊ុន BYD ដែលផ្ដោតសំខាន់លើការប្រើប្រាស់ថាមពលអគ្គិសនីជាចម្បង។ ជាទូទៅ បច្ចេកវិទ្យានេះ គឺត្រូវបានរចនាឡើងដើម្បីឱ្យរថយន្តអាចដំណើរការដូចគ្នានឹងរថយន្តអគ្គិសនីក្នុងស្ថានភាពបើកបរទូទៅ ដោយប្រើម៉ាស៊ីនសាំងសម្រាប់តែជំនួយដល់ការបញ្ចូលថ្ម ឬបង្កើនកម្លាំងនៅពេលចាំបាច់ប៉ុណ្ណោះ។

ជាធម្មតា រថយន្ត DM-i ភាគច្រើន ប្រើតែម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុណ្ណោះ ដែលខុសពីប្រព័ន្ធ DM-p ដែលប្រើម៉ូទ័រអគ្គិសនីចំនួន ២ និងប្រព័ន្ធបើកបរប៉ុង ២ ។ ហើយការផលិតកម្លាំងវិញ គឺអាស្រ័យទៅលើម៉ូឌែលដែលបានជ្រើសរើស។

ជាមួយគ្នានេះ សម្រាប់អាគុយដែលប្រើក្នុងប្រព័ន្ធ DM-i គឺអាគុយ Blade Battery ប្រភេទ LFP ។ ភាគច្រើន វាមានទំហំចាប់ពី ៨ ទៅ ១៩គីឡូវ៉ាត់ម៉ោង ហើយម៉ូដែលថ្មីៗខ្លះៗអាចមានទំហំលើស ២៥គីឡូវ៉ាត់ម៉ោង។ ម្លោះហើយ សម្រាប់ម៉ូឌែលមានថ្មតូចៗអាចបើកបរដោយអគ្គិសនីសុទ្ធបានចាប់ពី ៥០ ដល់ ១០០ គីឡូម៉ែត្រប៉ុណ្ណោះ ខណៈម៉ូឌែលមានថ្មធំៗវិញ អាចបើកទៅដល់លើស ២០០ គីឡូម៉ែត្រ។

សរុបមក ពេលដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំង រថយន្ត DM-i គឺអាចបើកបរបានចាប់ពី ១ពាន់គីឡូម៉ែត្រ ដល់លើសពី ២ពាន់គីឡូម៉ែត្រ សម្រាប់ម៉ូឌែលដែលប្រើបច្ចេកវិទ្យាជំនាន់ទី ៥ ។ ចំណែកកម្រិតស៊ីប្រេងវិញ បើយោងតាមគេហទំព័រ BYD រថយន្តដែលប្រើបច្ចេកវិទ្យា DM-i អាចស៊ីប្រេងទាបបំផុតត្រឹមតែ ៣,៨លីត្រ ក្នុង ១០០ គីឡូម៉ែត្រប៉ុណ្ណោះ។ ចំណែករថយន្តដែលប្រើបច្ចេកវិទ្យា DM ជំនាន់ទី ៥ ចុងក្រោយ អាចបញ្ចុះកម្រិតស៊ីប្រេងមកត្រឹម ២,៩លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។

គួរបញ្ជាក់ថា សម្រាប់ប្រព័ន្ធ DM-i នេះ ​ក៏រួមបញ្ចូលនូវរបៀបបើកបរចំនួន ៣ ផងដែរ៖

១) Pure Electric Mode ឬអគ្គិសនីសុទ្ធ

វាប្រើតែថ្ម និងម៉ូទ័រអគ្គិនីប៉ុណ្ណោះ បង្កើតឡើងជាពិសេសសម្រាប់ការបើកបរក្នុងទីក្រុង ដែលជួយឱ្យការចំណាយកាន់តែមានភាពសន្សំសំចៃ។ ជាធម្មតា វាស៊ីចន្លោះពី ១៥ ទៅ ១៧គីឡូវ៉ាត់ម៉ោង ក្នុង​ចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។

២) Hybrid Mode

នៅពេលដែលថ្មដំណើរការអស់ប្រសិទ្ធភាព នោះម៉ាស៊ីនសាំងនឹងចាប់ផ្តើមដំណើរការជាអ្នកបង្កើតថាមពល ហើយសាកថាមពលទៅអាគុយ ឬផ្ដល់ថាមពលទៅម៉ូទ័រដោយផ្ទាល់ ប៉ុន្តែម៉ូទ័រអគ្គិសនីនៅតែជាប្រភពថាមពលចម្បងសម្រាប់ដំណើរការរថយន្តដដែល។ លក្ខណៈពិសេសរបស់មុខងារនេះ គឺរក្សាការប្រើប្រាស់ប្រេងឥន្ធនៈឱ្យទាប និងមានប្រសិទ្ធភាពបំផុត។

៣) Parallel Hybrid Mode

នៅពេលដែលរថយន្តត្រូវការបង្កើនល្បឿន ឬបើកបរក្នុងល្បឿនលឿនខ្លាំង នោះម៉ូទ័រអគ្គិសនី និងម៉ាស៊ីនសាំងនឹងធ្វើការរួមគ្នាដើម្បីផ្ដល់កម្លាំងទៅដល់រថយន្ត។ លក្ខណៈពិសេសរបស់វា គឺជួយបន្ថែមកម្លាំងទៅរថយន្តនៅពេលចាំបាច់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Vinfast បញ្ចេញម៉ាកយីហោលំដាប់អភិជនប្រភេទអគ្គិសនីថ្មីរបស់ខ្លួន រំពឹងចេញលក់នៅឆ្នាំក្រោយ

Lac Hong គឺជាម៉ាកយីហោរថយន្តប្រណិតអគ្គិសនីថ្មីរបស់ក្រុមហ៊ុន Vinfast ដែលទើបប្រកាសចេញជាផ្លូវការនាពេលថ្មីៗនេះ ជាមួយរថយន្តអគ្គិសនីចំនួន ២ម៉ូឌែល Lac Hong 800S ប្រភេទ SUV និង Lac Hong 900S ប្រភេទ Sedan ព្រមទាំងរំពឹងថានឹងចេញលក់នៅឆ្នាំ២០២៧។

សម្រាប់ Lac Hong 800S និង Lac Hong 900S ត្រូវបានរចនាឡើងដោយបានបំផុសគំនិតចេញពីដើមឬស្សីទៅលើប៉ាណាខាងមុខ និងសត្វស្លាប “Chim Lac” ទៅលើឡូហ្គូ។ ខណ:ផ្នែកខាងក្នុងប្រើប្រាស់នូវគ្រឿងបរិក្ខាប្រណិតៗ ជាពិសេសនៅលើ 900S មានអេក្រង់ខណ្ឌកណ្តាលរវាងផ្នែកខាងមុខ និងខាងក្រោយដើម្បីផ្តល់នូវឯកជនភាពផងដែរ។

ក្នុងនោះ Lac Hong 800S និង Lac Hong 900S ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន៣ ដោយ១ នៅខាងមុខ និង២ នៅខាងក្រោយ អាចផលិតកម្លាំងសរុបបាន ៦០៣សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+