ផ្ទាំងផ្សាយពាណិជ្ជកម្ម

វត្ថុ ៥យ៉ាងដែលបងប្អូនមិនគួរទុកចោលក្នុងឡាននៅពេលថតហាលក្ដៅអាចបង្កជាហានិភ័យ

ដូចអ្វីដែលបងប្អូនបានដឹងហើយ អាកាសធាតុនាពេលបច្ចុប្បន្នកំពុងមានការប្រែប្រួលខ្លាំង ជាក់ឥឡូវនេះចូលមកនៅកម្ពុជាឈានចូលដល់រដូវប្រាំង ជាពិសេសចាប់ពីកុម្ភៈនេះអាកាសធាតុចាប់ផ្ដើមក្ដៅខ្លាំង ដូច្នេះដើម្បីបង្ការហានិភ័យ សម្រាប់បងប្អូនប្រើប្រាស់រថយន្ដហើយតែងតែចតចោលហាល ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសមុនពេលចេញពីរថយន្ដត្រូវប្រាកដ របស់ទាំង ៨យ៉ាង មិនមាននៅក្នុងរថយន្ដរបស់បងប្អូន៖

Summer Car Care - Preparing Your Car for the Rising Temperaturesរបស់ទី១ គ្រឿងអេឡិចត្រូនិក និងPower Banks៖ទូរស័ព្ទ កុំព្យូទ័រ ឬថ្មជំនួយ (Power Bank) មានផ្ទុកថ្មប្រភេទ Lithium-ion។ កម្តៅខ្លាំងអាចធ្វើឱ្យថ្មទាំងនោះ ឡើងប៉ោង រលាយ ឬផ្ទុះឆេះ។ លើសពីនេះ វាក៏ធ្វើឱ្យគ្រឿងម៉ាស៊ីនក្នុងទូរស័ព្ទរបស់អ្នកឆាប់ខូច និងអន់គុណភាពថ្មយ៉ាងលឿន។

របស់ទី២ កំប៉ុង​ស្រ្ពៃយ៍​បាញ់​ខ្លួន៖ ពេល​ដែល​ទុក​ក្នុង​ឡាន​ដែល​មាន​កម្ដៅ​ក្តៅ​ខ្លាំង​យូរ​ទៅ​វា​នឹង​បណ្ដាល​​ឲ្យ​កំប៉ុង​ស្រ្ពៃយ៍ ផ្ទុះ​ដូច​ជា​គ្រាប់​បែក​យ៉ាង​អញ្ចឹង​ដែរ។

របស់ទី៣ ដែក​កេះ៖ កុំ​ឃើញ​វា​មាន​រូបរាង​តូច​បែប​នេះ​វា​ក៏​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​មិន​ធម្មតា​ដែរ ពេល​ដែល​វា​ឋិត​នៅ​ក្នុង​ឡាន​ដែល​មាន​កម្ដៅ​ក្តៅ​ខ្លាំង វា​អាច​នឹង​ធ្វើឲ្យ​ឡាន​ផ្ទុះ​បែក​កញ្ចក់​អស់ ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អគ្គី​ភ័យ​ផង​ដែរ។

របស់ទី៤ ដបទឹក៖ ដបទឹកពេលត្រូវពន្លឺថ្ងៃចាំងចំតាមមុំត្រឹមត្រូវ វានឹងដើរតួដូចកញ្ចក់ពង្រីកដែលអាចប្រមូលផ្តុំកម្តៅឲ្យឆេះពូកឡានបាន។កម្តៅធ្វើឱ្យសារធាតុគីមីពីជ័រដប (BPA) រលាយចូលក្នុងទឹក ដែលអាចបង្កជាជំងឺមហារីកនៅពេលយើងផឹក។

របស់ទី៥វ៉ែនតា និងកញ្ចក់៖វ៉ែនតាដែលទុកចោលលើតាប្លូឡាន (Dashboard) អាចនឹង រលាយស៊ុម ឬខូចស្រទាប់ការពារកញ្ចក់។ ម្យ៉ាងវិញទៀត កែវវ៉ែនតាខ្លះក៏អាចចាំងផ្លាតពន្លឺថ្ងៃ បង្កជាកម្តៅខ្លាំងរហូតដល់ឆេះសម្ភារៈជុំវិញនោះបានដូចដបទឹកសុទ្ធដែរ។


ក្រៅពីពិនិត្យមើលលើវត្ថុទាំង៥យ៉ាងនេះហើយ ជម្រើសល្អគឺបងប្អូនត្រូវតែបិទ UV ដែលមានគុណភាពដើម្បីទប់កម្ដៅ នៅពេលរថយន្ដចតចោលហាលថ្ងៃ ដូច្នេះសម្រាប់បងប្អូនមានបំណងចង់បិទ UV ឬផ្លាស់ប្ដូរ UV ថ្មីអាចអញ្ជើញធ្វើការទៅផ្លាស់ប្ដូរនៅហាងបិទស្កុត Optimous Cambodia ដែលមានទាំង២ទីតាំង ក្នុងនោះមានទាំងនៅភ្នំពេញនិងខេត្តបាត់ដំបង អ្វីដែលមិនធ្វើឲ្យបងប្អូនខកចិត្តដោយសារនៅទីមានជាងមានជំនាញក្នុងការបិទ UV ជាពិសេសមាន UV មានគុណភាពខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វី ប្រទេសផលិតប្រេងនៅអារ៉ាប់ ដោយរួមមានទាំងអ៊ីរ៉ង់ផង បែរជាជំរុញការប្រើរថយន្តអគ្គិសនីទៅវិញ?

ប្រសិនបើអ្នកគិតថា ប្រទេសផលិត និងនាំចេញប្រេង ជាពិសេសនៅពិភពអារ៉ាប់ កំពុងបារម្ភពីការកើនឡើងរថយន្តអគ្គិសនី ដែលនឹងធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់ពួកគេនោះ គឺគិតខុសទាំងស្រុងហើយ ពោលគឺផ្ទុយមកវិញ ប្រទេសទាំងនោះ ដោយរួមមានទាំងអ៊ីរ៉ង់ផងដែរដែលប្រទេសមានតម្លៃប្រេងថោកជាងបំផុត ក៏កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។

ការពិតទៅ បណ្តាប្រទេសអារ៉ាប់ទាំងនេះ ក៏បានត្រៀមសម្រាប់សន្តិសុខថាមពលនាពេលអនាគតរួចជាស្រេច។ ពួកគេបានទទួលស្គាល់ថា ពិភពលោក កំពុងផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត កាត់បន្ថយការបញ្ចេញផ្សែង។ ដូច្នេះ ប្រទេសផលិតប្រេងទាំងនោះ កំពុងប្រើប្រាស់ប្រាក់ចំណូលពីការលក់ប្រេងនាពេលបច្ចុប្បន្ន ដើម្បីយកទៅវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដោយរួមមានទាំងលើវិស័យយានយន្តអគ្គិសនី ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើចំណូលប្រេងជាបណ្តើរៗ។

ការជំរុញរថយន្តអគ្គិសនីក្នុងប្រទេសពួកគេ ក៏បានកាត់បន្ថយតម្រូវការប្រើប្រាស់ប្រេងក្នុងស្រុក ដែលទុកលទ្ធភាពក្នុងការនាំចេញប្រេងកាន់តែច្រើន ទៅកាន់ទីផ្សារអន្តរជាតិ។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺកាលពីខែមករា ឆ្នាំ២០២៦កន្លងទៅ ក្រុមហ៊ុន ADNOC Distribution បានដាក់ឲ្យប្រើប្រាស់ស្ថានីយសាករថយន្តអគ្គិសនីល្បឿនលឿន Superfast Charge ដ៏ធំបំផុតទី៦ ក្នុងពិភពលោក ស្ថិតនៅតាមបណ្តោយផ្លូវហាយវេភ្ជាប់គ្នារវាង អាប៊ូដាប៊ី និង ឌូបៃ។ រយៈពេលនៃការសាកអាគុយម្តងៗ ពី ០ ទៅ ៨០% ត្រឹមតែ ២០នាទីប៉ុណ្ណោះ។

ជាមួយគ្នានេះ អ៊ីរ៉ង់ ក៏ត្រៀមសម្រេចបាននូវការបង្កើតស្ថានីយបញ្ចូលថាមពល EV ឲ្យបានដល់ ៣ពាន់ទីតាំងនៅទូទាំងប្រទេសផងដែរ។ ក្នុងនោះ ស្ថានីយជាច្រើនត្រូវដាក់ដំណើរការនៅក្នុងទីក្រុងតេរ៉ង់រួចមកហើយ។ អ៊ីរ៉ង គ្រោងដាក់ឲ្យមានរថយន្តអគ្គិសនី ប្រមាណ ១ម៉ឺនគ្រឿង ក្នុងសេវាដឹកជញ្ជូនសាធារណៈ ក្នុងអំឡុងឆ្នាំ ២០២៥-២០២៦នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បានបង្ហើបពីរូបរាងនៃរថយន្ត SUV បែប Off-road ម៉ូឌែលថ្មី ត្រូវាចាត់ទុកថាជាគូប្រជែងរបស់រថយន្ដ Land Rover Defender

ក្រុមហ៊ុន Geely Automobile បានបង្ហើបឲ្យឃើញរូបរាងខ្លះៗនៃរថយន្ត SUV បែប Off-Road ថ្មីរបស់ខ្លួន ដែលត្រូវចាត់ទុកថាជាគូប្រជែងរបស់ Land Rover Defender មុនពេលឈានដល់ការប្រកាសចេញជាផ្លូវការ។ រថយន្តម៉ូឌែលថ្មីនេះគឺជារថយន្ដទទួលបានការកែប្រែក្នុងការផលិតទ្រង់ទ្រាយធំ ត្រូវបានអភិវឌ្ឍចេញពីឡានគម្រូ Geely Galaxy Cruiser ដែលបានដាក់បង្ហាញកាលពីឆ្នាំមុន។ តាមការរំពឹងទុករថយន្តថ្មីនេះនឹងត្រៀមនឹងវាយលុកទីផ្សារពិភពលោកនៅក្នុងឆ្នាំនេះ។

បើយយោងតាមរូបភាពផ្លូវការរបស់រថយន្ត SUV ម៉ូដែលថ្មីរបស់ក្រុមហ៊ុន Geely ត្រូវប្រទះឃើញកំឡុងពេលកំពុងធ្វើតេស្តក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង នៅទីលានសាកល្បង Colmis ដែលស្ថិតក្នុងតំបន់រង្វង់អាកទិក (Arctic Circle) ក្បែរក្រុង Arjeplog ប្រទេសស៊ុយអែត។ យោងតាមសេចក្តីប្រកាសព័ត៌មានមុននេះ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមួយនេះ បានធ្វើការសាកល្បងទៅលើប្រព័ន្ធគ្រប់គ្រងអាកាសធាតុ (ម៉ាស៊ីនត្រជាក់/កម្តៅ), ប្រសិទ្ធភាពនៃប្រព័ន្ធដំណើរការថាមពលនិងសមត្ថភាពតោងស្អិតរបស់កង់រថយន្ដក្នុងលក្ខខណ្ឌការបើកបរលើផ្លូវដ៏លំបាកបំផុត។

ចំពោះរថយន្ត Crossover ទើបតែបង្ហាញខ្លួននេះ ហាក់ដូចជាកំណែទម្រង់នៃការផលិតទ្រង់ទ្រាយធំនៃរថយន្តគម្រូ Geely Galaxy Cruiser។ ក្រឡេមើលរូបរាងរបស់រថយន្ដនេះបានរក្សានូវរាងរៅតួខ្លួនដដែល ប៉ុន្តែមានការផ្លាស់ប្តូរដែលគួរឲ្យកត់សម្គាល់មួយចំនួនរួមមាន៖ ការបំពាក់ឧបករណ៍សេនស័រ LiDAR មួយនៅលើដំបូល, ការកែសម្រួលរូបរាងកាងនិងការបន្ថែមសេនស័រសម្រាប់ប្រព័ន្ធបើកបរវៃឆ្លាតកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ រថយន្តនេះនៅតែមានកម្ពស់បាតខ្ពស់ផុតពីដី, ផ្ទៃកង់រីកធំ, និងទ្វារក្រោយដែលបើកចេញទៅចំហៀងព្រមទាំងមានបំពាក់កង់សារគួរនៅជាប់នោះផងដែរ។

រថយន្ត Galaxy Galaxy Cruiser ទទួលបានការកំណែទម្រង់ក្នុងការផលិតទ្រង់ទ្រាយធំនេះ ត្រូវបានគ្របដណ្ដប់ដោយស្ទីកឃ័របិទជិត។ ប៉ុន្តែទោះបីជាមានការបិទជិតក៏ដោយ យើងអាចកត់សម្គាល់ឃើញថា រថយន្ត Off-road ដ៏រឹងមាំមួយនេះ មានដៃទ្វារបែបបុរាណ, ចង្កៀងមុខក្រោយមានទំហំធំនិងគូទឡានរចនារាងខ្លី។ រចនាបថខាងក្រៅរបស់វា គឺពិតជាទទួលបានការបំផុសគំនិតយ៉ាងច្បាស់ពី Land Rover Defender។ កាលពីពេលមុន មន្ត្រីរបស់ក្រុមហ៊ុន Geely បានអះអាងថា រថយន្ត Cruiser នឹងវាយលុកទីផ្សារពិភពលោកនៅក្នុងឆ្នាំនេះ ដើម្បីប្រកួតប្រជែងជាមួយម៉ូឌែល Land Rover ដែលបានរៀបរាប់ខាងលើ។

យ៉ាងណាមិញមិនទាន់មានព័ត៌មានលម្អិតអំពីលក្ខណៈបច្ចេកទេសរបស់ Geely Galaxy Cruiser ទទួលការបានកែប្រែថ្មីនេះនៅឡើយទេ។ ប៉ុន្ដែកាលពីមុនមានការបង្ហើបថា រថយន្តនេះនឹងប្រើប្រាស់ប្រព័ន្ធចលនាបែប Plug-in Hybrid (PHEV)។ ទន្ទឹមគ្នានេះក៏មានភាគរយខ្ពស់ដែលរថយន្ត Off-road មួយនេះនឹងប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនរួមគ្នាជាមួយរថយន្ត Geely Galaxy M9 ប្រភេទប៉ុងពីរ (AWD)។

លក្ខណៈពិសេសប្លែកដាច់គេមួយទៀតរបស់ Galaxy Cruiser គឺមុខងារ “ហែលទឹក” (Swimming Mode)។ រថយន្តនេះអាចបើកបរឆ្លងកាត់បឹង ឬត្រពាំងតូចៗបានក្នុងល្បឿន ៨.៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាក៏ទំនងជានឹងបំពាក់នូវប្រព័ន្ធជំនួយការបើកបរ G-Pilot H7 របស់ Geely ដែលមានសេនស័រជាង ៣០ គ្រាប់ និងប្រើប្រាស់បន្ទះឈីប Nvidia Drive Thor ដែលមានសមត្ថភាពគណនាដល់ទៅ ៧០០ TOPS។ រថយន្ត Geely Galaxy Cruiser រំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Beijing Auto Show 2026 នៅចុងខែមេសាខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីរថយន្តស៊េរីចាស់ៗ នៅតែជាន់ហ្គែរបានល្បឿនខ្ពស់ដោយគ្មានបញ្ហា?

ក្នុងអំឡុងពេលមានការចាប់ល្បឿនថ្មីៗនេះ យើងសង្កេតឃើញថា រថយន្តស៊េរីចាស់ៗជាច្រើនសុទ្ធតែត្រូវបានថតជាប់ល្បឿនលើសពី ១០០គីឡូម៉ែត្រក្នុង១ម៉ោងឡើងទៅ ដូចជា Honda CRV ជំនាន់ទី១, Lexus RX300, Toyota Sienna ជំនាន់ទី២ និងជាពិសេស Lexus CT200h ដែលជាប់ល្បឿនដល់ ១៨៩គីឡូម៉ែត្រ/ម៉ោង។

ការពិតទៅ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សម្រាប់រថយន្តទោះប្រើរយៈពេលច្រើនឆ្នាំ និងមានចម្ងាយបើកបររាប់សិបម៉ឺនគីឡូម៉ែត្រយ៉ាងណាក៏ដោយ ក៏គ្មានបញ្ហាដែរ សំខាន់បំផុតគឺការថែទាំ និងបន្ទាប់មកគឺ វិស្វកម្មមេកានិចរបស់ប្រេនរថយន្តនោះ ដូចជា Toyota ជាដើម។ ដូច្នេះខាងក្រោមនេះ គឺជាមូលហេតុខ្លះៗ ដែលធ្វើឲ្យរថយន្តស៊េរីចាស់ៗ នៅតែអាចជាន់ហ្គែរបង្កើនល្បឿនបានខ្ពស់ដោយគ្មានបញ្ហា៖

១. ការថែទាំ៖ នេះជាចំណុចសំខាន់បំផុត ដូចជាការផ្លាស់ប្តូរ ប្រេង និងទឹកស្អំ បានត្រឹមត្រូវទៀងទាត់ នោះម៉ាស៊ីន និងប្រអប់លេខ មិនងាយទៅណាទេ។

២. គ្រឿងមេកានិចសាមញ្ញៗតែពេញលេញ៖ រថយន្តស៊េរីចាស់ៗ មានបំពាក់សេនស័រតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យការបំពាក់គ្រឿងបង្គុំមានពេញសាច់ ពោលគឺមិនមានការកាត់បន្ថយគ្រឿងបង្គុំដើម្បីទុកចន្លោះដើម្បីដាក់សេនស័រច្រើននោះទេ ដូច្នេះក៏មិនធ្វើឲ្យការបញ្ចេញថាមពលរបស់ម៉ាស៊ីន ត្រូវកាត់បន្ថយនោះដែរ។

៣. ការផ្លាស់ប្តូរគ្រឿងបង្គុំណាមួយដែលខូចធ្វើឲ្យរថយន្តជាន់ស្ទក់ ដូចជា ប៊ូស៊ី ប៊ិចសាំង តម្រងសាំង តម្រងខ្យល់ ឬ Mass Air Flow សេនស័រជាដើម។

៤. ការប្រើប្រាស់សំបកកង់ដែលល្អ និងធន់ជាមួយល្បឿនខ្ពស់ៗ។

៥. ប្រព័ន្ធជើងក្រោមរថយន្ត មិនមានខូចចំណុចណាមួយ ដែលអាចរក្សាលំនឹងរថយន្តបានល្អ ទោះក្នុងល្បឿនលឿនយ៉ាងណាក៏ដោយ។

៦. ឥរិយាបថ និងបច្ចេកទេសបើកបរត្រឹមត្រូវ ដែលធ្វើឲ្យរថយន្តទាំងមូលនៅតែដំណើរការរលូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមការសិក្សាស្រាវជ្រាវ៖ យុវជនជំនាន់ Gen Z ស្ទើរ ៧០% កំពុងងាកមកចាប់អារម្មណ៍លើរថយន្ដប្រេនចិន

គិតត្រឹមដើមឆ្នាំ២០២៦ ក្រុមហ៊ុនផលិតរថយន្តចិននៅតែបន្តពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅទីផ្សារសកល ប៉ុន្តែសម្រាប់ទីផ្សារសហរដ្ឋអាមេរិក នៅតែជាតំបន់ដែលពួកគេមិនទាន់អាចឈានជើងបាន ពេញលេញដោយសារតែមានការដំឡើងពន្ធខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ អតិថិជនមួយចំនួនបាននិយាយថា ពួកគេនឹងពិចារណាទិញរថយន្តដែលផលិតនៅប្រទេសចិន ហើយអ្នកបើកចិត្តទទួលក្នុងទទួលយករថយន្ដប្រេនរបស់ចិននខ្លាំងជាងគេបំផុតនោះគឺ យុវជនជំនាន់ Gen Z គួរបញ្ជាក់ផងដែរសម្រាប់យុវជនជំនាន់ Gen Z ត្រូវបានគេរាប់បញ្ចូលចំពោះអ្នកដែលកើតចន្លោះឆ្នាំ ១៩៩៧ ដល់ ២០១២ ។

2025 Geely Starray Cambodia – Price, Specs, Trims & Photos | Buy Nowយោងតាមការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន Cox Automotive បានឲ្យដឹងថាចំនួនអ្នកឆ្លើយតបពាក់ព័ន្ធលើការយល់ឃើញចំពោះរថយន្ដប្រេនចិន ៦៩% សុទ្ធតែយុវជនជំនាន់ Gen Z ហើយពួកគេនិយាយថានឹងពិចារណាទិញរថយន្តប្រេនរបស់ចិន។ នេះគឺជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បើធៀបទៅនឹងចំនួន ៣៩% នៃអ្នកឆ្លើយតបសរុបទាំងអស់ពាក់ព័ន្ធជាមួយសំណួរនេះ ដោយបាននិយាយថា ពួកគេមិនសូវចាប់អារម្មណ៍ ឬមិនព្រមទិញរថយន្តដែលផលិតនៅចិនទាល់តែសោះ។ ចំណែកឯ ៣៨ ភាគរយផ្សេងទៀត បាននិយាយថាពួកគេពិតជាមានបំណងចង់ទិញខ្លាំងណាស់។ជាមួយទិន្នន័យនេះបានបង្ហាញថា យុវជនជំនាន់ Gen Z ស្ទើរ ៧០% កំពុងងាកមកចាប់លើរថយន្ដប្រេនរបស់ចិន។

ចំពោះមូលហេតុចម្បងដែលធ្វើយុវជនជំនាន់ Gen Z ចាប់អារម្មណ៍លើរថយន្តចិន មានកត្តាសំខាន់ៗចំនួន ៣៖

  1. តម្លៃសមរម្យ៖ រថយន្តចិនផ្តល់នូវជម្រើសតម្លៃល្អបំផុត បើធៀបនឹងសមត្ថភាព និងបច្ចេកវិទ្យាដែលមានបំពាក់ជាមួយរថយន្ដ។
  2. បច្ចេកវិទ្យាទំនើប៖ យុវជនជំនាន់នេះចូលចិត្តរថយន្ដមានអេក្រង់កម្សាន្ដធំៗ ប្រព័ន្ធបញ្ជាដោយសំឡេង និងមុខងារឆ្លាតវៃ ដូចអ្វីដែលក្រុមហ៊ុនចិន៖ BYD, Xiaomi, និង Zeekr កំពុងធ្វើបានយ៉ាងល្អ ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗលើរថយន្ដរបស់ពួគគេជាបន្ដបន្ទាប់។
  3. ការរចនាទាន់សម័យ៖ រថយន្តចិនសម័យថ្មី ភាគច្រើនលែងមានរូបរាងចម្លងពីគេទៀតហើយ ប៉ុន្តែមានស្ទីលផ្ទាល់ខ្លួនដែលមើលទៅស៊ីវិល័យ និងទាក់ទាញខ្លាំង ជាហេតុនាំឲ្យក្រុមហ៊ុនផលិតរថយន្ដចិន អាចឆក់យកបេះដូងយុវជនជំនាន់ Gen Z បាន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តសាំង ចេញឆេក ពាក់ព័ន្ធនឹងប៊ូស៊ី សំបុកឃ្មុំ ឌុយស៊ីមុំាងជាដើម ចុះបើរថយន្តអគ្គិសនី ចេញឆេកវិញ តើពាក់ព័ន្ធនឹងអ្វីដែរ?

ជាទូទៅសម្រាប់រថយន្តសាំង នៅពេលចេញសញ្ញាឆេក គឺវាបង្ហាញពីបញ្ហាដែលកើតឡើងនៅផ្នែកណាមួយនៅក្នុងប្រព័ន្ធសាំង ម៉ាស៊ីន ប្រព័ន្ធទឹក ប្រព័ន្ធខ្យល់ និងប្រព័ន្ធបញ្ចេញផ្សែង ពោលគឺរួមមានដូចជា ប៊ិចសាំង ប៊ូស៊ី សំបុកឃ្មុំ ឌុយស៊ីមុំាង ក្លាប៉េទឹក ឬ Mass Air Flow ជាដើម។

ចំណែករថយន្តអគ្គិសនី ទោះបីមិនមានម៉ាស៊ីន និងឥន្ធនៈក៏ដោយ ប៉ុន្តែវាក៏នឹងចេញសញ្ញាឆេកក្នុងកុងទ័រ ឬអេក្រង់ថាច់ស្គ្រីនរថយន្តផងដែរ ប្រសិនបើមានបញ្ហា ឬកំហូចណាមួយ ក្នុងករណីដូចខាងក្រោមនេះ៖

១. ប្រព័ន្ធអាគុយ

២. ប្រព័ន្ធបញ្ចុះកម្តៅអាគុយ ឬម៉ូទ័រ

៣. ប្រព័ន្ធបំលែងថាមពល

៤.ប្រព័ន្ធថាមពលដែលបង្កើតឡើងចេញពីការជាន់ហ្វ្រាំង

៥. កំហូចសេនស័រណាមួយ

និង ៦. បញ្ហាការអាប់ដេត Software។

ដូចច្នេះ ប្រសិនបើលោកអ្នកកំពុងបើកបរលើរថយន្តអគ្គិសនី ហើយស្រាប់តែចេញសញ្ញាឆេក សូមកុំទាន់ច្រួលច្របល់អី។ បើរថយន្តនៅតែដំណើរការរលូនធម្មតា គ្មានសំឡេងអ្វីប្លែក គឺអាចបន្តបើកបរបាននិងស្វែងរកការ៉ាស់ដើម្បីត្រួតពិនិត្យ។ ប៉ុន្តែប្រសិនបើកត់សម្គាល់ឃើញថា ថាមពលអាគុយស្រាប់តែធ្លាក់ចុះខ្លាំង មានសំឡេងប្លែក ជាន់ហ្គែស្ទក់ៗ និងមានធុំក្លិនឆ្ងៀមនោះ គឺគួរតែឈប់រថយន្តភ្លាមៗតាមដែលអាចធ្វើបាន ហើយស្វែងរកជំនួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើឡាន EV ក្នុងពេលបច្ចុប្បន្នមានប្រភេទអ្វីខ្លះទៅ?

EV ពាក្យរួមមួយដែលត្រូវបានបែងចែកប្រភេទរថយន្តជាច្រើនប្រភេទផ្សេងៗគ្នា ដោយមិនមែនមានតែឡានដំណើរការដោយអាគុយសុទ្ធនោះទេ។ ខាងក្រោមនេះគឺជាប្រភេទឡាន EV ដែលពេញនិយមបំផុត៖

១. BEV

ជារថយន្តអគ្គិសនីសុទ្ធដំណើរដោយថ្ម ឬអាគុយ និងម៉ូទ័រអគ្គិសនីតែប៉ុណ្ណោះ គ្មានពាក់ព័ន្ធជាមួយម៉ាស៊ីននោះឡើយ។ ជាធម្មតា វាមានទាំងជម្រើសប្រើប៉ុង ១ និងប៉ុង ២ ហើយអាចបើកបរបានចម្ងាយឆ្ងាយទៅតាមទំហំអាគុយ។

ចំណែកគុណសម្បត្តិវិញ គឺអាចការពារបរិស្ថាន និងមានភាពសន្សំសំចៃជាងឡានសាំង ប៉ុន្តែមានចម្ងាយបើកបរមានកម្រិត និងខ្វះស្ងានីយសាកភ្លើងនៅក្នុងពេលបច្ចុប្បន្ន។

ជាឧទាហរណ៍ រថយន្ត BEV មានដូចជា Tesla Model Y និង Mazda EZ60 ជាដើម។

២. HEV ឬ Hybrid

ជាប្រភេទរថយន្តកូនកាត់ដែលដំណើរការរួមគ្នារវាងម៉ាស៊ីន និងម៉ូទ័រដែលទទួលបានថាមពលពីអាគុយ ប៉ុន្តែសម្រាប់អាគុយគឺមានទំហំតូចត្រឹម ១ ទៅ ១,៩គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ហើយមិនអាចសាកថ្មពីខាងក្រៅបាននោះឡើយ។

ចំណុចពិសេសរបស់ HEV គឺអាចសន្សំសំចៃថ្លៃចំណាយបានច្រើនជាងរថយន្តសាំង ឬម៉ាស៊ូត និងមានមុខងារ Regenerative Braking សម្រាប់ទាញយកថាមពលមកវិញនៅពេលជាន់ហ្វ្រាំង។

ជាឧទាហរណ៍ រថយន្ត HEV ដែលពេញនិយមជាងគេនៅស្រុកខ្មែរគឺ Toyota Prius ។

៣. PHEV

ជារថយន្តប្រភេទកូនកាត់ដូច HEV ដែលដំណើរដោយម៉ាស៊ីនសាំង រួមជាមួយម៉ូទ័រអគ្គិសនី ដែលទទួលបានថាមពលពីអាគុយដែលមានទំហំធំជាង HEV។ ជាធម្មតា វាអាចបើកបរបានចម្ងាយចន្លោះពី ៥០ ទៅ ២០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងចម្ងាយសរុបចាប់ពី ១,០០០គីឡូម៉ែត្រ រួមជាមួយម៉ាស៊ីនសាំង។ ចំណុចពិសេសរបស់ PHEV គឺអាចបើកបរបានទាំងអគ្គិសនីសុទ្ធ និងសាំង មិនភ័យរឿងអស់់ថ្ម ខ្វះស្ថានីយសាក។

ជាឧទាហរណ៍ រថយន្ត PHEV មានដូចជា BYD Seal 05, GTV Kain និង BYD Leopard 8 ។

៤. FCEV

ជារថយន្តអគ្គិសនីដែលដំណើរការដោយថាមពលអ៊ីដ្រូសែន។ វាដំណើរការដោយម៉ូទ័រអគ្គិសនីដូចរថយន្តផ្សេងៗដែរ ប៉ុន្តែមិនត្រូវការការសាកឡើយ។ ជាក់ស្តែង វាគឺប្រើប្រាស់នូវធុងអ៊ីដ្រូសែនសម្រាប់ផ្តល់ថាមពលទៅដល់ម៉ូទ័រ។ ចំណុចពិសេសរបស់ FCEV គឺអាចបើកបរបានឆ្ងាយ មានភាពរហ័សដូចការចាក់សាំង ប៉ុន្តែមានខ្វះកន្លែងចាក់ និងមានតម្លៃថ្លៃ។

ក្នុងពេលបច្ចុប្បន្ននេះ រថយន្ត FCEV មានដូចជា Toyota Mirai និង Hyundai Nexo ។

៥. REEV ឬ EREV

ជារថយន្តអគ្គិសនីដែលដំណើរការដោយអាគុយ និងម៉ាស៊ីនសាំង រួមជាមួយម៉ូទ័រអគ្គិសនី ប៉ុន្តែដំណើរលើអាគុយជាចម្បង ចំណែកម៉ាស៊ីនសាំងវិញ ដើរតួជាម៉ាស៊ីនភ្លើងសម្រាប់ backup ពីក្រោយ។ ដូចនេះ នៅពេលដែលអាគុយដំណើរការអស់ប្រសិទ្ធភាព ម៉ាស៊ីនសាំងនឹងសាកទៅអាគុយដោយស្វ័យប្រវត្តិតែម្តង។

ចំណុចពិសេសរបស់ EREV គឺបំពាក់អាគុយធំ និងមានចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបានឆ្ងាយជាង PHEV ប៉ុន្តែមានតម្លៃថ្លៃ។ ជាធម្មតា រថយន្ត EREV មានច្រើនម៉ូឌែលដូចជា Avatr 12 EREV និង Xpeng P7+ EREV ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន BYD បានបញ្ចេញរូបភាពផ្លូវការរបស់រថយន្តអគ្គិសនី Seal 07 សាកមួយពេញបើកបាន ៧០៥ គីឡូម៉ែត្រ

ក្រុមហ៊ុន BYD បានបញ្ចេញរូបភាពផ្លូវការរបស់រថយន្តអគ្គិសនី Seal 07 ត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ រថយន្តនេះត្រូវបានបង្កើតឡើងផ្អែកលើគ្រោងឆ្អឹង e-platform 3.0 Evo និងមានសមត្ថភាពបើកបរបានចម្ងាយរហូតដល់ ៧០៥ គីឡូម៉ែត្រ។ ចំពោះការដាក់សម្ពោធជាផ្លូវការត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។

រថយន្ត BYD Seal 07 EV ប្រើប្រាស់រចនាប័ទ្មប្រហាក់ប្រហែលទៅនឹងរថយន្ដ Seal 07 DM-i ស៊េរីឆ្នាំ២០២៦ មានផ្ទៃខាងមុខជិតអមដោយចង្កៀងមុខរាងស្លីម និងប៉ាណា រាងចតុកោណព្នាយនៅផ្នែកខាងក្រោម។ ក្រឡេកទៅមើលផ្នែកខាងក្រោយមានចង្កៀងលាតសន្ធឹងជាប់គ្នា រួមជាមួយបន្ទះក្រូមឆ្នូតពីលើ ខណៈដៃទ្វារជាប្រភេទដៃទ្វារបង្កប់ក្នុងតួឡាននិងបំពាក់មានដំបូលកញ្ចក់។

ជាមួយគ្នានេះរថយន្ដនេះក៏បានបំពាក់ជាមួយឧបករណ៍ Lidar នៅលើដំបូល ដើម្បីគាំទ្រដល់មុខងារជំនួយការបើកបរកម្រិតខ្ពស់ផងដែរ។ ជាឯកសារយោងផ្អែកលើម៉ូឌែលSeal 07 DM-i ត្រូវបានបំពាក់ដោយប្រព័ន្ធ “God’s Eye” កញ្ចប់ B (DiPilot 300) របស់ BYD។ ដូច្នេះសម្រាប់រថយនន្ដប្រភេទ EV ត្រូវបានរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធដូចគ្នា ប៉ុន្តែជាកំណែអាប់ដេតថ្មីដោយបំពាក់ជាមួយប្រព័ន្ធ “God’s Eye” 5.0 ដែlអាចនឹងត្រូវដាក់សម្ពោធក្នុងព្រឹត្តិការណ៍របស់ BYD នៅថ្ងៃទី៥ ខែមីនា ខាងមុខនេះ។

សម្រាប់ទំហំរូបរាងខាងក្រៅរថយន្ត BYD Seal 07 EV មានប្រវែងបណ្តោយ ៤ ៩៩៥ មីលីម៉ែត្រ, ទទឹង ១ ៩១០ មីលីម៉ែត្រ, កម្ពស់ ១ ៤៩៥ មីលីម៉ែត្រនិងប្រវែងចន្លោះកង់មុខក្រោយ ២ ៩០០ មីលីម៉ែត្រ។ បើប្រៀបធៀបទំហំទទឹងរថយន្ដប្រភេទអគ្គិសនីមានទទឹងធំជាងប្រភេទ DM-i ប្រវែង ១០មីលីម៉ែត្រ។

ចំពោះផ្នែកខាងក្នុងកាប៊ីន រថយន្ដនេះបានធ្វើការរចនា និងការរៀបចំនៅតែរក្សាភាពស្រដៀងគ្នាទៅនឹងម៉ូឌែល Seal 07 DM-i ផ្ដល់មកជាមួយដៃចង្កូតពហុមុខងាររាងអក្សរ V, កុងទ័រឌីជីថលប្រភេទ LCD បង្កប់ក្នុងតាប្លូ និងអេក្រង់កម្សាន្ដទំហំ ១៥.៦ អ៊ីញ។ នៅផ្នែកកុងសូលកណ្តាល បានបំពាក់មកជាមួយកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ, កន្លែងដាក់កែវទឹក, ប៊ូតុងបញ្ជាមុខងាររថយន្តមួយជួរ និងប៊ូតុងមូលសម្រាប់បញ្ជាមុខងារផ្សេងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីការហាមបត់ត្រឡប់ក្រោយ និងតិចនិកបត់ឲ្យបានត្រឹមត្រូវ

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យដឹងថា អ្នកបើកបររថយន្តមិនត្រូវបត់ត្រឡប់ក្រោយដាច់ខាត នៅកន្លែងដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ។ យ៉ាងណាមិញ ក្រៅពីសញ្ញាហាមឃាត់មួយនេះ នៅមានករណីមួយចំនួនទៀត ដែលអ្នកបើកបរមិនត្រូវបត់ត្រឡប់ក្រោយផងដែរ រួមមានដូចជា៖

-នៅជិតផ្លូវប្រសព្វ ឬជិតផ្លូវរថភ្លើងឆ្លងកាត់

-នៅត្រង់ផ្លូវកោងដែលអ្នកបើកបរមិនអាចមើលឃើញយានផ្សេងៗទៀតបាន ក្នុងចម្ងាយ ១៥០ម៉ែត្រ

-នៅជិតដល់កំពូលខ្ពស់ និងនៅពេលចុះពីកំពូលខ្ពស់ -និងនៅលើទ្រូងផ្លូវឯកទិស។

គួរដឹងថា បើនៅចំណុចដែលគ្មានករណីហាមឃាត់ដូចខាងលើនេះទេ ហើយអ្នកបើកបរដែលមានបំណងបត់ត្រឡប់ក្រោយ គឺត្រូវជឿជាក់ថា ទង្វើនេះមិនធ្វើឲ្យរំខានខ្លាំង ឬបណ្តោយឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឡើយ។ ដូច្នេះទាំងនេះគឺជារបៀបបត់ត្រឡប់ក្រោយឲ្យបានត្រឹមត្រូវ៖

១. នៅលើទ្រូងផ្លូវដែលមានគំនូសសញ្ញាពណ៌លឿងបែងចែកទិសចរាចរណ៍៖ អ្នកបើកបររថយន្តអាចបត់ត្រឡប់ក្រោយតាមរបៀបបត់រាងអក្សរ U បាន បើសិននៅលើទ្រូងផ្លូវនោះ មានទំហំសមល្មមដែលអនុញ្ញាតឲ្យបត់បាន។

២. នៅលើទ្រូងផ្លូវដែលគ្មានគំនូសសញ្ញាពណ៌លឿងបែងចែកទិសចរាចរណ៍៖ ដោយសារតែផ្លូវនេះតូចចង្អៀត អ្នកបើកបររថយន្តគឺមិនអាចបត់ត្រឡប់ក្រោយជារាងអក្សរ U បានទេ ប៉ុន្តែអាចបត់តាមរបៀបដូចក្នុងវីដេអូបង្ហាញ…។

៣. នៅលើទ្រូងផ្លូវដែលមានផ្លាកសញ្ញា និងគំនូសសញ្ញាបត់ត្រឡប់ក្រោយ៖ អ្នកបើកបរ ត្រូវធ្វើការបត់ត្រឡប់ក្រោយ តាមគន្លងផ្លូវដែលមានគំនូសសញ្ញានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីវិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះឬឆៀក ដែលត្រូវដាក់តាមរថយន្តគ្រប់ពេល

យោងតាមប្រកាសលេខ១៧០ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ បានបញ្ជាក់ថា គ្រប់រថយន្តដែលបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ នឹងទទួលបានវិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។

ទាំងវិញ្ញាបនបត្រ និងលតាបត្រនេះ ត្រូវដាក់តាមរថយន្តគ្រប់ពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។ ក្នុងនោះសម្រាប់វិញ្ញាបនបត្រ អាចប្រើឯកសារថតចម្លងបាន ចំណែកលតាបត្រ ត្រូវបិទនៅជ្រុងខាងលើ ផ្នែកខាងស្តាំ ផ្ទៃខាងក្នុងកញ្ចក់មុខរបស់រថយន្ត។

វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មានទំហំ ២១០ x ១៤៨មីលីម៉ែត្រ ដែលមានបង្ហាញព៏ត៌មានដូចជា ថ្ងៃខែឆ្នាំត្រួតពិនិត្យ និងផុតកំណត់ ផ្លាកលេខ ម៉ាក ពណ៌ ឆ្នាំផលិត ទំហំស៊ីឡាំង កម្លាំងសេះ ចំនួនកៅអី ប្រភេទប្រេងឥន្ធនៈ បណ្តោយ ទទឹង កម្ពស់ ទម្ងន់ ចំនួនភ្លៅ លេខម៉ាស៊ីន លេខតួ-លេខសាក់ស៊ីជាដើម។

ចំណែកលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មានទំហំ ១១០ x ៧០មីលីម៉ែត្រ ដែលមានបង្ហាញកាលបរិច្ឆេទផុតសុពលភាព QR Code ផ្លាកលេខ និងនាមករណ៍ក្រុមហ៊ុនត្រួតពិនិត្យ។ គួរបញ្ជាក់បន្ថែមថា រាល់ខ្លឹមសារក្នុងវិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មិនត្រូវក្លែងបន្លំ កោសលុប ឬកែជាដាច់ខាត និងត្រូវថែរក្សាឲ្យបានល្អ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+