ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini អបអរខួប៤ឆ្នាំនៃការប្រកាសចេញឡាន Urus ដែលប្រៀបបានម៉ាស៊ីនផលិតលុយ

បួនឆ្នាំមុន ពោលគឺនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុន Lamborghini បានប្រកាសចេញរថយន្ត Urus ជាផ្លូវការនៅទីស្នាក់ការរបស់ខ្លួនដែលស្ថិតនៅប្រទេសអង់គ្លេស ដែលពេលនោះវាជារថយន្តម៉ូដែលទីបីរបស់ Lamborghini បន្ទាប់ពីរថយន្ត Aventador និង Huracan។



នាពេលនេះ Lamborghini បានអបអរខួបទីបួនឆ្នាំនៃរថយន្ត SUV ដ៏សំខាន់របស់ខ្លួន ដោយក្រោយការប្រកាសចេញរថយន្តនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងដល់ចំណុចកំពូលមិនធ្លាប់មាន។ ជាក់ស្ដែងនៅឆ្នាំ ២០១៩ ប្រាក់ចំណូលរបស់ក្រុមហ៊ុនមានចំនួន ១,៨១ពាន់លានអឺរ៉ូ និងនៅឆ្នាំ ២០២០ មានចំនួន ១,៦១ពាន់លានអឺរ៉ូ។

នៅឆ្នាំ២០១៩ Lamborghini អាចលក់រថយន្តបានសរុប ៨ ២០៥គ្រឿង ដែលមានការកើនឡើងទ្វេដងធៀបនឹងពេលមុនប្រកាសចេញរថយន្ត Urus។ គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ មានរថយន្ត Urus សរុប ១៦ ០០០គ្រឿងបានដឹកជញ្ជូនចេញទៅកាន់ជុំវិញពិភពលោក ហើយអ្វីដែលអស្ចារ្យគឺ ៨៥% នៃអតិថិជនដែលទិញ Urus គឺជាអតិថិជនដំបូងរបស់ Lamborghini។

ជោគជ័យរបស់ Urus ធំធេងពេកដល់ថ្នាក់ Lamborghini ត្រូវពង្រីកទំហំរោងចក្ររបស់ខ្លួន និងត្រូវសាងសង់ទីលានសាកល្បងថ្មី ជាមួយនឹងកន្លែងលាបពណ៌ថ្នាំរថយន្តថ្មីផងដែរ ដែលជាលទ្ធផលបានជួយបង្កើតការងារថ្មីចំនួន ៧០០កន្លែង។ ឆាប់ៗខាងមុខនេះ Lamborghini នឹងប្រកាសចេញ Urus ដែលមានការដុះខាត់ថ្មី ហើយទំនងជាមានបន្ថែមប្រភេទ PHEV មកជាមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រកាសចេញឡានអគ្គិសនី bZ4X សម្រាប់ទីផ្សារអឺរ៉ុបជាផ្លូវការ

រថយន្ត Toyota bZ4X ដែលជារថយន្តអគ្គិសនីសុទ្ធ បានបង្ហាញរូបរាងសម្រាប់ទីផ្សារអឺរ៉ុបជាផ្លូវការ មុនការចេញលក់លើទីផ្សារនាឆ្នាំក្រោយនេះ។

អតិថិជននៅអឺរ៉ុបនឹងមានជម្រើសកម្លាំងពីរប្រភេទដូចជានៅសហរដ្ឋអាមេរិកដែរ ដោយទីមួយគឺប្រភេទប្រើម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ២០១សេះ និងមួយទៀតប្រើម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបាន ២១៥សេះ ដែលមួយមានអាគុយទំហំ ៧១,៤kWh និងមួយទៀតមានអាគុយ ៧២,៨kWh។

Toyota អះអាងថា bZ4X នឹងមានសមត្ថភាពអាចបើកបរបានចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រ លើការសាកល្បងនៅអឺរ៉ុប ហើយអាគុយរបស់វាអាចសាកបានដល់ ៨០% ក្នុងពេលប្រមាណ៣០នាទី ដោយប្រើប្រាស់ប្រព័ន្ធសាកភ្លើងលឿន ១៥០kW។

Toyota នឹងផ្ដល់ជូនកម្មវិធីថែទាំងរយៈពេលវែងសម្រាប់រថយន្តអគ្គិសនីនេះ ដែលនឹងធានាថាអាគុយរបស់រថយន្តនឹងមានសមត្ថភាពអាចផ្ទុកថាមពលបាន ៧០% ធៀបនឹងសមត្ថភាពដើម ក្រោយការប្រើរយៈពេល១០ឆ្នាំ ឬក្រោយការបើកបាន១លានគីឡូម៉ែត្រ។

ដោយឡែកចំពោះតម្លៃរបស់ bZ4X ខាងក្រុមហ៊ុន Toyota នៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis GV80 SUV កៅអី៤ ដ៏ប្រណិតត្រៀមចេញលក់នៅទីផ្សារអាមេរិក

រថយន្ត Genesis GV80 ទ្វារបួននឹងរំពឹងថាចេញលក់សម្រាប់ទីផ្សារអាមេរិកនៅឆ្នាំក្រោយនេះ។

រថយន្តប្រភេទនេះត្រូវបានគេដាក់ឈ្មោះថា GV80 Prestige Signature ហើយនឹងចែករលែកកំណែច្រើនជាមួយ GV80 កៅអី៦ដ៏ប្រណិតដែលក្រុមហ៊ុន​ Genesis លក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះយ៉ាងណាក៏ដោយកៅអីជួរទី៣ នឹងត្រូវដកចេញសម្រាប់អាមេរិកដោយទុកកៅអី២ជួរទី២សម្រាប់កៅអីធំ (Captain Chairs)។

ក្រុមហ៊ុន Genesis បានបញ្ចាក់ពីម៉ូដែលនេះកំឡុងពេលកិច្ចសម្ភាសថ្មីៗជាមួយ CNET ប៉ុន្តែបានផ្តល់ព័ត៌មានជាកលាក់ទេ  សម្រាប់កៅអីធំ​ ជួរទី២ (Captain chairs) ជាកៅអីអេឡិចត្រូនិចដែលមានកុងសូលកណ្តាលដ៏ធំដែលមានការគ្រប់គ្រងព័ត៌មាននឹងអាកាសធាតុ។

នៅមិនច្បាស់ថាមានការអាប់ដេតចំពោះផ្នែកខាងក្រៅសម្រាប់រថយន្តប្រភេទ SUV នេះទេ​ ប៉ុន្តែផ្លាកសញ្ញាផ្ទាល់ខ្លួនមួយចំនួននឹងមាន។

GV80 ត្រូវបានផ្តល់ជូននៅអាមេរិកជាមួយម៉ាស៊ីនប្រភេទ Turbocharged ចំណុះ ២.៥ លីត្រ ទំហំ ៤ស៊ីឡាំង ។ ម៉ូដែលជួរមុខនេះប្រហែលជផ្តល់ជូននៅជម្រើសម៉ាស៊ីនចំណុះ ៣.៥ លីត្រ Turbo ភ្លោះ V6 អត្រាកម្លាំង ៣៧៥ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ប៉ុង២ All-wheel drive ស្តង់ដារ និង ទំហំកង់ ២២ អ៊ីញ ។

ត្រកូល GV80 ដែលបច្ចុប្បន្នកំពុងពេញនិយមនៅអាមេរិកគឺប្រភេទ 3.5T Advanced Plus មានតម្លៃចាប់ពី ៦៨,៥៤៥ ដុល្លារ ជាមួយ ១,០៤៥ ដុល្លារសម្រាប់តម្លៃដឹកជញ្ចូន ខណៈម៉ូដែល Prestige Signature មានតម្លៃលើសពី ៧០,០០០ ដុល្លារ តែនៅមានតម្លៃថោកជាង Mercedes-Benz GLE ៦ស៊ីឡាំង ដែលឈានដល់កម្រិត ៨០,០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន Toyota Yaris ដែលដំណើរការដោយអ៉ីដ្រូហ្សែន

ក្រុមហ៊ុន Toyota បានបង្ហាញចេញប្រភេទ concept នៃរថយន្ត GR Yaris ដែលមានដំណើរការដោយថាមពលអ៉ីដ្រូហ្សែន ដែលជារថយន្តមួយកំពុងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍នៅឡើយ។

Toyota បាននិយាយថាឧស្ម័នអ៉ីដ្រូហ្សែន ធុងផ្ទុកអ៉ីដ្រូហ្សែន និងដំណើរការនៃការចាក់អ៉ីដ្រូហ្សែននៃរថយន្ត concept នេះគឺដូចគ្នាទៅនឹងរថយន្ត Toyota Mirai ប៉ុន្តែចំណុចដែលខុសប្លែកនោះគឺរថយន្តនេះមានម៉ាស៊ីនពីស្តុងដែលដំណើរការដោយឧស្ម័នអ៉ីដ្រូហ្សែន ខុសពី Toyota Mirai ដែលប្រើប្រាស់ប្រតិកម្មគីមីនៃឧស្ម័នដើម្បីបង្កើតបានជាថាមពលដំណើរការរថយន្ត។

ក្រុមហ៊ុនជប៉ុននេះបាននិយាយថាបច្ចេកវិទ្យាម៉ាស៊ីនពីស្តុងដែលប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែនគឺនៅស្ថិតនៅក្នុងដំណាក់កាលសាកល្បងដំបូងនៅឡើយ ដែលការបង្កើតនៃបច្ចេកវិទ្យានេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ បន្ថែមពីនេះក្រុមហ៊ុនក៏បានបញ្ជាក់ថាបច្ចេកវិទ្យានេះហាក់នៅឆ្ងាយពីការប្រើប្រាស់ធម្មតាណាស់។

ដោយឡែក សម្រាប់ម៉ាស៊ីនពីស្តុងនៃរថយន្តនេះគឺជាម៉ាស៊ីន G16E-GTS ចំណុះ១,៦លីត្រ ៣ស៊ីឡាំង turbo ដូចដែលមានប្រើក្នុងរថយន្ត GR Yaris ធម្មតា ដោយគ្រាន់តែកែសម្រួលប្រព័ន្ធឲ្យវាទាមទារនូវឧស្ម័នអ៉ីដ្រូហ្សែនជំនួសប្រេងឥន្ធនៈ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Toyota សម្រេចយកឡាន Corolla Cross ទៅលក់នៅអឺរ៉ុប

ក្រុមហ៊ុន Toyota បានបញ្ជាក់ជាផ្លូវការថារថយន្ត Corolla Cross នឹងត្រូវដាក់លក់នៅតំបន់អឺរ៉ុប ដោយការដឹកជញ្ជូនសម្រាប់ទីផ្សារចក្រភពអង់គ្លេសនឹងត្រូវចាប់ផ្ដើមនៅអំឡុងចុងឆ្នាំក្រោយនេះ។

Corolla Cross ដែលនឹងដាក់លក់នៅអឺរ៉ុប គឺមានលក្ខណៈស្រដៀងនឹង Corolla Cross ដែលលក់នៅសហរដ្ឋអាមេរិកដែរ ប៉ុន្តែរថយន្តដែលទើបតែបង្ហាញថ្មីនេះមានអំពូលភ្លើងមុខប្លែក អមជាមួយការឌីហ្សាញអំពូលក្រោយពិសេសជាងមុនបន្តិចផងដែរ។

Corolla Cross នេះនឹងប្រើប្រាស់ប្រព័ន្ធ Hybrid ជំនាន់ទីប្រាំដែលសន្យាថានឹងផ្ដល់ជូនសមត្ថភាពសន្សំសំចៃប្រេងល្អបំផុត ដោយវាប្រើម៉ាស៊ីន៤ស៊ីឡាំង ចំណុះ២,០លីត្រ អមជាមួយម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ១៩៦សេះ។ រថយន្តនេះក៏មានជម្រើសប្រើម៉ូទ័រអគ្គិសនីពីរផងដែរ ដោយប្រើប្រព័ន្ធបើកបរប៉ុងពីរ។

ចំពោះតម្លៃលក់នៅមិនទាន់បានប្រកាសចេញនៅឡើយទេ ប៉ុន្តែទំនងជាមានតម្លៃក្រោមខ្ទង់ ៣ម៉ឺនផោន ដើម្បីអាចស្ថិតនៅចន្លោះរថយន្ត C-HR និងរថយន្ត RAV4៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti ថា ឡានដែលខ្លួនលក់ចាប់ពីឆ្នាំ២០៣០ ទៅ ភាគច្រើននឹងជាប្រភេទអគ្គិសនី

មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Nissan បានប្រកាសពីគម្រោង និងបង្ហាញនូវគំរូរថយន្តអគ្គិសនីរបស់ខ្លួន ឥឡូវនេះក្រុមហ៊ុន Infiniti ដែលស្ថិតក្រោមដំបូលតែមួយ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការប្រើប្រាស់រថយន្តអគ្គិសនី។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Infiniti ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះបានបញ្ជាក់ថា រថយន្តភាគច្រើនដែលខ្លួននឹងលក់នៅឆ្នាំ ២០៣០ នឹងត្រូវបានបំពាក់ដោយថាមពលអគ្គិសនី។ ទោះជាយ៉ាងណាក៏ដោយ វាមិនបានផ្តល់នូវតួលេខជាក់លាក់ណាមួយអំពីចំនួនរថយន្តអគ្គិសនី ដែលខ្លួនមានបំណងលក់ ឬចំនួនរថយន្តដែលនឹងប្រើថាមពលអគ្គិសនីឡើយ។

នៅក្នុងវីដេអូដែលរៀបរាប់លម្អិតអំពីផែនការនេះ ក្រុមហ៊ុន Infiniti បន្ថែមថា “យើងនឹងមិនអនុញ្ញាតឲ្យទំហំនៃអាគុយអគ្គិសនីរថយន្ត កំណត់លើពួកយើងនោះទេ ប៉ុន្តែផ្តល់អំណាចដល់អតិថិជនរបស់យើង ក្នុងការជ្រើសរើសប្រភពថាមពលដែលស័កសមនឹងជីវិតរបស់ពួកគេបំផុត”។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានបន្ថែមទៀតថា “Infiniti ប្តេជ្ញារក្សាការយកចិត្តទុកដាក់របស់ខ្លួនលើបដិសណ្ឋារកិច្ចប្រកបដោយការគិតគូរ ខណៈពេលដែលការរួមបញ្ចូលបច្ចេកវិទ្យា និងការច្នៃប្រឌិតយ៉ាងរលូន ទៅក្នុងរថយន្តរបស់ខ្លួន”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Suzuki Jimny ទ្វារ៥ ទទួលបានភ្លើងបៃតង សម្រាប់ទីផ្សារឥណ្ឌា

នៅពេលដែលរថយន្ត Suzuki Jimny បានបង្ហាញខ្លួនកាលពីឆ្នាំ២០១៨ មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ប្រភេទតួវែង ទ្វារ៥ ក៏នឹងបង្ហាញខ្លួនដែរ។

យោងតាមដំណឹងចុងក្រោយបង្អស់ពីគេហទំព័រ Autocar India បានឲ្យដឹងថា គម្រោងរថយន្ត Suzuki Jimny ទ្វារ៥ នៅទីបំផុតទទួលបានភ្លើងបៃតងហើយ ដោយវានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា នាពេលខាងមុខនេះតែម្តង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Suzuki Jimny តួវែងនោះ នឹងមានទ្វារ៥ ហើយមានប្រវែងកង់មុខទៅកង់ក្រោយ វែងជាងប្រភេទទ្វារ៣ ធម្មតា ៣០០មីល្លីម៉ែត្រ។

ជាលទ្ធផល Jimny តួវែង នឹងមានតួខ្លួនសរុប ៣,៨៥ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៥៥ម៉ែត្រ ធ្វើឲ្យកាប៊ីនខាងក្នុង និងកន្លែងដាក់ឥវ៉ាន់របស់វាកាន់តែធំទូលាយ។

យ៉ាងណាមិញ គេរំពឹងថា រថយន្ត Jimny តួវែង នឹងប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ naturally aspirated ជាមួយនឹងបច្ចេកវិទ្យា 12V mild-hybrid ព្រមទាំងប្រើប្រាស់គ្រោងឆ្អឹង body-on-frame និងបំពាក់ប៉ុងពីរមកស្តង់ដារទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ចេញវីដេអូខ្លីលើកដំបូងរបស់រថយន្ត SUV អគ្គិសនី RZ ឆ្នាំ២០២៣

ក្រុមហ៊ុន Lexus បានធ្វើការបញ្ចេញនូវរូបភាព និងវីដេអូខ្លីនៃរថយន្ត SUV អគ្គិសនី RZ ឆ្នាំ២០២៣ ជាលើកដំបូង បន្ទាប់ពី Lexus បានចុះឈ្មោះកម្មសិទ្ធិបញ្ញា សម្រាប់ឈ្មោះ RZ 450e កាលពីជាងមួយឆ្នាំមុន។

យោងតាមក្រុមហ៊ុន Lexus រថយន្ត RZ ត្រូវបានផលិតឡើង ដើម្បីផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏មិនគួរអោយជឿ ដែលបង្ហាញអំពីអត្ថន័យនៃការកំណត់ស្តង់ដារថ្មី សម្រាប់ការបើកបររថយន្តប្រភេទ BEV(Battery-Powered Electric Vehicle) ដែលរួមបញ្ជូលគ្នានូវកម្រិតផាសុកភាពរបស់ Lexus ជាមួយថាមពលដ៏អស្ចារ្យ។

សម្រាប់ RZ ជារថយន្តដំបូងរបស់ Lexus ដែលនឹងត្រូវផលិតឡើងជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹង e-TNGA ដូចគ្នានឹងរថយន្តអគ្គិសនី bZ4X និងរថយន្តអគ្គិសនី Solterra របស់ Subaru។

រថយន្តអគ្គិសនី bZ4X

ស្របគ្នានេះដែរ ក្រុមហ៊ុន Lexus ពុំទាន់បញ្ចេញនូវព័ត៌មានលម្អិតនៃរថយន្ត RZ នេះនៅឡើយ ប៉ុន្តែសម្រាប់គំរូរថយន្ត LF-Z មានថាមពលសរុបរហូតដល់ ៥៣៦សេះ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៣វិនាទី។ បន្ទាប់ពី Lexus បានបញ្ជេញនូវរូបភាព និងវីដេអូខ្លី គេរំពឹងថារថយន្តនេះនឹងបង្ហាញខ្លួននៅអាគាតាំងបង្ហាញរថយន្តរបស់ Lexus មុនដំណាច់ឆ្នាំ២០២២ ជាមួយប្រកួតប្រជែង Tesla Model Y, Audi e-tron, Genesis GV60 និង Mercedes-Benz EQC ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati ត្រៀមបញ្ចប់ជីវិតរថយន្ត Sedan Ghibli របស់ខ្លួន

រថយន្ត​ប្រណិត​ខ្នាត​មធ្យម ដែល​ជា​ក្តី​សង្ឃឹម​របស់​ក្រុមហ៊ុន Maserati នឹង​ត្រូវ​ឈប់​ផលិត​បន្ទាប់​ពី​​ម៉ូដែល​ឆ្នាំ២០២២ ខាង​មុខ​នេះ​បើ​យោង​តាម​សារព័ត៌មាន Automotive News។ របាយ​ការណ៍​នេះ​បាន​បន្ត​ថា​៖ «​ការ​ផលិត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​រហូត​ដល់​ឆ្នាំ ២០២២ ដោយពុំជំនួសម៉ូឌែលថ្មីឡើយ។

ក្រុមហ៊ុន Maserati ពុំទាន់បញ្ជាក់ចំពោះព័ត៌មាននេះឡើយ ប៉ុន្តែវាមានហេតុផលសមស្រប ខណៈក្រុមហ៊ុនអ៊ីតាលីនេះកំពុងពង្រឹងឡើងវិញ ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ ប៉ុន្តែមុនពេលក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ ក្រុមហ៊ុននេះបានប្រកាសចេញនូវរថយន្ត Crossover ម៉ូឌែលថ្មី Grecale ផងដែរ។

បច្ចុប្បន្ន រថយន្ត Ghibli ជាម៉ូឌែលប្រភេទ entry-level របស់ Maserati ប៉ុន្តែដោយចំនួននៃការលក់ធ្លាក់ចុះនាប៉ុន្មានឆ្នាំចុងក្រោយ ដែលតម្រូវបានជីវិតនៃរថយន្តត្រូវបានអស់នាឆ្នាំក្រោយ។

រថយន្ត Ghibli ឆ្នាំ២០២២ មានតម្លៃចាប់ពី ៧៦ ២០០ដុល្លារ ដោយថ្លៃជាងម៉ូឌែលឆ្នាំកន្លងចំនួន ៤ ០០០ដុល្លារ។ ដោយវាដំណើរការដោយម៉ាស៊ីន ៣.០លីត្រ V6 អាចផលិតកម្លាំងបាន ៣៤៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Kick e-POWER ឆ្នាំ២០២២ តម្លៃខ្ទង់ ២ ម៉ឺនដុល្លារ ក្នុងប្រទេសថៃ

ក្រុមហ៊ុន Nissan បានបង្ហាញចេញនូវរថយន្ត Kicks e-POWER ស៊េរីឆ្នាំ ២០២២ ផ្លូវការ ជាមួយគ្រឿងបន្ថែម SKY Edition ក្នុងពិពណ៌ Motor Expo 2021 ប្រទេសថៃ។

ចំពោះកញ្ចប់គ្រឿងបន្ថែម SKY Edition រួមបញ្ចូល​មាន ​កាងធ្លាក់ផ្នែក​ខាងមុខ ខាងក្រោយ និងជំហៀងពណ៌​ខ្មៅ រួមជាមួយស្ទីកគ័រនៅលើដំបូល​ពណ៌​ស។ លើសពីនេះវាក៏មានភ្ជាប់មកជាមួយយ៉ាន់ស្ព័រទំហំ ១៧ អ៊ីង ពណ៌ខ្មៅ និងកំរាលទ្រាប់ជើងភ្ជាប់មកជាមួយពាក្យ SKY Editionផងដែរ។

រថយន្ត Nissan Kick e-POWER ស៊េរីឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ៣ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងសរុបបាន ១២៩សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ។

យ៉ាងណាមិញតម្លៃរថយន្ត Nissan Kick e-POWER ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅប្រទេសថៃ ដោយ

  • ម៉ូឌែល S តម្លៃ ២៦ ២៨៦ ដុល្លារ
  • ម៉ូឌែល E តម្លៃ ២៨ ០៦០ ដុល្លារ
  • ម៉ូឌែល V តម្លៃ ២៩ ៥៣៨ ដុល្លារ
  • ម៉ូឌែល VL តម្លៃ ៣១ ០១៧ ដុល្លារ

សូមបញ្ជាក់ថាកញ្ចប់គ្រឿងបន្ថែម SKY Edition សម្រាប់ Nissan Kicks e-POWER មានតម្លៃ ២ ១០៣ ដុល្លារ ដោយឥតគិតថ្លៃសម្រាប់ម៉ូដែល VL ជាមួយនឹងតួខ្លួនពណ៌ខៀវ ដំបូលពណ៌ស មានចំនួនកំណត់ត្រឹមតែ ១០០ គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+